ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្ដេជ្ញា​ថា​នឹង «តបត​វិញ‍» បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ហុងកុង


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងនៅកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងនៅកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​មាន​បំណង «បំផ្លាញ‍» ទីក្រុង​ហុងកុង និង​បាន​គំរាម​ផង​ដែរ​ថា​នឹង​ធ្វើ​ការ​សងសឹក បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ថ្មី​មួយ ដែល​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​ក្នុង​រយៈពេល​ជិត ៦ ខែ កន្លង​មក​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា ការ​អនុម័ត​ច្បាប់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ទីក្រុង​ហុងកុង​នេះ​គឺ «កាន់តែ​ជំរុញ​ទឹកចិត្ត​ក្រុម​ឧក្រិដ្ឋជន​ហិង្សា​បន្ថែម​ទៀត‍»។ រដ្ឋាភិបាល​ចិន​រិះគន់​ក្រុម​បាតុករ​ទាំង​នោះ​ថា​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​កាន់តែ​វឹកវរ​ឡើង និង​មាន​បំណង «ធ្វើ​ឲ្យ​ច្របូកច្របល់ ឬ​ក៏​បំផ្លាញ​ទីក្រុង​ហុងកុង‍»។

ច្បាប់​ថ្មី​ដែល​កំពុង​រង់ចាំ​ការ​ចុះ​ហត្ថលេខា​ពី​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ពេញលេញ​នេះ គាំទ្រ​សិទ្ធិ​បោះ​ឆ្នោត​ជា​សាកល សេរីភាព​ពី​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នក​ដែល​រំលោភ​លើ​គោលការណ៍​ដូច​នេះ។

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ទោះបីជា​មាន​ការ​ព្រមាន​ពី​ប្រទេស​ចិន​ក៏​ដោយ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ការ​តវ៉ា​ជិត ៦ ខែ​នៅ​ក្នុង​ទីក្រុង​ហុងកុង​នេះ បាន​ផ្ដោត​លើ​បរិវេណ​សាកល​វិទ្យាល័យ​ពហុ​បច្ចេកទេស​ហុងកុង ដោយ​ក្រុម​និស្សិត​ប្រឈម​មុខ​ជាមួយ​នឹង​ប៉ូលិស។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ ចំណែក​ឯ​ក្រុម​និស្សិត​វិញ បាន​បាញ់​ព្រួយ និង ដង​សាំង​មាន​ភ្លើង​តបត​វិញ។

ទីក្រុង​ហុងកុង​គឺ​ជា​តំបន់​ពាក់​កណ្ដាល​ស្វយ័ត​របស់​ចិន ហើយ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចាត់ទុក​សេដ្ឋកិច្ច​ទីក្រុង​ហុងកុង​ផ្ដាច់​ពី​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​ចិន៕

XS
SM
MD
LG