ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាស៊ីណូ​មួយ​ចោទ​អ្នក​កាសែត​ជិត​៧០០​នាក់​ថា​បាន​ទារ​ប្រាក់​ ​ខណៈ​អ្នក​ជំនាញ​បង្ហាញ​ក្តី​បារម្ភ​អំពី​វិជ្ជាជីវៈ​សារព័ត៌មាន


រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ DV នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ក្រោយ​មាន​ការ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ ពាក់​ព័ន្ធ​នឹង​កាស៊ីណូ​មួយ​ថា​ ​អ្នក​សារ​ព័ត៌មាន​មក​ពី​អង្គ​ភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាង​តិច​ចំនួន​ ៧០០​ មក​ទារ​លុយ​ពី​ខ្លួន​នោះ​ ​អ្នក​ជំនាញ​ក្នុង​វិស័យ​សារ​ព័ត៌មាន ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ និង​ក្រសួង​ព័ត៌មាន ​ស្រាវ​ជ្រាវ​រក​ឫស​គល់​ដែល​បណ្តាល​ឱ្យ​មាន​ការ​ផ្តល់​លុយ​កាក់​ឱ្យ​អ្នក​កាសែត​បែប​នេះ​ ព្រោះ​អ្នក​កាសែត​មិន​អាច​ទៅ​ជំរិត​ទារ​ប្រាក់​ពី​បុគ្គល​ ឬ​ក្រុម​ណា​មួយ​បាន​ទេ។

កាស៊ីណូ​ឈ្មោះ​ ថប ដាយអឹម៉ិន​ (Top Diamond Casion) ដែល​មាន​ទីតាំង​នៅ​ជិត​ព្រំ​ដែន​កម្ពុជា​វៀតណាម ​ស្ថិត​ក្នុង​ឃុំ​ភ្នំដិន ​ស្រុក​គិរី​វង់ ​ខេត្ត​តាកែវ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ ថ្ងៃ​ទី ៥ ​ខែ​កញ្ញា​ ដោយ​ចោទ​ថា​ អ្នក​សារ​ព័ត៌មាន​មក​ពី​អង្គ​ភាព​ចំនួន​ ៧០០​ ទៅ​ ៩០០​ អង្គភាព​បាន​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​កាស៊ីណូ​ខ្លួន​ជា​រៀង​រាល់​ខែ។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​កាស៊ីណូ ​ដែល​ត្រូវ​បាន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​លោក ខៀវ កាញារីទ្ធ ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី៧ ​ខែ​កញ្ញា។

អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​លើក​ឡើង​ថា ​ប្រសិន​បើ​មាន​ករណី​នេះ​ពិត​មែន​ គឺ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ ​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាមវិជ្ជា​ជីវៈ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​ខេត្ត ​និង​ក្រសួង​ព័ត៌មាន ​ត្រូវ​តែ​ស្វែង​រក​មូលហេតុ​នៅ​ក្រោយ​រឿង​នេះ​ និង​ត្រូវ​ក្រើន​រំឭក​អ្នក​សារ​ព័ត៌មាន​ ឱ្យ​គោរព​តាម​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​ដោយ​កុំ​ទៅ​ធ្វើ​សកម្ម​ភាព​ខុស​បែប​នោះ​បន្ត​ទៀត។​

នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ ខេម​បូចា​ លោក ណុប វី ​ថ្លែង​ថា ​ អ្នក​កាសែត​ទាំង​អស់​ត្រូវ​តែ​ពង្រឹង​ និង​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ដោយ​មិន​ត្រូវ​យក​លុយ​ពី​បុគ្គល​ណា ​ឬ​តាម​ទីតាំង​រក​ស៊ីណា​នោះ​ទេ​ ដើម្បី​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អាជីព​សារ​ព័ត៌មាន​ និង​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​សារ​ព័ត៌មាន​ដទៃ​ទៀត​ដែល​ប្រកប​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ។​

លោក​ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ព័ត៌មាន ​បើក​ការ​ស៊ើប​អង្កេត​ និង​បំភ្លឺ​សាធារណ​ជន​អំពី​អង្គ​ហេតុ​ដែល​ជំរុញ​ឱ្យ​ម្ចាស់​កាស៊ីណូ​ឱ្យ​លុយ​ទៅ​អ្នក​កាសែត។ ​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​មិន​មាន​ភ្លើង​ក៏​មិន​មាន​ផ្សែង​ដែរ។ ​អ៊ីចឹង​ហើយ​ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ថា​ បាន​ទៅ​យក​លុយ​អីហ្នឹង​ហើយ​នឹង​សំណួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​កាស៊ីណូ​ហ្នឹង​ត្រូវ​ផ្តល់​លុយ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ជា​ប្រចាំ?​ មាន​អ្វី​នៅ​ពី​ក្រោយ?​ វា​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់»។​

លោក​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​យក​លុយ​ពី​បុគ្គល​ផ្សេង​ ដែល​មិន​មែន​ជា​អង្គភាព​របស់​ខ្លួន​ វា​បាន​បង្ហាញ​ពី​ទង្វើ​ខុស​ឆ្គង​ក្នុង​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ ហើយ​បាន​ជះ​ផល​អាក្រក់​ធ្ងន់​ធ្ងរ​ដល់​សង្គម ​ព្រោះ​ថា​ បើ​អ្នក​សារ​ព័ត៌មាន​ធ្វើ​បែប​នោះ​ គឺ​មិន​បាន​ជួយ​បង្ហាញ​ចំណុច​អវិជ្ជ​មាន​ក្នុង​សង្គម​ ប៉ុន្តែ​ថែម​ទាំង​ជួយ​បិទ​បាំង​ចំណុច​អវិជ្ជ​មាន​ទៅ​វិញ។

លោក​បន្ថែម​ថា៖​ «កាល​ណា ​គឺ​ថា ​យក​របស់​ ស្រណោះ​ដៃ​ ​អ៊ីចឹង​ចំណុច​ហ្នឹង​វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ឯក​រាជ្យ​ភាព​នៅ​ក្នុង​ការ​សរសេរ​ព័ត៌មាន​ជា​មិន​ខាន។​ ហើយ​វា​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ណាស់​ ​នៅ​ក្នុង​ករណី​នៃ​ការ​យក​លុយ​ជា​ថ្នូរ​នឹង​ការ​បិទ​បាំង​ ឬ​ការ​លាក់​បាំង​ការណ៍​ពិត​អ្វី​មួយ​ដែល​គួរ​តែ​បក​អាក្រាត​នៅ​ក្នុង​សង្គម​ហ្នឹង ​គឺ​ថា​ វា​នឹង​ធ្វើ​ឱ្យ​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅ​ដល់​សង្គម»។​

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ លោក ​អ៊ិត សូធឿត​ យល់​ថា​ ​បើ​អ្នក​កាសែត​ទទួល​យក​ប្រាក់​សគុណ​ ​នោះ​ទំនាស់​ផល​ប្រយោជន៍​នឹង​កើត​មាន​ ព្រោះ​ពួក​គេ​នឹង​មិន​ហ៊ាន​លាត​ត្រដាង​នូវ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ។ ​

លោ​ក​បន្ថែម​ថា៖ ​«សម្រាប់​ក្រសួង​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​នេះ​ គាត់​គួរ​តែ​ផ្សព្វផ្សាយ​ឡើង​វិញ​អំពី​គោល​ការណ៍​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ហើយ​ក៏​ដូច​ជា​ការ​ដាស់​តឿន​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ ក្នុង​ការ​បំពេញ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់​ខ្ជួន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​កាស៊ីណូ​ ថប​ដាយអឹម៉ិន ​បាន​នៅ​ឡើយ​ទេ។ ​ដោយ​ឡែក​អភិបាល​ខេត្ត​តាកែវ ​លោក ​អ៊ូច​ ភា ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​ថា​ លោក​កំពុង​ពិនិត្យ​សុខ​ភាព​នៅ​ក្រៅ​ប្រទេស។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«ខ្ញុំ​ជាប់​នៅ​ក្រៅ​ប្រទេស​កំពុង​ពិនិត្យ​សុខ​ភាព​បន្តិច»។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​នេត្រ ភក្ត្រា ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នៅ​ក្រសួង​ព័ត៌មាន​បាន​ដែរ។​

កាល​ពី​ថ្ងៃទី​ ១​ ខែ​កញ្ញា ​ឆ្នាំ​ ២០២២​ ​អតីត​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​ ២០២២​ អង្គ​ភាព​សារ​ព័ត៌មាន​ជាតិ​និង​បរទេស ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​ ២,១៥៤ ​អង្គ​ភាព ​ដោយ​ក្នុង​នោះ​មាន​ គេហទំព័រ​និង​ TV Online ​ចំនួន​ ៨៦១​ អង្គ​ភាព កាសែត​ចំនួន​ ៤៤៦​ អង្គ​ភាព ស្ថានីយ​វិទ្យុ​ FM​ ចំនួន​ ៨៣​ ស្ថានីយ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​តាម​បណ្ដាល​ខេត្ត​ចំនួន​ ១៣៧ ស្ថានីយ ​ក្រៅ​ពី​នោះ​ជា​ សមាគម​សារ​ព័ត៌មាន ​ទស្សនាវដ្ដី ​រោងពុម្ព ​និង​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ដើម។​

ពាក់​ព័ន្ធ​ការ​បំពេញ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន ​ខណៈ​ចំនួន​អង្គ​ភាព​សារ​ព័ត៌មាន​ច្រើន​បែប​នេះ ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ លោក​ ណុប វី ​ចង់​ឃើញ​យន្តការ​នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ព័ត៌មាន​ជាតិ​កម្ពុជា​ចេញ​ជា​រូប​រាង ​ដើម្បី​អាច​តាម​ដាន ​ឃ្លាំ​មើល ​និង​ដាក់​ពិន័យ​លើ​អ្នក​សារ​ព័ត៌មាន​ដែល​ធ្វើ​ខុស​វិជ្ជាជីវៈ៕

XS
SM
MD
LG