រដ្ឋមន្ត្រីក្រសួងអយស្ម័យយាននៃប្រទេសប៉ាគីស្ថាននិយាយថា គម្រោងសាងសង់ផ្លូវអយស្ម័យយានធំបំផុតដែលគាំទ្រដោយប្រទេសចិននឹងត្រូវកាត់បន្ថយថវិកាចំនួនពីរពាន់លានដុល្លារ ដោយសារការព្រួយបារម្ភលើប្រាក់កម្ចីច្រើនពេក។
គម្រោងដើម្បីស្ដារផ្លូវអយស្ម័យយាន ML-1 ដែលមានប្រវែង១៨៧២គីឡូម៉ែត្រពីទីក្រុង Karachi ទៅកាន់ទីក្រុង Peshawar កាលពីដើមឡើយមានទឹកប្រាក់៨ពាន់២រយលានដុល្លារ ប៉ុន្តែការព្រួយបារម្ភទៅថ្លៃសាងសង់នេះបានធ្វើឲ្យមានការពន្យារពេលសាងសង់។
រដ្ឋាភិបាលប្រជានិយមថ្មីរបស់លោកនាយករដ្ឋមន្ត្រី Imran Khan មានការប្រុងប្រយ័ត្នចំពោះការអនុវត្តគម្រោងនេះ ដែលទទួលបានថវិការាប់ពាន់លានដុល្លារពីរដ្ឋាភិបាលចិន។ រដ្ឋាភិបាលនេះបានជំរុញឲ្យរដ្ឋាភិបាលចិនពិនិត្យមើលទៅលើកិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីពឹងផ្អែកតិចជាងមុនទៅលើប្រាក់បំណុល ឬអនុញ្ញាតឲ្យប្រទេសដទៃទៀតចូលរួមផ្តល់ថវិកាលើគម្រោងនេះដែរ។
លោក Sheikh Rasheed រដ្ឋមន្ត្រីក្រសួងអយស្ម័យយានប៉ាគីស្ថានបានថ្លែងកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Lahore ថា «ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយដែលមិនអាចរ៉ាប់រងសងប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់បានទេ»។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់លោក ដើម្បីជាមធ្យោបាយមួយក្នុងការបង្កើនពាណិជ្ជកម្មអន្តរជាតិនិងសុឆន្ទៈតាមរយៈការផ្តល់ថវិកាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា៕