ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា ​និង​ព្រមាន​អំពី​«អន្ទាក់​ចិន»


រូបឯកសារ៖ លោក កឹម ​សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទ​សម្ភាសន៍ឲ្យ VOA នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ (CSIS) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក កឹម ​សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទ​សម្ភាសន៍ឲ្យ VOA នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ (CSIS) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា ​ដោយ​បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​យោធា​អាមេរិក​កម្ពុជា​​អាច​​មាន​ភាព​ល្អ​ប្រសើរ​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ​លោក​​ក៏​បង្ហាញ​ក្តី​បារម្ភ​ថា​ កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​យោធា​ចិន។

មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក ​ដែល​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​បាន​ថ្លែង​ថា ​សហ​រដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំងលោក ​កឹម សុខា ​ហើយក៏​បានបង្ហាញ​ក្តី​បារម្ភ​ខ្លាច​ថា កម្ពុជា​អាចធ្លាក់​ចុះ​ក្នុង​អន្ទាក់​មូលដ្ឋានទ័ពរបស់​ចិន។​

ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍ លោក Joseph H. Felter បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​រវាងកម្ពុជានិងអាមេរិក។
ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍ លោក Joseph H. Felter បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​រវាងកម្ពុជានិងអាមេរិក។

ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍ ​លោក​ Joseph H. Felter​ បាន​ដឹកនាំ​មន្រ្តី​ជាន់​ខ្ពស់​របស់​ខ្លួនមកបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៩។​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ លោក​ឧបការីរង ​Felter ​បាន​ជួប​ជាមួយ​លោក​ឧត្តម​សេនីយ៍​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ដើម្បី​ពិភាក្សា​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា ​និង​អាមេរិកនិង​សន្តិសុខ​ក្នុង​តំបន់។​ ​លោក​ក៏​បាន​ជួប​ជាមួយ​ឧត្តម​នាវីឯក​អ៊ុក សីហា ​មេបញ្ជា​ការ​រង​កង​ទ័ព​ជើងទឹក ​និង​មេ​បញ្ជា​ការ​មូលដ្ឋាន​សមុទ្រ។​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ​លោក​ក៏​បាន​លើក​ឡើង​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់លោក​កឹម សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ និង​ជំរុញ​ឲ្យ​កម្ពុជាមាន​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ VOA ​ក្រោយ​បញ្ចប់​ទស្សន​កិច្ច​ លោក​ Felter ​បាន​ថ្លែង​ថា ​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​អាមេរិក​និង​កម្ពុជា​ អាច​មាន​ភាព​ល្អ​ប្រសើរ ​លុះត្រា​តែ​កម្ពុជា​មាន​ការ​ផ្សះផ្សា​ជាតិ​មួយគឺ​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា។​

លោក​បាន​ថ្លែង​ថា៖​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​ប្រឆាំង​[លោក​កឹម សុខា]​ ដោយ​សារ​វា​ទាក់ទង​នឹងការ​ចោទ​ប្រកាន់​ថា​ ​ចូល​រួម​គំនិត​ជាមួយ​អាមេរិក ​ហើយ​នេះ​មិន​មែន​ការណ៍​ពិត​នោះ​ទេ។ ខ្ញុំ​គិត​ថា​ វា​នឹង​ជា​កាយ​វិការ​ល្អ​មួយ​ពី​ភាគីកម្ពុជា​ក្នុង​ការទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ។ ​នេះ​ជា​ឧទាហរណ៍​មួយ​ដែល​នឹង​ជួយ​ឲ្យ​យើង​ទៅ​រក​ផ្លូវ​ដែល​ខ្ញុំ​ទើប​តែ​រៀបរាប់ថា ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ទំនាក់​ទំនង​យោធា​ និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា ​និង​យោធា»។​

ដំណើរ​ទស្សន​កិច្ច​របស់​ឧបការី​រង​រូបនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​បរទេស​មួយ​ផ្សាយ​ថា​ ​កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយនៅ​ក្នុង​ខេត្តកោះកុង​ ​ដែល​ទំនង​ជា​មាន​គោល​ដៅ​សម្រាប់​បម្រើ​ដល់​សកម្ម​ភាព​នាវា​ចរណ៍របស់​កងទ័ព​ចិន។​ ​យ៉ាង​ណាក្តី​ ​របាយ​ការណ៍​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ថា​ ​ជា​រឿង​មិន​ពិត។​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​លោក ​Felter ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ណាមួយ​ ដូច​នឹង​ប្រទេស​ផ្សេងៗ ​ដែល​អាច​ឲ្យមាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ផែ​របស់​កម្ពុជា។​

លោក​ Felter ​បាន​បញ្ជាក់​ថា៖​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​ពី​មុន​មក​នៅ​ក្នុង​តំបន់​ ដែល​ថា​ ​កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ដូច​គ្នា​ ដែល​ប្រទេស​ទាំង​នោះ​មាន​វត្តមាន​យោធា​របស់​ចិន ​ឬ​ក៏​យោធា​ចិន​អាច​ចូល​ទៅ​កាន់​ផែ​និង​ព្រលាន​យន្ត​ហោះ ​ដែល​អាច​ឲ្យ​ពួកគេ​ប្រើ​ប្រាស់​ដើម្បី​អំណាច​យោធា។ ​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​ លោក​ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ពី​លោក​នាង ផាត​ទេ។ ​VOA​ ក៏មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ដែរ។​

លោក​ទៀ បាញ់ ​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អធិប​តេយ្យ​ភាព​កម្ពុជា​មិន​អាច​ប្តូរ​ជាមួយ​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​បាន​ទេ។ ​លោក​បញ្ជាក់​ថា ​ការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​គឺជា​រឿង​របស់​សហ​រដ្ឋ​អាមេរិក។​

លោក​ទៀ បាញ់​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​មាន​អត្ថន័យ​ដើម​ថា៖​

«លក្ខខណ្ឌ​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ ​ពីព្រោះ​នេះ​គឺជា​អធិប​តេយ្យ​ភាព​របស់​យើង​ ដូច្នេះ​ហើយ ​វា​មិន​អាច​ទៅ​រួច​ទេ ​សម្រាប់​អ្នក​នេះ ​ឬ​អ្នក​នោះ​មក​ដាក់​លក្ខខណ្ឌ​ឬ​មក​ប្រាប់​ឲ្យ​ធ្វើ​នេះ​ ឬ​ធ្វើ​នោះ។ ​យើង​មិន​អាច​ប្តូរ​អធិបតេយ្យ​ភាព​ សិទ្ធិ ​និង​ច្បាប់​ របស់​យើង​ជាមួយ​រឿង​នោះ​ទេ»។​

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ​កម្ពុជានិង​អាមេរិក​តែង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ដែល​ហៅ​ថា ​CARAT ​ជា​រៀង​រាល់​ឆ្នាំ។​ ​ប៉ុន្តែ​ចាប់​តាំង​ពី​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​មានភាព​រកាំរកូស​ ​ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៧​មក​ ​សមយុទ្ធ​នោះ​ត្រូវ​បាន​លុប​ចោល​ ដោយ​កម្ពុជា​អះអាង​ថា​ ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​អនុវត្ត។ ​ប៉ុន្តែ​សមយុទ្ធ​យោធា​រវាង​កម្ពុជា​និង​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ទៀង​ទាត់៕

XS
SM
MD
LG