ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ប៉ាគីសា្ថន​កំពុង​ពង្រីក​គម្រោង​ច្រក​​​របៀង​សេដ្ឋកិច្ច ​CPEC ​ទៅ​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ លោក Ahsan Iqbal អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​​និង​អភិវឌ្ឍន៍​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ច្រក​របៀង​សេដ្ឋកិច្ច​​ចិន-ប៉ាគីស្ថាន​ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក Ahsan Iqbal អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​​និង​អភិវឌ្ឍន៍​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ច្រក​របៀង​សេដ្ឋកិច្ច​​ចិន-ប៉ាគីស្ថាន​ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

រដ្ឋាភិបាល​ចិន​និង​ប៉ាគីស្ថាន​និយាយ​ថា​ ពួក​គេ​កំពុង​ធ្វើ​ការ​ពង្រីក​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេសអាហ្វហ្គានីស្ថាន។

អំឡុង​ពេល​៤ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន​ហៅ​កាត់​ថា​ CPEC រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្តល់​កម្ចី​១៩​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ ដោយ​យក​ការ​ប្រាក់​ទាប​ជាង​ទីផ្សារ ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ កែ​លម្អ​ ឬ​សាង​សង់​ប្រព័ន្ធ​គមនាគមន៍​ប៉ាគីស្ថាន​ឡើង​វិញ​ បង្កើត​រោងចក្រ​ថាមពល​អគ្គសនី​ និង​យុទ្ធសាស្ត្រ​សម្រាប់​កំពង់​ផែ​សមុទ្រ​អារ៉ាប់​នៅ​ទីក្រុង ​Gwadar។

ក្រុម​មន្ត្រី​ប៉ាគីស្ថាន​និង​ចិន​បាន​និយាយ​ថា ​ដំណាក់​កាល​នៃ​ការ​ពង្រីក​គម្រោង​និង​ការ​ពង្រីក​ភូមិសាស្រ្ត​នៃ​គម្រោង ​CPEC​ ត្រូវ​បាន​រៀបចំ​រួច​ហើយ​ទៅ​កាន់​តំបន់​ភាគ​ខាង​លិច​ប្រទេស​ប៉ាគីស្ថាន​ និង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​គ្មាន​សមុទ្រ។

ក្រុម​មន្រ្តី​ទាំង​នោះ​បាន​និយាយ​បន្ត​ថា ​នៅ​ឆ្នាំ​នេះ​ទីក្រុង​កាប៊ុល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​កិច្ច​សន្ទនា​ត្រីភាគី​ស្តី​ពី​សន្តិភាព​និង​ប្រតិបត្តិការ​សន្តិសុខ​ជាមួយ​ក្រុង​ប៉េកាំង​និងក្រុង​អ៊ីស្លាម៉ាបាដ​ ហើយ​កិច្ច​ពិភាក្សា​នេះ​ក៏​នឹង​រួម​បញ្ជូល​សំណើ​ក្រប​ខណ្ឌ​ការងារ​ដើម្បី​ភ្ជាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​ក្នុង​គម្រោង​ CPEC​ នេះ​ផង​ដែរ។

ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ទីក្រុង​អ៊ីសា្លម៉ាបាដ​ លោក​ Yao Jing ​បាន​ថ្លែង​ថា៖ «យើង​គួរ​តែ​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​នៃ​គម្រោង ​CPEC​ នេះ​ក្លាយ​ទៅ​ជា​វេទិកា​ពិភាក្សា​មួយ​ផ្សេង​ទៀត​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ ឬ​អាច​តភ្ជាប់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​បាន។

អំឡុង​ពេល​៤​ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​ CPEC ​និង​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​សកល​ហៅ កាត់​ថា​ BRI​ របស់​លោកប្រធានាធិបតី ​Xi Jinping​ បាន​បង្កើត​ការងារ​ក្នុង​តំបន់​ជាង ៧៥.០០០ និង​បាន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ប៉ាគីស្ថាន​ឲ្យ​កើន​ឡើង​ពី​ជាង​៣​ភាគរយ ទៅ​៥,៨ ​ភាគរយ​កាល​ពី​ឆ្នាំ​២០១៧។ គម្រោង​រោង​ចក្រ​ថាមពល​អគ្គិសនី​បាន​ជួយ​ បញ្ចប់​វិបត្តិ​អគ្គិសនី​ក្នុង​ប្រទេស​ស្ទើរ​ទាំង​អស់។

ក្រុម​មន្រ្តី​បាន​និយាយ​បន្ថែម​ថា​ ដំណាក់​កាល​ទីពីរ​នៃ​គម្រោង ​CPEC​ នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ​នេះ​ ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ជួយ​ប៉ាគីស្ថាន​ឲ្យ​មាន​ភាព​ជឿន​លឿន​ និង​ស្តារ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឡើង​វិញ។

ក្រុម​មន្រ្តី​បាន​ប្រាប់ VOA ​ថា ​ប្រទេស​ចិន​អាច​ស្នើ​ឲ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​ឧបត្ថម្ភ​ថវិកា​ដើម្បី​កសាងផ្លូវ​ល្បឿន​លឿនភ្ជាប់​ពី​ប៉ាគីស្ថាន​ទៅ​កាន់​ទីក្រុង​ Jalalabad ​និង​ទីក្រុង ​Kandahar​ នៅ​តាម​ព្រំដែន​អាហ្វហ្គានីស្ថានប្រទេស​ចិន​កំពុង​ជួយ​ប៉ាគីស្ថាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ពីក្រុង Peshawar ព្រំដែន​ភាគពាយព្យ​ទៅ​កំពង់ផែ​ភាគ​ខាងត្បូង​នៃ​ទីក្រុង ​Karachi ​ដែល​រដ្ឋាភិបាល​ទីក្រុង​កាប៊ុល​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខ្លួន។ សំណើ​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​របស់ព​លរដ្ឋ​អាហ្វហ្គានីស្ថាន​ទៅ​កាន់​កំពង់ផែ ​Gwadar​ ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​ចិន​ ដែល​ជា​ច្រក​ចេញ​ចូល​របស់​គម្រោង​ CPEC។

លោក​ Mushahid Hussain ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ប៉ាគីស្ថាន​បាន​ថ្លែងថា ​បើ​ទោះ​បី​ជា​មាន​ចម្ងល់​និង​មន្ទិល​សង្ស័យ​ពី​អន្តរជាតិ​ជាពិសេស​សហរដ្ឋអាមេរិក​អំពី​គម្រោង​ CPECនេះ​ក៏ដោយ​ ក៏​គម្រោង​ទាំង​២២​ដែល​នៅ​ស្ថិត​នៅ​ក្រោម​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​បញ្ចប់​ឬ​កំពុង​ជិត​បញ្ចប់​ដោយ​ជោគជ័យ។

លោក​ Hussain​ បាន​ថ្លែង​ប្រាប់VOA ថា៖ «ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ពង្រីក​គម្រោង CPEC​ ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ក្រៅ​ពី​ប៉ាគីស្ថាន​និង​ចិន​ ហើយ​ការពង្រីក​គម្រោង CPEC​ នេះ​គួរ​តែ​អនុវត្ត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ពីព្រោះ​អាហ្វហ្គានីស្ថាន​មាន​ព្រំដែន​ជាប់​នឹង​ប៉ាគីស្ថាន​និង​ចិន ​ហើយ​ប្រទេស​ទាំង​បី​នេះ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច វប្បធម៌ ​និង​ភូមិសាស្ត្រ​ជាមួយ​គ្នា។

លោក​បាន​ថ្លែង​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​នៅ​ខែ​នេះ​ថា ​សន្និសីទ​ស្តី​ពី​កិច្ចពិភាក្សា​ត្រីភាគី​មិន​ផ្លូវការ​រវាង​ចិន​ អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន​ក្នុង​ទីក្រុងអ៊ីសា្លម៉ាបាដ​ ក៏​នឹង​ពិភាក្សា​អំពី​វិធីសាស្រ្ត​ដើម្បី​បញ្ជូល​ទីក្រុង​កាប៊ុល​ទៅក្នុង​គម្រោង​ CPEC​ នេះ​ផងដែរ។ កិច្ច​ពិភាក្សា​ត្រីភាគី​ជា​ផ្លូវ​ការ​រវាង​អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំមុន​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​បញ្ចប់​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​និង​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ចំពោះ​សង្គ្រាម​អាហ្វហ្គានីស្ថាន។

លោក​ Hussain​ បាន​ថ្លែង​បន្ថែម​ថា៖ «តួនាទី​របស់​ចិន​គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​ធ្វើ​ការ​ជាមួយ​គ្នា​ ពីព្រោះថា​ប្រទេស​ចិន​មាន​ទំនាក់​ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​ប៉ាគីស្ថាន។ ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​អវិជ្ជមាន​ជាមួយ​អាហ្វហ្គានីស្ថាន​ដោយសារ​តែ​អាហ្វហ្គានីស្ថាន​គ្មាន​ប្រវត្តិ​ទំនាក់​ទំនង​ ឬ​គិត​អវិជ្ជមាន​អំពី​តួនាទី​របស់​ចិន​នោះ​ទេ»។

ភាពមន្ទិល​សង្ស័យ​អំពី​គម្រោង​ផ្លូវពាណិជ្ជកម្ម BRI ​និង​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​របស់​ចិន CPEC ទាំង​មន្រ្តី​ចិន​និង​ប៉ាគីស្ថាន​បាន​ច្រាន​ចោល​ការ​រិះគន់​នានា​ដែល​ថា​គម្រោង​ CPEC​ និង គម្រោង ​BRI​ គឺ​ជា​អន្ទាក់​បំណុល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍនានា​ និង​ថា​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ក្រុង​ប៉េកាំង​ក្នុង​តំបន់។

លោក​ឯកអគ្គរដ្ឋទូត​ Jing​ បាន​និយាយ​នៅ​កាន់​នាយក​គ្រប់គ្រង​គម្រោង​ CPEC​ នៅ​ឯ​ស្ថានទូត​ចិន​ថា «ការ​រិះគន់​ទាំង​នោះ​គឺ​ចេញ​ពី​ប្រទេស​ដែល​មិន​ចង់​ឃើញ​ភាព​លេច​ឆ្លោ​របស់​ចិន ​មិន​ចង់​ឃើញ​ភាព​រុងរឿង​របស់​ចិន។ មាន​ប្រទេស​មួយ​ចំនួន​មិន​ចង់​ឃើញភាព​ជាដៃគូ​បែប​នេះ​រវាង​ចិន​និង​ប៉ាគីស្ថាន។ យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ទៅ​នឹង​គំនិត​អវិជ្ជមាន​ទាំង​នេះ»។

រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​និង​ប៉េកាំង​ក៏​បាន​បដិសេធ​ទៅ​នឹង​ការ​រាយការណ៍​អំពី​ក្តី​បារម្ភ​នានា​ថា​វិបត្តិសេដ្ឋកិច្ច​ប៉ាគីស្ថាន​កំពុង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​Imran Khan​ បន្ថយ​ល្បឿន​អនុវត្ត​គម្រោង​របស់​ចិន​ ឬ​ត្រួត​ពិនិត្យ​គម្រោង​CPEC ​ឡើងវិញ។

លោក​ Jing​ បាន​ថ្លែង​ថា​ វិនិយោគទុន​នៅ​ក្រោម​គម្រោង​ CPEC ​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លានដុល្លារ​គឺ​ជា​ការបង្ហាញ​ថ្មី​មួយ​អំពី​ការជឿ​ជាក់​និង​ទំនុក​ចិត្ត​លើ​ប្រទេសប៉ាគីស្ថាន។

ឆ្លើយតប​ទៅ​នឹង​ការរិះគន់​អំពី​គម្រោង​ CPEC​ នេះ ​នាយ​ខុទ្ទការល័យ​ប៉ាគីស្ថាន​លោកShireen Mazari​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ប្តេជ្ញា​ថា​នឹង​អនុវត្ត​គម្រោង​ណា​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​ជិត​ខាង​នានា​ដើម្បី​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ក្លាយ​ជា​ប្រទេស​មួយ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់។

គម្រោង​ CPEC​ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​នឹង​នាំ​យក​ការវិនិយោគ​របស់​ចិន​ជា​ទឹកប្រាក់​ជាង​៦២​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​អំឡុង​ទសវត្សរ៍​ក្រោយ​នេះ។
លោក​ឯកអគ្គរដ្ឋទូត​ Jing ​បាន​ថ្លែង​ថា​ ទស្សនៈ​កិច្ច​ជាផ្លូវ​លើក​ទីមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Khan​ ទៅ​ប្រទេស​ចិន​នឹង​ជួយ​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ដល់​កម្រិត​កំពូល។

លោក​បាន​ថ្លែង​បន្ថែម​ថា​ កិច្ច​ព្រម​ព្រៀង​នានា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​អំឡុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​បន្ធូរ​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​មាន​គម្រោង​ប្រកាស​អំពី​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ដោះ​ស្រាយ​វិបត្តិ​តុល្យភាព​នៃ​ការទូទាត់​សាច់​ប្រាក់​ផង​ដែរ។

លោក​ឯអគ្គរដ្ឋទូត​ចិន​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ចង់​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ និង​ទិញទំនិញ​បន្ថែម​ទៀត​ពី​ប៉ាគីស្ថាន។ ដើមទុន​របស់​ចិន​ បច្ចេកវិទ្យា​របស់​ចិន​ និង​ទីផ្សារ​ដ៏​ធំ​របស់​ចិន​អាច​ចូលរួម​ចំណែក​ដ៏​ធំធេង​ទៅ​ក្នុង​ការ​អភិវឌ្ឍ​នាពេល​អនាគត​របស់​ប្រទេស​ប៉ាគីស្ថាន»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG