ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ផ្តល់សញ្ញាតិ​ជនជាតិ​ភាគ​តិច​ម៉ូស្លីម​នៅមីយ៉ាន់ម៉ា​ប្រឈម​បញ្ហា​


ជនភៀសខ្លួន Rohingya នៅឯជំរំ Dar Pang សម្រាប់​ជន​គ្មាន​ទីលំនៅ​ នៅតំបន់​ក្រៅ​ក្រុង​ Sittwe ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥។

ប្រទេស​មីយ៉ាន់ម៉ា​បន្ត​ដំណើរការ​ផ្តល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ដែល​អត់​សញ្ជាតិ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ។ ​ប៉ុន្តែ​បញ្ហា​គន្លឹះ​នោះ​គឺ​បញ្ហា​អត្ត​សញ្ញាណ​ជនជាតិ ​ជា​ជនជាតិ ​Rohingya ​ឬ ​Bengali។ ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ថា ​មាន​ជនជាតិ ​Rohingya​ ទេ​ ហើយ​សម្រេច​ថា​ នឹង​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​ Bengali ​ តែ​ជនជាតិ ​Rohingya ​ជាច្រើន​នៅតែ​មិន​ព្រម​ទទួល​ស្គាល់​ថា​ ខ្លួន​ជា​ជនជាតិ ​Bengali​ នោះ​ទេ។​

​ជា​ជនជាតិ ​Rohingya​ ឬ​ជា​ជនជាតិ​ Bengali?​ ឈ្មោះ​ទាំងពីរ​នេះ​បាន​បង្ក​នូវ​វិវាទ​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​វិវាទ​នេះ​ជាប់​ទាក់ទិន​នឹង​អត្ត​សញ្ញាណ​សញ្ជាតិ ​ហើយ​ថា​ ​ពួក​គេ​ជា​ប្រជាជន​ប្រទេស​ណា។​

នៅ​សប្តាហ៍​នេះ ​ប្រទេសមីយ៉ាន់ម៉ា​បន្ត​ដំណើរការ​ដែល​អាច​នឹង​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ដែល​ពុំ​មាន​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ប្រទេស​ណាមួយ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ​ប៉ុន្តែ​គម្រោង​នេះ​មាន​ភាព​ចម្រូង​ចម្រាស​ និង​ត្រូវ​បាន​ពិនិត្យ​ពិច័យ​យ៉ាងខ្លាំងក្លា​ឆ្ងាយ​ពី​រដ្ឋ​ Rakhine ​ដែល​ក្រីក្រ​ និង​ជា​កន្លែង​មាន​ជម្លោះ​ជាតិសាសន៍​ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។​

កាលពី​បី​ឆ្នាំ​មុន ​នៅ​ក្នុង​ខែ​នេះ​ កុប្បកម្ម​បាន​ផ្ទុះ​ឡើង​នៅ​កន្លែង​នេះ​ រវាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ​និង​ក្រុម​ជនជាតិ​ភាគតិច​ម៉ូស្លីម ​ដែល​ហៅ​ខ្លួន​ឯង​ថា ​ជា​ជនជាតិ​ Rohingya ​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ។​ ការ​ប្រើ​អំពើ​ហិង្សា​អស់​រយៈ​ពេល​ច្រើន​ខែ​រវាង​ពួក​ជនជាតិ​ភាគ​តិច​ និង​ពួក​និកាយ​ផ្សេង​គ្នា​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ផ្លាស់ប្តូរ​លំនៅ ​រហូត​ដល់​ពេល​កងកម្លាំង​សន្តិសុខ​ចូល​មក​ដល់​ និង​ដាក់​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។​

បច្ចុប្បន្ន​មាន​ជនជាតិ ​Rohingya ​ជាច្រើន​ដែល​នៅ​តែ​រស់​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ ដែល​ត្រូវ​បាន​យាមការ​ដោយ​ប៉ូលិស​ ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​នោះ​ទេ​ បើ​ទោះ​បីជា​នៅ​ជិតៗ​ក៏​ដោយ។​

អាជ្ញាធរ​ចង់​ឲ្យ​អ្នក​ទាំង​នេះ​ ទីមួយ​ទទួល​ស្គាល់​ថា​ ខ្លួន​ជា​ជនជាតិ​Bengali ​មុន​នឹង​រដ្ឋាភិបាលសម្រេច​ចិត្ត​ថា ​អ្នក​ទាំងនោះ​អាច​ក្លាយ​ជា​ជនជាតិ​មីយ៉ាន់ម៉ា​ ឬ​យ៉ាង​ណា។​

លោក​រដ្ឋមន្ត្រី​ Muang Muang Ohn ​ថ្លែង​ថា​ ពាក្យ​ថា​ ជនជាតិ ​Rohingya មាន​ន័យ​ថា ​ជា​ជនជាតិ​ដែល​ត្រូវ​បាន​អះអាង​ថា​ មានទឹកដី​ ហើយ​វា​ស្មុគស្មាញ​លើសពីបញ្ហា​សញ្ជាតិ។

ជា​ចុង​ក្រោយ​លោក​និយាយ​ថា​ ពួកគេ​ត្រូវ​តែ​ធ្វើ​ការ​ជ្រើសរើស។​

លោក​និយាយ​ថា៖​«ប្រសិន​បើ​អ្នក​ទាំង​នោះ ​ឬ​ក៏​ជនជាតិ​ Bengali ​នោះ​ចូលរួម​ក្នុង​ដំណើរ​ការ​បញ្ជាក់​សញ្ជាតិ​ ហើយ​ប្រសិន​បើ​ពួកគេ​ទទួល​បាន​សញ្ជាតិ​ ពួក​គេ​នឹង​ទទួល​សិទ្ធិ​ស្វ័យ​ប្រវតិ្ត​ជា​ពលរដ្ឋ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី។​ ប៉ុន្តែ​អ្នក​ខ្លះ​ នៅ​តែ​ចចេសមិន​ទទួល​យក​ពាក្យ​ Bengali ​នេះ ​និង​មិន​ព្រម​ចូលរួម​ដំណើរការ​នេះ។ ​ដូច្នេះ​ហើយ​សំណួរនោះ​គឺ​ថា​ តើ​អ្នក​ចង់​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ស្រប​ច្បាប់​ ឬ​ចង់​ធ្វើ​ជា​ជនជាតិ ​Rohingya និង​ចង់​បាន​ទឹកដី?»​

ក្នុង​រដ្ឋ​ដែល​មាន​ការ​បែងចែក​ ការ​ការពារ​ពិត​ជា​មាន​សារៈ​សំខាន់ណាស់។​

​រដ្ឋ ​Rakhine​ នៃ​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ជា​រដ្ឋ​មួយដែល​ចុះ​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​ ​និង​ជា​កន្លែង​មួយ​ដែល​មាន​ការ​ខូចខាត​ ដោយសារ​កុប្បកម្ម​កាលពី​ឆ្នាំ​២០១២​រវាង​ជនជាតិ​ភាគតិច​ Rohingya ​ដែល​កាន់​សាសនា​អ៊ីស្លាម​ និង​អ្នកស្រុក​ Arakan ​ដែល​ជា​ជនជាតិ​ភាគ​ច្រើន​កាន់​សាសនា​ព្រះ​ពុទ្ធ ​ហើយ​ហេតុ​ការណ៍​នេះ​នៅ​តែ​មាន​ផល​ប៉ះពាល់​រហូត​មក​ដល់​បច្ចុប្បន្ន។​

មាន​ប៉ូលិស​ និង​កន្លែង​ឆែក​ឆេរ​នៅ​គ្រប់​ទីកន្លែង​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ការ​បង្ហូរ​ឈាម​ដូច​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​នេះ​កាលពី​បី​ឆ្នាំ​មុន​នោះ​ កើត​មាន​ឡើង​ម្តង​ទៀត។ ​នៅ​ក្បែរ​ភាគខាង​ត្បូង​នៃ​រដ្ឋធានី​ Sittwe ​គឺ​មាន​ជនជាតិ​ Rohingya ​ដែល​ត្រូវ​ការ​ការពារ​ពី​ការ​វាយ​ប្រហារ​របស់ពួក​ Arakan ​ដែល​ជា​ជនជាតិ​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា។ ​ផ្ទុយ​ទៅវិញ​ នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ Maungdaw​ ​គឺ​ជាភូមិ​របស់​ពួក​ Arakan ​ដែល​អ្នក​អាច​មើល​ឃើញ​ថា​ មាន​កង​ការពារ​ប្រដាប់​អាវុធ​ ដែល​ការពារ​ពុទ្ធសាសនិក​ទាំង​នេះ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ម៉ូស្លីម​ ដែល​ជា​ក្រុម​ជនជាតិ​ភាគច្រើនរស់​នៅ​ក្នុង​តំបន់​នោះ។​

ការ​តវ៉ា​ព្រោះ​តែ​ឈ្មោះ​ជនជាតិ​នេះ​រំលេច​ឲ្យ​ឃើញភាព​ជូរចត់​និង​ការ​មិន​ទុក​ចិត្ត​គ្នា​ដ៏​ជ្រាលជ្រៅ​រវាង​អ្នក​ជិតខាង​ ហើយ​វា​ផ្ទុយ​ពី​កាល​ពី​មុន​ដែល​គេរស់នៅដោយ​សន្តិភាព​ជា​មួយ​គ្នា។​

ទីក្រុង​ Sittwe ​ដែល​មាន​ដី​ហុយ​ទ្រលោម​នោះ ស្ទើរ​តែ​គ្មាន​សល់​ជន​កាន់​សាសនា​ម៉ូស្លីមទៀត​ទេ ​លើកលែង​តែ​តំបន់​មួយ​ដែល​គេ​ហៅ​ថា​ Aung Minglar។​

នៅ​ទី​នេះ​ លោក ​Shwe La ​និយាយ​ថា៖​ «ជនជាតិ​ភាគតិច​ Rohingya​ ត្រូវជាប់​ក្នុង​កន្លែង​រស់នៅ​របស់​ខ្លួន​ ដែល​ពួកគេនិយាយ​ថា ធ្លាប់​ជា​កន្លែង​ដែល​មាន​ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​ពី​សំណាក់​ពុទ្ធសាសនិក​ដែល​ជា​អ្នក​ជិតខាង​របស់​គេ»។​

លោក​និយាយ​ថា៖​ «បន្ទាប់​ពី​ការ​បះបោរ​កាលពី​បី​ឆ្នាំ​មុន​មក​ ពុំ​មាន​ការ​វាយ​ប្រហារ​ ឬ​ដុត​ផ្ទះ​ទៀត​ទេ។ ​ប៉ុន្តែ​ស្ថានភាពសង្គម ​សុខភាព ​និង​សេដ្ឋ​កិច្ច​មិន​បាន​ប្រសើរ​ឡើង​ទេ ​ពីព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យយើង​ធ្វើ​ដំណើរ​ពី​តំបន់​របស់​យើង​ ​ដោយ​សេរី​នោះ​ទេ»។

បុរស​ម្នាក់​ទៀត​ឈ្មោះ​ Ali​ និយាយ​ថា៖ ​«ពួក​យើង​ត្រូវ​ការ​ការងារ​ធ្វើ​ និង​ការ​អប់រំ។ ​ពួក​យើង​មិន​មាន​ប្រាក់​ចំណូល​ទេ»។​

នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ខាងក្រៅ​ទីក្រុង ​Sittwe ​នៅ​ជំរំ​ Dar Pang ​របស់​ជនជាតិ​ Rohingya ​ដែល​រត់​ចោល​ផ្ទះ​សម្បែង​នោះ ​ស្ថាន​ការណ៍​រឹត​តែ​អាក្រក់​ឡើង។ ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​កុះករ​ពេក​គឺ​រហូត​ដល់៩៨០​គ្រួសារ ​និង​មានភាព​កខ្វក់​ពេក ​អ្នក​រស់​នៅ​ទី​នោះ​និយាយ​ថា​ ពួក​គេ​ពុំ​មាន​អាហារ​គ្រប់គ្រាន់​ ពុំ​អាច​រក​ប្រាក់​ចំណូល​បាន​ និង​ពុំ​មាន​គោលដៅ​ច្បាស់លាស់​ទេ។ ​ប៉ុន្តែ​នៅ​ពេលសួរ​ពួក​គេ​ថា​ ថា​តើ​ពួកគេ​សុខ​ចិត្ត​ទទួល​ថា​ ខ្លួន​ជា​ជនជាតិ​ Bengali ​ដើម្បី​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ឬ​ទេ?​ ពួកគេ​គ្រប់​គ្នា​ដែល​រស់​នៅ​ឯ​ជំរំ​នោះ​ បាន​ប្រាប់​វីអូអេ​យ៉ាង​ជាក់​ច្បាស់​ថា ​ពួកគេ​មិនមែន​ជា​ជនជាតិ​ Bengali ​ទេ។​

ដំណើរ​ការ​ផ្តល់​សញ្ជាតិ​នៅ​បន្ត។​

ដំណើរ​ការ​ក្នុង​ការ​បញ្ជាក់​សិទិ្ធ​ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត ​នៅ​សប្តាហ៍​នេះ។ ​ដំណើរការ​នេះ​គឺ​ធ្វើ​ឡើងក្នុង​គោល​បំណងចេញ​កាត​ពណ៌​ខៀវ​ ដែល​ចាត់​ទុក​ថា​ជា​អត្តសញ្ញាណ​បណ្ណ​ ​ ជំនួសឲ្យកាត​ស​ឬ ​«White Cards» ​ដែល​គ្រាន់តែ​បញ្ជាក់​សិទ្ធិ​រស់​នៅ​បណ្តោះ​អាសន្ន​ ​ខណៈ​ពេល​ដែល​អាជ្ញាធរ​កំពុង​តែ​ធ្វើការ​ពិចារណា​ចំពោះ​សំណើ​ពី​អ្នក​ដែល​យល់​ព្រម​ទទួល​ស្គាល់​ថា ​ខ្លួន​ជា​ជនជាតិ Bengali។​

ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​នៅ​ទី​នេះ​និយាយ​ថា​ ពួកគេ​នឹង​រក្សា​ពាក្យ​ថា ​គេ​ជា​ជនជាតិ ​Rohingya ​ព្រោះ​ថា​ ពួកគេ​ជា​មនុស្ស​នៅ​ក្នុង​តំបន់​នេះនៃ​ប្រទេស​មីយ៉ាន់ម៉ា​ មិន​មែន​ជា​ជន​បរទេស​ដែល​មក​ពីប្រទេស​បង់ក្លាដេសដែល​ជា​ប្រទេស​ជិត​ខាង​នោះ​ទេ។ ​Shwe La ​និយាយ​ថា​ ការ​ទទួល​ស្គាល់​ថា ​ជា​ជនជាតិ ​Bengali ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ​តើ​ពួកគេ​មក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ពី​ពេល​ណា​ ​ ដែល​មាន​ន័យ​ថា​ ពួកគេ​មិនមែន​ជា​ពលរដ្ឋ​មាន​ប្រភព​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ។​

ពួក​គេ​ប្រឆាំង​យ៉ាង​ខ្លាំង​ មិនព្រម​ទទួល​ស្គាល់​ថា​ ខ្លួនជា​ជនជាតិ​ Bengali​ ទេ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក៏​មិន​សុខ​ចិត្ត​តាម​ពួក​គេ​ដែរ។​ ហើយ​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ទាល់ច្រក​ដែល​ធ្វើ​ឲ្យ​ការ​បែងចែក​សហគមន៍​នេះ​នៅ​តែ​បន្ត៕​

​ប្រែសម្រួលដោយ ​ស្រេង លក្ខិណា

XS
SM
MD
LG