ភាពតានតឹងរវាងប្រទេសចិន និងមីយ៉ាន់ម៉ាកំពុងតែកើនឡើង បន្ទាប់ពីយន្តហោះយោធារបស់មីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកមួយក្នុងទឹកដីចិន ដែលបណ្តាលឲ្យកសិករអំពៅ៤នាក់បាត់បង់ជីវិត និង៩នាក់ទៀតរងរបួស។
រដ្ឋាភិបាលចិនថ្លែងថា នេះជាកំហុសរបស់កងទ័ពប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា គ្មានគ្រាប់បែកត្រូវបានទម្លាក់ពីយន្តហោះមីយ៉ាន់ម៉ាទៅទឹកដីប្រទេសចិនទេ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកែកអះអាងថា ក្រុមឧទ្ទាមកុលសម្ព័ន្ធភាពខាងត្បូងប្រទេស ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយខ្លួន ប្រហែលជាបានទម្លាប់គ្រាប់បែកទៅលើប្រទេសចិន ដើម្បីបង្កឲ្យមានការយល់ច្រឡំ។ យុទ្ធជនឧទ្ទាមមិនមានយន្តហោះប្រភេទណាមួយនោះទេ។
នៅដើមសប្តាហ៍នេះ ចិនបានកោះហៅឲ្យមីយ៉ាន់ម៉ា«បន្ទាបសីតុណ្ហភាព»នៅតាមព្រំប្រទល់ចិននៅភាគខាងជើងរបស់ខេត្តYunnan ដែលបានក្លាយជាតំបន់ប្រយុទ្ធជាងមួយខែកន្លងមកនោះ ហើយបានបណ្តាលឲ្យប្រជាជនរាប់សិបម៉ឺននាក់ភៀសខ្លួនទៅប្រទេសចិន។
មន្ត្រីយោធាជាន់ខ្ពស់ លោក Fan Changlong បានថ្លែងនៅថ្ងៃសៅរ៍កន្លងទៅនេះថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់«វិធានការដាច់អហង្ការ» ប្រសិនបើរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនចាត់វិធានការនៅក្នុងការការពារមិនឲ្យការប្រយុទ្ធរបស់ខ្លួនជាមួយនឹងក្រុមឧទ្ទាមកុលសម្ព័ន្ធនៅភាគខាងជើងប្រទេសរីកសាយភាយចូលទឹកដីចិន។
យោងទៅតាមរបាយការណ៍សារព័ត៌មានជាតិ ការប្រយុទ្ធរវាង ក្រុមឧទ្ទាមកុលសម្ព័ន្ធតំបន់ Kokang និងកម្លាំងកងទ័ពមីយ៉ាន់ម៉ាបានរីករាលដាលឆ្លងព្រំដែនយ៉ាងហោចណាស់ចំនួនបួនដងនៅក្នុងពេលថ្មីៗនេះ។ នៅក្នុងហេតុការណ៍ដោយឡែកមួយទៀត ផ្ទះមួយត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងពីមីយ៉ាន់ម៉ា។
នៅថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានពណ៌នាហេតុការណ៍នោះថា«ប្រកបដោយភាពសោកសៅយ៉ាងជ្រាលជ្រៅ» និងបានសម្តែងសាររំលែកទុក្ខរបស់លោកទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសនោះ។
លោក Liក៏បានថ្លែងផងដែរថា ប្រទេសចិនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដីរបស់ខ្លួន។
លោក Li បាននិយាយថា៖ «យោធា និងក្រសួងការបរទេសចិន បានធ្វើតំណាងយ៉ាងមុតមាំមួយជាមួយនឹងមីយ៉ាន់ម៉ា ហើយយើងមានទំនួលខុសត្រូវ និងសមត្ថភាពក្នុងការរក្សាស្ថេរភាពនៅតាមតំបន់ព្រំដែនពីរប្រទេស ក៏ដូចជាការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនយើង»។
រដ្ឋាភិបាលចិនបានកោះហៅឲ្យមានការស្រាវជ្រាវល្អិតល្អន់មួយទៅលើហេតុការណ៍ទម្លាក់គ្រាប់បែក និងជំរុញឲ្យមានការដាក់ទោសទៅលើអ្នកដែលមានការទទួលខុសត្រូវពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកនោះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសន្យាថានឹងសហការយ៉ាងសកម្មជាមួយចិន ប៉ុន្តែមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Pressថា រ៉ាដា និងកំណត់ត្រាទីដៅ (GPS)របស់យន្តហោះបានបង្ហាញថា គ្មានយន្តហោះណាមួយបានចូលស្ថិតនៅក្នុងទឹកដីប្រទេសចិនឡើយ។
មន្ត្រីនោះបានបន្តថា ប្រទេសមីយ៉ាន់ម៉ាបានប្រាប់ប៉េកាំងពីការវាយប្រហារតាមអាកាសតាមតំបន់ព្រំដែននេះមុននឹងវាកើតឡើង ហើយចង់ពិនិត្យបំណែកគ្រាប់បែកដែលបានរកឃើញចូលក្នុងប្រទេសចិន។
ក្នុងប្រទេសចិន ការបាត់បង់ជីវិតរបស់កសិករចិន៤នាក់បានឲ្យមានបង្កការរិះគន់យ៉ាងខ្លាំងក្លាតាមប្រព័ន្ធអ៊ិនធឺណែតទៅលើរដ្ឋាភិបាល និងកងទ័ពយោធា ដោយមានមនុស្សមួយចំនួនបានកោះហៅឲ្យមានការចាត់វិធានការផ្សេងៗ ហើយមួយចំនួនទៀតបានរិះគន់យ៉ាងខ្លាំងទៅលើកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនឹងការយល់ឃើញថាកងកម្លាំងនោះមិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារប្រជាពលរដ្ឋ។ អ្នកផ្សេងទៀតបានសម្តែងការស្រងាកចិត្ត និងបានសង្កត់ធ្ងន់លើបញ្ហាពុករលួយដ៏ញាំញ៉ីក្នុងជួរយោធាចិន។
យោធាមីយ៉ាន់ម៉ាបានថ្លែងថា មេដឹកនាំក្រុមឧទ្ទាមកុលសម្ព័ន្ធចិនលោក Peng Jiasheng កំពុងតែព្យាយាមឆក់យកការគ្រប់គ្រងទីក្រុងនៃតំបន់ស្វ័យភាព Kokang។ នេះបានបង្កឲ្យមានការព្រួយបារម្ភថា Peng នឹងទទួលការគាំទ្រឆ្លងព្រំដែនពីប្រទេសចិន។
អាជ្ញាធរប្រទេសចិនបានបដិសេធយ៉ាងដាច់អហង្ការពីការចោទប្រកាន់នោះ ដោយបានសង្កត់ធ្ងន់ថាពួកគេគោរពអធិបតេយ្យភាពរបស់ប្រទេសមីយ៉ាន់ម៉ា។ ក្រុមយុទ្ធជនឧទ្ទាមក៏បានបដិសេធការពាក់ព័ន្ធទាំងឡាយផងដែរ៕
ប្រែសម្រួលដោយ៖ វិញ សុជាតា