ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​​អ.ស.ប.​​​ផ្នែក​សិទ្ធិ​មនុស្ស​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា


ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​ Flavia Pansieri ​នេះ ​កើត​ឡើង​ចំពេល​ដែល​កម្ពុជា​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​
ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​ Flavia Pansieri ​នេះ ​កើត​ឡើង​ចំពេល​ដែល​កម្ពុជា​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​អន្តរាគមន៍​កែ​លម្អ​ សិទ្ធិ​មនុស្ស​ សិទ្ធិ​បញ្ចេញ​មតិ​ ក្នុង​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​របស់​អ.ស.ប.ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បានដាក់​ក្តី​សង្ឃឹម​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ មួយ​ចំនួន​នឹង​ត្រូវ​បាន​ដោះស្រាយ​ហើយ​កែ​លម្អ​ក្នុង​ពេល​លោកស្រី ​Flavia Pansieri ​ឧត្តម​ស្នងការ​រង​នៃ​អ.ស.ប.ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​គ្រោង​នឹង​ បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​សប្តាហ៍​ខាង​មុខ។​

ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​ Flavia Pansieri ​នេះ ​កើត​ឡើង​ចំពេល​ដែល​កម្ពុជា​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោកស្រី​បាន​ដាក់​គម្រោង​ការ​ជួប​ជាមួយ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រីរដ្ឋាភិបាល​ផង​ដែរ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​សប្តាហ៍​ចាប់ផ្តើម​ពីថ្ងៃទី​២៨​ខែ ​មេសា​នេះ។​

លោក ​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា​ លោក​មាន​កម្ម​វិធី​ជួប​ជាមួយ​លោកស្រី​ឧត្តម​ស្នងការ​រង​អ.ស.ប.ដែរ។​

«មូលហេតុ​ដែល​គាត់​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ថា ​ប្រហែល​ជាមាន​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ដំណើរ​ការ​ សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ក្នុង​ពេល​ បច្ចុប្បន្ន​នេះ​គឺជា​ការ​បាញ់​ប្រហារ​ទៅលើ​បាតុករ​នៅផ្លូវ​វ៉េងស្រេង​និង​ការ​វ៉ៃ​ធ្វើ​ ទារុណកម្ម​នៅផ្លូវ​ជាតិ​លេខ​បួន​ ហើយនឹង​ការ​ចាប់​ខ្លួន​អ្នក​ទាំង​២៣​រូប​នោះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មែន​ទែន។​ នេះ​បាន​ន័យ​ថា ​វាឆ្លុះ​បញ្ចាំង​ពីស្ថានភាព​បញ្ហា​នយោបាយ​ផង​ពាក់ព័ន្ធ​ទៅលើ​ការ​បង្រ្កាប​ទៅ​លើ​បាតុករ​ផង។ ​នេះខ្ញុំ​គិត​ថា​ ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់»។​

លោក​អះអាង​ថា ​លោកស្រី​ទំនង​ជានឹង​និយាយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អំពី​សេរី ភាព​បញ្ចេញ​មតិ​ ការ​បង្រ្កាប​បាតុកម្ម​ក្រុម​ប្រឆាំង​ ស្ថានភាព​នយោបាយ​ ដំណើរ ការ​ប្រជាធិប​តេយ្យ​ ដំណើរការ​កាត់ទោស​កម្មករ​ និង​មន្ត្រី​សហជីព​សរុប​២៣​នាក់ ​ការ​សួរនាំ​អំពី​សេចក្តី​ព្រាងច្បាប់​បី​ទាក់​ទង​នឹង​កំណែ​ទម្រង់​តុលាការ​ដែល​បញ្ជូន​ទៅ​សភា​និង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណិត​ដែរ។​

លោក​អំ សំអាត​ មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​អះអាង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​រង់ចាំ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី។​

«ពីព្រោះ​នៅក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​សិទ្ធិមនុស្ស​នេះ​ក៏​យើង​មាន​បញ្ហា​ជាច្រើន​ ចង់​ឲ្យ​លោកស្រី​ជជែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​រិះរក​យន្តការយ៉ាង​ណា​ធ្វើការ​ លើក​ស្ទួយ​ទៅលើ​វិស័យ​សិទ្ធិ​មនុស្ស​ឲ្យកាន់​តែល្អ​ប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា​ យើង​ ពីព្រោះ​ក្នុង​កាលៈទេសៈ​កន្លង​មក​នេះ ​យើង​ឃើញ​ថា ​ប្រទេស​កម្ពុជា​យើង​ ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ខ្លាំង​តែម្តង»។​

ក្រៅពី​បញ្ហាដីធ្លី​ បញ្ហា​បោះឆ្នោត​ដែលជាប់​គាំង​រាល់​លើក​ ដោយ​សារ​ភាព​មិន​ចុះ​ សម្រុង​គ្នា​រឿង​ឯករាជ្យ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប.)​នោះ ​លោក​ អំ សំអាត​បាន​លើកយក​បញ្ហា​រិតត្បិត​សេរីភាព​ជួប​ប្រជុំ​ បាតុកម្ម​តវ៉ា​ សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​នៅទី​ក្រុង​ភ្នំពេញក៏ដូច​ជា​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ដែរ។​

«យើង​មើល​ទីលាន​ប្រជាធិបតេយ្យ​ដែលជា​កន្លែង​សម្រាប់​ប្រមូលផ្តុំ​ជួបជុំ​ឬ​ក៏​ បញ្ចេញ​មតិ​និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅតាម​ទី​សាធារណៈ​នោះ​ ត្រូវ​បាន ហាមឃាត់​មិនឲ្យ​មានការ​ជួបជុំ ​ការប្រមូល​ផ្តុំនៅ​ទីនោះ​ទេ។​ នេះជា​ចំណុច​មួយ​ ដែល​យើង​ឃើញ​ថា ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​កំពុង​តែធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កាលៈទេសៈ​នៃ​បរិបទ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ជាប់​ គាំង​ហ្នឹង។​ ហើយ​សិទ្ធិ​សេរីភាព​ទាំង​អស់​នេះ​ វាជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិប តេយ្យ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។​ កាលណា​សិទ្ធិ​នេះ​បាត់បង់​បាន​ន័យ​ថា​ ការ​ គោរព​សិទ្ធិ​មនុស្ស​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។​

លោក​ក៏​បាន​ទទូច​ដែរ​ថា​ បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​ក៏​ជា​បញ្ហា​មួយ​ដែល​ត្រូវ​លើក​ឡើង​ ដែរ ​ព្រោះ​វា​ជារឿង​ដែល​ធានាការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។​

«បើ​ប្រព័ន្ធ​យុត្តិធម៌​ ជាពិសេស​ប្រព័ន្ធ​តុលាការ​ មិន​ឯករាជ្យ​ទេ​នោះ​ នីតិរដ្ឋ​និង​ការ​ គោរព​សិទ្ធិ​មនុស្ស​ក៏នៅតែ​មាន​កម្រិត​នៅ​ឡើយ​ដែរ​ បាទ។​ នេះ​ជា​បញ្ហា​សំខាន់​ ដែរ​ ហើយ​បញ្ហា​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​ជា​រឿង​មួយ​ដែរ ​ដែល​យើង​ ត្រូវ​តែ​ជជែក។​ បើយើង​មាន​និទណ្ឌភាព​ច្រើន ​នោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក៏​នៅ​ មាន​បន្ត​ច្រើន​ផង​ដែរ»។​

លោកស្រី ​Cécile ​Pouilly ​អ្នកនាំពាក្យ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ជាន់ខ្ពស់​ នៃ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ​ បានថ្លែង​ប្រាប់វីអូអេ​ថា​ ទស្សន​កិច្ច​របស់​លោកស្រី​ឧត្តម​ស្នងការរង​ Flavia Pansieri ​ជា​ទស្សន​កិច្ច​មួយ​ ដ៏​សំខាន់ ​ព្រោះ​លោកស្រី​ជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​អ.ស.ប.ដែល​បំពេញ​ទស្សន​កិច្ច​តាំងពី​ឆ្នាំ​២០១០​មក។​ លោកស្រី​គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​រដ្ឋាភិបាល ​រួមទាំង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋ មន្ត្រី​ក្រសួងការ​បទេស​ផង​ដែរ។​

«ជា​សំខាន់​ ទស្សន​កិច្ច​នេះ​គឺដើម្បី​ត្រូត​ពិនិត្យ​មើល​អំពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា ​ហើយនឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ការ​រិយាល័យ​ឧត្តម​ស្នង ការ​សិទ្ធិមនុស្ស​របស់​អ.ស.ប.ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​រដ្ឋាភិបាល ​ហើយ​នឹង​សង្គម​ស៊ីវិល​ផងដែរ។ ​ដូច​លោក​អ្នកបាន​ដឹង​ហើយ​ថា ​យើងមាន​កម្មវិធី​ជាច្រើន​ ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ដើម្បី​ជួយ​គាំទ្រ​និង​កែ​ទម្រង់​ប្រព័ន្ធ​ពន្ធនាគារ​ ពង្រឹង​នីតិរដ្ឋ ​ប្រព័ន្ធ​យុត្តិធម៌។​ ដូច្នេះ​យើង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ជាច្រើន​ដែលយើង​ជួយ​ដោះ​ស្រាយ»។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ក៏​រំពឹង​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី ​ជាន់​ខ្ពស់​អ.ស.ប.នេះ​នឹង​មាន​ឥទ្ធិពល​កែប្រែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​អ៊ូ វិរៈ​បាន​បន្តថា៖​

«ខ្ញុំ​ថា ​នឹងមាន​ឥទ្ធិពល​ខ្លះ​ដែរ​មកលើ​រដ្ឋាភិបាល ​ព្រោះអី​អ.ស.ប. រួមទាំង​ តុលាការ ​ICC ​រួមទាំង​អង្គការ​ផ្សេងៗ​ គេ​នឹង​យក​របាយ​ការណ៍​គាត់​ជា​ភស្តុតាង​ដែរ។​ អញ្ចឹង​វាអាច​ប៉ះពាល់​ទៅលើ​មុខមាត់​របស់​រដ្ឋាភិបាល។ ​ខ្ញុំ​មិន​ដឹង​កម្រិត​មួយ​ណាទេ​ តែ​សំខាន់​ចង់ ​មិន​ចង់ ​អ្វីដែល​គាត់​នឹង​លើក​ឡើង​ វា​នឹង​អាច​ពាក់​ព័ន្ធ​ទៅ​លើ​ភាព​ស្រប​ច្បាប់​ក្នុងឆាក​អន្តរជាតិ​នៃ​រដ្ឋាភិបាល​ពេល​បច្ចុប្បន្ន»។​

លោក​អំ សំអាត​វិញ​បាន​អះអាង​ដែរ​ថា៖​

«យើង​នៅ​តែ​មាន​សង្ឃឹម​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​មក​កម្ពុជា​ ហើយ​ ជួប​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជជែក​អំពី​បញ្ហា​សិទ្ធិមនុស្ស​ នេះវា​ជារឿង​មួយ​ដ៏​សំខាន់​ ដែល​យើង​នៅតែ​គិត​ថា ​វា​អាច​នឹង​មាន​សញ្ញាណ​ល្អ​ក្នុង​ការ​ជួយ​ពង្រឹង​ ទៅ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ក៏​ដូចជា​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ យើង​តាម​រយៈ​ទស្សន​កិច្ច​របស់​លោកស្រី​នេះ»។​

ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ត្រូវ​ស.រ.អា.​ចាត់​ទុកថា ​នៅមាន​បញ្ហា​ ជា​ច្រើន​ តែមាន​បញ្ហា​មួយ​ចំនួន​តូច​ដែល​មាន​ការ​រីក​ចម្រើន៕
XS
SM
MD
LG