សហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលកាន់អំណាចផ្តាច់ការនៅទូទាំងពិភពលោកថា បានសង្កត់សង្កិនពលរដ្ឋខ្លួនជាមួយ «ការរំលោភ» លើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីត្រួតត្រាសកម្មភាពទាំងឡាយណាដែលអាចគំរាមកំហែងដល់អំណាចរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនៅពេលដាក់បង្ហាញរបាយការណ៍ស្តីពីការអនុវត្តន៍សិទ្ធិមនុស្សនៅក្នុងពិភពលោកក្នុងឆ្នាំ២០១៩ថា «បទពិសោធន៍បង្ហាញឱ្យយើងឃើញថា ក្រុមមន្ត្រីរដ្ឋាភិបាលដែលបង្ក្រាប រំលោភ និងអត់ឱនដល់ការបដិសេធសិទ្ធិមនុស្សរបស់ពលរដ្ឋពួកគេផ្ទាល់ក៏ទទួលខុសត្រូវដែរដល់ការបង្កើតបរិយាកាសសង្គមដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនិងវិបត្តិមនុស្សធម៌និងដែលលើកទឹកចិត្តឱ្យមានអំពើពុករលួយ ជម្លោះប្រកបដោយអំពើហិង្សានិងភេរវកម្ម»។
ស្តីពីប្រទេសអ៊ីរ៉ង់ របាយការណ៍នេះរបស់សហរដ្ឋអាមេរិកគូសបញ្ជាក់អំពីបាតុកម្មរាលដាលនៅក្នុងប្រទេសនេះដែលបានចាប់ផ្តើមកាលពីខែវិច្ឆិកាមុននៅក្រោយការដំឡើងតម្លៃប្រេង។
បើតាមរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានអន្តរជាតិថារដ្ឋាភិបាលអ៊ីរ៉ង់ «បានរាំងខ្ទប់ការភ្ជាប់ទាក់ទងអ៊ីនធឺណិតអន្តរជាតិនិងមូលដ្ឋានទាំងអស់ក្នុងរយៈពេលភាគច្រើននៃមួយសប្តាហ៍ហើយកងកម្លាំងសន្តិសុខបានប្រើកងកម្លាំងប្រកបដោយអាវុធដើម្បីបញ្ឈប់បាតុកម្មទាំងនេះបណ្តាលឱ្យមនុស្សជិត១ពាន់៥រយនាក់ស្លាប់ហើយបានឃុំឃាំងមនុស្ស៨ពាន់៦រយនាក់ថែមទៀតផង»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ក៏បានធ្វើវិភាគទានខាងសម្ភារៈដល់ការរំលោភលើសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់និងប្រទេសយ៉េមែនតាមរយៈការគាំទ្រខាងយោធាដល់ប្រធានាធិបតីស៊ីរី Bashar al-Assad និងកងជីវពលលម្អៀងទៅខាងអ៊ីរ៉ង់។
ស្តីពីប្រទេសចិន របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពីសិទ្ធិមនុស្សបានផ្តោតការយកចិត្តទុកដាក់លើកំណើនយុទ្ធនាការរបស់ពួកមន្ត្រីគណបក្សកុម្មុយនិស្តចិនក្នុងការឃុំឃាំងសមាជិកច្រើននាក់នៃក្រុមជនភាគតិចកាន់សាសនាឥស្លាមនៅក្នុងតំបន់ស្វយ័ត Xinjiang Uighur៕