ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ប្រកាស​ទាមទារ​យុត្តិធម៌​ឱ្យ​កម្មករ​ដែល​ស្លាប់​និង​របួស


បុរស​ម្នាក់​ព្យាយាម​ការពារ​ខ្លួន​ខណៈ​ដែល​ក្រុម​ប៉ូលិស​ចោម​រោម​វាយ​លោក​ក្នុង​អំឡុង​ពេល​​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៤។
បុរស​ម្នាក់​ព្យាយាម​ការពារ​ខ្លួន​ខណៈ​ដែល​ក្រុម​ប៉ូលិស​ចោម​រោម​វាយ​លោក​ក្នុង​អំឡុង​ពេល​​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យមាន​ការ​ផ្តល់​យុត្តិ​ធម៌​ដល់​កម្មករ​និង​តំណាង​សហជីពដែល​ទទួល​រង​ការបាញ់​ប្រហារ​និង​បាញ់​សម្លាប់​ចោល។

ការ​ទទូច​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​១​ខែឧសភា។

នៅ​ព្រឹក​ថ្ងៃ​នេះ​មេដឹក​នាំ​គណបក្ស​ជំទាស់​ទាំង​ពីរ​បាន​យក​ឱកាស​នេះ​ជួប​ជាមួយ​ក្រុម​កម្មករ​ប្រមាណ​ជា​៣០០​នាក់​នៅ​ពី​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​ដែល​ទីនេះ​កម្មករ​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​កាល​ពី​ខែ​មករា​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ធ្វើការ​តវ៉ា​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ។

​ហើយ​បន្ទាប់​ពី​ពិធី​ជួបជុំ​នោះ​ប្រមុខ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ការ​ប្រមូល​ផ្តុំ​មួយ​ទៀត​នៅ​លើ​ស្ពាននាគ​ ​ពី​មុខ​វត្តភ្នំក្រោម​ការរារាំង​របស់​ក្រុម​សមត្ថកិច្ច​មិនឲ្យ​ចូល​ធ្វើ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក​សម រង្ស៊ី ​បាន​ថ្លែង​សារ​ដូច​គ្នា​សំដៅ​ទៅ​កាន់​ក្រុម​កម្មករនៅ​ក្នុង​ពិធី​ទាំងពីរ​នេះ។

«យើង​ទាមទារ​ឲ្យ​ចាប់​ជនឧក្រិដ្ឋ​ទាំងអស់​យក​មកកាត់ទោស។​ កាល​ពី​ថ្ងៃ​ទី​៣ ទី​៤​ខែមករា​ឆ្នាំ​២០១៤នេះ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់ហើយ​មាន​កម្មករ​ កម្មការិនី​ប្រមាណ​៤០​នាក់​ទៀត​បាន​ត្រូវ​របួស​យ៉ាង​ធ្ងន់​ធ្ងរ។ យើង​ត្រូវ​តែ​ទាមទារ​ឲ្យ​វែក​មុខ​ឧក្រិដ្ឋជន​ដៃដល់​និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ យក​ទៅ​កាត់ទោស​តាម​ច្បាប់​ឲ្យ​ទាល់​តែ​បាន»។

​ក្រុម​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ថ្នល់ក្នុង​អំឡុង​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣​ និង​ដើម​ខែមករា​ឆ្នាំ២០១៤​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​បាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​ប៉ុន្តែ​រដ្ឋា​ភិបាល​និង​សមាគម​ថៅកែ​រោង​ចក្រ​បាន​ច្រាន​ចោល​ការ​ទាមទារ​នេះ​ដោយ​សុខចិត្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​តែ​១០០​ដុល្លារ​ក្នុង​មួយខែ​តែ​ប៉ុណ្ណោះ។​កម្មករ​ដែល​មិន​សុខ​ចិត្ត​បាន​បន្តធ្វើ​បាតុកម្ម​រហូត​ដល់​មាន​ការ​បង្រ្កាប​ដោយ​មាន​ការ​បាញ់​សម្លាប់​និង​ការ​ចាប់​ខ្លួន​កម្មករ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ចំនួន​២៣​នាក់។​ហើយ​ក្រោយ​មក​ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន។

លោកសម រង្ស៊ី ​បាន​រំលឹក​ដល់​ប្រវត្តិ​នៃ​ការ​បាញ់​សម្លាប់​លោកជា វិជ្ជា ​មេដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ល្បាញ​និង​តំណាង​សហជីព​កម្មករ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​កាល​ពី​ដប់​ឆ្នាំមុន។ ដំណាល​គ្នា​នោះ​លោក​សម រង្ស៊ី ​ក៏​បាន​និយាយ​យោង​ដល់លោក​ឈូក បណ្ឌិត ​អតីត​ចៅហ្វាយ​ក្រុង​បាវិត ​ខេត្ត​ស្វាយ​រៀង ​ដែល​ត្រូវ​ដាក់​ទោស​ដោយ​បាន​លើក​កាំភ្លើង​បាញ់​កម្មការិនី​រោង​ចក្រ​ពី​ក្រោយ​ខ្នង​ចំនួន​បី​នាក់​ក្នុង​ពេល​ដែល​ពួក​នាង​កំពុង​ធ្វើ​ការតវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ប្រសើរ​ឡើង​ហើយ​រហូត​មក​ទល់​ពេល​នេះ​ លោក​ឈូក បណ្ឌិត ​នៅតែ​មាន​សេរីភាព​នៅ​ឡើយ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ថា​ច្បាប់​អន្តរជាតិ​នៅតែ​អាច​នាំ​យុត្តិធម៌​សម្រាប់​ពួក​គេ​បាននៅ​ឡើយ។

«ខ្ញុំ​សូម​សន្យា​ដល់​គ្រួសារ​អ្នក​ដែល​ស្លាប់ ​អ្នកដែល​រងរបួស​ទាំងអស់​ថា​បើច្បាប់​ជាតិ​មិន​រក​យុត្តិធម៌​ជូន​បងប្អូន​បាន​ទេ ​យើង​នឹង​ដាក់​ទៅ​ច្បាប់​អន្តរជាតិ ​តុលាការ​អន្តរជាតិ​នឹង​ចុះ​មក​ស៊ើប​អង្កេត​អ្នក​ណា​ដែល​បាញ់​ប្រហារ​កម្មករ ​អ្នក​ណា​ដែល​បញ្ជា​នឹង​ទទួល​ទោស​មិន​អាច​គេចរួច​ពី​សំណាញ់​ច្បាប់​ទេ»។

​ក្រុម​កម្មករ​និង​កម្មការិនី​មួយ​ចំនួន​បាន​ឡើង​ថ្លែង​នូវ​គោល​ជំហរ​ទាមទារ​យុត្តិធម៌​និង​ការដំឡើង​ប្រាក់​ខែ​នេះ​ដែរ​ក្នុង​ពិធី​ជួបជុំ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ស្ថិត​ក្រោម​ការពង្រាយ​កង​សន្តិសុខនិង​ពង្រាយ​របង​លួសយ៉ាង​រឹងមាំ។

ក្រុម​កម្មករ​ក៏បាន​ប្រគល់​ញ្ញត្តិ​ដល់​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរដោយ​ជំរុញ​ឲ្យ​គណបក្ស​នេះ​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគេ។

​លោក​ផៃ ស៊ីផាន ​រដ្ឋលេខា​ធិការ​និង​ជាអ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីឆ្លើយ​តប​មក​វិញ​ថា​ការ​ទទូច​របស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែជា​ការធ្វើ​ប្រជាភិថុត​តែ​ប៉ុណ្ណោះ។

«ការ​ដំឡើង​ប្រាក់ខែ​ជា​កិច្ច​ព្រម​ព្រៀង​រវាង​និយោជក​និង​កម្មករដោយ​ផ្អែក​លើ​ផលិត​ភាព។ ​ហើយ​ទី​៣​គឺ​ជាមួយ​នឹង​តម្លៃ​ដែល​កំណត់​ដោយ​អ្នក​បញ្ជា​ទិញ។ ​ដូច្នេះ​ភាព​ជាដៃ​គូ​យើ​ង​កំពុង​តែ​បន្ត​សកម្មភាព​សព្វថ្ងៃ​គឺ​ការ​ដោះស្រាយ​ដែល​យើង​ឈរ​ក្នង​ភាព​ជាដៃគូ​ដើម្បី​ផល​ប្រយោជន៍​ទាំងអស់​គ្នា»។

នៅ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នេះ​ក្រុម​កង​សន្តិសុខ​ដែល​ពាក់​មួក​ឃ្លុប​បិទ​មុខ ​បាន​វាយ​សំពង​អ្នក​ចូល​រួម​ឲ្យ​របួស​ពី​បួន​ទៅ​ប្រាំនាក់​និង​មន្ត្រី​ឃ្លាំមើលសិទ្ធិ​មនុស្សម្នាក់​ត្រូវ​កង​សន្តិសុខ​គំរាម​វាយ​នឹង​ដំបង​នៅ​ក្នុង​ពេល​ដែល​កំពុង​ធ្វើ​សេចក្តី​អធិប្បាយ​ទៅ​កាន់​អ្នក​កាសែត ​ក្រោយ​ពី​ការជួប​ជុំ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ជាមួយ​កម្មករ​និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ចាប់​ផ្តើម​រំសាយ។

ហើយ​នៅ​មុន​នោះ​បន្តិច​មន្ត្រីកងរាជអាវុធហត្ថ​មួយ​រូប​បាន​កញ្ចក់​យក​ទូរស័ព្ទ​ម៉ាក ​iPhone ​របស់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​កំពុង​ថត​រូបភាព។ ប៉ុន្តែ​ក្រោយ​មក​ទូរស័ព្ទដៃ​នោះ​ត្រូវ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ៕
XS
SM
MD
LG