សមាគមសារព័ត៌មានចំនួន១៤ កាលពីថ្ងៃអង្គារ បានចុះអនុស្សារណៈយោគយល់គ្នា និងចងសម្ពន្ធភាព ដែលពួកគេថាដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងការពារសិទ្ធិរបស់អ្នកកាសែត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សមាគមទាំង១៤នោះ មានដូចជាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកកាសែតឯករាជ្យ សមាគមសារព័ត៌មានអេឡិចត្រូនិក សមាគមអ្នកសារព័ត៌មានយុវជន សមាគមអ្នកកាសែតខ្មែរសន្តិភាព និងសមាគមសេរីភាពសារព័ត៌មានកម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីការចងសម្ពន្ធភាពរបស់សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បញ្ជាក់ថាបេសកកម្មរបស់ពួកគេ គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថានេះជាប្រវត្តិសាស្ត្រសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលសមាគមអ្នកសារព័ត៌មានរហូតដល់១៤បានរួមគ្នាជាធ្លុងមួយ ដោយរួមទាំងចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់ ខណៈរំពឹងថានឹងអាចធ្វើការងារបន្ថែមច្រើនទៀត។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាសមាជិកនៃសម្ពន្ធភាពនេះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការរួមគ្នាបង្កើតសម្ពន្ធសមាគមអ្នកសារព័ត៌មានកម្ពុជា គឺដោយសារតែកន្លងមកសមាគមទាំងនោះបានធ្វើការដាច់ដោយឡែកពីគ្នា ហើយមាន ការប្រកួតប្រជែងគ្នា។
លោកបញ្ជាក់ថា៖ «យើងចង់ឱ្យសង្គមល្អ ប៉ុន្តែយើងមិនអាចរួបរួមគ្នាក៏មិនបាន។ យើងថាកាសែតជាអំណាចទី៤ អំណាចអីបើកាសែត អត់ចេះរួមគ្នាផងហ្នឹង។ រឿងខ្លះគេមិនទាន់វាយផង កាសែតវាយគ្នាឯងបាត់ហើយ ខ្ញុំឃើញមានករណីអ៊ីចឹង។ សង្គមមិនទាន់វិនិច្ឆ័យផង កាសែតហ្នឹងដាក់គ្នាឯង។ខ្ញុំមិនប្រកាន់ថា គ្នាខាងណាខាងណីទេ ប៉ុន្តែខ្ញុំចង់និយាយថាអំណាចទី៤អី បើយើងអត់ចេះរួមគ្នា អំណាចទី៤អី បើយើងអត់ចេះតម្រង់ទិសគ្នា»។
បើតាមលោក ហ៊ុយ វណ្ណៈ សម្ពន្ធភាពនេះមិនមានការរៀបចំជារចនាសម្ពន្ធអ្វីឡើយ ដោយសារតែវារៀបចំឡើងជាយន្តការសម្របសម្រួល។
សមាគមសារព័ត៌មាននៅប្រទេសកម្ពុជាមានប្រមាណ៥០ស្ថាប័ន ប៉ុន្តែសមាគមមិនដល់១០ឡើយដែលមានសកម្មភាព និងរចនាសម្ពន្ធផ្លូវការ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា លើកឡើងថាការចងសម្ពន្ធគ្នារបស់ពួកគេមានប្រសិទ្ធភាពឬយ៉ាងណា គឺអាស្រ័យលើឯករាជ្យភាព លទ្ធភាព និងសមត្ថភាពរបស់សម្ពន្ធ ដើម្បីធ្វើការងារសម្រាប់ផលប្រយោជន៍របស់អ្នកសារព័ត៌មាន។ លោកបន្ថែមថា បើសិនជាការចងសម្ពន្ធភាពនេះស្ថិតនៅក្នុងរចនាសម្ពន្ធរបស់រដ្ឋាភិបាល នោះវានឹងមិនមានភាពឯករាជ្យ ជាពិសេសមិនអាចធ្វើការងារដែលអាចជួយដល់ការលើកកម្ពស់សេរីភាពសារព័ត៌មានបានឡើយ។
លោកបញ្ជាក់ថា៖ «បើសិនជាមានរចនាសម្ពន្ធនៃការសម្រេចចិត្តមួយដែលគ្រប់គ្រង ដឹកនាំទៅដោយរដ្ឋាភិបាល ខ្ញុំបារម្ភថាយើងនឹងមិនអាចធ្វើកិច្ចការអីដើម្បីជួយ ជាពិសេសសំខាន់បំផុតនោះ គឺការលើកកម្ពស់នៃសេរីភាព និងសិទ្ធិរបស់អ្នកសារព័ត៌មានហ្នឹង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថាការចងសម្ពន្ធភាពរបស់សមាគមទាំងនោះ ជាគំនិតផ្តួចផ្តើមវិជ្ជមាន ដែលនឹងនាំឱ្យពួកគេកាន់តែរឹងមាំ មានលទ្ធភាព ជាពិសេសពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មាននៅកម្ពុជា។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «ខ្ញុំយល់ឃើញថាការចងសម្ពន្ធភាពនេះនឹងផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកសារព័ត៌មាននិងអាចរួមចំណែកច្រើនក្នុងការលើកកម្ពស់គុណភាពសារព័ត៌មាន និងជួយពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត»៕