ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បើក​សវនាការ​ករណី​សកម្មជន​និង​កម្មករ​២៣​នាក់​មួយ​រយៈ​ខ្លី

  • ហេង រស្មី

ក្រុម​អ្នកគាំទ្រ​នៅ​លើ​ផ្លូវ​មួយ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​ពួកគេ​លើក​បដា​ក្នុង​ពេល​ដែល​ពួកគេ​ជួបជុំគ្នា​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​ក្រុមបាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ដែល​មាន​ការបង្ក្រាប​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ភ្នំពេញ។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បន្ត​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​មួយ​រយៈ​ខ្លី​លើ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោង​ចក្រ​យ៉ាក​ ជីង​ សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា​ និង​ គល់​ស្ពាន​ស្ទឹង​មាន​ជ័យ។​

សវនាការ​លើក​ទី​ពីរ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ​ដដែល។ ផ្លូវនៅ​ជុំ​វិញ​បរិវេណ​អគារ​តុលាការ​ត្រូវ​បាន​បិទ​មិន​ឱ្យធ្វើ​ចរាចរណ៍​ទេ។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ក្រុម​អាជ្ញាធរ​ប្រដាប់​ដោយ​ខែល​ ដំបង​ឆក់​ កាំភ្លើង​ស្វ័យ​ប្រវត្តិ​ និង​រថ​យន្ត​បាញ់​ទឹក​ត្រូវ​បាន​ដាក់​ពង្រាយ​មិន​អនុញ្ញាត​ឱ្យក្រុម​អ្នក​កាសែត​ថត​យក​រូប​ភាព​ការ​តវ៉ា​របស់​សហជីព​និង​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ដែល​មក​ទាមទារ​រក​យត្តិ​ធម៌​អ្នក​ទាំង​២៣​នាក់​ទេ។​

មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​រវាង​ក្រុម​អ្នក​តវ៉ា​និង​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ទេ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស។​

សវនាការ​នៅ​ថ្ងៃ​នេះ​គឺជា​សវនាការ​បន្ត​ពី​ថ្ងៃទី​២៥​ខែ​មេសា។​ តុលាការ​បាន​សាកសួរ​ជន​ជាប់​ចោទ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​រោង​ចក្រ​យ៉ាក ជីងកាល​ពី​ថ្ងៃ​ទី​២​ខែមករា​កន្លង​ទៅ​នេះ។​

ក្រោយ​ពី​បាន​សួរ​ដេញ​ដោយ​ពេញ​មួយ​ថ្ងៃ​ លោក​ កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​ផ្អាក​សវនាការ ​ដោយ​លោក​បាន​ប្រកាស​ថា​សវនាការ​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ទី២០​ខែ ឧសភា​ខាង​មុខ​នេះ។ ​

នៅ​ក្នុង​បន្ទប់​សវនាការ​ជនជាប់​ចោទ​ទាំង​បី​អ្នក​បាន​អះអាង​ប្រាប់​តុលាការ​ថា​ពួក​គេ​បាន​ទទួល​រងការ​វាយ​ដំ​ដោយដែក​បំពង់​ទីប​ពី​កង​ទ័ព​ឆ័ត្រ​យោង​៩១១​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម​ និង​បាក់​ដៃ។​

ជនជាប់​ចោទ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ​ មន្ត្រី​ចង​ក្រង​នៃ​អង្គការ​ក្រាលី​ដែល​មាន​ភាព​ក្លាហាន​ជាង​ជន​ជាប់​ចោទ​ដទៃ​ផ្សេង​ទៀត​និង​ហ៊ាន​តតាំង​ក្នុង​បន្ទប់ ​សវនាការ​នៅ​ពេល​ដែល​លោក​ចៅ​ក្រម​និង​តំណាង​អយ្យការ​សាក​សួរ។​

សម្បត្តិ​ ពិសិដ្ឋបាន​លាត​ត្រដាង​ការ​ពិត​ថា​លោក​ត្រូវ​បាន​កងទាហាន​ឆ័ត្រ​យោង​៩១១​វាយ​បែក​ក្បាល​និង​ដៃ​ធ្វេង​របស់​លោក​ចាប់​ផ្តើម​ស្វិត​ហើយ​នៅ​ថ្ងៃ​អនាគត​និង​វិវត្តន៍​ទៅ​រក​ពិការ​ភាព។​

សម្បត្តិ​ ពិសិដ្ឋ​បាន​និយាយ​ថា​លោក​មិន​បាន​ចូល​រួម​បាតុកម្ម​ទេ​គឺ​បាន​ទៅ​ឃ្លាំ​មើល​ជាអ្នក​ថត​រូប​និង​ជា​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ដើម្បី​រាយការណ៍​ជូន​អង្គការ​តែប៉ុណ្ណោះ។​

ជាញឹក​ញាប់​ចម្លើយ​របស់​ជន​ជាប់​ចោទ​ត្រូវ​បាន​លោក​ កែ​ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ និង​ លោក​ លី សុផាណា​ តំណាង​អយ្យការ​បាន​គ្រប​សង្កត់។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​លោក​ចៅ​ក្រម​ក្នុង​សវនាការ​មាន​ភាព​លម្អៀង​ដែល​លោក​មិន​រំពឹង​ថា​ជន​ជាប់​ចោទ​នឹង​ទទួល​បាន​យុត្តិ​ធម៌​ទេ។​

លោក​និយាយ​ថា៖​«​ ករណី​នេះ​ជាករណី​ទី​មួយ​ដែល​ចាប់​ផ្តើម​ទៅ​លើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ទាក់​ទង​នឹង​ប្រព័ន្ធ​តុលាការ​ថា​ធ្វើ​យ៉ាង​ណា​ឱ្យប្រព័ន្ធ​តុលាការ​ឯក​រាជ្យ។បើសិន​ជា​ករណី​ទាំង​អស់​នេះ​បង្ហាញ​ថា​ប្រព័ន្ធ​តុលាការ​យើង​មិន​ឯក​រាជ្យ​ទេ​នោះ​ជំនឿ​ប្រជាពលរដ្ឋ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​គឺ​មិន​មាន​ដដែល»។​

ក្រុម​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​រាប់​បញ្ជូល​ទាំង​លោក​ វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ ក្រៅ​ប្រព័ន្ធ​បាន​ស្រែក​ថា​ពួក​គេ​ត្រូវ​ការ​យុត្តិ​ធម៌​និង​អន្តរាគមន៍​ពី​ព្រះ​មហា​ក្សត្រ​ដើម្បី​រក​យុត្តិ​ធម៌។ ​ក៏ប៉ុន្តែ​ការ​ស្រែក​ទាមទារ​របស់​ជនជាប់​ចោទ​អ្នក​ខ្លះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ខ្ទប់​មាត់​ និង​រុញ​ក្បាល​ចុះ​ទៅ​ក្រោម​មិន​ឱ្យនិយាយ​ជាមួយ​អ្នក​កាសែត។​

ជន​ជាប់​ចោទ​បាន​ស្រែក​ថា៖

​«អយុត្តិ​ធម៌​ណាស់​ខ្ញុំ​គ្មាន​កំហុស​អ្វីទេ​ ខ្ញុំ​ត្រូវ​ជាប់​គុក​យ៉ាង​អយុត្តិ​ធម៌។ ​នេះ​ឬ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ? ​យើង​គ្មាន​យុត្តិធម៌​ទេ»។​

ក្រោយ​ពី​បញ្ចប់​សវនាការ​ ក្រុម​គ្រួសារ​ជនជាប់​ចោទ​បាន​ស្រែក​ទ្រហោយំ​និង​ទាម​ទារ​ឱ្យតុលាការ​ដោះ​លែង​ពួក​គេទាំង​២៣​នាក់។​

អ្នក​ស្រី​ ប៉ាន់​ ស៊ីណា​ ម្តាយ​បង្កើត​ជន​ជាប់​ចោទ​ សុគន្ធ​សម្បត្តិ​ពិសិដ្ឋ​ បាន​បញ្ជាក់​ទាំង​សំឡេង​យំ​ខ្សឹក​ខ្សួល​ថា​៖«ដែល​ខ្ញុំ​យំ ​គេចោទ​កូន​ខ្ញុំ​យក​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស។ ​កូន​ខ្ញុំ​គ្រាន់​តែ​ជាអ្នក​ថត​យក​ព័តមាន​ហើយ​នឹង​ថត​រូប​ថត​ទេ»។​

នៅ​មាន​ជន​ជាប់​ចោទ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ចំនួន​១០​នាក់​។​នៅ​ក្នុង​សំណុំ​រឿង​រោង​ចក្រ​យ៉ាក​ជីង​រាប់​បញ្ចូល​ទាំង​លោក​វ៉ន់ ពៅ​ តុលាការ​មិន​ទាន់​បាន​សាក​សួរ​នៅ​ឡើយ៕
XS
SM
MD
LG