រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ គ្រោងនឹងទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ចំនួនបីថ្ងៃនៅប្រទេសសិង្ហបុរី ដែលនឹងមានការចូលរួមពីមេដឹកនាំការពារជាតិនៃបណ្តាប្រទេសផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកនៃមន្ត្រីនាំពាក្យក្រសួងការពារជាតិ។
អ្នកវិភាគនយោបាយកម្ពុជា យល់ឃើញថា នឹងមានការចោទសួរពីលទ្ធភាពនៃការដាក់មូលដ្ឋានយោធារបស់កងទ័ពរំដោះប្រជាជនចិន (PLA)នៅលើទឹកដីកម្ពុជា ដែលធ្លាប់បានរាយការណ៍ដោយបណ្តាញសារព័ត៌មានបរទេសមួយចំនួនកាលពីពេលកន្លងមក។ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ក៏ធ្លាប់លើកឡើងជាផ្លូវការនូវការសង្ស័យ និងព្រួយបារម្ភនេះ នៅក្នុងលិខិតមួយ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី២៩ ខែឧសភានេះ នាយឧត្តមសេនីយ៍ផ្កាយមាសបួនទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬហៅថា The 18th IISS Shangri-La Dialogue ដែលជាកិច្ចប្រជុំជាន់ខ្ពស់នៃថ្នាក់ដឹកនាំ ការពារជាតិ ប្រទេសអាស៊ី។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖
«ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ឆ្នាំ២០១៩ ក្នុងប្រទេសសិង្ហបុរី លើកនេះនឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់កិច្ចប្រជុំទ្វេភាគី និងពហុភាគី ដល់តំណាង និងប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេសដើម្បីប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស្តីពីបញ្ហាសនិ្តសុខក្នុងតំបន់»។
លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានប្រាប់ VOA នៅថ្ងៃពុធនេះថា ការសង្ស័យមកលើកម្ពុជាថា នឹងអាចបើកផ្លូវឲ្យមានការដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា អាចនឹងត្រូវបានលើកឡើងពីមេដឹកនាំការពារជាតិមកពីប្រទេសដទៃក្នុងកិច្ចប្រជុំនោះ។
«ខ្ញុំមិនដឹងថា តើសំណួរហ្នឹង គេនឹងលើកតម្រង់មករកកម្ពុជា សារជាថ្មីម្តងទៀត ដូចកាលដែលអនុប្រធានាធិបតីអាមេរិកបានលើកឡើងកាលពីឆ្នាំទៅ ឬក៏យ៉ាងម៉េច អាហ្នឹងយើងអត់ទាន់ដឹងបាទ។ ប៉ុន្តែកម្ពុជាគួរតែត្រៀមខ្លួន ដើម្បីឆ្លើយទៅលើរឿងនោះ វាអាចគេនឹងសួរម្តងទៀត»។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា លោកមិនទាន់មានព័ត៌មានលម្អិត ជុំវិញដំណើររបស់លោកទៀ បាញ់ទៅកាន់ប្រទេសសិង្ហបុរីនោះទេ។ យ៉ាងណាលោកថា ជាធម្មតា ប្រមុខការពារជាតិកម្ពុជានឹងលើកឡើងពីកិច្ចការរក្សាសន្តិសុខប្រទេសនិងតំបន់។
«ធម្មតាគាត់ទៅ គាត់បានលើកពីបញ្ហា សន្តិសុខក្នុងតំបន់ ប៉ុន្តែក្នុងសេចក្តីប្រកាស គេមានសរសេរទេ? ខ្ញុំអត់បានមើលផងសេចក្តីប្រកាសហ្នឹង»។
ក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group ឬហៅថា UDG ត្រូវគេរាយការណ៍កន្លងមកថា ទទួលបានដីសម្បទានចំនួន ៤៥.០០០ ហិកតា ដែលក្នុងនោះមានបញ្ចូលដែនសមុទ្រខ្មែរចំនួន ២០ភាគរយ នៅក្នុងស្រុកបុទុមសាគរ និងគីរីសាគរនៃខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍គម្រោងមួយដែលមានមន្ទីរពេទ្យ អគារខុនដូ រមណីយដ្ឋាន សណ្ឋាគារ រោងចក្រ អាកាសយានដ្ឋានអន្តរជាតិនិងកំពង់ផែសមុទ្រទឹកជ្រៅ។ ក្រុមហ៊ុនបានប្រកាសថានឹងវិនិយោគទុនចំនួន ៣.៨០០ លានដុល្លារ។
របាយការណ៍សារព័ត៌មាននានាបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនោះមានផ្លូវយន្តហោះចុះប្រវែង ៣.៤០០ម៉ែត្រ ដែលវែងជាងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនាំឱ្យមានការព្រួយបារម្ភថាអាចនឹងត្រូវប្រើប្រាស់ក្នុងគោលបំណងយោធាក្នុងពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងត្រូវបើកដំណើរការខ្លះៗនៅដំណាច់ឆ្នាំ ២០២០។ នេះបើតាមគម្រោងអភិវឌ្ឍន៍ ដែលបានបង្ហាញក្នុងពេលកន្លងមក។
ទោះជាយ៉ាងនេះក្តីលោក ទៀ បាញ់ ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ ធ្លាប់ អះអាងប្រាប់ VOA ថា ការដ្ឋានសាងសង់អាកាសយានដ្ឋាននេះគឺបើកទូលាយ សម្រាប់ប្រជាជនទូទៅហើយការកសាងអាកាសយានដ្ឋានធំ ដូច្នេះគឺស្របតាមអ្វីដែលរដ្ឋាភិបាលហៅថាដីសម្បទានសម្រាប់ការវិនិយោគ។
កាលពីឆ្នាំ២០១៨ សារព័ត៌មាន Asia Times បានចេញសេចក្តីរាយការណ៍មួយ ដោយបានដកស្រង់សម្តីក្រុមអ្នកវិភាគ ដែលនិយាយថា កំពង់ផែទឹកជ្រៅដែលកំពុងសាងសង់ដោយក្រុមហ៊ុន Union Development Group (UDG) មានទំហំធំល្មម ដើម្បីចតនាវាចម្បាំងនិងនាវាពិឃាតផ្សេងទៀត។
ប្រទេសចិនបានដាក់មូលដ្ឋានយោធាដ៏ធំមួយនៅប្រទេសជីប៊ូទី តាមច្រកដែលគេហៅថាខ្សែគុជនៃការអភិវឌ្ឍន៍។នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដូចជានៅកំពង់ផែ Gwadar នៅក្នុងប្រទេសប៉ាគីស្ថាន កំពង់ផែ Hambanthota នៅក្នុងប្រទេសស្រីលង្កា និងបណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្រុមហ៊ុនចិនបានអភិវឌ្ឍទីតាំងផែ និងវាលយន្តហោះដើម្បីប្រើប្រាស់ទីតាំងទាំងនេះសម្រាប់អំណាចយោធា។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ៕