ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​អបអរ​ការ​សម្រេច​របស់​តុលាការ​ឡាអេ​លើ​ករណី​ប្រាសាទ​ព្រះវិហារ


អ្នក​ស្រុក​កំពុង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពី​សវនាការ​តុលាការ​​អន្តរជាតិ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ភូមិ​ស្រះក្តុល ខេត្ត​ព្រះវិហារ ជិត​ប្រាសាទ​ព្រះវិហារ​ដ័​ល្បីល្បាញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
អ្នក​ស្រុក​កំពុង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពី​សវនាការ​តុលាការ​​អន្តរជាតិ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ភូមិ​ស្រះក្តុល ខេត្ត​ព្រះវិហារ ជិត​ប្រាសាទ​ព្រះវិហារ​ដ័​ល្បីល្បាញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្តែង​ការ​ត្រេកអរ​ជា​ខ្លាំង ​ខណៈ​ដែល​កម្ពុជា​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ​ជុំ​វិញ​ដី​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ ​ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មាន​សុទិដ្ឋិនិយម​ថា​សេចក្តី​សម្រេច​នេះ​អាច​នឹង​ជួយបញ្ចប់​ជម្លោះរវាង​ប្រទេស​ទាំង​ពីរ​បាន​នៅ​ឡើយ​ទេ។

ពលរដ្ឋ​មួយ​ក្រុមក្នុង​តូប​កាហ្វេ​មួយ​ជិត​ផ្សារ​ដើម​គរ​បាន​ជជែក​គ្នា​យ៉ាង​ផុលផុស​ក្នុង​ក្រុង​ភ្នំពេញ​ ខណៈ​ដែលពួកគេ​កំពុង​ស្តាប់​ចៅក្រម​តុលាការ​ក្រុង​ឡាអេ​អាន​សាល​ដីកា​លើ​សំណុំ​រឿង​ដី​ជម្លោះ​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​រវាង​ភាគីកម្ពុជា​និង​ថៃ។

ក្រោយ​ពី​តុលាការ​បាន​កាត់​ក្តី​ឱ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​និង​តម្រូវ​ឱ្យ​យោធា​ថៃ​ដក​ចេញ​ពី​តំបន់​ជម្លោះ​នោះ​ក្រុម​ប្រជាពលរដ្ឋបាន​សម្តែង​ការ​ត្រេកអរ​រៀងៗ​ខ្លួន។

ក្នុង​ទឹក​មុខ​ញញឹម​ស្រស់ស្រាយ ​លោក យ៉ាន ភក្តី ​អាយុ​៣០​ឆ្នាំ ​ជា​អាជីវករ​លក់ណែម​ម្នាក់​ បាន​បង្ហាញ​ពីអារម្មណ៍​រំភើប​ជា​ខ្លាំង​បន្ទាប់​ឮ​ថា​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​ភាគី​ថៃ។

«ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​មួយ​រូប ហើយ​ខ្ញុំ​សប្បាយ​មែន​ទែន​នៅ​ពេល​ឮ​ថា​តុលាការ​ក្រុង​ឡាអេ​កាត់​ក្តី​ឱ្យ​ខ្មែរ​ឈ្នះ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ក្រោយ​ពី​តុលាការ​ក្រុង​ឡាអេ​ប្រកាស​ឱ្យ​ខ្មែរ​យើង​ឈ្នះ ​ខ្ញុំ​សង្ឃឹម​ថា​ថៃ​នឹង​ទទួល​យក​ហើយ​គ្មាន​សង្គ្រាម​កើត​ឡើង​ទេ»។

ចំណែក​ឯ​ លោក ជីន រ៉េន ​ម្ចាស់​តូប​កាហ្វេ​នៅ​ទីនោះ ​និង​ជា​វាគ្មិន​ក្នុង​ការ​ពិភាក្សា​នេះ​ម្នាក់​ដែរ​ថ្លែង​ថា ​ការ​ឈ្នះ​ក្តី​នេះ​ជា​មោទនភាព​របស់​ជនជាតិ​ខ្មែរ​គ្រប់​រូប។

«នៅ​ពេល​តុលាការ​ក្រុង​ឡាអេ​កាត់​ក្តី​ឱ្យ​ខ្មែរ​ឈ្នះ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​មាន​មោទនភាព​និង​សប្បាយ​រីករាយ​ខ្លាំង​ណាស់​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន​ទេ ​ព្រោះ​វា​ទាក់ទង​នឹង​ប្រទេស​ជាតិ​យើង​ទាំង​មូល។ គេ​កាត់​ឱ្យ​ខ្មែរ​ឈ្នះ​អញ្ចឹង​បញ្ជាក់​ថា​តុលាការ​ពិត​ជា​មាន​យុត្តិធម៌​មែន​លើ​ពិភពលោក»។

ប៉ុន្តែ​លោក ជីន រ៉េន ​មិន​ទាន់​ជឿ​ជាក់​ថា ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​អាច​នឹង​បញ្ចប់​ជម្លោះ​រវាង​ភាគី​ទាំង​ពីរ​បាន​នៅ​ឡើយ​ទេ។

«បើ​សិន​ណា​ជា​គូ​ភាគី​ម្ខាង​គោរព​តែ​ភាគី​ម្ខាង​ទៀត​អត់​គោរព​មិន​អាច​បញ្ចប់​ជម្លោះ​បាន​ទេ ព្រោះ​ស្ថានភាព​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ ព្រោះ​កងទ័ព​ប្រទេស​ទាំង​ពីរ​នៅ​កៀក​ជិត​គ្នា​ដែរ»។

លោក សេង គឹមសុខ​ អាយុ​៦២​ឆ្នាំ ​ជា​អាជីវករ​លក់​ចេក​នៅ​ផ្សារ​ដើមគរ ​ក៏​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ។

«ទីមួយ​អ្វី​ដែល​ខ្មែរ​យើង​ចង់​បាន​គឺ​បាន​ហើយ​ ហើយ​ខ្ញុំ​អរ​ទី​ពីរ​ទៀត​គឺ​ថា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ហើយ​ថា​ សាលក្រម​តុលាការ​ថា​យ៉ាងណា​គឺ​នឹង​គោរព​តាម។

បើ​សិន​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​មាន​សុច្ឆន្ទៈ​ចង់​បាន​សន្តិសុខ​សម្រាប់​ប្រទេស​ទាំង​ពីរ​មែន​ នៅ​ពេល​សាលក្រម​ហ្នឹង​ចេញ​ហើយ​គឺ​សុខ​ស្រួល​គ្នា​បំផុត ​តែ​បើ​សិន​ជា​អ្នក​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​យក​រឿង​ប្រាសាទ​ព្រះ​វិហារ​ជា​រឿង​នយោបាយ​វិញ ​ខ្ញុំ​យល់​ថា​នឹង​មាន​រឿង​មិន​ប្រក្រតី​ត​ទៅ​ទៀត»។

តាម​ការ​សង្កេត​មើល​របស់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក ​នៅ​ពេល​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ ប្រជាពលរដ្ឋ​ជាទូទៅនៅ​តាម​ផ្ទះ​និង​តាម​ទី​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​តាមដាន​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​ដោយ​យក​ចិត្ត​ទុក​ដាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG