ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ស្នើ​ឱ្យ​អាជ្ញាធរ​ធានា​សេរី​ភាព​អ្នក​សារព័ត៌មាន​


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ(អ.ស.ប.)​ប្រចាំ​នៅ​កម្ពុជា ​បាន​រក​ឃើញ​ករណី​នៃ​ការ​បៀតបៀន ​ការ​គំរាម​កំហែង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

អង្គការ​អន្តរជាតិ​នេះ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានាសេរី​ភាព​អ្នក​សារព័ត៌មាន​ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​តាម​រយៈ​ការប្រើ​ប្រាស់​ច្បាប់​ព្រហ្ម​ទណ្ឌ​លើ​អ្នក​សារព័ត៌មាន​ផង​ដែរ។​ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​ស្តីពី​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា។​

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃទី​៣ ​ខែ​សីហា​ បាន​ឱ្យ​ដឹង​ថា​ អ្នក​សារព័ត៌មាន​ចំនួន​ ២៣​នាក់​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ​បរិហារ​កេរ្តិ៍ ​ឬ​ញុះ​ញង់ ​ដែល​ផ្តើម​ចេញ​ពី​លទ្ធផល​នៃ​ការងារ​របស់​ពួក​គេ។​

របាយការណ៍​ ដែល​មាន​កម្រាស់​ជិត​៤០​ទំព័រ​នេះ​ បាន​កត់ត្រា​ថា អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ការ​បៀត​បៀន​ សម្ពាធ​តាម​ទម្រង់​ផ្សេងៗ​គ្នា​ និង​រង​អំពើ​ហិង្សា​កាន់​តែច្រើន​ឡើង។ បន្ថែម​ពី​នេះ អង្គការ​នេះ​ថា​ បុគ្គលិក​សារព័ត៌មាន​ជា​ស្ត្រី​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដូចជា​កង្វះ​តំណាង​ស្ត្រី​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ ​ការ​បៀត​បៀន​ និង​អំ​ពើ​ហិង្សា​ជាដើម។​

ស្របពេល​នឹង​ការ​ចេញ​របាយ​ការណ៍​ខាង​លើ​ ​លោក ​ពក ខឺយ​ អ្នក​កាសែតមិន​ចំណុះ​ស្ថាប័ន​ណា​មួយ ឬ​ freelancer​ បាន​រំឭក​ឡើង​វិញ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ឆ្លង​កាត់ ​និង​បាន​កត់​សម្គាល់​ដូច​ជា​ការ​ឃ្លាំ​មើល ការ​យាយី​ពី​សំ​ណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ថត​សកម្ម​ភាព ​និង​ថត​រូប​អ្នក​សារព័ត៌មាន​ ការ​គំរាម​កំហែង​ឱ្យ​លុប​រូប​ភាព ​និង​ការ​គំរាម​ដក​ហូត​ទូរស័ព្ទ​ជាដើម។​

លោក​និយាយ​ថា​ ​សកម្មភាព​ទាំង​អស់​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ស្មារតី​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន ​និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​អ្នក​សារ​ព័ត៌មាន។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់​មូលដ្ឋាន​ ដូច​ជា​ករណី​[កូដកម្ម]​ណាហ្គាវើលដ៍​ បញ្ហា​ជម្លោះ​ដីធ្លី​ និង​បញ្ហា​ព្រៃ​ឈើ​មួយ​ចំនួន ​គឺ​តែង​តែ​ត្រូវ​បាន​គេ​រើស​អើង​ ហើយ​នឹង​មាន​ការ​ហាម​ឃាត់​ ហើយ​នឹង​ការ​តាម​សួរ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​រំខាន​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន»។​

អ្នក​សារព័ត៌មាន​រូប​នេះ ​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​បំភិត​បំភ័យ​នៅ​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីតាំង​ ជម្លោះ​ដីធ្លី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល ​ដែល​មាន​ការ​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី​មួយ​ ដោយ​ក្រុមហ៊ុន​អូស៊ីអាយស៊ី​ (OCIC) ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ​និង​អាជ្ញាធរ ​អប់រំ​មន្ត្រី​មូលដ្ឋាន​ឱ្យ​យល់​ច្បាស់​អំពី​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​ ជា​ពិសេស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ដើម្បី​បើក​ផ្លូវ​ឱ្យ​អ្នក​កាសែត​អនុវត្ត​ការងារ​បាន​ដោយ​សេរី ​និង​មិន​មានការ​ភ័យខ្លាច។​

ចំណែក​អ្នក​សារព័ត៌មាន​ម្នាក់​ទៀត​ ដែល​បម្រើ​ការងារ​នៅ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​គឺ​កញ្ញា​ ប៉ា សុខេង ​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ផង​ដែរ​នៅ​ពេល​អាជ្ញាធរ​ថត​រូប​រារាំង​ និង​ប្រើប្រាស់​ពាក្យ​សម្តី​ខ្លាំងៗ​ និង​ប្រើ​ប្រាស់​ភាសា​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់​ នៅ​ពេល​កញ្ញា​ចុះ​ប្រមូល​ព័ត៌មាន។

អ្នក​សារព័ត៌មាន​ស្រ្តី​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល ​ក្រសួង​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បំពេញ​ការងារ​ឱ្យ​ស៊ី​សង្វាក់​គ្នា​ ហើយ​មិន​ត្រូវ​បំពាន​តួនាទី​ និង​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន​នោះ​ទេ​ ដើម្បី​ធានា​ថា​ អ្នក​សារព័ត៌មាន​ធ្វើ​ការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ការ​ទទួល​រង​គ្រោះ​ថ្នាក់​លើ​រាងកាយ​ និង​ការបៀត​បៀន​ជា​ដើម។​

កញ្ញា​និយាយ​ថា៖ ​«អ៊ីចឹង​ខ្ញុំ​គិត​ថា​[អាជ្ញាធរ]​ឱ្យ​បំពេញ​តួនាទី​របស់​យើង​ម្នាក់ៗ​រៀងៗ​ខ្លួន​ទៅ​ ហើយ​យើង​គោរព​សិទ្ធិ​គ្នា ​កុំ​បៀត​បៀន​គ្នា​ កុំ​រំខាន​គ្នា​ទៅ​គឺ​តែ​ប៉ុណ្ណឹង​ក៏​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឯង។ ​ហើយ​អ្នក​សារព័ត៌មាន​ស្ត្រី កាល​ណា​គាត់​ធ្វើ​ទៅ​បាន​ផល​ប្រយោជន៍​សង្គម​ផង​ ហើយ​អត់​មាន​ការ​រំខាន​ ​ គាត់​ប្រាកដ​ជា​ចង់​ធ្វើ​ហើយ​ ប៉ុន្តែ​បើ​ឃើញ​ថា​ មាន​ស្ថាន​ភាព​យ៉ាប់​យ៉ឺន​ រំខាន​អី​ផ្សេងៗ​ សម្ពាធ​ផ្លូវ​ចិត្ត​ដល់​គាត់​ ធ្វើ​ឱ្យ​គាត់​ពិបាក​ធ្វើការ​ងារ​ គាត់​ក៏​មិន​សូវ​ចង់​ធ្វើ​ដែរ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា ​ គួរ​តែ​មាន​ការ​លើក​ទឹកចិត្ត​ដល់​ស្រ្តី​អ្នក​សារព័ត៌មាន»។​

របាយការណ៍​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ស្តីពី​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ករណី​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្លូវ​ច្បាប់​មួយ​ចំនួន​មក​លើ​អ្នក​កាសែត​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ករណី​ចាប់​ខ្លួន​លោក ​យួន ឈីវ​ ចាងហ្វាង​កាសែត​អនឡាញ​នៅ​ខេត្ត​កោះកុង​ ពី​បទ​ញុះញង់​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​វិវាទ​ដីធ្លី​ និង​ក្តីក្តាំ​ចារកម្ម​របស់​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក ​អ៊ួន ឈិន​ និង​លោក ​យាង​ សុធារិន្ទ​ ហៅ​យាង​ សុជាមេត្តា។​

ករណី​របស់​លោក​ រ៉ាត់ ​រ័ត្នមុន្នី​ អ្នក​បម្រើការ​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​រុស្ស៊ី ​និង​លោក​ រស់ សុឃិត ​ស្ថាបនិក​កាសែត​ឯករាជ្យ​ជាតិ​ខ្មែរ​ ដែល​រង​បទ​ចោទ​ព្រហ្ម​ទណ្ឌ​របស់​តុលាការ​កម្ពុជា​ពី​បទ​«ញុះញង់»​នោះ​ក៏​ត្រូវ​បាន​រំលេច​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​ផង​ដែរ។​

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​លោកស្រី ​Michelle Bachelet​ បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ ឯករាជ្យ​ សេរី​ និង​ភាព​ចម្រុះ​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ ដូច្នេះ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ធានា​នូវ​ការ​អនុវត្ត​ការងារ​របស់​អ្នក​សារព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ត្រូវ​តែ​អនុវត្ត​តាម​អនុសាសន៍​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា។​

លោក​ស្រី ​Michelle ​ ត្រូវ​បាន​គេ​ស្រង់​សម្តី​តាម​អត្ថន័យ​ដើម​ថា៖ ​«ការ​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​នេះ​គឺ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​អាជ្ញាធរ​ទទួល​យក​អនុសាសន៍​របស់​យើង​ដើម្បី​ធានា​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​អាច​អនុវត្ត​ការងារ​សំខាន់ៗ​របស់​ពួកគេ​ដោយ​យុត្តិធម៌​ និង​តម្លា​ភាព​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់»។​

អនុរដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ មាស សុភ័ណ្ឌ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាមថា ​របាយ​ការណ៍​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​នេះមិន​អាច​យក​ជា​ការ​បាន​ទេ​ ដោយ​ថា​ របាយ​ការណ៍​នោះ​ចងក្រង​ឡើង​ដោយ​មិន​បាន​ស្រាវ​ជ្រាវ ​និង​មិន​មាន​ការ​ពិគ្រោះ​យោបល់​ពី​ភាគី​ពាក់​ព័ន្ធ។​

លោក​បាន​សរសេរ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«ខ្ញុំ​យល់​ឃើ​ញ​ថា​ របាយ​ការណ៍​នេះ​ពុំមាន​អ្វី​ប្លែក ​និង​ពុំមែន​ជារឿង​ថ្មី​ដែល​ត្រូវ​យក​ចិត្ត ទុក​ដាក់​ខ្លាំង​ពេក​នោះ​ទេ ​ព្រោះ​ក្រុម​អ្នក​សរសេរ​របាយ​ការណ៍​នេះ​ ពួក​គាត់​ប្រមូល​ព័ត៌មាន​តែម្ខាង​ ឬ​ពី​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ ហើយ​យក​មក​ធ្វើ​ការ​សន្និដ្ឋាន​ និង​វាយ​តម្លៃ​អំពី​សេរី​ភាព ​សារព័ត៌មាន​នៅ​កម្ពុជា ​ថា​ ត្រូវ​បាន​វាយ​ប្រហារ​ រឹត​ត្បិត​គំរាម​កំហែង​ ឬ​ជ្រៀត​ជ្រែក​ជា​ដើម​នោះ ​ជារឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ»។​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ខេមបូចា​ លោក​ ណុប វី​ ចាត់​ទុក​ថា​ របាយការណ៍​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ស្រដៀង​គ្នា​ទៅ​នឹង​របាយ​ការណ៍​របស់​ខេមបូចា ​ដែល​បាន​រក​ឃើញ​ករណី​យាយី​លើ​អ្នក​កាសែត​តាម​រូបភាព​ផ្សេងៗ។​

លោក​និយាយ​ថា៖ ​«រឿង​សំខាន់​គឺ​ធ្វើ​ម៉េច​កុំឱ្យ​ការងារ​របស់​អ្នក​សារព័ត៌មាន​នេះ​ វា​ក្លាយ​ទៅ​ជា​រឿង​ទោស​ទណ្ឌ​ជា​ពិសេស​ទោស​ព្រហ្មទណ្ឌ​ដែល​ជានិច្ច​កាល​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រម​ព្រហ្មទណ្ឌ​ហ្នឹង ​យក​មក​ប្រឆាំង​ជាមួយ​ការងារ​របស់ពួក​គាត់​ ដែល​ជំរុញ​ឱ្យ​មាន​ការ​រឹតត្បិត​សេរីភាព​របស់​ពួក​គាត់​ផ្ទាល់។ ​អ៊ីចឹង​ យើង​ត្រូវ​ធ្វើ​ម៉េច​លុប​ក្រម​ព្រហ្មទណ្ឌ​ដែល​យាយី​ដល់​អ្នក​សារព័ត៌មាន​ហ្នឹង»។​

ដោយ​ឡែក​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា ​កត់​សម្គាល់​ថា ​អ្នក​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ មិន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ ឬ​រឹតត្បិត​អ្វី​នោះ​ទេ។ ​ ប៉ុន្តែ​លោក​ថា ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដែល​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​ក្នុង​សង្គម​ តែង​តែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ការ​រារាំង​នានា។​

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ សង្កត់​ធ្ងន់​ថា​ ដើម្បី​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​តាម​លំនាំ​ប្រជា​ធិបតេយ្យ​បាន​នោះ​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ រួម​មាន​ការ​បញ្ចប់​ការ​ប្រើ​ប្រាស់​ច្បាប់​ព្រហ្ម​ទណ្ឌ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ការងារ​សំខាន់​របស់​អ្នក​កាសែត​ ហើយ​ត្រូវ​ទម្លាក់​ចោល​ឱ្យ​បាន​ឆាប់​នូវ​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​បុគ្គលិក​សារព័ត៌មាន​ផង​ដែរ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG