ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​សិទ្ធិ​មនុស្ស​ចិន​ត្រូវ​បាន​កាត់ទោស​​ដោយ​សម្ងាត់​ឲ្យ​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ


រូប​ឯកសារ៖ មេធាវី​ចិន លោក Yu Wensheng ពិនិត្យ​មើល​រឿងក្តី​របស់​លោក​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
រូប​ឯកសារ៖ មេធាវី​ចិន លោក Yu Wensheng ពិនិត្យ​មើល​រឿងក្តី​របស់​លោក​នៅ​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Yu Wensheng មេធាវី​សិទ្ធិ​មនុស្ស​ចិន​ដ៏​លេច​ធ្លោ​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ដោយ​សម្ងាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​មាន​​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក Yu ត្រូវ​បាន​គេ​ឃុំ​ខ្លួន​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨ នៅ​ក្រោយ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​ផ្ដល់​លិខិត​មួយ​ច្បាប់​ស្ដី​ពី​ការ​អំពាវនាវឲ្យ​មាន​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន។

អ្នកស្រី Yu Yan ភរិយា​របស់​លោក Yu បាន​ប្រាប់ VOA កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «នេះ​គឺ​ជា​សវនាការ​សម្ងាត់។ មុន​នេះ​ពួក​គេ​មិន​បាន​ប្រាប់​ខ្ញុំ​អ្វី​ទាំង​អស់ អំពី​ដំណើរ​ការ​ជំនំ​ជម្រះ​ក្ដី។ ពួក​គេ​ទើប​តែ​ប្រាប់​ខ្ញុំ​នូវ​លទ្ធផល​ក្នុង​ថ្ងៃ​នេះ​ប៉ុណ្ណោះ»។​

រូប​ឯកសារ៖ អ្នកស្រី Xu Yan ភរិយា​របស់​លោក​មេធាវី Yu Wensheng ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ក្នុង​អគារ​ស្នាក់​នៅ​របស់​អ្នកស្រី​នៅ​ជាយ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។
រូប​ឯកសារ៖ អ្នកស្រី Xu Yan ភរិយា​របស់​លោក​មេធាវី Yu Wensheng ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ក្នុង​អគារ​ស្នាក់​នៅ​របស់​អ្នកស្រី​នៅ​ជាយ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

អ្នកស្រី​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ដែល​លោក Yu ជាប់​ឃុំ មាន​តែ​មេធាវី​ការពារ​ក្ដី​របស់​លោក​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ទៅ​ជួប​លោក​ចំនួន​ពីរ​ដង។ អ្នកស្រី​បាន​ត្រឹម​តែ​ឃើញ​វីដេអូ​អំពី​ស្វាមី​អ្នកស្រី​ម្ដង​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ មក។

លោក Nicholas Bequelin នាយក​អង្គការ Amnesty International ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយ​ថា ការ​កាត់​ទោស​លោក Yu គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដែល​យក​ច្បាប់​ធ្វើ​ជា​លេស​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា៖​ «លោក​ Yu មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​កាត់​ទោសដោយ​ផ្អែក​លើ​បទ​ចោទ​ប្រកាន់​ដែលគ្មាន​មូលដ្ឋាន សម្រាប់ការងារ​ស្រប​ច្បាប់​ដែល​លោក​បាន​ធ្វើ​ក្នុង​នាម​ជា​មេធាវី​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មេធាវីរបស់​លោក​ក៏​មិន​ត្រូវ​បាន​គេ​អនុញ្ញាតឲ្យ​ចូលរួម​ក្នុង​សវនាការ​ដែរ»។

លោក​បាន​បន្ថែម​ថា ការ​កាត់​ក្ដី​ដោយ​សម្ងាត់​នេះ ជាថ្មី​ម្ដង​ទៀត បង្ហាញ​ឲ្យ​ឃើញ​ពី​គោលនយោបាយ​មិន​អត់​ឱនរបស់​រដ្ឋាភិបាល​ចិន ​ចំពោះ​អ្នក​រិះគន់ និង​ការ​អំពាវ​នាវ​ឲ្យដោះ​លែង​លោក Yu ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក Yu គឺ​ជាសំឡេង​ដ៏​ស្វាហាប់មួយ​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស​ចិន។ ទោះ​បី​ជា​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក​ក៏​ដោយ​ ក៏​មេធាវី​រូប​នេះ​បាន​ការពារ​ក្ដី​ឲ្យ​មេធាវី​សិទ្ធិ​មនុស្ស​ដូច​គ្នា​មួយ​ចំនួន​ដែល​ក្នុង​នោះ​ក៏​រួម​មាន​លោក Wang Quanzhang និង​ លោក Falun Gong ផង​ដែរ។

នៅ​ដើមឆ្នាំ ២០១៨ លោក Yu បាន​ចែក​ចាយ​លិខិត​ចំហ​មួយ​ អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ចិន​ចំនួនប្រាំ​ចំណុច ដែល​រួម​មាន​ទាំង​កំណែ​ទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​សម្រាប់​ការ​បោះ​ឆ្នោតដែល​អនុញ្ញាត​ឲ្យ​មាន​បេក្ខជន​ប្រធានាធិបតី​ច្រើន​នាក់​ចូល​រួម​ប្រកួតប្រជែង​ផង​ដែរ។​

លោក​បាន​សរសេរ​ថា៖ «ការ​តែងតាំងប្រធានាធិបតី​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ ដោយ​ការ​បោះ​ឆ្នោត​ដែល​មាន​តែ​គណបក្ស​មួយចូលរួម​ គឺមិន​មែន​ជាការ​បោះ​ឆ្នោត​ទេ។ ការណ៍​នេះ​មិន​បាន​ផ្ដល់​អំណាច​អ្វី​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រទេស​ជាតិ សង្គម​ស៊ីវិល ឬ​ប្រទេស​ដទៃៗ​ទៀត​ក្នុង​ពិភព​លោក​ឡើយ»។​

នេះ​គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ប្រជាធិបតេយ្យ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កាត់​ទោស​រូប​លោក។

ភរិយា​របស់​លោក Yu បាន​ប្រាប់​ VOA ថា អ្នកស្រី​បាន​ទទួល​ទូរស័ព្ទ​ពី​ក្រុមរដ្ឋអាជ្ញា​ក្រុង Xuzhou កាល​ពី​ថ្ងៃ​ពុធទី ១៧ ខែ​ឧសភា ដោយ​ប្រាប់​ថា​ស្វាមី​របស់​អ្នកស្រី ត្រូវ​បានគេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ និង​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​បី​ឆ្នាំ​បន្ថែម​ទៀត។ ក្រុម​រដ្ឋអាជ្ញា​បាន​បន្ថែម​ថា លោក Yu Wensheng​ នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​កាត់​ទោស​នេះ។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ប៉ុន្តែ​អ្នក​ដែល​ទូរស័ព្ទ​មក​ បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ និង​តួនាទី​ឡើយ ប៉ុន្តែ​ក្រោយ​មកខ្ញុំ​បាន​ផ្ទៀងផ្ទាត់​ការ​កាត់​ក្ដី​នេះ​ជា​មួយ​នឹង​មេធាវី​របស់​ស្វាមីខ្ញុំ ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​មន្ត្រី​តុលាការ»។

អ្នកស្រី​ក៏​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ទទួល​ការ​កាត់​ទោស​នេះ​ទេ ហើយ​ខ្ញុំ​សូម​សម្ដែង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់​ទោស​ជា​សម្ងាត់​នេះ។ ការណ៍​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​»។

VOA ​បាន​ព្យាយាម​ទាក់​ទង​ទៅ​កាន់ លោក Liu Mingwei​ ដែល​ជា​ចៅក្រមប្រចាំ​តុលាការ​ប្រជាជន។ លោក​គឺ​ជា​អ្នក​ប្រកាស​សាលក្រមរបស់​លោក Yu ប៉ុន្តែលោក​មិន​អាច​ទាក់​ទង​បាន​ទេ។ លោក Zhao Qiang មេធាវី​របស់​លោក Yu បាន​ប្រាប់ VOA ថា​ លោក​មិន​អាច​យល់​ព្រម​តាម​សំណើសុំ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស​បាន​ទេ។

គេ​នៅ​មិន​ទាន់​ច្បាស់​ដដែល​អំពី​កាលបរិច្ឆេទ​ដែល​អាជ្ញាធរ​បាន​កាត់​ទោស​លោក Yu។

ទន្ទឹម​គ្នា​នេះ VOA បាន​ដឹង​មក​ថា ភរិយា​របស់​អ្នក​ប្រឆាំង​ដ៏​លេច​ធ្លោ​មួយ​រូប​ទៀត ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រង​ការ​យាយី​ម្ដង​ហើយ​ម្ដង​ទៀត​ពី​មន្ត្រី​មូលដ្ឋាន។

លោក Wang Zang អ្នក​តែង​កំណាព្យ​ដ៏​លេច​ធ្លោ​ម្នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា ពី​បទ​ «ញុះញង់​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល»។ គ្រួសារ​របស់​លោក មិន​មាន​ព័ត៌មានថា​លោក​នៅ​ទី​ណា​នោះ​ទេ ទោះបី​ជា​ពួក​គេ​បានទៅ​កាន់​ស្ថានីយ​ប៉ូលិស​ជា​ច្រើន​ដង​មក​ហើយ​ក៏​ដោយ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ គ្រួសារ​របស់​លោក​បាន​និយាយ​ថា​ ពួក​គេ​ក៏​បាន​បាត់​បង់​សេរីភាពមួយ​ចំនួន​ដែរ។

អ្នក​ស្រី Wang Li ដែល​ជា​ភរិយា​របស់​លោក Wang Zang បាន​ប្រាប់ VOA ថា៖ «ឥឡូវ​នេះ​មាន​មនុស្ស​ពី ១២ ទៅ​ ១៥ នាក់ ​នៅ​ក្រវែល​អគារ​របស់ខ្ញុំ​ មាន​ឡាន​ចំនួន​បួន​ចត​ខាង​ក្រៅ។ ខ្ញុំ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ ២៤​ ម៉ោង។ ពួកគេ​យក​កាតធនាគារ​ និង​អត្តសញ្ញាណប័ណ្ណ​របស់​ខ្ញុំ​ទៅ​បាត់។ ជីវិត​ខ្ញុំ​ពិត​ជា​ពិបាក​ណាស់»។​

កើត​នៅ​ឆ្នាំ​ ១៩៨៥ នៅ​ក្នុង​ខេត្ត Yunnan លោក Wang Zang គឺ​ជា​អ្នក​និពន្ធ​ឯករាជ្យ​ម្នាក់ និង​ជា​អ្នករិះគន់​គោលនយោបាយ​គាប​សង្កត់​របស់​រដ្ឋាភិបាល។ លោក​បាន​លើក​កម្ពស់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លទ្ធិ​ប្រជាធិបតេយ្យ តាម​រយៈ​ការងារ​សិល្បៈ​របស់​លោក និង​ការ​គាំទ្រ​សកម្មជន​ដែល​ជាប់​ឃុំ។ អាជ្ញាធរ​បាន​ចោទ​សួរ​លោក Wang ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​សម្ដែង​សិល្បៈ ការ​តែង​កំណាព្យ និង​ការបង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​គាំទ្រ​ដល់​សកម្មជន​ មេធាវី និង​អ្នកទោស​នយោបាយ ដែល​ត្រូវ​បាន​គេ​កាត់​ទោស។

សង្គម​ស៊ីវិល និង​ចលនា​គាំទ្រ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន ស្ថិត​នៅ​ក្រោម​ការ​ដាក់​សំពាធកាន់​តែ​ខ្លាំង ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Xi Jingping ចូល​កាន់​តំណែងកាល​ពី​ឆ្នាំ ២០១២ មក។ មេធាវី​សិទ្ធិមនុស្ស និង​សកម្មជន​ចិន​ជាង ២០០​ នាក់ ត្រូវ​បាន​ឃុំ​ខ្លួន ឬ​សួរ​ចម្លើយ​នៅ​ទីស្នាក់ការ​ប៉ូលិស​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែលត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ហៅ​ថា​ជា​រឿង «ដែល​ធ្លាប់​កើត​មាន​ពី​មុន» មក​ទាល់​តែ​សោះ៕​

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG