ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​មីយ៉ាន់ម៉ា​​សារភាព​ថា​​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​សម្លាប់​កសិករ​ចិន​ដោយ​អចេតនា


លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា​ថ្លែង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បូរី​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា​ ឆ្នាំ​២០១៤។

ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមាបាន​ផ្តល់​ការ​សុំ​អភ័យ​ទោស​តាម​ផ្លូវការ​ដល់​ប្រទេស​ចិន​អំពី​គ្រោះថ្នាក់​ទម្លាក់​គ្រាប់​បែក​មួយ​កាល​ពី​ខែ​មុន​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​បាន​សម្លាប់​កសិករ​ចិន​៥​នាក់​ នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ការ​ក្នុង​ចម្ការរបស់​គេ។​ ប្រទេស​មីយ៉ាន់ម៉ាបាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ត​ទល់​នឹង​ពួក​ឧទ្ទាម​ភាគ​តិច​ក្នុង​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្នុង​ពេល​ជិត​ពីរ​ខែ​កន្លង​ទៅ​នេះ​ ហើយ​អំពើ​ហិង្សា​បាន​បង្ខំ​ឲ្យ​ជន​ភៀស​ខ្លួន​ច្រើន​ម៉ឺន​នាក់​គេច​រត់​ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​ចិន។​

ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា​ ការ​ស៊ើប​អង្កេត​រួម​មួយ​អំពី​ឧបទ្ទវហេតុ​នេះ​ បាន​សម្រេច​ថា​ ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រោះថ្នាក់​នេះ​ ហើយ​ថា​យន្តហោះ​មួយ​គ្រឿង​របស់​ភូមា​បាន​ទម្លាក់​គ្រាប់បែក​មួយ​គ្រាប់​ទៅ​លើ​ចម្ការអំពៅ​មួយ​នៅ​ក្នុង​ដែន​ដី​ចិន។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជា​មួយ​លោក​ Wang​ Yi រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ភូមា​ Wunna​ Maung​ Lwin ​បាន​សម្តែងការ​សុំ​អភ័យទោស​ពី​សំណាក់​ប្រទេស​លោក​ ចំពោះ​ជន​ដែល​បាន​ស្លាប់​និង​ត្រូវ​របួស។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា​ ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្នើ​ផ្តល់​ប្រាក់​សំណង​ និង​សន្យា​ថា ​នឹង​ផ្តន្ទាទោស​អ្នក​ទទួល​ខុស​ត្រូវ។​ ប្រទេស​ មីយ៉ាន់ម៉ា​បាន​និយាយ​ដែរ​ថា​ ខ្លួន​នឹង​ពង្រឹង​វិធានការ​ដើម្បី​ការពារ​មិន​ឲ្យ​គ្រោះថ្នាក់​បែប​នេះ​អាច​កើត​ឡើង​ជា​ថ្មី​ទៀត​ទេ។​

ពី​ដំបូង​ប្រទេស​ភូមា​បាន​បដិសេធ​ថា ​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​ដាក់​កំហុស​ទៅ​លើ​ពួក​ឧទ្ទាម​ដែល​ខ្លួន​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ភាគ​ខាង​ជើង​ហៅ​ថា​ Myanmar​ National​ Democratic​ Alliance​ Army​ ឬ​ MNDAA។​

ជា​ការ​ឆ្លើយ​តប​ ប្រទេស​ចិន​បាន​ដំឡើង​វត្តមាន​យោធ​របស់​ខ្លួន​នៅ​តាម​ព្រំដែន​ ចាប់​ផ្តើម​ការ​យាម​ល្បាត​ព្រំដែន​ពី​លើ​អាកាស​ និង​ដាក់​រាយ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​លើ​អាកាស។​ ក្រុង​ ប៉េកាំង​បាន​ព្រមាន​ថា​ បើ​មាន​ការ​ឈ្លានពាន​ណា​ថ្មី​ទៀត​ ចិន​នឹង​ចាត់​វិធានការ​ដ៏​ម៉ឺង​ម៉ាត់។​

នៅ​ក្នុង​រូបភាព​ ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​បណ្តាញ​សង្គម​ បង្ហាញ​ថា​ អ្នក​ក្រៅ​ស្ទើរ​តែ​មិន​អាច​ចូល​ទៅ​ដល់​ទីក្រុង​ Nansan​ នៅ​តាម​ព្រំដែន​របស់​ប្រទេស​ចិន​បាន​ទេ​ ហើយ​ទី​ក្រុង​នេះ​មាន​សភាព​ដូច​ជា​តំបន់​យោធា​មួយ។​ គេ​បាន​ដាក់​តាំង​កន្លែង​ត្រួត​ពិនិត្យ​យ៉ាង​តិច​៣​ដើម្បី​ការពារ​មិន​ឲ្យ​អ្នក​សារព័ត៌មាន​បរទេស​ចូល​ទៅ​ក្នុង​តំបន់​នោះ​បាន។​ ក្រុម​ជំនួយ​អន្តរជាតិ​ក៏​មិន​អាច​ចូល​ទៅ​ជួប​ជា​មួយ​ជន​ភៀសខ្លួន​ ដែល​បាន​គេច​ឲ្យ​ផុត​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​ដែរ។​

កាល​ពី​លើក​មុន​ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ មនុស្ស​ប្រមាណ​៣​ម៉ឺន​នាក់​បាន​រត់​ចេញ​ពី​តំបន់​ Kokang​ នៃ​ប្រទេស​ភូមា​ភាគ​ខាង​ជើង​ ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​ តែ​ក្រុម​ផ្តល់​ជំនួយ​និយាយ​ថា​ ឥឡូវ​នេះ​មនុស្ស​ផ្លាស់​ទីលំនៅ​ទាំង​នោះ​មាន​ដល់​ទៅ​៨​ម៉ឺន​នាក់​នៅ​តំបន់​នោះ។​

អ្នក​ដែល​មាន​សោហ៊ុយ​គ្រប់​គ្រាន់​បាន​ទៅ​ជួល​សណ្ឋាគារ​ក្នុង​តំបន់​ ឬ​ក៏​ជួល​បន្ទប់​នៅ​ក្នុង​ផ្ទះ​អ្នក​ស្រុក​នៅ​ទី​នោះ។​ អង្គការ​ដូច​ជា​សមាគម​កាកបាទ​ក្រហម​ចិន​បាន​ផ្តល់​ទី​ជម្រក​គ្រា​អាសន្ន​ដល់​មនុស្ស​ជា​ច្រើន​ពាន់​នាក់។​ តែ​បុគ្គលិក​ក្រុម​ផ្តល់​ជំនួយ​និយាយ​ថា​ មនុស្ស​ភាគ​ច្រើន​កំពុង​រស់​នៅ​ក្នុង​តង់​សំពត់​ដែល​គេ​បាន​ដំឡើង​នៅ​ជិត​មាត់​ទន្លេ​ តាម​ដង​ផ្លូវ​ ឬ​នៅ​ជាប់​និង​ទីវាល។​

អ្នកស្រី​ Li Na​ ដែលជា​អ្នក​ស្រុក​ Kokang​ បាន​និយាយ​ថា​ អ្នកស្រី​បាន​គេច​ចេញ​ពី​ផ្ទះ​អ្នកស្រី​ជា​មួយ​កូនស្រី​និង​គ្រួសារ​ មុន​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម។​ តាំង​ពី​ពេល​នោះ​មក​ អ្នកស្រី​បាន​ជួយ​បុគ្គលិក​ក្រុម​ផ្តល់​ជំនួយ​ដទៃ​ទៀត​ឲ្យ​បំពេញ​សេចក្តី​ត្រូវការ​របស់​មនុស្ស​ដែល​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ខ្លួន។​

អ្នកស្រី​ Li Na​ និយាយ​ថា​ អាទិភាព​ធំ​ទី​មួយ​គឺ​រក​ទី​កន្លែង​ឲ្យ​ជន​ភៀស​ខ្លួន​ស្នាក់​នៅ។

«‍ឥឡូវ​នេះ​ មាន​សេចក្តី​ត្រូវការ​ច្រើន​យ៉ាង​ទៀត​ មាន​តាំង​ពី​ការ​ជួយ​កុមារ​ឲ្យ​មាន​ការ​ព្យាបាល​ជម្ងឺ​ ទៅ​ដល់​ការ​ផ្តល់​អង្ករ​ បន្លែ​ និង​សម្លៀក​បំពាក់​ទៅ​ឲ្យ​អ្នក​ភៀស​ខ្លួន»។​

តំបន់​ Kokang​ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ទេ។​ អ្នកស្រី​ Li Na​ និយាយ​ថា​ នៅ​ពេល​ដែល​ការ​បាញ់​ផ្តក់​មាន​ធ្វើ​ជា​ញឹក​ញយ​ ដែល​មាន​គ្រាប់​ខ្លះ​ធ្លាក់​មិន​ឆ្ងាយ​ ហើយ​ឮ​សូរ​យ៉ាង​ខ្លាំង​ក្តី​ ក៏​កិច្ច​ការ​របស់​អ្នកស្រី​បាន​ធ្វើ​ឲ្យ​អ្នកស្រីបំភ្លេច​ស្នូរ​ទាំង​នោះ។​ នៅ​ពេល​គេ​សួរ​ថា​ តើ​គាត់​គិត​ដូច​ម្តេច​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ ហើយ​តើ​គាត់​គាំទ្រ​ភាគី​ណា​មួយ​ អ្នក​ស្រី​ Li Na​ ពោល​ថា ​គាត់​មិន​គាំទ្រ​អ្នក​ណា​មួយ​ទេ។​

«ខ្ញុំ​នៅ​អព្យាក្រឹត្យ។​ ខ្ញុំ​មិន​គាំទ្រ​អ្នក​វាយ​ប្រយុទ្ធ​ណា​មួយ​ទេ។​ ខ្ញុំ​គ្រាន់​តែ​ចង់​រស់​នៅ​ជា​សាមញ្ញ​ និង​ដោយ​សន្តិភាព​ប៉ុណ្ណោះ»។​

ពួក​ឧទ្ទាម​និយាយ​ថា​ ពួក​គេ​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​ និង​ស្វ័យភាព​របស់​ពលរដ្ឋ​នៅ​តំបន់​ Kokang​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ ​តំបន់​ដែល​ពួក​នេះ​កំពុង​ប្រយុទ្ធ​ដើម្បី​ត្រួតត្រា​នេះ​សម្បូរ​ដោយ​ធនធាន​រ៉ែ​ និង​ព្រៃឈើ​ ហើយ​ជា​ប្រភព​គ្រឿង​ញៀន​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន ដូច​ជា​ជាតិ​ហេរ៉ូអ៊ីនជា​ដើម​ ទោះ​ជា​មាន​ការ​ប្រឹង​ប្រែង​ដើម្បី​បំបាត់​ពាណិជ្ជ​កម្ម​នេះ​ក៏​ដោយ។​

ពួក​ឧទ្ទាម​ដែល​ហៅកាត់​ថា​ MNDAA​ នេះ​ មាន​មេដឹកនាំ​ជា​អ្នកអម្បូរ​ចិន​ឈ្មោះ​ Peng​ Jiasheng​ ដែល​ម្តង​នោះ​ធ្លាប់​ធ្វើ​ជា​មេ​ដឹកនាំ​តំបន់​នេះ​ តែ​ត្រូវ​ទម្លាក់​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​ ២០០៩។​ ក្រុម​ឧទ្ទាម​ MNDAA​ ត្រូវ​បាន​ផ្តុំ​ឡើង​ពី​សមាជិក​សេស​សល់នៃ​គណបក្ស​កុម្មុយនិស្ត​ភូមា​ ដែល​ជា​កង​ទ័ព​ព្រៃ​មួយ​ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចិន។​ ក្រុម​នេះ​បាន​វាយ​ប្រយុទ្ធ​តទល់​និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រហូត​មក​ដល់​មាន​ការ​បែក​ខ្ញែក​គ្នា​ក្នុង​ឆ្នាំ​១៩៨៩។​ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ ក្រុម​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ជា​មួយ​រដ្ឋាភិបាល​ ដែល​បាន​ចូល​ជា​ធរមាន​រហូត​មក​ដល់​ការ​ទម្លាក់​លោក​ Peng​ ចេញ​ពី​អំណាច៕​

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG