ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ទឹក​នៅ​ក្នុង​ទីក្រុង Cape Town ​ធ្វើ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ប៉ុន្តែ​ភាពរាំង​ស្ងួត​ដ៏​អាក្រក់​គំរាម​កំហែង​ទ្វីប​អាហ្វ្រិក 


ប្រជាជន​កំពុង​ឈរតម្រង់ជួរ​ដើម្បី​យកទឹក​​ក្នុង​ជាយ​ក្រុង​ Newlands ខណ​ដែ​ល​មាន​ការ​ភ័យ​ខ្លាច​អំពី​វិបត្តិ​ទឹក​ក្នុង​កំពុង​កើនឡើង​ក្នុង​អាហ្រ្វិក​ខាងត្បូង​កាលពី​ថ្ងៃទី​២៥ មករា ឆ្នាំ ២០១៨។
ប្រជាជន​កំពុង​ឈរតម្រង់ជួរ​ដើម្បី​យកទឹក​​ក្នុង​ជាយ​ក្រុង​ Newlands ខណ​ដែ​ល​មាន​ការ​ភ័យ​ខ្លាច​អំពី​វិបត្តិ​ទឹក​ក្នុង​កំពុង​កើនឡើង​ក្នុង​អាហ្រ្វិក​ខាងត្បូង​កាលពី​ថ្ងៃទី​២៥ មករា ឆ្នាំ ២០១៨។

វិបត្តិ​ទឹក​​នៅ​ក្នុង​ទីក្រុង Cape Townនៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កំពុង​ទាក់​ទាញ​ឲ្យ​មានការ​យក​ចិត្ត​ទុកដាក់​ពី​អន្តរជាតិ ក៏ប៉ុន្តែ ​ផ្នែកភាគ​ច្រើន​នៃ​តំបន់​អាហ្វ្រិកខាងត្បូង​កំពុង​ជួប​ប្រទះការរាំង​ស្ងួត​កាន់​តែ​ខ្លាំង​ឡើង។

ខណៈ​ដែល​ទីក្រុង Cape Town ​នៃ​ប្រទេស​អាហ្វ្រិកខាង​ត្បូងបាន​ធ្វើ​ឲ្យ​មានការ​យក​ចិត្ត​ទុកដាក់​ពី​អន្តរជាតិ ​នៅពេល​ដែល​ទីក្រុង​នោះ​បាន​ព្រមាន​ថា ទីក្រុង​នោះ​អាច​អស់​ទឹក​នៅ​ឆ្នាំ​នេះ អង្គការ​សប្បុរស​ធម៌​អន្តរជាតិ​មួយ​បាន​ផ្តោត​លើ​ការផ្គត់​ផ្គង់​ទឹក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាព​រាំង​ស្ងួត «ដែល​ធ្វើ​ឲ្យ​អស់​ទឹក​បន្តិច​ម្តងៗ‍» បាន​ធ្វើ​ឲ្យមានការ​បំផ្លិច​បំផ្លាញកាន់​តែ​អាក្រក់ឡើង​នៅ​ក្នុង​ផ្នែក​នានា​នៃ​ទ្វីប​អាហ្វ្រិក។

លោកJonathan Farr ដឹកនាំ​ការងារ​ស្តី​ពីសន្តិសុខ​ទឹក​សម្រាប់​អង្គការ Water Aid ជា​អង្គការ​មួយ​ដែល​ធ្វើ​ការ​ដើម្បី​នាំ​ទឹក​ស្អាត​ទៅ​កាន់​សហគមន៍​ក្រីក្រខ្លះ​របស់​ពិភពលោក ​រួមមាន​តំបន់​អាហ្វ្រិក​ខាង​ត្បូង​ផង។​

លោកFarr បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​ចងចាំ​ថា ​មាន​មនុស្ស​៨៤៤​លាននាក់​រួច​ហើយ​នៅ​ក្នុង​ពិភពលោក​មិនមាន​ទឹក​ប្រើ​ប្រាស់។ មនុស្ស​ជាង​៨​លាន​នាក់​នៃ​មនុស្ស​ទាំង​នោះរស់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង‍»។

លោក Farr ​បាន​និយាយ​ទៀត​ថា អាកាស​ធាតុ El Nino បាន​បណ្តាល​ឲ្យ​មានវិបត្តិ​ទឹក​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​ខាងត្បូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥នោះកំពុង​ធ្វើឲ្យ​មានការ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​ក្នុង​រយៈ​ពេល​៣៥ឆ្នាំ។

លោក​បាន​និយាយ​ថា៖ «នៅ​ដើមឆ្នាំ​ទៅ ​អាកាស​ធាតុ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រ​ហែល​៤១លាននាក់ក្នុង​ប្រទេសមួយ​ចំនួនរងគ្រោះ ​រួមមាន​ប្រទេសម៉ូសំប៊ិក ​ម៉ាដាហ្គា​ស្កា ​ម៉ា​ឡា​វី សំប៊ី​ហើយ​ជាការ​ពិតប្រទេស​អាហ្វ្រិក​ខាង​ត្បូង‍»។

ហើយ​ទីកន្លែង​ទាំង​នោះ​ខ្លះ​បាន​ស្ថិត​ក្នុង​ទ្រង់​ទ្រាយ​អាក្រក់ជា​ង​ទីក្រុង Cape Town នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

លោក Farr និយាយ​ទៀត​ថា៖ «នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាលម៉ាដាហ្គាស្កា​បាន​ប្រកាស​ស្ថាន​ភាព​គ្រា​អាសន្ន​នៅ​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​នោះ​ដែល​មាន​ពល​រដ្ឋ​ជិត​១លាននាក់កំពុង​ប្រឈម​កម្រិត​នៃ​ការ​អត់​ឃ្លាន​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល។ កាល​ពី​ខែ​មេសា ​ឆ្នាំ​ទៅ ​ប្រធានា​ធិបតី​នៃ​ប្រទេស​ម៉ាឡាវី​ក៏​បាន​ប្រកាស​ស្ថាន​ភាពមហន្តរាយ​ទូទាំង​ប្រទេសដោយ​មាន​តំបន់ចំនួន​២៥​នៃ​តំបន់ទាំង​អស់​ចំនួន២៨ក្នុង​ប្រ​ទេសបាន​ខ្វះខាត​ម្ហូបអាហារ​យ៉ាង​ខ្លាំង‍ដែល​ទាក់​ទិន​នឹង​ការរាំង​ស្ងួត‍»។

នៅ​ខែ​កុម្ភៈ ​ប្រទេស​ម៉ូសំប៊ិក​បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ទឹក​ជាង​ពាក់​កណ្តាល​សម្រាប់​ពួក​អ្នក​ប្រើ​ប្រាស់​ក្នុង​ទីក្រុង Maputoដែល​ជា​រដ្ឋ​ធានី​របស់​ខ្លួន ​ទោះ​បី ​បទ​បញ្ជា​នោះ​បាន​ត្រូវ​លុប​ចោល​នៅ​ខែ​មេសា​ក៏ដោយ។

ក៏ប៉ុន្តែ សន្តិសុខ​បាន​ទទួល​រងការ​គំរាម​កំហែង​នៅ​ទូទាំងទ្វីប​អាហ្វ្រិក​ហើយ​មិន​មែន​ពីព្រោះ​តែ​អាកាស​ធាតុ​កាន់​តែក្តៅនិងរាំង​ស្ងួត​កាន់​ខ្លាំង​ឡើងៗទេ។

លោក Farr ​បាន​និយាយ​ទៀត​ថា៖ «មនុស្ស​ជា​ច្រើនកំពុង​ផ្លាស់​ទី​លំនៅ​ពី​សហ គមន៍​នៅទី​ជន​បទទៅកាន់​ទីក្រុង​នានា។ ទីក្រុង​មិន​បាន​ត្រៀម​លក្ខណៈសម្រាប់​ការ​ហូរចូល​របស់​មនុស្សដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ដូច្នេះ​នេះ​ជា​ការកើន​ឡើង​នូវ​តម្រូវការ​ទឹក ក៏ប៉ុន្តែនៅក្នុង​តំបន់​តូច​មួយ។ ដូច្នេះ​ការណ៍​នេះ​មានន័យ​ថា ​មានសម្ពាធ​យ៉ាង​ខ្លាំង​ជាពិសេស​លើ​អាង​ទឹក។ ពួក​អាជ្ញាធរ​ដែលឆ្លើយ​តប​បាន​យ៉ាង​ល្អ​កំពុង​ដោះស្រាយ​បញ្ហា​នោះ​ប្រកប​ដោយ​ការយក​ចិត្ត​ទុកដាក់។

ក្នុង​ប្រទេស​ជា​ច្រើន​នៃ​តំបន់​អាហ្វ្រិក​ខាង​ត្បូង ​ទឹក​បាន​ត្រូវ​បាត់​បង់​ដោយ​សារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​ល្អ ខ្វះ​ការថែទាំ​និង​អ្នក​ប្រើ​ប្រាស់​ទឹក​ខុសច្បាប់។ ហើយ​លោក Farr បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​ជា​ច្រើន​មិន​បាន​ប្រមូលថ្លៃ​ការ​ប្រើ​ទឹក​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ​ដូច្នេះ​ពួកគេ​ខ្វះខាត​ប្រាក់​ដើម្បី​ថែរក្សា​និង​ពង្រីកប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក។

អង្គការ​របស់​លោក Farr ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល វិស្វករ​និង​ ស្ថាបត្យករដើម្បី​វាយ​តម្លៃ​ពីការ​គំរាម​កំហែង​ដល់​ការ​ផ្គត់​ផ្គង់​ទឹក ​តាំង​ពី​ហេដ្ឋារច នា​សម្ព័ន្ធ​ធ្លុះ​ធ្លាយដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ទឹក។

អង្គការ​នោះ​ក៏​ជួយ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធដែល​អាច​ធ្វើ​បាន​ដូចជា​នៅ​ទីក្រុង​ Maputoដែរ។ អង្គការ​នោះ​កំពុង​ជួយ​ប្រជា​ពលរដ្ឋ​ម៉ូសំប៊ិកស្តារឡើង​វិញ​នូវ​អាង​ទឹក​ដែល​គេ​មិន​បានប្រើ​ប្រាស់​នៅ​ជិត​ទីក្រុង​នោះ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG