ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ជន​ចំណាកស្រុក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ​មេឌីទែរ៉ាណេ​ទៅ​តំបន់​អ៊ឺរ៉ុប មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់


អ្នក​ចំណាក​ស្រុក​មក​ពី​តំបន់​សាហារ៉ា​ស្ថិត​នៅ​លើ​កប៉ាល់​ជួយ​សង្គ្រោះ Golfo Azzurro នៅ​ពេល​ពួកគេ​មក​ដល់​កំពង់ផែ Pozzallo ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។
អ្នក​ចំណាក​ស្រុក​មក​ពី​តំបន់​សាហារ៉ា​ស្ថិត​នៅ​លើ​កប៉ាល់​ជួយ​សង្គ្រោះ Golfo Azzurro នៅ​ពេល​ពួកគេ​មក​ដល់​កំពង់ផែ Pozzallo ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​ជន​ចំណាកស្រុក​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ធ្វើ​ការ​វាស់​ស្ទង់​មើល ហើយ​បាន​ឲ្យ​ដឹង​ថា ចំនួន​ជនចំណាកស្រុក និង​ជនភៀសខ្លួន​ដែល​ធ្វើដំណើរ​ទៅ​តំបន់​អ៊ឺរ៉ុប​តាម​ផ្លូវ​សមុទ្រ​នៅ​ឆ្នាំ​នេះ មាន​ការធ្លាក់ចុះ​គួរឲ្យ​ភ្ញាក់ផ្អើល នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ។

រហូត​មក​ដល់​ពាក់កណ្តាល​ខែ​មេសា​ឆ្នាំ​នេះ ទិន្ន័យ​បាន​បង្ហាញ​ថា ជន​ចំណាកស្រុក និង​ជនភៀសខ្លួន ចំនួន ១៨.៥៧៥ បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី ក្រិក ស៊ីប និង​ប្រទេស​អេស្ប៉ាញ ដោយ​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ។ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា IOM បាន​ឲ្យ​ដឹង​ថា ចំនួន​ខាង​លើ​នេះ គឺ​តិច​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ឆ្នាំ​មុន។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ការធ្លាក់​ចុះយ៉ាងខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​ធ្លាក់​ចុះ​ចំនួន​៩ភាគរយ​ពី​ចំនួន​អ្នក​ទៅ​ដល់​តំបន់​អ៊ឺរ៉ុប​នៅ​ឆ្នាំ២០១៦ ដែល​នៅ​ឆ្នាំ​នោះ​មាន​លើស​ពី ២០០.០០០នាក់។

អ្នកនាំពាក្យ​របស់​អង្គការ IOM លោក Joel Millman បាន​ថ្លែង​ថា ការធ្លាក់​ចុះ​នេះ អាច​មកពី​មាន​ការ​ផ្លាស់ប្តូរ​ផ្លូវ​នៅ​កណ្តាល​សមុទ្រ​មេឌីទែរ៉ាណេ ដែល​ភ្ជាប់​តំបន់​អាហ្រ្វិក និង​ប្រទេស​អ៊ីតាលី។ លោក Joel Millman បាន​ថ្លែង​ទៀត​ថា ការណ៍​ដែល​ពលរដ្ឋ​អាហ្វិ្រក​ប្រហែលជា ២៥.០០០នាក់ ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​លីប៊ី ហើយនឹង​ការបង្កើន​សកម្មភាព​របស់​ឆ្មាំ​សមុទ្រ​លីប៊ី អាច​ទំនង​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការធ្លាក់​ចុះ​ចំនួន​ជនចំណាកស្រុក​ឆ្លងកាត់​ទៅ​ប្រទេស​អ៊ីតាលី​ផងដែរ។

«ការ​បញ្ជូន​ខ្លួន​ទៅ​ឆ្នេរ​សមុទ្រ​វិញ​ដោយ​ឆ្មាំ​សមុទ្រ​ ឥឡូវ​នេះ​មាន​ចំនួន​ជិត ៣.៥០០នាក់ ហើយ​នៅ​ឆ្នាំ​នេះ។ យើង​គិត​ថា នេះ​ក៏ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការធ្លាក់ចុះ​នៃ​ចំនួន​ជន​ធ្វើ​មាតុភូមិ​និវត្តន៍​តាម​យន្តហោះ​ផងដែរ។ យើង​គិត​ថា ពួកគេ​ទ្រាំ ដែល​ជួនកាល​មាន​រយៈពេល​ជា​ច្រើន​ខែ​នៅ​ក្នុង​ស្ថានភាព​ដ៏លំបាក​លំបិន​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ក្រៅ​ផ្លូវការ ឬ អ្នក​ខ្លះ​មាន​វាសនា​ល្អ​ជាង​នេះ ដោយ​ត្រូវ​បាន​ឆ្មាំ​សមុទ្រ​ជួយ​សង្គ្រោះ ដូច្នេះ​អ្នក​ទាំង​នោះ ងាយ​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍។ ដូច្នេះ ប្រហែលជា​រឿង​ទាំងពីរ​នេះ បាន​កើត​ឡើង។ មិន​ថា យ៉ាង​ណា​ទេ គឺ​ចំនួន​បាន​ធ្លាក់​ចុះ»។

លោក Millman បាន​ថ្លែង​ថា ចំពោះ​ចំនួន​អ្នក​ស្លាប់​វិញ ក៏​បាន​ធ្លាក់​ចុះ​ដែរ។ លោក​បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ត្រូវបាន​កត់ត្រាថា មាន​ចំនួន​៥៣នាក់ នៅក្នុង​ខែមេសា​នេះ ដែល​កាលពី​ខែមេសា​នេះ​ដែរ​កាលពី​៣​ឆ្នាំ​មុន មាន​មនុស្ស​ស្លាប់​ចំនួន ១.២២២នាក់។

លោក Millman បាន​ថ្លែង​បន្ត​ថា គ្រាដែល​មនុស្ស​ស្លាប់​ចំនួន​៥៣នាក់​នោះ ជា​រឿង​សោកនាដកម្ម​ក៏ពិតមែន ក៏ប៉ុន្តែ នេះ​ជា​ចំនួន​តិច ដែល​គួរឲ្យ​កត់សម្គាល់ សម្រាប់​ដើម​រដូវ​ផ្លាស់ប្តូរ​ទីលំនៅ​ដ៏​មមាញឹក។

លោក​និយាយ​ថា អង្គការ IOM សង្ឃឹម​ថា​នេះ​គឺ​ជា​ការចាប់ផ្តើម​នៃ​រឿង​វិជ្ជមាន​មួយ​ហើយ​ថា បញ្ហា​នេះ​នឹង​រលាយ​បាត់៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG