តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (International Criminal Court) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។
ក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួន តុលាការ ICC ដីកានេះចោទប្រកាន់បុរសទាំងពីរនាក់ពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយប្រើការបង្អត់អាហារជាមធ្យោបាយសឹក និងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួមទាំងអំពើមនុស្សឃាត ការសម្លាប់ និងអំពើព្រៃផ្សៃផ្សេងទៀត។
ដីកាគ្របដណ្តប់លើអំពើដែលប្រព្រឹត្តិនៅចន្លោះ«យ៉ាងហោចពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រហូតដល់យ៉ាងហោចថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ដែលជាថ្ងៃក្រុមរដ្ឋអាជ្ញាបានដាក់ពាក្យស្នើសុំតុលាការឲ្យចេញដីកាចាប់ខ្លួន»។
អ៊ីស្រាអែល មិនមែនជាសមាជិករបស់ ICC ទេ ហើយលោក Netanyahu និងលោក Gallant ក៏មិនប្រឈមនឹងហានិភ័យនៃការកាត់ទោសភ្លាមៗដែរ។ តែការគំរាមអំពីការចាប់ខ្លួននេះ អាចបង្កើតបញ្ហាបាន បើពួកគេណាម្នាក់ធ្វើដំណើរចេញក្រៅប្រទេស។
លោក Netanyahu បានថ្កោលទោសដីកាចាប់ខ្លួនរបស់តុលាការ ICC នេះ។ សេចក្តីថ្លែងការណ៍មួយចេញពីខុទ្ទកាល័យរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ រៀបរាប់ថាអ៊ីស្រាអែល«បដិសេធទាំងខ្ពើមរអើមនូវទង្វើខុសនិងមិនសមហេតុផលទាំងនេះ»។
តុលាការក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំក្រុមយោធាហាម៉ាស់លោក Muhammad Deif ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួមទាំងអំពើមនុស្សឃាត ការចាប់ចំណាប់ខ្មាំង និងអំពើហិង្សាផ្លូវភេទផងដែរ។ បទចោទទាំងនេះ បណ្តាលមកពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០៣លើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រមាណ១.២០០នាក់ រួមទាំងពលរដ្ឋអាមេរិក៤៦នាក់ផង។ ក្រុមហាម៉ាស់ ក៏បានចាប់មនុស្សប្រមាណ២៥០នាក់ធ្វើជាចំណាប់ខ្មាំងដែរ៕
តុលាការ ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលនិងក្រុមហាម៉ាស់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋប្រឆាំងមនុស្សជាតិ

វេទិកាបញ្ចេញមតិ