ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ចារកម្ម​អាមេរិក​បន្ត​ព្រមាន​ពី​លទ្ធភាព​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា


រូបឯកសារ៖ ទីប្រឹក្សា​កងទ័ព​ចិន​មួយ​រូប​បំពាក់​​​សក្តិ​ដល់​​និស្សិត​នាយ​ទាហាន​​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ ក្នុង​អំឡុង​ពិធី​មួយ​នៅ​​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥។

មន្ត្រី​ជាន់ខ្ពស់​បង្អស់​នៃ​ស្ថាប័ន​ចារកម្ម​រដ្ឋ​របស់​សហរដ្ឋអាមេរិក​ ​បាន​បន្ត​បង្ហាញ​ក្ដី​បារម្ភ​អំពី​លទ្ធភាព​ដែល​កងទ័ព​រំដោះប្រជាជន​ចិន​ ​អាច​មាន​វត្តមាន​ ​តាំងទី​នៅ​កម្ពុជា​ដោយ​បាន​ភ្ជាប់​លទ្ធភាព​នេះ​ទៅ​ដល់​ការ​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

​ក្នុង​របាយការណ៍​កម្រាស់​៤២ទំព័រ​ ​ចេញផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ​ដែល​សំយោគ​ពី​ទិន្នន័យ​ប្រមូល​បាន​ពីទី​ភ្នាក់ងារ​ស៊ើបការណ៍​ទាំងអស់​របស់​អាមេរិក​ ​ក្នុង​ការ​ធ្វើ​ការវាយតម្លៃ​ ​ពី​កម្រិត​នៃ​ការ​គំរាម​កំហែង​ ​ដល់​សន្ដិ​សុខ​ជាតិ​អាមេរិក​ ​លោក​ ​Daniel Ray Coats​ ​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិកាំង​ ​បាន​ភ្ជាប់​អនុត្តរភាព​អំណាច​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​របស់​បក្ស​កាន់​អំណាច​ ​និង​សិទ្ធិ​អំណាច​ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។​

ចារបុរស​កំពូល​រូប​នេះ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា៖

«ការ​ធ្វើដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅ​រក​ការដឹកនាំ​ផ្ដាច់ការ​ ​ដែល​អភិក្រម​ស្ដែង​ចេញ​តាមរយៈ​ការ​បន្ត​ស្ថិត​ក្នុង​អំណាច​របស់​គណបក្សប្រជាជន​កម្ពុជា​ ​និង​ការគ្រប់គ្រង​ទាំងស្រុង​របស់​គណបក្ស​មួយ​នេះ​ ​ទៅ​លើ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​របស់​ជាតិ​ ​បាន​បើកផ្លូវ​[​នូវ​អំណាច​]​ធ្វើ​វិសោធនកម្ម​ណាមួយ​ ​ដែល​នៅ​ទីបំផុត​អាច​នាំ​ឱ្យ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស​មួយ​នេះ»។​

រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ ​មាត្រា​៥៣​ ​បាន​ហាមប្រាម​មិន​ឱ្យ​មាន​វត្តមាន​នៃ​មូល​ដ្ឋាន​ទ័ព​បរទេស​លើទឹក​ដី​របស់​ខ្លួន​ឡើយ។​ ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ​ត្រូវការ​សំឡេង​គាំទ្រ​២ភាគ៣​ ​ក្នុង​រដ្ឋសភា​ ​ដើម្បី​អនុម័ត​យល់ព្រម។​

បន្ទាប់​ពី​បាន​ធ្វើការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​បក្សជំទាស់​ធំ​បង្អស់​នៅក្នុង​ប្រទេស​ ​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ដែល​នាំ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​គ្រប់​គ្រង​អាស​នៈ​ទាំងអស់១២៥​នៅក្នុង​រដ្ឋសភា​ ​ដែល​លើស​ពី​តម្រូវការ​២ភាគ៣​នៃ​សំឡេង​សមាជិក​សភា​ ​អាច​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ​បាន​ដោយ​គ្មាន​ឧបសគ្គ​ ​ខណៈ​បក្ស​នេះ​ក៏​គ្រប់គ្រង​អាស​នៈ៥៨​/​៦២​ ​នៅ​ព្រឹទ្ធសភា​ផង​ដែរ។​

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ ​ត្រូវ​បាន​លើកឡើង​ដំបូង​កាលពី​ខែមេសា​ ​ឆ្នាំ២០១៨​កន្លង​ទៅ​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ជាន់ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ ​(C4ADS)​ ​ដែល​បាន​ភ្ជាប់​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​របស់​ខ្មែរ​ ​ទៅ​នឹង​កងទ័ព​រំដោះប្រជាជន​ចិន។​

លោក​អនុ​ប្រធានាធិបតី​ ​Mike Pence​ ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​លើកឡើង​ជា​ផ្លូវការ​នូវ​ការ​សង្ស័យ​នេះ​ ​ក្នុង​កំណត់​លិខិត​មួយ​ ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​របស់​កម្ពុជា​ ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​ ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ការ​លើកឡើង​ខាងលើ​ ​អំពី​វត្តមាន​យោធា​ចិន​នៅ​ប្រទេស​របស់​ខ្លួន។​

លោក​ ​ហ៊ុន សែន​ ​ផ្ទាល់​ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​ផង​នោះ​ ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​មួយ​នៅ​ខេត្តកោះកុង​ ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ ​UDG​ ​កាលពី​ខែធ្នូ​ថា​ ​គណបក្ស​លោក​នឹង​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ទេ​ ​លើ​មាត្រា​ទាក់ទង​នឹង​ការ​ហាមប្រាម​ការ​តាំងទី​របស់​មូលដ្ឋានទ័ព​បរទេស​ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។​

លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ថ្លែង​ថា​បក្ស​កាន់​អំណាច​ឈរ​ពី​ក្រោយ​ ​គាំទ្រ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ទាក់ទិន​នឹង​ការ​មិន​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​មាត្រា​ទី៥៣​ ​ទាក់ទិន​នឹង​ការ​ហាមប្រាម​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើទឹក​ដីខ្មែរ​។​

អ្នកនាំពាក្យ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ថា៖

«​ចុះ​នាយក​រដ្ឋមន្ត្រី​ ​គាត់​ជា​ប្រធាន​គណបក្ស​ស្រាប់ហើយ​ ​បើ​គាត់​មាន​ជំហរ​អ៊ីចឹង​ ​បាន​សេចក្ដី​ថា​ ​ជំហរ​នាយក​រដ្ឋមន្ត្រី​ ​និង​ជំហរ​ប្រធាន​គណបក្ស​ ​ដូចគ្នា​ ​ហើយ​គណបក្សប្រជាជន​ ​គឺជា​គណបក្ស​មាន​វិន័យ​ ​អ៊ីចឹង​ ​តែ​កាលណា​ប្រធាន​គណបក្ស​មាន​មតិ​ដូចម្ដេច​ ​យើង​គោរព​តាម​ហើយ!»​។​

លោក​ ​សុខ ឥសាន​ ​ក៏បាន​បន្ត​ដែរ​ថា​ ​បក្ស​កាន់អំណាច​បាន​មើល​ឃើញ​ពី​ហានិភ័យ​នៃ​វត្តមាន​មូលដ្ឋានទ័ព​បរទេស​ ​ថា​នឹង​នាំ​ឱ្យ​ខូចខាត​ដល់​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា៖

«អូ!​ ​អាហ្នឹង​វា​ប៉ះពាល់​ច្រើនណាស់​ ​ប៉ះពាល់​ដល់​សន្តិភាព​ ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​ ​ក៏ដូច​ជា​អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​ ​ព្រោះតែ​កាលណា​យើង​មិន​អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​ទេ​ ​និន្នាការ​មនោគមវិជ្ជា​នឹង​វាយលុក​ហើយ​។​ ​យើង​ដឹង​ថា​អន្តរជាតិ​ឥឡូវនេះ​ ​មេ​ធំៗ​កំពុងតែ​យកចិត្ត​ទុកដាក់​អំពី​ភូមិសាស្ត្រ​នយោបាយ​ ​កំពុងតែ​ប្រកួតប្រជែង​មនោគមវិជ្ជា​អន្តរជាតិ​ហ្នឹងឯង​ ​អ៊ីចឹង​ទេ​ ​បាន​យើង​ប្រយ័ត្ន​អា​រឿង​ហ្នឹង​ណាស់»។​

ខណៈ​ដែល​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ​បាន​កំពុង​ដាក់​សម្ពាធ​រិះគន់​ការរៀបចំ​បោះឆ្នោត​ ​និង​ការ​ជាប់ឆ្នោត​សាជាថ្មី​របស់​លោក​ ​ហ៊ុន​ ​សែន​ ​រដ្ឋាភិបាល​របស់​លោក​ក៏បាន​កំពុង​ប្រឈម​នឹង​ការ​គំរាម​ដាក់ទណ្ឌកម្ម​ពីសំណាក់​សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​។​

ការណ៍​នេះ​ ​បាន​នាំ​ឱ្យ​ប្រទេស​ចិន​ ​ផ្ដល់​ការ​ធា​នា​ផ្សេង​ៗ​ ​ដូចយ៉ាង​ការធានា​ទិញ​អង្ករ​កម្ពុជា​ ​និង​សន្យា​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ ​ក្នុងនាម​ជា​ប្រទេស​ម្ចាស់​ជំនួយ​ ​និង​ប្រភព​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ប្រមាណ​១០ឆ្នាំ​ចុងក្រោយ​នេះ។​

កម្ពុជា​ក៏បាន​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​យោធា​កាន់តែ​ស្អិត​រមួត​ជាមួយនឹង​ប្រទេស​ចិន​ ​តាមរយៈ​ជំនួយ​យោធា​ផ្ដល់​ដោយ​ទីក្រុង​ប៉េកាំង​ ​ការ​បណ្ដុះបណ្ដាល​យោធិន​កម្ពុជា​ ​ពីសំណាក់​អ្នកជំនាញ​ចិន​ ​និង​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួមគ្នា​ ​រវាង​ទ័ពជើង​គោក​ប្រទេស​ទាំងពីរ​ ​ដែល​នឹង​គ្រោង​ធ្វើជា​លើក​ទីបី​ ​នា​ខែមីនា​ ​ឆ្នាំ២០១៩​ ​ខាង​មុខនេះ។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ទំនាក់​ទំនង​រវាងរដ្ឋាភិបាលក្រុង​ភ្នំពេញ​និងរដ្ឋាភិបាលក្រុង​វ៉ាស៊ីងតោន​ ​បាន​ស្គាល់​នូវ​ភាព​រកាំរកូស​ ​រួម​ទាំង​ផ្នែក​នយោបាយ​ ​និង​យោធា​ ​ខណៈ​ដែល​មានការ​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ ​បាន​ផ្ដល់​ការ​ជួយ​ទំនុកបម្រុង​ដល់​គណបក្សជំទាស់​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ ​ក្នុង​ការ​តស៊ូប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

មន្ត្រី​ជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោន​ ​ទទួល​បន្ទុក​គោល​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ​លោក​ ​Joseph​ ​H. Felter​ ​បាន​ប្រាប់​ ​VOA​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ថា​ ​សហ​រដ្ឋ​អាមេរិក​ ​ប្រាថ្នា​ស្ដារ​ទំនាក់​ទំនង​យោធា​ជាមួយ​កម្ពុជា​ ​ជាមួយ​នឹង​បំណង​ប្រាថ្នា​ ​ថា​កម្ពុជា​ ​នឹង​ផ្ដល់​សិទ្ធិ​សេរីភាព​ ​ច្រើនជាង​មុន​ដល់​អ្នកជំទាស់​ ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​រដ្ឋ។​

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ខាងលើ​ ​លោក​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិក​ ​ក៏បាន​ធ្វើការ​ព្រមាន​អំពី​ការ​ដកខ្លួន​ថយ​របស់​សហរដ្ឋ​អាមេរិក​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ពហុភាគី​នា​នា​ ​ថា​បាន​បើក​ផ្លូវ​ឱ្យ​ប្រទេស​ចិន​ ​ធ្វើ​ការ​ប្រមែប្រមូល​រដ្ឋ​តូច​ធំ​នានា​ ​បង្ក​ជា​សំឡេង​ប្រឆាំង​នឹង​ជំហរ​អាមេរិក​ ​ដូច​យ៉ាង​លើ​សំណុំរឿង​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG