ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ចិន​ពិចារណា​ពង្រឹង​ការ​គ្រប់​គ្រង​ជន​បរទេស​ដែល​បង្រៀន​ភាសា​អង់គ្លេស​


រូបឯកសារ៖ ជន​បរទេស​កំពុង​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់​រៀន​មួយ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
រូបឯកសារ៖ ជន​បរទេស​កំពុង​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់​រៀន​មួយ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ប្រទេស​ចិន​​​បាន​ចេញ​សេចក្តី​ព្រាង​នៃ​វិធាន​ថ្មី​មួយ​ដែល​មាន​គោលដៅ​បន្តឹង​ការ​ត្រួត​ពិនិត្យ​​ជន​បរទេស​ដែល​​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេស​ចិន។

ប្រទេស​ចិន​នៅ​ពេល​ថ្មីៗ​នេះបាន​ចេញ​សេចក្តី​ព្រាង​នៃ​វិធាន​ថ្មី​មួយ​ដែល​មាន​គោលដៅ​បន្តឹង​ការ​ត្រួត​ពិនិត្យជន​បរទេស​ដែលជា​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេស​ចិន ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ខាង​មនោគមវិជ្ជា និង​បង្កើត​នូវ​ប្រព័ន្ធ​វាយ​តម្លៃ​ក្នុងសង្គម ដើម្បី​តាម​ដាន​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។

​ការចាប់​ខ្លួន​និង​ការ​បណ្តេញ​ចេញ​គ្រូបង្រៀន​ជា​ជនបរទេស​ពី​ប្រទេស​ចិន មាន​ការ​កើនឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក​ ខណៈ​ដែល​មាន​ការ​បង្ក្រាប​ជា​ទ្រង់​ទ្រាយ​ធំ​ចំពោះ​គ្រូបង្រៀន​ណា​ដែល​មិន​មាន​ទិដ្ឋាកា​ធ្វើ​ការ​ត្រឹមត្រូវ​ ហើយ​និង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ​ដែល​មាន​លក្ខណៈ​ជាតិ​និយម​ជាង​មុន។​

អ្នក​វិភាគ​ថ្លែង​ប្រាប់​វីអូអេ​ថា​ ការណ៍​នេះមួយ​ផ្នែក​គឺ​ដោយ​សារ​ភាព​កាន់​តែ​យ៉ាប់យឺននៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន និង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​បណ្តាប្រទេស​និយាយ​ភាសា​អង់គ្លេស​ផ្សេង​ទៀត។ យ៉ាង​ណា​ក្តី​ក៏​ឪពុក​ម្តាយ​ក្នុង​ប្រទេស​ចិន​ថា​ពួក​គេ​នៅ​តែ​ចង់​ឲ្យ​កូនរបស់​ពួក​គេ​រៀន​ភាសា​អង់គ្លេស​ដែរ។​

បទ​បញ្ជា​ថ្មី

ឯកសារ​ដែល​មាន​ឈ្មោះ​ថា​ «វិធានការ​សម្រាប់​ការងារ​និង​ការ​គ្រប់គ្រង​គ្រូ​បង្រៀន​ជា​ជន​បរទេស» ដែល​ត្រូវចេញ​ដោយក្រសួង​អប់រំ​ចិន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ត្រូវ​បាន​គេ​ដាក់​ចេញ​ឲ្យ​សាធារណជន​អាច​ផ្តល់​យោបល់​បាន​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា នៅ​មុន​ការ​អនុម័ត​ចុងក្រោយ។

សេចក្តី​ព្រាង​នៃ​វិធាន​ថ្មី​នេះ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នានា​ក្នុង​ប្រទេស​ចិន​បង្កើត​នូវ​ប្រព័ន្ធ​«វាយតម្លៃ​ពលរដ្ឋ»ចិន​ ​សម្រាប់​គ្រូបង្រៀន​ជា​ជនជាតិបរទេស​ដែរ។ គ្រូ​បង្រៀនដែល​ត្រូវ​គេ​រក​ឃើញ​ថា​បាន​គោរព​តាម​ច្បាប់​ចិន​និង​បង្រៀន​តាម​បែប​សីលធម៌​បាន​ល្អ​នឹង​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​វាយតម្លៃ​ពលរដ្ឋ​នេះ ហើយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​មិន​ល្អ​ក៏​ត្រូវ​គេ​កត់​ត្រា​ទុក​ដែរ។

ប្រព័ន្ធ​វាយតម្លៃ​ក្នុង​សង្គម​នេះ​មាន​គោលដៅ​បង្កើត​បទដ្ឋាន​រួម​មួយ​សម្រាប់​សកម្មភាពប្រព្រឹត្ត​ក្នុង​សង្គម​របស់​ពលរដ្ឋ។ ពលរដ្ឋ​ដែល​មាន​ពិន្ទុសង្គម​ទាប​នៅ​ក្នុង​ប្រព័ន្ធ​វាយតម្លៃ​នេះ ត្រូវ​បាន​គេ​កំណត់​ថា «មិន​អាច​ទុក​ចិត្ត​បាន» ហើយ​អាច​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​ទិញ​សំបុត្រ​រថភ្លើង​ឬ​សំបុត្រ​យន្តហោះ។

ជន​បរទេស​ដែល​មក​បង្រៀនក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង​តម្រូវ​ឲ្យ​ទទួល​ការ​បណ្តុះបណ្តាល​ខាង​មនោគមវិជ្ជា​អំពី​រដ្ឋធម្មនុញ្ញនិង​ច្បាប់​ចិន​រយៈពេល​២០​ម៉ោង។ គ្រូបង្រៀន​ជា​ជន​បរទេស​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​«ធ្វើ​សកម្មភាព​ខុស​ច្បាប់​ក្នុង​ការ​អប់រំ​ផ្នែក​សាសនា»។

នៅ​ឆ្នាំ​២០១៧ រដ្ឋបាល​ទទួល​បន្ទុក​កិច្ចការ​អ្នក​ជំនាញ​បរទេស​របស់​ចិន បាន​ប៉ាន់​ស្មាន​ថា ក្នុង​ចំណោម​ជន​បរទេស​ចំនួន​៤០០.០០០​នាក់​ដែល​ធ្វើ​ការ​បង្រៀន​នៅ​ក្នុង​ប្រទេស​ចិន មាន​តែ​១ភាគ​៣​ប៉ុណ្ណោះ​ដែល​មានប័ណ្ណ​ការងារ​ដែល​មាន​សុពលភាព

នៅ​ចុង​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​ធ្វើ​ការ​ចុះ​ឆែកឆេរ​នៅ​តាម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទូទាំង​ប្រទេស​ ហើយ​ដែល​សកម្មភាព​ត្រួតពិនិត្យ​នេះ​កាន់​តែ​មាន​ការ​កើន​ឡើង​តាំង​ពី​ពេល​នោះ​មក ក្នុង​គោលដៅ​«សម្អាត​បរិយាកាស​អប់រំ»។

វីអូអេ​បាន​ទាក់ទង​ទីភ្នាក់ងារ​បញ្ជូន​គ្រូបង្រៀន​ទៅ​ប្រទេស​ចិន​ចំនួន​២ គឺ​ក្រុមហ៊ុន Go Overseas​ និង​ Teach English Global​ ដើម្បី​ស្វែង​យល់អំពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ចំពោះ​គ្រូបង្រៀន​ជា​ជន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ​ទី​ភ្នាក់ងារ​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ការ​អត្ថាធិប្បាយ​របស់​វីអូអេ​ទេ។

រូបឯកសារ៖ ព្រះ​វិហារ​គ្រិស្ត​សាសនា​ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ​នៅ​ជិត​ក្រុង Nanyang ប្រទេស​ចិន កាល​ពី​ឆ្នាំ ២០១៨។
រូបឯកសារ៖ ព្រះ​វិហារ​គ្រិស្ត​សាសនា​ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ​នៅ​ជិត​ក្រុង Nanyang ប្រទេស​ចិន កាល​ពី​ឆ្នាំ ២០១៨។

បើ​ចង់​ស្នាក់​នៅប្រទេស​ចិន​ត្រូវ​ចេះ​ប្រយ័ត្ន​សម្តី

លោក Qin Weiping អ្នក​អត្ថាធិប្បាយ​ខាង​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ និយាយ​ថា ការ​ពង្រឹង​វិធាន​គ្រប់គ្រង​នេះ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន និង​ភាព​ខុស​គ្នា​ខាង​មនោគមនវិជ្ជា​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ចិន​គិត​ថា​គ្រូបង្រៀន​ជា​ជន​បរទេស​ទាំង​នេះកំពុង​នាំចូល​គំនិត​សេរី​និង​គុណតម្លៃ​សាកល។ ក្រុម​អាជ្ញាធរ​ត្រូវ​បង្ការ​គំនិត​ដូច​ជា​បដិវត្តន៍​ពណ៌ ឬ​ការ​វិវត្ត​ដោយ​សន្តិវិធី ដែល​អាច​ត្រូវ​គេ​បណ្តុះ​តាម​រយៈ​ការ​រៀន​ភាសា​អង់គ្លេស»។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ដកស្រង់​សម្តី​របស់​លោក Nick Baker គ្រូបង្រៀន​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ចាកចេញ​ពី​ប្រទេស​ចិន​ក្រោយ​ពី​ធ្វើ​ការ​នៅ​ទី​នោះ​រយៈ​ពេល​៦​តាម​សាលា​អន្តរជាតិ​នានា ​ដោយ​លោកបាន​និយាយ​ថា​លោក​ត្រូវ​បានគេ​ប្រាប់​«មិន​ឲ្យ​ពិភាក្សា​អំពី​បាតុកម្ម​នៅ​ហុងកុង ដោយសារ​អាជ្ញាធរ​កំពុង​តាមដាន​ពួក​គេ»។ លោក​ថា​សាលារ​របស់​លោក​ត្រូវ​អាជ្ញាធរ​បញ្ជា​ឲ្យដាក់​កម្មវិធី​សិក្សា​ឲ្យ​មន្ត្រីនៅ​មូលដ្ឋាន​ពិនិត្យ។

គ្រូបង្រៀន​ជា​ជន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន​ថា​ពួក​គេ​ត្រូវ​បាន​គេ​បញ្ជាមិន​ឲ្យ​ពិភាក្សា​បញ្ហា​រសើប​នានា​នៅ​ក្នុង​ថ្នាក់​រៀន តួយ៉ាង​ដូច​ជា​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ធានអានមេន ស្ថានភាព​នៃ​កោះ​តៃវ៉ាន់ និង​សកម្មភាព​ជិះជាន់​របស់​អាជ្ញាធរ​ចិន​នៅ​ក្នុង​តំបន់​ស្វយ័ត Xinjiang។​

លោក​ Baker បញ្ជាក់​ថា៖ «ប្រសិន​បើ​គ្រូ​បង្រៀន ចង់​បន្ត​ស្នាក់​នៅ​ប្រទេស​ចិន ពួក​គេ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ»។

រូបឯកសារ៖ ក្មេងៗ​រៀន​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​មួយ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។
រូបឯកសារ៖ ក្មេងៗ​រៀន​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​មួយ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

កង្វះ​ខាត​ការ​ការពារ

ក្រៅ​ពី​កង្វះ​ខាត​ខាង​សេរីភាព​បញ្ចេញ​មតិ​ក្នុង​វិស័យ​អប់រំ អ្នក​ជំនាញ​បាន​ព្រមាន​ថា គ្រូបង្រៀន​បរទេស​ក៏​មិន​មាន​ការ​ការពារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ខាង​ផ្នែក​ទិដ្ឋាការ កិច្ចសន្យា​ការងារ សេវា​ថែទាំ​សុខភាព និង​បញ្ហា​ជាមួយ​ម្ចាស់​គេហដ្ឋាន​ជួល​ជា​ដើម។

អ្នកស្រី Grace Yang ដែល​ជា​អ្នកច្បាប់​ខាង​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ច្បាប់​ប្រទេសចិន​នៅ​ក្រុមហ៊ុន​ច្បាប់​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Seattle ឈ្មោះ Harris Bricken បាន​ថ្លែង​ប្រាប់វីអូអេ​ថា ជន​បរទេស​មាន​ហានិភ័យ​ពេល​ពួក​គេ​បង្រៀន​នៅ​ក្នុង​ប្រទេស​ចិន។​

អ្នកស្រី​ Yang ថ្លែង​ថា៖ «ពួក​គេ​មិន​មាន​ប្រាក់​ចំណូល​ច្រើន​ទេ។ ប្រសិន​បើ​ពួក​គេ​ត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ខាង​កិច្ច​សន្យា​ការងារ​ ពួក​គេ​ជា​ញឹកញាប់​មិន​មាន​លទ្ធភាព​អាច​ជួល​មេធាវីដើម្បី​ឲ្យ​ការពារ​ខ្លួន​ទេ»។

បើ​តាម​ក្រុមហ៊ុន Go Overseas ដែល​ជា​គេហទំព័រ​ផ្តល់​ធនធាន​ខាង​ការ​បង្រៀន ទៅ​សិក្សា​ និង​ទៅ​ធ្វើ​ការ​ស្ម័គ្រនៅ​បរទេស ឲ្យ​ដឹង​ថា ប្រាក់​ខែ​ជា​មធ្យម​សម្រាប់​គ្រូបង្រៀន​អង់គ្លេស​ឆ្នាំ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​មាន​ប្រហែល​១.២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ការងារដដែល​នេះ​អាច​កើន​ដល់​រវាង​២.៨០០​ដុល្លារ​ដល់​៤.៣០០​ដុល្លារ​ បើ​ធ្វើ​ការ​នៅ​តាម​សាលា​ឯកជន​ឬ​សាលា​អន្តរជាតិ។

អ្នក​ស្រី​ Yang បន្ថែម​ថា កិច្ច​សន្យា​ការងារ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​គ្រូ​បង្រៀន​ជា​ជន​បរទេស ដោយ​អ្នកស្រី​ពន្យល់​ប្រាប់​វីអូអេថា៖ «អ្នក​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​មិន​ត្រឹម​តែ​កិច្ចសន្យាជាតែ​ភាសា​អង់គ្លេស​ឬភាសា​ចិន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ពិនិត្យ​ឯកសារ​ទាំង​ពីរ​ភាសា។ ពេល​ខ្លះ​គ្រូបង្រៀន​ខ្លះ​រក​ឃើញ​ថា ឯកសារ​ជា​ភាសា​មួយ​ដែលខ្លួន​គិត​ថា​ស្រប​ច្បាប់​នោះ​មិន​អាច​យក​មក​អនុវត្ត​បាន​តាម​ច្បាប់​ចិន​ទេ។

លោក Dan Harris អ្នក​ជំនាញ​ខាង​ច្បាប់​ចិននិង​ជា​មេធាវី​ម្នាក់​ទៀត​ក្នុង​ក្រុមហ៊ុន​ដដែល​នេះ​ បាន​សរសេរ​អត្ថបទ​អត្ថាធិប្បាយ​មួយ​កាល​ពីឆ្នាំ​២០១៩ ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​អាមេរិក​ជៀស​វាង​ទៅ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្នុង​ប្រទេស​ចិន។ លោក​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក មាន​គ្រូបង្រៀន​ជា​ជន​បរទេស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​បាន​ព្យាយាមស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់​ចំពោះ​បញ្ហា ទិដ្ឋាការ កិច្ចសន្យា​ការងារ ការ​ថែទាំ​សុខភាព​ និង​បញ្ហា​ជាមួយ​ម្ចាស់​គេហដ្ឋាន៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG