អ្នកវិភាគខ្លះមើលឃើញថា គ្មានអំណាចយោធាអាមេរិកក្នុងតំបន់ទៀតទេ ទោះបីជាព័ត៌មានស្តីពីមូលដ្ឋានយោធារបស់ចិននៅកម្ពុជា ដែលអាមេរិកសង្ស័យនោះមិនត្រូវបានគេបញ្ជាក់ថាពិតក្តី។ ក្រុមអ្នកវិភាគខ្លះជឿថា ឥទ្ធិពលចិនកំពុងដើរតួនាទីជំនួសសហរដ្ឋអាមេរិកក្នុងតំបន់ រួមទាំងនៅកម្ពុជាផងដែរ។
ទោះបីជាលោក ម៉ៃ ភេនស៍ស៍ (Mike Pence) អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងមន្រ្តីការពារជាតិ បានយកចិត្តទុកដាក់លើរបាយការណ៍ស្តីពីមូលដ្ឋានយោធារបស់ចិននៅកម្ពុជាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ក្រុមអ្នកវិភាគមួយចំនួននិយាយថា ឥទ្ធិពលសហរដ្ឋអាមេរិកក្នុងតំបន់រួមទាំងកម្ពុជាត្រូវជំនួសដោយចិន។
លោកបណ្ឌិត ម៉ាវិន អត (Marvin Ott) សាស្រ្តាចារ្យមហាវិទ្យាល័យ Johns Hopkins និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់មជ្ឈមណ្ឌល Woodrow Wilson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកកាលពីសប្តាហ៍កន្លងទៅថា៖
«ប្រទេសកម្ពុជានិងឡាវគឺជាប្រទេសពីរដែលងាយទទួលឥទ្ធិពលពីចិន។ នៅក្នុងវិធីជាច្រើនដែលពួកគេអាចត្រូវបានគេចាត់ទុកថា ជាប្រទេសរណបឬ ប្រទេសសឹងតែរណបរបស់ប្រទេសចិន។ ប្រសិនបើប្រទេសចិនបង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងប្រទេសកម្ពុជា វានឹងកត់សម្គាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃអំណាចក្នុងតំបន់ ដោយផ្តល់ឱ្យកងទ័ពជើងទឹកចិននូវការចូលប្រើប្រាស់ដែនទឹកអាស៊ីអាគ្នេយ៍ជាអចិន្ត្រៃយ៍។ ការណ៍នេះនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការគ្របដណ្តប់របស់ចិនក្នុងតំបន់កាន់តែលំបាក»។
លោកបានបន្ថែមថា៖
«សហរដ្ឋអាមេរិកនិងចិនគឺជាគូប្រជែងដែលមានឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។ គោលបំណងរបស់ប្រទេសចិនគឺដើម្បីបង្កើតសណ្តាប់ធ្នាប់ថ្នាក់តំបន់ដែលដឹកនាំដោយចិន ដែលប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នឹងដាក់ផលប្រយោជន៍របស់ខ្លួននៅក្រោម ផលប្រយោជន៍ប្រទេសចិន។ វានឹងក្លាយជាជំនាន់ថ្មីនៃប្រព័ន្ធរណបប្រទេសដែលមានតាំងពីច្រើនសតវត្សមុន។ ជាផ្នែកមួយនៃចក្ខុវិស័យនេះ អំណាចយោធារបស់សហរដ្ឋអាមេរិកនឹងត្រូវគេដកចេញពីតំបន់ហើយតំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់ផ្តាច់មុខរបស់ចិនផ្នែកសន្តិសុខ។ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក គឺការថែរក្សាតំបន់អាស៊ីអាគ្នេយ៍ជាក្រុមរដ្ឋ មានបូរណភាព ឯករាជ្យភាពដែលមិនមានឋានៈទាបជាងប្រទេសណាមួយ។ ហើយតំបន់ប្រភេទនេះនឹងអនុញ្ញាតឱ្យអាមេរិករក្សាទំនាក់ទំនងពាណិជ្ជកម្មនិងយោធានៅក្នុងតំបន់នេះបាន»។
ប្រទេសចិនកាន់កាប់បំណុលបរទេសជិតពាក់កណ្តាលនៃទឹកប្រាក់ជាង៧ពាន់លានដុល្លាររបស់កម្ពុជា ហើយចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ចិនកំពុងផ្លាស់ប្តូរទីផ្សារអចលនទ្រព្យនិងឧស្សាហកម្មល្បែងស៊ីសងនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុដែលមានតំបន់សេដ្ឋកិច្ចពិសេស។ ភាគ ច្រើននៃបញ្ហានេះត្រូវបានជំរុញដោយគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលនឹងសាងសង់ដោយចំនួនទឹកប្រាក់ចំនួន១លានលានដុល្លារ លើផ្លូវថ្នល់ ស្ពាន ផ្លូវ រថភ្លើង កំពង់ផែនិងរោងចក្រអគ្គិសនីនៅក្នុងប្រទេសជាង ៧០ ដើម្បីដឹកនាំពាណិជ្ជកម្មពិភពលោកតាមវិធីរបស់ខ្លួន។ ដោយត្រូវបានគេចាត់ទុកថាដំណើរការឈ្នះឈ្នះរបស់ប្រទេសចិនសម្រាប់ការបង្កើតឱកាសសេដ្ឋកិច្ចនៅតំបន់អាស៊ីនិងឥណ្ឌូ-ប៉ាស៊ីហ្វិក ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដូចជាកំពង់ផែទឹកជ្រៅ ត្រូវរងនូវការសង្ស័យ កាន់តែច្រើនឡើង។
គម្រោង BRI ដែនសមុទ្ររបស់ចិនដែលគេហៅថា "ខ្សែគុជ" នៅតាមរដ្ឋដែលមានឆ្នេរនៅតំបន់សមុទ្រនៃឥណ្ឌូ - ប៉ាស៊ីហ្វិក ត្រូវបានក្រុមអ្នកវិភាគជាច្រើនចាត់ទុកថា ជាការផ្លាស់ប្តូរមួយដើម្បីបង្កើតមូលដ្ឋានយោធាបរទេសនៅខាងជើងសម្រាប់កងកម្លាំងយោធារបស់ប្រទេសចិន។ នេះបើតាមរបាយការណ៍ថ្មីៗចេញផ្សាយដោយអង្គការ ស្រាវជ្រាវស្តីពីកងទ័ពហៅថា C4ADS ដែលមានមូលដ្ឋាននៅស.រ.អា ។
លោក Marvin Ott បានមានប្រសាសន៍បញ្ជាក់ថា៖
«រដ្ឋាភិបាលលោកហ៊ុន សែនមានភាពជិតស្និទ្ធជាមួយប្រទេសចិនជាងអាមេរិកទៅទៀត។ វានៅតែត្រូវបានគេសម្លឹងមើលតើសហរដ្ឋអាមេរិកមានឥទ្ធិពលឬឥទ្ធិពលពិតប្រាកដណាមួយនៅក្នុងរាជធានីភ្នំពេញនៅពេលនេះ។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជាច្រើនជាងប្រទេសចិនដែលអាចរាប់បញ្ចូលនូវអ្វីមួយ។ ម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជាប្រហែលជាមិនចង់ក្លាយជាប្រទេសរណបចិនជាអចិន្ត្រៃយ៍ទេ។ ប៉ុន្តែនៅទីបំផុតការសម្រេចចិត្តទាំងនេះនឹងត្រូវធ្វើនៅរាជធានីភ្នំពេញ»។
លោក Marvin Ott បានមានប្រសាសន៍បន្ថែមទៀតថា៖
«ចំពោះសហរដ្ឋអាមេរិកការពិចារណាយុទ្ធសាស្រ្តទាំងនេះមានភាពស្មុគស្មាញដោយការផ្លាស់ប្តូរនយោបាយកម្ពុជាក្នុងការដឹកនាំឆ្ពោះទៅកាន់របបផ្តាច់ការ – រួមទាំងការដាក់ពន្ធនាគារមេដឹកនាំគណបក្សប្រឆាំងពីបទសមគំនិតជាមួយអាមេរិក។ កាលពីមុនសហរដ្ឋអាមេរិកបានផ្តល់ជំនួយក្នុងទម្រង់ជាឧបករណ៍និងការបណ្តុះបណ្តាលដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា។ ប៉ុន្តែនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក វាស្ទើរតែមិនអាចទៅរួចទេដែលមានទំនាក់ទំនងល្អរវាងយោធានិងយោធានៅពេលមេដឹកនាំនយោបាយកំពុងជាប់គុក »។
សាស្ត្រាចារ្យច្បាប់អាមេរិកម្នាក់គឺលោក ភីធឺ ម៉ាកខ្វៃអ័រ (Peter Maguire) ជាអ្នកនិពន្ធសៀវភៅ «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» ឬ «Faicing Death in Cambodia» ដែលជាអ្នកតាមដានកិច្ចការអាស៊ីអាគ្នេយ៍និងកម្ពុជាផងបានថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុនដែរថា៖
«ខ្ញុំជឿជាក់ថា ប្រទេសចិនបានសម្រេចគោលដៅរបស់ខ្លួនរួចទៅហើយ ដើម្បីក្លាយជាមហាអំណាចនៅអាស៊ីអាគ្នេយ៍។ ចិននឹងទទួលបានអ្វីដែលចិនចង់បាននៅក្នុងប្រទេសកម្ពុជា ហើយអនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ភេនស៍ (Mike Pence) មិនអាចប្រជែងជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាននោះទេ។ លោកហ៊ុន សែន បានរុញច្រាននិងបើកផ្លូវរបស់កម្ពុជានៅជុំវិញរដ្ឋបុរសអាមេរិកមួយចំនួន ជាច្រើនទសវត្សរ៍មកហើយ ហើយបានភ្លេចរឿងនយោបាយអន្តរជាតិច្រើនជាងលោក ភេនស៍ បានចាំទៅទៀត»។
លោកបានបញ្ជាក់បន្ថែមថា៖
«ទោះបីជាជំនួយហិរញ្ញវត្ថុចិនដ៏ច្រើនផ្តល់ឲ្យកម្ពុជាដោយគ្មានភ្ជាប់លក្ខខណ្ឌផ្នែកសិទ្ធិមនុស្សក៏ដោយ ក៏មានលក្ខខណ្ឌផ្សេងទៀតដែលនឹងបង្ហាញចេញនៅពេលដែលវិក្កយបត្រទាំងអស់នេះដល់ពេលត្រូវចំណាយមកដល់។ ខ្ញុំគិតថា មេដឹកនាំកម្ពុជាបានដឹងថា វាមានតម្លៃស្មើនឹងអ្វីៗគ្រប់យ៉ាង។ នៅពេលចុងក្រោយកម្ពុជាបានទទួលជំនួយ យ៉ាងច្រើនពីប្រទេសចិននៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ វាបានបញ្ចប់យ៉ាង អាក្រក់ខ្លាំងណាស់។ កម្ពុជា(ពេលនោះ)បានបង្កើតកិច្ចព្រមព្រៀងមួយដែលគិតតែពីបច្ចុប្បន្ន មិនគិតពីអនាគត ដោយនៅទីបំផុតខ្មែរក្រហមបានប្រសូត្រជាទារករបស់ប្រទេសចិន ហើយចិននៅតែបដិសេធមិនទទួលស្គាល់ដដែល»។
លោកក៏យល់ស្របថា បណ្តាប្រទេសនៅក្នុងតំបន់សូម្បីតែវៀតណាមកំពុងបន្ទន់ជំហរឆ្ពោះទៅរកប្រទេសចិនមួយផ្នែកដែរ ហើយលោកបានបន្ទោសរដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាលរបស់លោកត្រាំ (Trump )មិនសូវអើពើនឹងតំបន់អាស៊ីអាគ្នេយ៍។
«វាងាយស្រួលពេក ហើយងាយស្រួលខាងនយោបាយក្នុងការស្តីបន្ទោសពីការគ្មានអំណាចបច្ចុប្បន្នរបស់វត្តមានអាមេរិកនៅអាស៊ីអាគ្នេយ៍ទៅលើលោក Trump ។ ចាប់តាំងពីថ្ងៃទី ៩ ខែវិច្ឆិកា មេដឹកនាំអាមេរិកបានលេងល្បែង Checkers ខណៈដែលចិនលេងអុកផ្សេង»។
លោកបានបញ្ជាក់ថា កម្ពុជាបានរៀនសូត្រពីបទពិសោធន៍គោលនយោបាយអាមេរិកជាច្រើនជំនាន់ប្រធានាធិបតី តាំងពីលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) លោកបារ៉ាក់ អូបាម៉ា (Barack Obama) ហើយឥឡូវនេះលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានបង្ហាញថា អាមេរិកជាសម្ព័ន្ធមិត្តគ្មានសមត្ថភាពនិងមិនគួរឱ្យជឿ ដែលគេអាចសួរជនជាតិឃឺដ អ៊ីរ៉ាក់ និងជនជាតិអាហ្វហ្គានីស្ថាន។ លោកក៏បានបន្ថែមថា ប្រជាជនកម្ពុជាបានរៀនសូត្រហើយ។ ប៉ុន្តែនៅទីបំផុតពួកគេនឹងត្រូវបានរំឭកថា អ្វីៗគ្រប់យ៉ាង ត្រូវមានតម្លៃ។
លោក ភីធឺ ម៉ាកខ្វៃអ័រ (Peter Maguire) បញ្ជាក់បន្ថែមប្រាប់ VOA ថា៖
«សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាច្រើនអំពីពេលនេះ។ អាហ្វហ្គានីស្ថាននិងមជ្ឈិមបូព៌ា គឺជាបញ្ហាលក់ដុំ។ ប្រទេសកម្ពុជាគឺជាបញ្ហាលក់រាយ។ រដ្ឋបាលថ្នាក់ក្រោមដែលមានចំណេះដឹងខ្ពស់របស់លោកត្រាំ មិនមានសមត្ថភាពក្នុងការប្រឈមមុខនឹងភាពស្មុគស្មាញ ដោយសារតែពួកគេមិនមានការចងចាំពីប្រវត្តិសាស្រ្តច្រើន ហើយមិនធ្វើឲ្យមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្រ្តយូរអង្វែង។ យុទ្ធសាស្ត្រងាកបែរទៅកាន់អាស៊ី "Pivot to Asia" របស់លោកអូបាម៉ា បានក្លាយជាយុទ្ធសាស្រ្ត "ឥណ្ឌូ-ប៉ាស៊ីហ្វិក" របស់ Trump ហេតុអ្វីបានជាយើងមិនហៅវាថាជាការដកថយរបស់អាមេរិកពីអាស៊ីអាគ្នេយ៍ទៅ»។
លោកបានបន្តទៀតថា សហរដ្ឋអាមេរិកបានចាញ់ដៃនៅក្នុងប្រទេសកម្ពុជាហើយជាក់ស្តែងនៅពេលជំនួយការរដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Joseph Felter ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍បានធ្វើទស្សនកិច្ចកាលពីខែមករាក៏ត្រូវរងភាពអាម៉ាស់នៅពេលលោក Felter បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់និងការស្ដារឡើងវិញនូវ "សង្គមស៊ីវិល" ហើយត្រូវបានមន្ត្រីការពារជាតិកម្ពុជា រួមទាំងលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់តបយ៉ាងច្បាស់លាស់មិនឱ្យលោកជ្រៀតជ្រែកនៅក្នុងនយោបាយកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាឥឡូវនេះបានក្លាយទៅជាការគ្រប់គ្រងបក្សតែមួយដូចជាប្រទេសចិនបន្ទាប់ពីការបោះឆ្នោតដែលគណបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់ដែលធ្វើឲ្យប្រទេសលោកខាងលិចដូចសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងនឹងលទ្ធផលនៃការបោះឆ្នោតដែលរងការចោទប្រកាន់ថា គ្មានលក្ខណៈសេរីនិងយុត្តិធម៌ត្រឹមត្រូវ ហើយបានអំពាវនាវឱ្យមានការស្ដារឡើងវិញនូវសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅពេលប្រទេសចិនគាំទ្រយ៉ាងខ្លាំងដល់លទ្ធផលនៃការបោះឆ្នោត។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីអាគ្នេយ៍បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីខែមុនដោយបានព្រមានពីវត្តមានយោធារបស់ចិននៅក្នុងប្រទេសកម្ពុជានិងអំពាវនាវឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យ។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA ខ្មែរកាលពីខែមុនលោក Felter បាននិយាយថា ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរនឹងមិនមានភាពប្រសើរឡើងទេលុះត្រាតែកម្ពុជាមាន «ការបង្រួបបង្រួមជាតិ» រួមទាំងការដោះលែងលោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានជាប់គុកពីបទចោទប្រកាន់ពីបទក្បត់ជាតិ។ ក្រោយពីគណបក្សត្រូវបានរំលាយដោយតុលាការនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧។ លោកកឹម សុខាត្រូវបានឃុំខ្លួនក្នុងផ្ទះហើយត្រូវរង់ចាំការជំនុំជម្រះ ដែលពេលនេះ មន្ត្រីយុត្តិធម៌អះអាងថា លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នរួចទៅហើយកាលពីខែកញ្ញាឆ្នាំទៅដោយប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក រឿងឃុំខ្លួនលោកកឹម សុខាខុសច្បាប់ ហើយមិនកាត់ទោស ជាមួយនឹងការបញ្ជាក់ថា លោកកឹម សុខាជា មនុស្សស្អាតស្អំផងនោះ។
គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចអះអាងថា លោកកឹម សុខាបានរួមគំនិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំលោកហ៊ុន សែន។ គណបក្សសង្គ្រោះជាតិគឺជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនិងជាគណបក្សតែមួយគត់ដែលទទួលបានអាសនៈនៅក្នុងសភាក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានបន្ថែមថា៖
«បាទ យើងមានការព្រួយបារម្ភ។ ការចោទប្រកាន់ប្រឆាំងលោកកឹម សុខាគឺទាក់ទង ដោយផ្ទាល់ជាមួយការរួមគំនិតជាមួយសហរដ្ឋអាមេរិក។ ហើយបទចោទទាំងនោះ គ្រាន់តែជាបទចោទមិនពិតតែប៉ុណ្ណោះ»។
លោក Joseph H. Felter បានអះអាងដែរថា៖
«ហើយខ្ញុំគិតថា វាជាកាយវិការដ៏ល្អមួយចំពោះភាគីប្រទេសកម្ពុជាដើម្បីទម្លាក់ការចោទប្រកាន់ទាំងនោះហើយខ្ញុំគិតថា នេះជាឧទាហរណ៍មួយនៃបញ្ហាដែលអាចជួយយើងផ្លាស់ប្តូរផ្លូវដែលខ្ញុំទើបតែបានពណ៌នាឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងយោធារបស់យើងនិងការបង្កើនកិច្ចសហប្រតិបត្តិការយោធា»។
ក្នុងអំឡុងដំណើរទស្សនកិច្ច លោក Felter បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះវត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជាដោយនិយាយថា «វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងកម្ពុជា ហើយនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាទៀត» ហើយលោកបានព្រមានថា កម្ពុជាអាចធ្លាក់ចូលក្នុងអន្ទាក់របស់ចិន។
«យើងមានការព្រួយបារម្ភដោយផ្អែកលើគំរូនៅទូទាំងតំបន់ដែលប្រទេសកម្ពុជាអាចធ្លាក់ចូលអន្ទាក់ដូចគ្នាដែលប្រទេសដទៃទៀតបានរកឃើញនិងមានវត្តមានយោធាចិន ឬមានច្រកនិងព្រលានយន្តហោះដែលចិនអាចប្រើដើម្បីពង្រីកអំណាចយោធា។ យើងរកឃើញថា ជាការបារម្ភខ្លាំងណាស់»។
លោក Felter បានទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យគិតគូរឡើងវិញ៖
«ដូច្នេះយើងត្រូវបានលើកទឹកចិត្ត ដោយសារថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងរឹងមាំថា ដោយផ្អែកលើរដ្ឋធម្មនុញ្ញលោកនឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសឬមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។ ប៉ុន្តែប្រសិនបើប្រទេសចិនអាចបង្កើតមូលដ្ឋានមួយ យើងមានការព្រួយបារម្ភអំពីរបៀបដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់និងសន្តិសុខរបស់ប្រទេសកម្ពុជា»។
នៅក្នុងខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងប៉េកាំងបានបដិសេធសេចក្តីរាយការណ៍ថា កំពង់ផែដែលសាងសង់ដោយចិននៅក្នុងខេត្តកោះកុង អាចត្រូវប្រើដើម្បីមូលដ្ឋានសំចតនាវាចិន។ ព័ត៌មាននេះបានផ្សព្វផ្សាយឡើងបន្ទាប់ពីមានរបាយការណ៍មួយចេញផ្សាយដោយសារព័ត៌មាន Asia Times ដែលបានដកស្រង់សម្តីក្រុមអ្នកវិភាគដែលនិយាយថាកំពង់ផែទឹកជ្រៅដែលកំពុងសាងសង់ដោយក្រុមហ៊ុន Union Development Group (UDG) មានទំហំធំល្មម ដើម្បីចតនាវាចម្បាំងនិងនាវាពិឃាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស មិនថាឡើយកងកម្លាំងជើងទឹក កងកម្លាំងថ្មើរជើងឬកងកម្លាំងអាកាសនោះទេ។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីរាជធានីភ្នំពេញនៅសប្តាហ៍ថ្មីដោយបន្ទរតាមលោកនាយករដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា បទពិសោធន៍ពីអតីតកាលនៃភាពលម្អៀងបានធ្វើឲ្យកម្ពុជាយល់ដឹងផលប៉ះពាល់ហើយព័ត៌មានពីរឿងដាក់កងទ័ពចិននោះ មិនអាចទៅរួចទេ ដោយសារតែកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រមុខដឹកនាំអាស៊ានទាំង១០រួមទាំងកម្ពុជា មិនអាចអនុញ្ញាតឲ្យកើតមានមូលដ្ឋានយោធា ឬ បណ្តោយឲ្យអាស៊ានស្ថិតក្រោមឥទ្ធិពលបរទេសណាមួយដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«ខ្ញុំថាវាដូចជាការព្រួយបារម្ភហួសហេតុពេករបស់ស.រ.អា ពីព្រោះការធ្វើឲ្យមានមន្ទិលសង្ស័យមានពីរចំណុច។ ចំណុចទី១ គឺអ្នកនយោបាយស.រ.អា ដែលយកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមកដាក់ឥទ្ធិពលលើកម្ពុជាក្នុងការលូកដៃចូលជ្រៀតជ្រែក ក្នុងកិច្ចការកម្ពុជាដែលជាសិទ្ធិរបស់កម្ពុជាក្នុងការសម្រេចរបស់ផងខ្លួន។ នេះជាចំណុចទី១។ ហើយចំណុចទី២ អ្នកជំនាញខាងយោធា ដែលគេមានមន្ទិលសង្ស័យ អាហ្នឹងជារឿងដទៃទៀត ហើយការលើកឡើងហ្នឹងក៏វាមិនមានអ្វីជាការពិត ដែលកើតឡើងនៅក្នុងកម្ពុជានោះទេ។ យើងមិនរៀបចំឲ្យមានចំណុចខ្សោយឡើយ»។
លោកថា កម្ពុជាចង់បានសន្តិភាព ស្ថិរភាព ភាពស្មើគ្នារវាងកម្ពុជានិងប្រទេសដទៃ និងប្រទេសជិតខាង ហើយក៏មិនធ្លាប់និយាយអំពីមូលដ្ឋានសឹករបស់អាមេរិកនៅជប៉ុន នៅកោះ Guam ដែរ។ តែកម្ពុជាយកបរទេសទាំងឡាយជាដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងតុល្យភាព ហើយរកមធ្យោបាយកុំឲ្យតំបន់អាស៊ានធ្លាក់ទៅក្នុងភូមិសាស្ត្រនយោបាយ នេះគឺជាការព្រួយបារម្ភរបស់អ្នកសិក្សាស្រាវជ្រាវ និង អ្នកជំនាញផ្នែកសន្តិសុខពិភពលោកនៅពេលដែលឥទ្ធិពលចិនកើនឡើងក្នុងតំបន់។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ អ្នកវិភាគកិច្ចការតំបន់បានដាក់ចម្ងល់ដែរពីការប្រកាសរបស់ស.រ.អា ព្រោះកម្ពុជាគ្មានហេតុផលសន្តិសុខ នយោបាយ សេដ្ឋកិច្ច ដែលតម្រូវឲ្យកម្ពុជាដាក់កងទ័ពបរទេស។ លោកសួរថា៖
«វាអត់មានការចាំបាច់ ឥឡូវយើងដាក់កងទ័ពហ្នឹងដើម្បីអី្វ? ដើម្បីទៅប្រយុទ្ធប្រឆាំងជាមួយថៃ? ឬក៏ជាមួយវៀតណាម? ឬក៏ជាមួយប្រទេសណា? ពីព្រោះថា បើយើងដាក់កងទ័ពហ្នឹង វាត្រូវតែមានគោលដៅរបស់យើងហើយ អ្នកណាជាការគំរាមកំហែងដល់កម្ពុជា។ អីចឹងទេ វាអត់មានហេតុផលយោធា សន្តិសុខឬក៏សេដ្ឋកិច្ចណាមួយដើម្បីឲ្យកម្ពុជាមានកងទ័ពបរទេសហ្នឹងទេ»។
លោកបន្ថែមថា បើកម្ពុជាអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសដាក់មូលដ្ឋានលើទឹកដីរបស់ខ្លួន មួយផ្នែកនឹងធ្វើឲ្យមានការព្រួយបារម្ភពីប្រទេសនានាក្នុងតំបន់ដែរ។
«ពីព្រោះបញ្ហាហ្នឹងមិនមែនតូចទេ។ យើងវាយតម្លៃ យើងចោទថា ប្រទេសមួយឲ្យតំបន់មួយទៅប្រទេសផ្សេងធ្វើជាមូលដ្ឋានយោធា (Military base) ហ្នឹងមិនមែនជាការចោទប្រកាន់ធម្មតាទេរឿងហ្នឹងធ្ងន់ណាស់។ វាប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជានៅក្នុងអាស៊ាន វាប៉ះពាល់ទៅដល់ភាពជឿទុកចិត្តគ្នារវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាពិសេសប្រទេសថៃនិងវៀតណាម។ និយាយឲ្យចំទៅវានៅជិតថៃជាងវៀតណាមទៀត កោះកុងហ្នឹង។ អីចឹងពេលដែលយើងមានកងទ័ពបរទេសនៅជិតខ្លួនអីចឹង គ្មានពីណាគេសប្បាយចិត្តទេ»។
លោក វណ្ណារិទ្ធ បានអះអាងបន្តថា កន្លងមកប្រទេសដែលមានសម្ព័ន្ធមិត្តជាមួយអាមេរិកក្នុងតំបន់អាស៊ានអាចឲ្យអាមេរិកដាក់មូលដ្ឋានកងទ័ពនៅប្រទេសខ្លួនបាន គឺវាជាសិទ្ធិរបស់ប្រទេសនោះ ដូចជាប្រទេសហ្វីលីពីន តែក្រោយមកដោយសារនយោបាយផ្ទៃក្នុងរបស់ខ្លួន ហ្វីលីពីនក៏លែងឲ្យមានវត្តមានកងទ័ពអាមេរិកទៅវិញ។ នៅពេលនេះលោកថា តំបន់អាស៊ានដែលមានប្រទេស១០រួមទាំងកម្ពុជាផងនោះគ្មានកងទ័ពបរទេសណាមានមូលដ្ឋានទ័ពនោះទេ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ ក្រុមមន្ត្រីក៏ដាក់ចម្ងល់អំពីរឿងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនដែរ ដែលក្រុមអ្នកវិភាគនិងមន្ត្រីនានា បាននិយាយថា វិបត្តិពន្ធលើទំនិញចិននិងអាមេរិកទំនងជារឿងដែលមិនអាចបញ្ចៀសអ្វីដែលគេហៅថា«សង្គ្រាមត្រជាក់»រវាងចិននិងអាមេរិកបានទេ។
លោក Stapleton Roy អតីតឯកអគ្គរដ្ឋទូតស.រ.អាប្រចាំប្រទេសចិនជំនាន់លោកប្រធានាធិបតី George H.W. Bush និងលោកប្រធានាធិបតី Bill Clinton បានថ្លែងថា មូលដ្ឋានគ្រឹះនៃការស្ថាបនាទំនាក់ទំនងអាមេរិក ចិននោះ មានលក្ខណៈផុយស្រួយជាងពេលណាៗទាំងអស់ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ដោយឡែកលោក Daniel Russel អតីតអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងតំបន់ប៉ាស៊ីហ្វិកក្នុងរដ្ឋបាលលោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានកត់សម្គាល់ពីទំនាក់ទំនងល្អក់កករ រាប់ទាំងបញ្ហាកូរ៉េខាងជើងផងដែរ ហើយថា ប្រទេសនានាទំនងជាជ្រើសរើសយកភាគីណាមួយក្នុងសង្គ្រាមត្រជាក់ ថ្មីមួយ។ លោកថា របួសដែលប្រទេសក្នុងតំបន់អាស៊ីទាំងឡាយ បានយល់ដឹងអំពីការផ្លាស់ប្តូរគោលនយោបាយចាប់ពីរដ្ឋបាលប្រធានាធិបតី អូបាម៉ា ទៅរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ហើយនឹងឆ្លងទៅប្រធានាធិបតីខាងមុខទៀត គឺធ្វើឲ្យខូចខាតជំនឿទុកចិត្តនៃជំហរស្ថិតស្ថេរ និងការពឹងផ្នែកលើគោលនយោបាយអាមេរិក ដែល ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបង្ខំចិត្តធ្វើពហុទំនាក់ទំនងដើម្បីកាត់បន្ថយការពឹងផ្នែកលើស.រ.អា៕