នាវាពិឃាដសហរដ្ឋអាមេរិក USS Stethem បានធ្វើដំណើរនៅក្នុងរង្វង់ចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ពីកោះ Triton ដែលជាកោះដ៏តូចមានជម្លោះមួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលទាមទារកាន់កាប់ដោយប្រទេសចិន កោះតៃវ៉ាន់ និងវៀតណាម។
រដ្ឋាភិបាលចិនបានពង្រាយនាវាយោធា និងយន្តហោះចម្បាំងនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយចោទប្រកាន់នាវា USS Stethem ថាបានឆ្លងចូលតំបន់ដែលមានជម្លោះដោយមិនមានការអនុញ្ញាត។
មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូបបាននិយាយថា នាវា USS Stethem បានធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួនស្ដីពី «សិទ្ធិនៃការឆ្លងកាត់ដោយមិនបំពាន» ដែលមានគោលបំណងចង់បង្ហាញពីសេរីភាពនៃការធ្វើចរាចរនៅក្នុងដែនទឹកដែលមានជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា វិធានការរបស់សហរដ្ឋអាមេរិកដូចនេះ គឺជា «ការបង្កហេតុផ្នែកនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរជាទីបំផុត» ហើយប្រតិបត្តិការដូចនេះគឺ «រំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសចិន»។
អាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការធ្វើដំណើររបស់នាវាពិឃាដ USS Stethem ក្នុងរង្វង់ចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ពីកោះ Tritonនេះ មានគោលបំណងចង់បង្ហាញថា សហរដ្ឋអាមេរិកមិនទទួលស្គាល់ការទាមទារកាន់កាប់កោះ Triton របស់ប្រទេសណាមួយនោះទេ៕