ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ឈាង វុន​ និង លោក គង់ សភា​ ចោទដាក់គ្នា​ពី​ការវាយ​តប់​អ្នក​តំណាងរាស្រ្ត


រូបឯកសារ៖ លោក​ ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ធ្វើ​​សន្និសីទ​សារព័ត៌មាន​​មួយ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ លោក​ ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ធ្វើ​​សន្និសីទ​សារព័ត៌មាន​​មួយ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥។​ (ហ៊ាន សុជាតា​/ VOA)

ការវាយតប់​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ពីររូប​ បាន​ក្លាយ​ទៅជាការចោទ​ប្រកាន់​ដាក់គ្នា​រវាង​អ្នក​តំណាងរាស្រ្ត​រងគ្រោះ​ និង​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច។

ការវាយតប់​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ពីររូប​ បាន​ក្លាយ​ទៅជាការចោទ​ប្រកាន់​ដាក់គ្នា​រវាង​អ្នក​តំណាងរាស្រ្ត​រងគ្រោះ​ និង​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច។

លោក​ គង់ សភា អ្នកតំណាងរាស្ត្រ​ម្នាក់ ដែល​ត្រូវ​បាន​បាតុករ​គាំទ្រ​គណបក្ស​កាន់​អំណាច​វាយ​ដំច្រំធាក់​បែកមុខបែកមាត់​ បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​នឹង​លោក​ឈាង វុន អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​អះអាង​ថា​ អ្នកតំណាងរាស្រ្ត​រូបនេះ ​និង​សហការី​របស់​គាត់​ម្នាក់​ទៀត​ គឺ​លោក ​ញ៉យ ចំរើន បាន​ចាក​ចេញ​ពី​សម័យ​ប្រជុំ​សភា​ជាតិ​ដើម្បី​ទៅ​ឱ្យ​បាតុករវាយ។

លោក​ គង់ សភា បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃ​អង្គារដោយ​ហៅ​លោក​ ឈាង វុន ​ថា ​ជា «ជើងកាង​ក្នុងស្ថាប័ន​រដ្ឋសភា‍» និង​បញ្ជាក់ថា៖

​«ខ្ញុំមានការហួសចិត្តនិងអស់សំណើចនិងសំដីមនុស្សមានឋាន:រហូតទៅដល់ឧត្តមមន្រ្តីតែគំនិតមិនបានកូនក្មេងផង តែក្នុងនាមជាជនរងគ្រោះខ្ញុំសូមអំពាវនាវឱ្យ​តុលាការ និងគណ:​កម្មាធិការស៊ើបអង្កេតត្រូវស៊ើបអង្កេត ពីសំដីរបស់គាត់ ព្រោះដឹងរឿងនេះប្រហែលគាត់ជាអ្នករៀចំផែនការនេះជាមួយជនមានអំណាចនិងជនដៃដល់ ព្រោះមុនហេតុការណ៍បីថ្ងៃខ្ញុំមានជម្លោះ​ជាមួយគាត់‍»។

លោក ​ឈាង វុន ដែលជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន បានប្រាប់​វិទ្យុអាស៊ីសេរី​កាលពីថ្ងៃ​ទី​១​មេសាថា៖

«តំណាង​រាស្ត្រ​ទាំង​ពីរ​ហ្នឹង នៅ​ពេល​សភា​កំពុង​ប្រជុំ គាត់​ចេញ​ទៅ​ឲ្យ​គេ​វាយ...ខ្ញុំ​និយាយ​អីចឹង​ហើយ ព្រោះ​ចេញ​ទៅ​បាន​គេ​វាយ បើ​នៅ​ក្នុង​សភា មាន​អ្នក​ណា​គេ​វាយ​គាត់? ... ឥឡូវ​ខ្ញុំ​ប្រាប់​រឿង​ហេតុ រឿង​អ្វីបាន​គេ​វាយ​គាត់ ដោយសារ​អ្នក​បើក​ឡាន​គាត់ ឈប់​ឡាន​ឲ្យ​គេ​វាយ»។

អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្រ្ត​ទាំងពីរនាក់ ​បាន​កើត​មានឡើង​ក្នុង​ខណៈ​ពេល​ដែល​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បានធ្វើ​ការតវ៉ា​កាលពីថ្ងៃទី​២៦ ខែ​តុលា​ ឆ្នាំ​២០១៥​ ទាម​ទារ​ឱ្យ​ទម្លាក់​លោក​ កឹម សុខា ​ពី​តំណែង​អនុប្រធាន​ទីមួយ​នៃ​រដ្ឋ​សភាជាតិ។ ​

មានអ្នកវាយ​ប្រហារ​ចំនួនបីនាក់​ បាន​ចេញ​មក​សារភាព​ក្រោយ​ពីហេតុការណ៍​នោះ។ ប៉ូលិស​មិន​ទាន់​បាន​ចាប់​ខ្លួន​ជនល្មើស​ដទៃ​ទៀត​ឬកំណត់​អត្តសញ្ញាណ​ពួកគេ​ឡើយ ​បើ​ទោះ​ជា​រូបភាព​វីដេអូ​ដែល​គេ​ចែក​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ថា​ មាន​ក្រុម​អ្នក​វាយ​ប្រហារ​ជាង​២០នាក់ ​បាន​ចូលរួម​ប្រព្រឹត្ត ក៏ដោយ៕

XS
SM
MD
LG