ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​​បិទ​ផ្លូវ​ការ​តវ៉ា​របស់​សកម្មជន​សហជីព​និង​កម្មករ


អ្នក​តវ៉ា​ស្រែក​នៅ​ផ្លូវ​មួយ​ដែល​ត្រូវ​បិទ​នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​តវ៉ា​ស្រែក​នៅ​ផ្លូវ​មួយ​ដែល​ត្រូវ​បិទ​នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
មិន​ខុស​ពី​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍ទេ ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេចបិទ​ផ្លូវ​ការ​តវ៉ា​ចំពោះសំណុំ​រឿង​របស់​លោក​ វន់ ពៅ​ និង​ជន​ជាប់​ចោទ​២០​នាក់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​ និង​នៅ​រោង​ចក្រ​យ៉ាកជីង​កាល​ពី​ដើម​ខែមករា។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​តុលាការ​កំពូល​បាន​បើក​សវនាការ​កំបាំង​មុខ​ចំពោះ​សំណើស្នើ​របស់​មេធាវី​ដែល​សុំ​ឲ្យជនជាប់​ចោទ​ទាំង​២១​នាក់នៅ​ក្រៅ​ឃុំ។ ​ក៏ប៉ុន្តែ​មិន​ទាន់​បាន​ប្រកាស​សាល​ក្រម​ភ្លាមៗ​ទេ។​

សវនាការ​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​អ្នក​ការ​ពារក្តី​ជន​ជាប់​ចោទ​ចំនួន​១០​នាក់​ និង​ចៅ​ក្រម​ចំនួន​៥​នាក់។​

លោក ​ ឃឹម ប៉ុន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​ប្រកាស​ទាត់​ចោល​បណ្តឹង​ស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំរបស់​ជនជាប់​ចោទ​ ទាំង​២១​នាក់​ រាប់​បញ្ចូល​ទាំង​លោក​ វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ​ ដោយ​តុលាការ​បាន​សំអាង​ហេតុផលថា​ រឿង​ក្តី​នេះ​កំពុង​ដំណើរ​ការនិតិវិធី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​និង​ការ​ សម្រេចឲ្យដោះ​លែង​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​សន្តិសុខ​និង​សណ្តាប់​ ធ្នាប់​សង្គម។​
តុលាការ​ភ្នំពេញ​បន្ត​សវនាការ​សកម្មជន​សហជីព
សូម​រង់ចាំ

No media source currently available

0:00 0:05:14 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សំ សុខគង់​ មេធាវីការ​ពារក្តី​លោក​វន់ ពៅ​ មាន​ប្រសាសន៍​ថា​ ការ​សម្រេចសេចក្តី​នេះ​វា​ហាក់​បីដូច​ជា​មាន​ភាព​អយុត្តិ​ធម៌​ចំពោះ​កូន​ក្តី​របស់​លោក។ លោក​បាន​បញ្ជាក់​ថា​ បើ​ទោះ​បី​តុលាការ​ក្រុង​កំពុង​ដំណើរ​ការ​និតិវិធី​ក៏​ដោយ​ ក៏​តាម​ច្បាប់​កូន​ក្តី​របស់​លោក​អាច​មាន​សិទ្ធិ​ស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំ​បាន​ដែរ។​

លោក​និយាយ​ថា៖ ​«អញ្ចឹង​ចំពោះ​មេធាវី​ការពារ​យល់​ឃើញ​ថា ​មាន​ការ​សោក​ស្តាយ​ដោយ​សារ​តែការ​ដែល​តុលាការ​កំពូល​គាត់​យោង​ទៅ​លើ​ចំណុចពាក់​ព័ន្ធ​នៅ​នឹង​អង្គ​សេចក្តី ​ហើយ​នឹង​រឿង​នៅ​ក្រៅ​ឃុំ​នេះ ​គាត់​យក​មក​ដាក់​លាយ​ឡំ​គ្នា»។​

ដូច​ពេល​សវនា​កាល​ពី​សប្តាហ៍​មុន​ដែរ​ ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​កំពូល​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​ទេ។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​ នេះ​ជា​ករណី​នយោបាយ​ ទាំង​តុលាការ​សាលា​ដំបូង​ក្តី សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ក្តី​ គ្រាន់​តែ​បោះបាល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​គ្រាន់​តែ​ជា​សេស​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «ចេតនា​ពិត​នៃ​ភាព​យុត្តិ​ធម៌​ ខ្ញុំ​គិតថា​ វាគ្មាន​ទេ។ អ្វី​ដែល​ធ្វើ​នេះ​ វាទៅ​តាម​អំណាច​នៃ​នយោបាយ​តែ​ប៉ុណ្ណោះ»។​

ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ ដែល​មកពី​សហគមន៍ផ្សេងៗ​ បាន​មក​តវ៉ា​នៅ​ពី​មុខ​តុលាការ​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​រួច។​ ពួកគេ​បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​ថា ​«តុលាការ​អយុត្តិធម៌»។​

អ្នក​តវ៉ា​ស្រែក​ថា៖​ «សូមឲ្យចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ពិចារណា​រឿង​ក្តី​នេះ​មក​វិញ»។

អ្នក​ស្រី​ ប៉ាន់ ស៊ីណា​ ម្តាយ​បង្កើត​របស់​ជនជាប់​ចោទ​ សុគន្ន​ សម្បត្តិ​ពិសិដ្ឋ​ ​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​មាន​ការ​ឈឺចុក​ចាប់យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​តុលាការ​កំពូល​សម្រេចមិន​ឲ្យកូន​របស់​អ្នក​ស្រី​បាន​នៅ​ក្រៅ​ឃុំ។​

អ្នក​ស្រី​និយាយ​ថា៖ ​«អត់​មាន​យុត្តិធម៌​ចំពោះ​កូន​ខ្ញុំ​ទេ។ មូល​ហេតុ​ដោយ​សារ​តុលាការ​គ្មាន​ឯក​រាជ្យ​ ស្តាប់​អ្នក​នៅ​ក្រោយ​ ស្តាប់​បញ្ជា​របស់​អ្នក​ណា​មួយ​ដែល​គាត់​មិន​ឲ្យដោះ​លែង​ជន​ទាំង​២១​នាក់​ឲ្យនៅ​ក្រៅ​ឃុំ»។​

សាលា​ដំបូង​ក្រុង​ភ្នំពេញ​បាន​បន្ត​ដំណើរ​ការ​អង្គសេចក្តី​សំណុំ​រឿង​កម្មករ​ទាំង​២៣​នាក់​ និង​ពីរ​នាក់​ផ្សេង​ទៀត​នៅ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ឡើង​តាំង​ពី​ដើម​ខែ​មករា។​

សំណុំ​រឿង​នេះ​មិន​ទាន់​បាន​បញ្ចប់​ទេ ​តុលាការ​និង​បន្ត​ពិភាក្សា​ដេញ​ដោល​ទៀត​នៅ​ថ្ងៃ​ទី​២០​ខាង​មុខ​ទៀត។​

លោក​ វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ក្រុម​កម្មករ ​សកម្មជន​សហជីព​ចំនួន​២២នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ពី​បទ៖​ «ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»។​

ពាក់​ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហ​កម្ម​ កាណាឌីយ៉ា ​និង​រោង​ចក្រ​យ៉ាកជីង ​កាលពី​ដើម​ខែមករា​ដែល​បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​៤​នាក់៕
XS
SM
MD
LG