ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ចោទ​អង្គការ​សង្គម​ស៊ីវិល​ថា​មាន​ស្តង់ដា​ពីរ​ក្នុង​ករណី​ថ្កោល​ទោស​លោក​ផែង វណ្ណៈ​


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ទាមទារ​ឱ្យ​ចាត់​វិធានការ​លើ​លោក ​ផែង វណ្ណៈ​ ករណី​បៀតបៀន​ស្រ្តី​អ្នក​សារ​ព័ត៌មាន ​ដោយ​លោកប្រាប់​កុំ​ឱ្យ​មាន​ការ​ចោទ​រដ្ឋាភិបាល​ថា​ ប្រើប្រាស់​ស្តង់ដា​ពីរ។​

លោក​ ហ៊ុន សែន​ បាន​ផ្ញើ​សារ​បែប​នេះ​ទៅ​កាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០ ​ដែល​បាន​ទាម​ទារ​ឱ្យ​លោកផែង​ វណ្ណៈ​ទទួល​ស្គាល់​កំហុស ​និង​សុំ​ទោស​ជា​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​អសីលធម៌​លើស្រ្តី​អ្នក​សារព័ត៌មាន​វីអូឌី។ ​លោក​ ហ៊ុន សែន​ បាន​ប្រៀប​ធៀប​ទៅ​នឹង​ករណី​ប្រមាថ​ប្អូន​ថ្លៃ​ស្រី​របស់​លោក​ដែល​បាន​ទទួល​មរណភាព ​កាល​ពី​ដើម​ខែ​កុម្ភៈ។​

លោក​ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​តេឡេក្រាម​របស់​លោក​ថា លោក​«មិន​អស់​ចិត្ត​រឿង​ស្តង់ដា​ពីរ»​ក្នុង​ករណី​លោក ​ផែង​ វណ្ណៈ។​ ​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​ទាមទារ​ឱ្យ​ថ្កោល​ទោស​អ្នក​អធិប្បាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​រូប​នេះ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​«ខ្ញុំ​មិន​កាន់​ជើង ​ផែង វណ្ណៈ​ទេ ​តែ​អ្វី​ដែល​ខ្ញុំ​មិន​អស់​ចិត្ត​ គឺ​ប្អូន​ថ្លៃ​ស្រី​ខ្ញុំ​ក្រោយ​នាង​ស្លាប់ត្រូវ​បាន​គេ​ប្រមាថ​ច្រើន​រាប់​ពាន់​រាប់​ម៉ឺនដង ​ប្រៀប​ជាមួយ​ការ​ដែល​ផែង វណ្ណៈ​និយាយ​ដល់​នាង​ជា​អ្នក​និយាយ​ព័ត៌មាន​របស់​វីអូឌី»។​

លោក​ ហ៊ុន សែន ​បន្ថែម​ថា​ ក៏​មាន​ការ​ប្រមាថ​ភរិយា ​និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។ ​លោក​បាន​ចោទ​សួរ​សំណួរ​ថា ​តើ​អង្គការ​ទាំង​៤០​ក្តាប់​បាន​រឿង​នេះ​ដែរ​ឬ​ទេ?​ ចុះ​ហេតុអ្វី​រក្សា​«ភាព​ស្ងៀម​ស្ងាត់ ​ឬ​មួយ​អង្គការ​ទាំង​នេះបង្កើត​ឡើង​ដើម្បីតែ​ការពារ​អ្នក​ប្រឆាំង?​

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ ​«សូម​ចាំ​ទុក​និង​សូម​ឈប់​និយាយ​ពី​ស្តង់ដា​ពីរ​ជា​មួយ​រាជ​រដ្ឋាភិបាល​ត​ទៅ​ទៀត»។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រថា​ សារ​ដែល​លោក ហ៊ុន សែន ​បាន​លើក​ឡើង​នោះ​គឺ​គ្រាន់​តែ​ជា​ទស្សនៈ​នៃ​ការ​បញ្ចេញ​មតិ ​ដែល​ជា​ការ​យល់​ឃើញ​ខុសៗ​គ្នា​របស់​បុគ្គល​ម្នាក់ៗ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​សូម​លើក​អំពីជំហរ​របស់​អង្គការ​លីកាដូ​ យើង​មិន​គាំទ្រ​រាល់​ទង្វើ​ណា​ដែល​មាន​ការ​បៀត​បៀន​ ការ​ជេរ​ប្រមាថ​ ការ​មាក់​ងាយ​ទៅ​លើ​ស្រ្តី​ភេទ​ ទោះ​បី​ជា​ទម្រង់​បែប​ណា​ក៏ដោយ​ គឺ​អង្គការ​លីកាដូ​ គឺ​យើង​មិន​គាំទ្រ​ជា​ដាច់​ខាត​ ហើយ​រាល់​ទង្វើ​ដែល​អសីលធម៌​ រាល់​ទង្វើ​ដែល​ប្រមាថ​ មើល​ងាយ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស​របស់​ស្រ្តី​ធ្ងន់ធ្ងរ​ ​អាហ្នឹង​គឺ​អង្គការ​លីកាដូ​នៅ​តែប្រកាន់​ជំហរ​សូម​ឱ្យ​អនុវត្ត​ និង​ចាត់​វិធាន​ការ​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់ ​ទោះបី​ជា​ក្នុង​ទម្រង់​រូប​ភាព​ណា​ក៏​ដោយ»។​

លោក ផែង វណ្ណៈ (រូបថត​ពី​ទំព័រ Facebook Pheng Vannak)
លោក ផែង វណ្ណៈ (រូបថត​ពី​ទំព័រ Facebook Pheng Vannak)

កាល​ពី​កន្លង​ទៅ ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​និង​សមភាព​យេនឌ័រ​នៅ​កម្ពុជាបាន​សម្តែង​ការ​ខក​ចិត្ត ​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​ប្រមាថ​របស់​លោកផែង វណ្ណៈ។ ​ពួក​គេ​ចាត់​ទុក​ថា​ សកម្ម​ភាព​ប្រមាថ​ មាក់​ងាយ​របស់​លោក ផែង វណ្ណៈ​ ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ស្ត្រី​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​យស ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​បុគ្គល ​បន្ទាប​តម្លៃ​ស្ត្រី ​និង​សង្គម​ជាតិ​ទាំង​មូល។ ​ពួក​គេ​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​លិខិត​ចំហ​ដាក់ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍។​

ក្រោយ​មាន​ការ​អំពាវនាវ​ពី​អង្គការ​ក្នុង​ស្រុក​ឱ្យ​មាន​វិធាន​ការ​លើ​លោក​ផែង វណ្ណៈ​ ក្រសួង​កិច្ចការ​នារី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ ដែល​ក្នុង​អត្ថន័យ​បង្ហាញ​ពី​ការ​សោក​ស្ដាយ ​និង​មិន​គាំទ្រ​ដាច់​ខាត​ចំពោះ​រាល់​សកម្ម​ភាព​ ឬ​ទង្វើ​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​តម្លៃ​របស់​ស្រ្តី​ខ្មែរ។​

ក្រសួង​កិច្ចការ​នារី​ក៏​បាន​អំពាវនាវ​ទទូច​ដល់​បុគ្គល​ដែល​មាន​វិវាទ​នឹង​គ្នា​ ឱ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ​ចៀសវាង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី ​ជេរ​ប្រមាថ​ អសុរោះ​ អសីល​ធម៌។​

អ្នក​ស្រី ​អេង ចាន់ឌី​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​(GADC) ​ដែល​បាន​ចូល​រួម​ដាក់​លិខិត​ចំហ​នេះ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បើ​ទោះបី​សេចក្តី​ប្រកាស​របស់​ក្រសួង​កិច្ច​ការ​នារី​មាន​លក្ខណៈ​ទូទៅ ​មិន​និយាយ​ចំៗ​ឈ្មោះ​លោក​ផែង វណ្ណៈ ​ ប៉ុន្តែ​វា​ក៏​នាំ​មក​នូវ​ពាក្យ​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ការ​តស៊ូ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល ​នៅ​ក្នុង​ករណី​បៀត​បៀន​ស្រ្តី​អ្នក​សារព័ត៌មាន។​

អ្នកស្រី​ថ្លែង​ថា៖ ​«សម្រាប់​យើង​ជា​អង្គការ​សង្គម​ស៊ីវិល ​តួនាទី​របស់​យើង​គឺ​ការ​សហការ​គ្នា​ជា​មួយ​និង​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត។ នៅ​ក្នុង​ករណី​នេះ ​យើង​សង្ឃឹម​ថា ​រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​កិច្ចការ​នារី​ ក្រសួង​ព័ត៌មាន​ នៅ​តែ​បន្ត​សហការ​ជា​មួយ​ពួក​យើង​ ក្នុង​ការ​ផ្តល់​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ទៀត​ទៅ​ឱ្យ​អ្នក​ដែល​គាត់​ជា​អ្នក​កាសែត​ ក៏​ដូច​ជា​អ្នក​ដែល​គាត់​រាយ​ការណ៍​ព័ត៌មាន​ ឬ​ក៏​អី​ អ៊ីចឹង​អំពី​ក្រម​ប្រតិបត្តិ​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ក៏​ដូច​ជា​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការ​រាយ​ការណ៍​ព័ត៌មាន​ អំពើ​ហិង្សា​លើ​ស្រ្តី​ និង​ក្មេង​ស្រី»។​

ចំណែក​លោក​ ផែង វណ្ណៈ​ បាន​ចេញ​លិខិត​ឆ្លើយ​តប​ទៅ​កាន់​លិខិត​ចំហ​របស់​អង្គការ​ប្រមាណ​ជាង​៤០​ ដោយ​លើក​ឡើង​ថា​ ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​របស់​លោក​ជា​ករណី​បុគ្គល​រវាង​លោក​ជា​ពលរដ្ឋម្នាក់ ​និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​ VOD ​តែប៉ុណ្ណោះ។​

លោក ផែ​ង វណ្ណៈ ​បាន​បញ្ជាក់ក្នុង​លិខិត​ថា​ លោក​មិន​បាន​ប្រើ​គេហទំព័រ ​ឬ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​លោក​ទៅ​លើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន​វីអូឌី​នោះ​ទេ។ ​លោក​បញ្ជាក់​ទៀត​ថា ​បើ​បុគ្គល​ដែល​រងការ​រិះ​គន់​ពី​លោក ​ដោយ​យល់​ថា ​ពាក្យ​ពេចន៍​របស់លោក​ខុស​ច្បាប់ ​អាច​ដាក់​ពាក្យ​ប្តឹង​ទៅតុលាការ​បាន។​

ក្រុម​អង្គការសង្គម​ស៊ីវិល​បានចាត់​ទុក​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រមាថ​របស់​លោក ផែង វណ្ណៈ ថា​ជា​«ទង្វើ​ដែល​មិន​អាច​លើក​លែង​បាន ​អសីល​ធម៌ ​និង​បំពាន​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន»​ជា​ពិសេស​បំពាន​ទៅ​លើ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ ដែល​ក្រសួង​កិច្ច​ការ​នារី ​និង​ក្រសួង​ព័ត៌មាន​បាន​រួមគ្នា​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៧៕​

XS
SM
MD
LG