ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​រក្សា​ភាព​ស្ងាត់​ស្ងៀមចំពោះ​ទស្សនកិច្ច​ទី​១​របស់​លោកស្រី អោង​ សានស៊ូជី


ប្រធានាធិបតី​ចិន​ Xi Jinping ចាប់​ដៃស្វាគមន៍​លោកស្រី Aung San Suu Kyi មេដឹកនាំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ជំនួប​មួយ​នៅឯ​ the Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

មេដឹកនាំ​គណបក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​លោកស្រី​អោងសានស៊ូជី​បាន​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​ប្រទេស​ចិន​នា​សប្តាហ៍​នេះ ហើយ​បាន​នឹង​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ រួមមាន​លោក​ប្រធានាធិបតី​ស៊ីជីន​ពីង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​យ៉ាង​តឹង​រឹង​របស់​រដ្ឋ​ចិន​បាន​ចេញ​ផ្សាយ ​អំពី​ទស្សនកិច្ច​នេះ​តិចតួច​ក្រៅ​ពី​កាល​បរិច្ឆេទ ​ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​បញ្ឈប់​គេហទំព័រ​ផ្សេង​ទៀត​ពី​ការ​រាយការណ៍​អំពី​ការ​ធ្វើ​ដំណើរ​របស់​លោកស្រី​ ហើយ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

ទោះ​បី​ជា​មិន​មាន​របាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បញ្ជាក់​អំពី​ការអញ្ជើញ​មក​ដល់​មក​ដល់​របស់​លោកស្រី​ អោង សានស៊ូជី ក៍​ដោយ​ ការធ្វើ​ទស្សនកិច្ចនេះ​បាន​បង្ក​ឲ្យ​មាន​ការចាប់​អារម្មណ៍​និងការរំពឹង​ទុក​លើស​ពីគោល​បំណង​គណបក្ស​កុម្មុយនីស្ត​ចង់​បាន ដែល​ចង់​ឲ្យ​ធ្វើដំណើរ​ទស្សនកិច្ច​មាន​លក្ខណៈ​មិន​ស្ងាត់ស្ងៀត​។

គេហទំព័រ​ព័ត៌មាន​មួយ​បាន​បង្ហោះ​រូបថត​ជា​ច្រើន​អំពី​មេដឹកនាំ​ប្រឆាំង​មីយ៉ាន់ម៉ា​និង​ថែម​ទាំង​បាន​បង្កើត​ទំព័រ​ពិសេស តាម​បណ្ដាញ​អ៊ីនធើណិត​សម្រាប់​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ល្បី​និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​ដ៍​ល្បីល្បាញ​នេះ។

រូបថត​ទាំង​នោះ​បង្ហាញ​អំពី​ប៉ុន្មាន​ឆ្នាំ​របស់​លោកស្រី​ដែល​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុងផ្ទះ​។ យោបល់​ជា​សាធារណៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យអ្នក​មើល​បញ្ចេញ​លើ​រឿងមួយ​ចំនួន​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​យក​ចេញ​វិញ​។

អ្នកអាន​មួយ​ចំនួន​បាន​លើក​សរសើរ​លោកស្រី​ អោង សានស៊ូជីជា​ស្ត្រី​សក្ដិសម​គួរឲ្យ​គោរព​។ អ្នក​ប្រើ​មួយ​នៅ​លើ​គេហទំព័រព័ត៌មាន​នេះ​ ឈ្មោះ​វ៉ាងយី​បាន​សួរ​ថា​៖ «​នៅ​ពេល​ណា​ដែល​យើងមាន​នរណា​ម្នាក់​ដូច​នឹង​លោកស្រី? "

អ្នក​ខ្លះ​ទៀត​បាន​វាយប្រហារ​ដោយសេចក្តី​អធិប្បាយ​មិន​សមរម្យ​អំពី​វ័យ​ចាស់ជរា​របស់​លោកស្រី។ អ្នក​ផ្សេង​ទៀត​បាន​បាន​វាយប្រហារ​សំដៅទៅ​លើ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ឪពុកលោកស្រីជាមួយ​ប្រទេស​ជប៉ុន​កាល​ពី​អតីតកាល។

បើ​យោង​តាម​សារព័ត៌មាន China Digital Times ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​មិន​បញ្ចេញ​សេចក្តី​រាយការណ៍​ណាមួយ​អំពី​ដំណើរ​ទស្សនកិច្ច​នេះក៍ប៉ុន្តែ​។ បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន​មិន​អើពើ​នឹង​ការ​បញ្ជា​នោះ។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​វេលា​មួយ​ដ៏​សំខាន់​សម្រាប់​ការ​ទំនាក់​ទំនង​រវាង​ប្រទេស​មីយ៉ាន់ម៉ា​និង​ប្រទេសចិន​។ ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​ជនជាតិ​ភាគតិច​និង​យោធា​មីយ៉ាន់ម៉ា​បាន​បន្ត​អស់​ពេល​ជា​ច្រើន​ខែ ហើយ​ជួនកាល​បាន​រាលដាល​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​។ ​គ្រាប់បែក​ខ្លះ​បាន​ធ្លាក់​ចូល​ក្នុង​ទឹកដី​ចិន! បណ្ដាល​ឲ្យ​ស្លាប់កសិករ​ចិនប្រាំ​នាក់។

ប្រទេស​មីយ៉ាន់ម៉ានឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​មួយ​នា​ពេល​ឆាប់​នេះ ដែល​មនុស្ស​មួយ​ចំនួន​ជឿ​ថា​អាចបង្កើន​អំណាច​និង​ឥទ្ធិពល​សម្រាប់លោកស្រី​ អោង សានស៊ូជី​និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី។ លោកស៊ុនយុន​ដែល​ជា​អ្នក​វិភាគ​ប្រទេសចិនរបស់​មជ្ឈ​មណ្ឌល Stimson ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​គឺ​ជា​ហេតុ​ផល​ដ៏​សំខាន់​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​។

លោក​ស៊ុន​បាន​បន្ថែម​ទៀត​ថា​ប្រសិន​បើ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យធ្វើ​ទទួល​បាន​លទ្ធផល​ល្អ​ វា​អាច​ធ្វើ​ឱ្យ​លោក​ស្រី​អ៊ុងសានស៊ូជី​ក្លាយ​ជា​មេដឹកនាំ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

«​ហើយ​ប្រទេស​ចិន​មាន​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេសនេះ។ ដូច្នេះ​វា​ជា​កំហុស​មួយ​សម្រាប់​ប្រទេស​ចិន​ បើ​ចិន​មិន​ព្យាយាម​ផ្តួចផ្តើម​ទំនាក់​ទំនង​នេះ​ឬ​បង្កើត​ការ​ទាក់ទង​ជាមួយ​លោកស្រីអ៊ុងសានស៊ូជី​នៅ​ពេល​វេលា​ពិសេស​នេះ​»​។

លោក​ស៊ុន​បាន​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​នេះ​អាច​ជួយ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​ក្រៅ​ប្រទេស​អំពី​សមត្ថភាព​របស់​លោកស្រី​អ៊ុងសានស៊ូជី​ក្នុង​ការ​ដឹក​នាំ​ប្រទេស​នេះ​។ វា​ក៏​អាច​ជួយ​បង្កើនបទពិសោធន៍​របស់​លោកស្រី​ទាក់ទង​នឹង​គោល​នយោបាយ​បរទេស​របស់លោកស្រី​។

«លោកស្រីធ្លាប់​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេសលោក​ខាង​លិចជា​ច្រើន ​រួម​ទាំង​សហរដ្ឋ​អាមេរិក​, អង់គ្លេស​, ប្រទេស​ជប៉ុន​និង​ កូរ៉េ​ខាង​ត្បូង​។ ដូច្នេះលោកស្រី​បាន​បំពេញ​ទស្សនកិច្ច​ ក្នុង​ប​ណ្តា​ប្រទេសសំខាន់​នៅ​លើ​ពិភពលោក​ស្ទើរ​តែ​ទាំង​អស់​និង​ប្រទេស​ចិន​មិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ​ទេ​»។

សាស្រ្តាចារ្យ​សាកល​វិទ្យាល័យ​ហ្វូ​តាន​លោក​Ren Xiao បាន​និយាយ​ថា ចិន​ត្រូវ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ទាំង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាព្រោះ​នោះ​គឺ​ជា​អ្វី​ដែល​អាច​ផ្លាស់​ប្តូរ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ពេល​ដែល​ការពាក់ព័ន្ធ​ជា​មួយ​បោះ​ឆ្នោត​។ ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​នេះ​មិន​មែន​មាន​ន័យ​ថា​ទំនាក់​ទំនង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​ធ្លាក់ចុះ​ទេ។

លោក​ថ្លែង​ថា៖ «​ការ​យល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​នេះ (ប្រទេស​ចិន​និងគណបក្ស​ប្រឆាំង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​) មានការ​ខ្វះខាត​ហើយ​ដែល​រួម​មាន​ទាំងការ​យល់​ដឹង​របស់​ National League for Democracy​ អំពី​ចិន។ " លោក​បាន​បន្ថែម​ទៀត​ថា "ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការលើក​ស្ទួយ​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​និង​ការ​យល់ដឹង ​មាន​សារៈ​សំខាន់​សម្រាប់​ភាគី​ទាំង​ពីរ​»​។

ដំណើរ​ទស្សនកិច្ច​នេះទំនង​នឹងមិន​ដោះស្រាយការ​ខ្វែង​គំនិត​គ្នា​ដ៏​ជ្រាល​ជ្រៅ​របស់​ភាគី​ទាំងពីរ​និង​ប្រវត្តិ​សា​ស្រ្ត​ដែល​មាន​បញ្ហា​នោះ​បាន​យ៉ាង​ឆាប់​រហ័ស​ទេ។ កន្លង​មក​ប្រទេស​ចិន​គឺ​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​នៃ​របប​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល បក្ស​កំពុង​កាន់​អំណាច​ដែល​ជំទាស់​នឹង​លោក​ស្រី​អោងសានស៊ូជី​ ចាប់​លោក​ស្រី​ឃុំ​ខ្លួន​ក្នុងផ្ទះ​ និង​រាំងខ្ទប់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​អស់​ពេល​ជា​យូរ​មក​ហើយ​។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​របៀប​ ដែល​លោកស្រី​អាច​មាន​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ជ្រាលជ្រៅ​ជាមួយ​នឹង​មេដឹកនាំ​របស់​ប្រទេស​ចិន​នោះ​។

សកម្មជន​សិទ្ធិ​មនុស្សនៅ​ក្នុង​និង​ក្រៅ​ប្រទេស​ចិន​បាន​ផ្តោត​នៅ​លើ​ដំណើរ​ទស្សនកិច្ច​ជា​ឱកាស​មួយ​ ដើម្បី​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះលែង​លោក Liu Xiaobo ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​របស់​ប្រទេស​ចិន​ដែល​បានបច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ 11 ឆ្នាំ​ចំពោះ​ការ​ធ្វើ​វិទ្ធង្សនា​មួយ​។

លោក Liu បាន​ត្រូវ​បាន​កាត់ទោស​នៅ​ក្នុង​ឆ្នាំ 2009 ក្នុង​បទ​លើក​កម្ពស់​ការ​ដាក់​ញត្តិ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចប់​ការ​គ្រប់គ្រង​ឯក​បក្ស​មួយ​។

នៅ​ពេល​ដែល​អ្នកកាសែត​សួរ​កាល​ពី​ថ្ងៃ​ពុធ​ថា​តើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អាច​នឹង​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ប្រសិន​បើ​លោក​ស្រី ​អោង សានស៊ូជី ​ធ្វើ​អធិប្បាយ​ណា​មួយ​ អំពី​លោក Liuមិត្ត​ជ័យលាភី​រង្វាន់​ដូចគ្នា​របស់​លោកស្រី​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នោះ​ ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា​គ្មាន​ហេតុផល​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​វិនិច្ឆ័យ​ក្នុង​ករណី​របស់​លោក Liu បាន​ទេ​៕

ប្រែ​សម្រួល​ដោយ ឥស្សរា យស

XS
SM
MD
LG