ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ សេរីភាព​ និង​យុត្តិធម៌​នៅ​កម្ពុជា​មិន​​ទទួល​បាន​ដោយ​ងាយ​​ទេ


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ធានា​ថា ការ​គោរព​សិទ្ធិ​មនុស្ស​គឺ​ជា​ផ្នែក​ស្នូល​នៃ​ទំនាក់​ទំនង​របស់​អាមេរិក ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ធានា​ថា ការ​គោរព​សិទ្ធិ​មនុស្ស​គឺ​ជា​ផ្នែក​ស្នូល​នៃ​ទំនាក់​ទំនង​របស់​អាមេរិក ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

«សារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​អាមេរិក ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​កម្ពុជា​កន្លង​ទៅ​នេះ អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏​ប៉ុន្តែ លោក​បាន​សង្កត់​ធ្ងន់​ថា សេរីភាព​មិន​អាច​ទទួល​បាន​ដោយ​ងាយ​ទេ​នៅ​កម្ពុជា។

«‍ប៉ុន្តែ​សេរីភាព​មិន​ទទួល​បាន​ដោយ​សេរី​នោះ​ទេ។ បើ​សិន​ជា​គ្មាន​ការ​ប្រថុយ​គ្រោះ​ថ្នាក់ ការ​ផ្លាស់​ប្តូរ​ក៏​មិនមាន​ដែរ។ ខ្ញុំ​គិត​ថា បើ​ខ្ញុំ​អាច​ធ្វើ​អ្វីមួយ​បាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១៤លាន​នាក់​នេះ ខ្ញុំ​នឹង​ធ្វើ​វា»។

លោក ញ៉យ ចំរើន បាន​និយាយ​ដូច្នេះ ទៅ​កាន់​យុវជន​អាមេរិកាំង​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ទី៣ ម្សិល​មិញ​នេះ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​មាន​វិជ្ជាជីវៈ​វ័យ​ក្មេង​ខាង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ឬ​ហៅ​កាត់​ថា (YPIA)។ វេទិកា​សាធារណៈ​នេះ ​មាន​អ្នក​ចូលរួម​ប្រមាណ​៥០នាក់ ដែល​ភាគច្រើន​ជា​និស្សិត​សកលវិទ្យាល័យ ដែល​ចាប់​អារម្មណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​តាម​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោក Michael Larkin ​ប្រធាន​គម្រោង​សិក្សា​តំបន់​អាស៊ី​របស់​ YPIA បាន​បញ្ជាក់​ប្រាប់ VOA ថា​«វេទិកា​នេះ​រៀបចំ​ឡើង​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពលរដ្ឋ​អាមេរិកាំង ជាពិសេស​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ លោក​ក៏​បញ្ជាក់​ថា បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែ​ឋិត​នៅ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​អាមេរិក​ជានិច្ច។

លោក Michael Larkin ថា៖​«ខ្ញុំ​គិត​ថា មូលហេតុ​ដែល​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ នៅតែ​ជា​ចំណាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​មួយ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​សន្តិសុខ​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​ក៏​រួម​មាន​កម្ពុជា​ផង ដោយ​ផ្ដោត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»។

លោក ញ៉យ ចំរើន បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​ចូលរួម​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំពាន​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​លើក​យក​ករណី​អំពើ​ហិង្សា​មក​លើ​រូបលោក និង​លោក គង់ សភា កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ករណី​ដក​លោក​ កឹម សុខា ចេញ​ពី​តំណែង​ជា​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ជាតិ ​ករណី​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​លើ​លោក សម រង្ស៊ី និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ករណី​អំពើ​ហិង្សា​លើ​កម្មករ​ជា​ដើម។

នាង Julia Fischer-Mackey និស្សិត​បណ្ឌិត​ខាង​ការសិក្សា​អំពី​ការ​អភិវឌ្ឍនៃ​សកលវិទ្យាល័យ​ American Universityបាន​ប្រាប់ VOA ថា វេទិកា​សាធារណៈ​នេះ​ជួយ​ឲ្យ​យុវជន​អាមេរិក​ស្វែងយល់​ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក។

«‍ខ្ញុំ​យល់​ថា វេទិកា​នេះ​សំខាន់​ពីព្រោះ​វា​បាន​ប្រមូល​មនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ខុសៗ​គ្នា​ជា​ច្រើន ឲ្យ​ដឹង​ពី​បញ្ហា​ទាំង​អស់​នេះ។ វា​សំខាន់​ក្នុង​ការ​បើក​ចំហ​ទស្សនៈ​របស់​ពួក​យើង​នៅ​អាមេរិក​នេះ»។

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ខាង​ពាណិជ្ជកម្ម​មាន​ភាព​រឹងមាំ។ លោក​ ញ៉យ ចំរើន បាន​ទទួល​ស្គាល់ និង​បង្ហាញ​ការ​សាទរ​ចំពោះ​ចំណង​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ។

ក៏​ប៉ុន្តែ លោក​ថា ទំនាក់​ទំនង​ល្អ​នេះ​នៅ​មិន​ទាន់​ធានា​សិទ្ធិ​របស់​កម្មករ​នៅ​កម្ពុជា​ទេ។

«បញ្ហា​គឺ​នៅ​ត្រង់​ថា កម្មករ​នៅ​កម្ពុជា​មិន​ទទួល​បាន​អត្ថប្រយោជន៍​ល្អ​ទេ។ រាល់ថ្ងៃ​នេះ បើ​អ្នក​ទៅ​ប្រទេស​កម្ពុជា អ្នក​នឹង​ដឹង​ពី​ស្ថានភាព​របស់​ពួក​គេ។ ពួក​គេ​មិន​អាច​ទាមទារ​អ្វី​បាន​ច្រើន​ទេ។ ជាញឹកញាប់​រដ្ឋាភិបាល​វាយ​ដំ បាញ់​ប្រហារ ឬ​សម្លាប់​ពួក​គេ។ ស្ថានភាព​ពួក​គេ​ពិបាក​ណាស់។ ខ្ញុំ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ល្អ លុះត្រា​តែ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​កម្មករ‍»។

ទាក់ទង​នឹង​ការ​ស្វែង​រក​យុត្តិធម៌​ក្នុង​ករណី​វាយ​ដំ​លើ​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នេះ លោក គង់ សភា ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ដែរ​នោះ ​បាន​ប្រាប់ VOA ថា៖​«លោក​នៅ​តែ​មិន​មាន​សង្ឃឹម ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​មិន​ឯករាជ្យ។ ហើយ​ការ​ស្វែង​រក​យុត្តិធម៌​របស់​សមាជិក​គណបក្ស​ប្រឆាំង​គឺជា​ការ​លំបាក​ជា​ទី​បំផុត»។

នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈនេះ គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​សហភាព​អន្តរសភា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បេសកកម្ម​ស៊ើប​អង្កេត​លើ​ករណី​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា៕

XS
SM
MD
LG