ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា៖​លិខិត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​គ្មាន​តម្លៃ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ឡើយ


 រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។
រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

លោក​ ផៃ ស៊ី ផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មួយរូប​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ លិខិត​នោះ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ការទូត​ ហើយ​ត្រូវ​បញ្ជូន​ទៅ​វិញ និង​មិន​ចាំបាច់​នឹង​មើល​ទេ។

ក្រុមមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ទៅនឹង​លិខិត​សមាជិក​ព្រឹទ្ធសភា​៧នាក់ ​ដោយ និយាយ​ថា ពួកគេ​បាន​បញ្ជូន​ទៅវិញ​ ហើយ​ចាត់​ទុកថា​លិខិត​នោះ​មិនមាន​តម្លៃ សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ពិចារណា​ទេ។

នៅមុន​ពេល​ប៉ុន្មាន​ថ្ងៃដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​នៅឯ​កន្លែង​លំហែកាយ​ Sunnylands​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​ បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​សហរដ្ឋ​អាមេរិក ​ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឲ្យអនុញ្ញាត​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​ខ្លួន​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មានការ​ភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន ​ការ​ធ្វើ​ទុក្ខមុក​ម្នេញ​ ឬ​ការ​យក​មក​កាត់​ទោស។

ការថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​សារ​លិខិត​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​គឺ សំដៅ​ទៅលើ​បញ្ហា​ដែលកើត​ឡើង​ចំពោះ​ការ​វាយដំ​ អ្នក​តំណាង​រាស្ត្រ​ ការ​ចោទ ប្រកាន់​ទោស​លោក​ សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ធ្វើទុក្ខ បុកម្នេញ​ផ្សេងទៀត​លើ​គណបក្ស​ជំទាស់។​ តែ​ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង ប្រទេស​បាន​និយាយ​ថា​ លិខិត​នោះ​គ្មានតម្លៃ​ ដែល​គេ​បើកមើល​ ឬ​ឆ្លើយ​តបទេ។

លោក​ ផៃ ស៊ី ផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មួយរូប​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ លិខិត​នោះ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ការទូត​ ហើយ​ត្រូវ​បញ្ជូន​ទៅ​វិញ និង​មិន​ចាំបាច់​នឹង​មើល​ទេ។

លោក​ថា៖​«អ្វីដែល​យើងខ្ញុំ​នឹង​មតិ​មួយ​ចំនួន​ ដែល​ឃើញ​លិខិត​ហ្នឹង​គឺ​តាមរយៈ​ព័ត៌មាន បញ្ចេញ​តាមរយៈ​វិស័យ​សារព័ត៌មាន។ ​ប៉ុន្តែ​ ជំហរ​របស់​រាជ​រដ្ឋាភិបាល​គឺ​ញាតិ​របស់​ព្រឹទ្ធសភា​ទាំង៧រូប​ហ្នឹង​បាន​ផ្ញើ​មក​ ហើយ​ទូត​របស់​យើង​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បានឃើញ​ ហើយ​ផ្តិត​លិខិត​ដែលផ្ញើរ​តាម​អ៊ីម៉េល​ និង​ផ្ញើ​ត្រឡប់​ទៅវិញ ​ដោយ​មិនមាន​ជា​ការ​ចាំបាច់​ក្នុង​ការ​មើល​ មិន​ជា​ចាំបាច់​ ឬ​សារៈសំខាន់ ក្នុងការ​ពិចារណា​នោះ​ទេ ​គឺផ្ញើ​ត្រឡប់​ទៅវិញ»។

លោក​បន្ថែម​ដែរ​ថា​ អ្វី​ដែល​ជា​អត្ថាធិប្បាយ​ក្នុង​លិខិត​នោះ ​គឺជា​ការ​មិន​យល់​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​អង្គ​ហេតុ​ និង​អង្គច្បាប់​ ហើយ​នឹង​ជា​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​កម្ពុជា។ ​លោក​ថា​ កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ ហើយ​សមាជិក​ព្រឹទ្ធសភា​៧រូប​មិនមែន​ជា​តំណាង​ស្ថាប័ន​កម្ពុជា​ទេ​ គឺគ្រាន់​តែ​ជា​អ្នក​ជាប់​ឆ្នោត​ ដែល​ពលរដ្ឋ​អាមេរិកាំង​បាន​បោះឆ្នោត​ជូន​ប៉ុណ្ណោះ។

សមាជិក​ព្រឹទ្ធសភា​ទាំង​៧រូប​មានលោក​ Christopher ​Murphy ​លោក ​Richard Blumenthal ​លោកស្រី ​Amy Klobuchar ​លោក ​Al Franken ​លោកស្រី ​Maria Cantwell ​លោក ​Sheldon ​Whitehouse ​និង​លោក​ស្រី​ Elizabeth ​Warren។ សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​បាន​បន្ថែមថា ​បើទោះបី​ជា​មាន​ការ​ព្រួយ​បារម្ភ​ក្តី ក៏​ពួកគេ​សម្តែង​ក្តីសង្ឃឹម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ទុក​ឱកាស​ឱ្យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​តាម​អណត្តិ​របស់​ពួកគេ ​ដោយ មិន​មាន​ការភ័យ​ខ្លាច ​ឬ​ការ​គំរាម​កំហែង។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចេះ​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនឹង​បញ្ហា​តានតឹង​ខាង​នយោបាយ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)
សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចេះ​លិខិត​ចុះថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ផ្ញើជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនឹង​បញ្ហា​តានតឹង​ខាង​នយោបាយ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)

សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​បាន​និយាយ​សំដៅ​ទៅលើ​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​មិន​ឲ្យ​វិល​ត្រឡប់​ទៅកម្ពុជា​វិញបាន​ ការ​វាយ ប្រហារ​អ្នក​តំណាងរាស្ត្រ​ពីររូប​គឺ​លោក​ ញ៉យ ចំរើន​ និង​លោក ​គង់ សភា ​ការ​ចោទ​ប្រកាន់​លោក ​ហុង សុខហួរ ​លោក ​មៀច​ សុវណ្ណារ៉ា​ និង​មន្ត្រី​ដ៏ទៃទៀត​ ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ថា​ ធ្វើ​ឱ្យខូច​ដល់​ដំណើរការ​ប្រជាធិបតេយ្យ»។

ទោះជា​យ៉ាង​ណា​ក៏ដោយ ​ប្រតិកម្ម​ចំពោះ​រឿង​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា ទាំង៧​រូប​របស់​ស.រ.អា​នោះ​ ដោយ​ចាត់ទុកថា​ គ្មាន​សារៈ​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទេ។​

លោក​សុខ ឥ្យសាន​ សមាជិក​សភា​កម្ពុជា ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​បដិសេធ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ និង​រដ្ឋាភិបាល​មិន​មែន​ជា​អ្នក​រឹតត្បិត​ដល់​ក្រុម​ប្រឆាំង​ទេ។ រឿង​ទាំង​ឡាយ​កើត​ឡើង​គឺ​មិនមែន​ជា​រឿង​នយោបាយ​ទេ​ តែ​ជា​ការ​ល្មើស​ច្បាប់​របស់​លោក​ សម រង្ស៉ី​ និង​ក្រុម​ប្រឆាំង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍ ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា ។

«ដូច្នេះ​ហើយ​ផល​វិបាក​ ការ​ដែល​គាត់ចូល​ស្រុក​មិន​បាន ​អត់​មាន​នរណា​ហាម ឃាត់​គាត់​មិនឲ្យ​ចូលស្រុក​ទេ។​ គាត់​មិន​ចូល​ស្រុក​ដោយ​សារ​គាត់​ភ័យ​ខ្លាច​អំពី ផ្លូវ​ច្បាប់។ គាត់ខ្លាច​ជាប់គុក។​ អានេះ​រឿង​តែ​ប៉ុណ្ណឹង​ទេ។​ ដូច្នេះ​មិន​មាន​នរណា រឹតត្បិត ​ឬក៏​ញុំញី​គាត់​ផ្នែក​នយោបាយ​ទេ។ រឿង​ហ្នឹង​ជា​ផលវិបាក​ដែល​គាត់​ត្រូវ ទទួល​នូវ​ទង្វើ​ជាក់ស្តែង​របស់​គាត់​ដែល​ប្រព្រឹត្តិ​ល្មើស​ផ្លូវច្បាប់»។

ដោយ​ឡែក​ចំពោះ​ការ​វាយ​អ្នក​តំណាង​រាស្ត្រ​ពីររូប​នៃ​គណបក្ស​ជំទាស់​វិញ​ លោក សុខ ឥ្យសាន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​មិន​គាំទ្រ​អំពើ ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទេ ​ហើយ​ក៏​បាន​ថ្កោលទោស​ រួមទាំង​ការ​ស៊ើប​អង្កេត ពី​អាជ្ញាធរ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ ​អូបាម៉ា​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅថ្ងៃ​ទី១៥ ​ដល់​ថ្ងៃទី​១៦ ​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ​បាន​ស្នើ​សុំ​លោក​ អូបាម៉ា ​ឲ្យ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ជា​ប្រធាន​បទចម្បង​ក្នុង​កិច្ច​ប្រជុំ​កំពូល ​ដែល​មាន​មេដឹកនាំ​មក​ពី​ប្រទេស​នានា​ ជា​អ្នក​ទទួល​ខុសត្រូវ​រឿង​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​ចូលរួម​ផងនោះ។

លោកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង ថា បើ​មាន​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ អូបាម៉ា​ អំពីរឿង​សិទ្ធិមនុស្ស​ ជារឿង​សំខាន់​ ដោយសារ​ថា នោះ​គឺជា​សារ​មួយ​ថាស.រ.អា​មិនមែន​គិត​តែ​ពី​រឿង​សេដ្ឋ​កិច្ចទេ​ តែ​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ។

«អញ្ចឹងខ្ញុំ​គិត​ថា​ វា​ជា​សារ​មួយ​សម្រាប់​ប្រទេស​អាស៊ាន​ ថ្នាក់​ដឹក​នាំ​មក​ពីប្រទេស អាស៊ាន​ហ្នឹង​ ត្រូវ​គិត​ថា ខ្លួន​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​អាច​ភ្ជាប់ទំនាក់​ទំនង​ជាមួយ អាមេរិក​ឲ្យ​បាន​រឹងមាំ​ជាង​ហ្នឹង​ តាមរយៈ​កិច្ចប្រឹង​ប្រែង​របស់ខ្លួន​ក្នុង​ការ​ស្តារ​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែរ»។

ក្រុម​សមាជិក​សភា​អាស៊ាន​មួយ​ចំនួន​ក៏​ស្នើសុំ​ឲ្យ​លោក​ អូបាម៉ា​ លើក​ឡើង​អំពី បញ្ហា​សិទ្ធិមនុស្ស​ផងដែរ ​ក្នុង​សារ​លិខិត​របស់​ខ្លួន​ផ្ញើ​ជូន​លោក​ អូបាម៉ា​ មុន​កិច្ច ប្រជុំ​កំពូល​នោះ៕

XS
SM
MD
LG