ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​បើក​សវនាកា​រឿង​ក្តី​កម្មករ​និង​មេ​ដឹកនាំ​សហជីព​កម្មករ


ស្រ្តី​ម្នាក់​ពី​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ឈប់​ដោយ​សន្តិសុខ​ដែល​យាម​នៅ​ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដែល​អ្នក​ភូមិ​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​ដោះលែង​បាតុករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ការបង្ក្រាប​របស់​ប៉ូលិស​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០១៤។
ស្រ្តី​ម្នាក់​ពី​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ឈប់​ដោយ​សន្តិសុខ​ដែល​យាម​នៅ​ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដែល​អ្នក​ភូមិ​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​ដោះលែង​បាតុករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ការបង្ក្រាប​របស់​ប៉ូលិស​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០១៤។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ពេញ​អង្គសេចក្តី​លើ​ករណី​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ និង​ក្រុម​កម្មករ​សកម្មជន​សហជីព​ចំនួន​២២​នាក់​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ។

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​រិត​បណ្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។ ទាំង​ក្នុង​និង​ខាង​ក្រៅ​បរិវេណ​អគារ​របស់​តុលាការ។ អាជ្ញាធរ​មាន​សម្ថកិច្ច​ជាច្រើន​រាប់​រយ​នាក់​ប្រដាប់​ដោយខែល​ ដំបង​ឆក់​ ព្រម​ទាំង​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​តុលាការ។ ខណៈ​ដែល​ក្រុម​អ្នក​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​និង​ក្រុម​សហជីព​បាន​បន្តតវ៉ា​នៅ​ខាង​ក្រៅ​អគារ​របស់​តុលាការ​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ និង​មន្ត្រី​សិទ្ឋិ​មនុស្ស​បាន​អះអាង​ថា មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ក្រុម​អ្នក​តវ៉ា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​បាន​រង​របួស ពេល​ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​បុក​របាំង​ការពារ​របស់​សមត្ថកិច្ច​ឆ្ពោះ​ទៅ​កាន់​អគារ​តុលាការ​ក្រុង​ភ្នំពេញ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រី ខែក ច័ន្ទរស្មី​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​បាន​និយាយ​រៀប​រាប់​ក្រោយ​ពី​សមត្ថកិច្ច​វាយ​ឲ្យ​រង​របួស​ថា ពួកគេ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌​សម្រាប់​អ្នក​ជាប់​ឃុំ​តែប៉ុណ្ណោះ។

«និយាយ​ទៅ​ពួក​ខ្ញុំ​តវ៉ា​សុំ​ឲ្យ​តុលាការ​ស្រុក​ខ្មែរ​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ពួក​ខ្ញុំ មិន​ថា​ទាំង​២៣​នាក់ទេ​ សម្រាប់​ពលរដ្ឋ​ទូ​ទៅ ត្រូវ​តែមាន​យុត្តិធម៌ ​ពី​ព្រោះ​គាត់​ជាប្រព័ន្ឋ​តុលាការ​មួយ​គឺ​ត្រូវ​តែ​ឯករាជ្យ​គ្មាន​បុគ្គល​ណាមួយ​អាច​បញ្ជា​លើ​គាត់​បាន​ទេ»។

តុលាការ​ក្រុង​ភ្នំពេញ​បាន​បំបែក​សំណុំ​រឿង​ជា​បី​ផ្សេងៗ​គ្នា។ សំណុំ​រឿង​នៅ​រោង​ចក្រ​យ៉ាកជីង​ដែល​មានជនជាប់​ចោទ​ លោក វ៉ន់ ពៅ​ និង​លោក ចាន់ ពុទ្ឋិស័ក្ក​ សកម្មជន​នៅ​តំបន់​បឹង​កក់​ព្រម​ទាំង​សកម្មជន​សហជីព​នៅ​បន្ទប់​សវនាការ​ទី​១។ ចំណែក​ឯករណី​កើត​ឡើង​នៅ​រោង​ចក្រ​វ៉េង​ស្រង​ និង​ គល់​ស្ពាន​ស្ទឹង​មានជ័យ​នៅ​បន្ទប់​សវនាការ​ទី​២​ និង​ទី៣។

ក្រុម​ជន​ជាប់​ចោទ​ដែល​រាប់​បញ្ចូល​ទាំង​លោក វ៉ន់ ពៅ​ ព្រម​ទាំង​សកម្មជន​សហជីព​ផ្សេង​ទៀត​ត្រូវ​បាន​អនុរក្ស​ពន្ឋនាគារ​ដាក់​ខ្នោះ​ដៃ​និង​ពាក់​អាវ​អ្នក​ទោស​ដែល​ខាង​ខ្នង​អាវ​មាន​សរសេរ​អក្សរ​ថា​«ពិរុទ្ឋជន»។

នៅ​ក្នុង​បរិវេណ​តុលាការ ការ​ចែក​បណ្ណ​ចូល​ក្នុង​បន្ទប់​សវនាការ​មាន​ភាព​រញ៉េរញ៉ៃ។ អ្នក​អង្កេតការណ៍​ខ្លះ​បាន​ច្រឡំ​បណ្ណ​ពេល​ល្ងាច​មក​ពេល​ព្រឹក។ នៅ​ពេល​ព្យាយាម​សាក​សួរ​លោក​ ចៅ​ក្រម​ កោ វណ្ឌី​ អនុប្រធាន​តុលាការ​លោក​មិន​បាន​ពន្យល់ទេ។

«ទៅ​សិន​ៗ​។ ចាំបាច់​សួរ​ខ្ញុំ?​ បិទ»។

មាន​អ្នក​អង្កេតការណ៍​និង​អ្នក​យក​ព័ត៌មាន​ជាច្រើន​មិន​បាន​ចូល​ស្តាប់​ក្នុង​អង្គ​សវនាការ​ទេ​គឺ​ពួក​គេ​មួយ​ចំនួន​ធំ​បាន​ត្រឹម​តែ​ឈរ​ខាង​ក្រៅ​របង​តុលាការ​តែ​ប៉ុណ្ណោះ។​

សំណុំ​រឿង​រោង​ចក្រ​យ៉ាកជីង​ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​១០​នាក់​ តុលាការ​បាន​បំបែក​អង្គ​ហេតុ​ជា​ពីរ​ផ្សេងៗ​គ្នា​គឺ​អង្គហេតុ​កើត​នៅ​ពេល​ព្រឹក​និង​ពេល​ថ្ងៃ​ត្រង់។ ក្នុង​អង្គ​សវនាការ​ពេញ​មួយ​ថ្ងៃ​នេះ​តុលាការ​បាន​សួរ​ជន​ជាប់​ចោទ​បាន​តែ​បួន​នាក់​ប៉ុណ្ណោះ​និង​សាក្សី​ដែល​ជា​មន្ត្រី​យោធា​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ម្នាក់​តែ​ប៉ុណ្ណោះ។ ចំណែក​លោក​ វ៉ន់ ពៅ​ និង​ សកម្មជន​ប្រាំមួយ​នាក់​ផ្សេង​ទៀត​តុលាការ​មិន​ទាន់​បាន​សាក​សួរ​នៅ​ឡើយ​ទេ។​

នៅ​ក្នុង​បន្ទប់​សវនាការ​ជន​ជាប់​ចោទ​ទាំង​បួន​នាក់ ដែល​រួម​មាន​លោក​ ឈឹម ធឿន, យ៉ុង សំអុន,​ ណាគ្រី វណ្ណដា​ និង​ស្រី រដ្ឋ​ បាន​បដិសេធ​ថា ​ពួកគេ​មិន​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច​ទេ។​

ក៏​ប៉ុន្តែ​លោក​ វរៈ​សេនីយទោ​ យូ អេង​ សាក្សី​ដែល​ជាមន្ត្រី​យោធា​កង​ទ័ព​ឆ័ត្រ​យោង​៩១១​បាន​ប្រាប់​តុលាការ​ថា ពួកគេ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច​ទើប​បណ្តាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន។​

ក្រោយ​ពី​បាន​សួរ​ដេញ​ដោយ​អស់​រយៈ​ពេល​ជិត​មួយ​ថ្ងៃ។ លោក​ កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ផ្អាក​សវនាការ ដោយ​លោក​បាន​ប្រកាស​ថា​សវនាការ​និង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ទី ​៦ ខែ ឧសភា​ខាង​មុខនេះ។

ក្រោយ​ពី​បាន​ផ្អាក​ជំនុំជំរះ។ លោក​ វន់ ពៅ​ បាន​ស្រែក​ទាម​ទារ​យុត្តិ​ធម៌។​

«ខ្ញុំ វន់ ពៅ​ ត្រូវ​ការ​យុត្តិធម៌។ វន់ ពៅ​ ត្រូវ​ការ​សេរីភាព។ អយុត្តិ​ធម៌ណាស់។ វ៉ន់ ពៅ​ ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ខ្មែរ។ វន់ ពៅ​ធ្វើ​ដើម្បី​ខ្មែរ​ទាំង​អស់។ វន់ ពៅ​គ្មាន​កំហុស​ទេ»។​

មាន​ក្រុម​គ្រួសារ​មួយ​ចំនួន​បាន​ស្រែក​ទ្រោហោ​យំ​នៅ​ពេល​តុលាការ​បាន​ប្រកាស​ផ្អាក​សវនាការ។

«បំពង់​ជ័រ​វាយ​កូន​ខ្ញុំ​ឡើង​បាក់​ដៃ។ បាក់​បាន​ហើយ​ឈប់​និយាយ។ និយាយ​យ៉ាង​ណា​ក៏​មិន​ឈ្នះ​គេ​ដែរ»។

អ្នកស្រី​ ប្រាក់ សុវណ្ណារី​ ភរិយា​លោក​ វន់ ពៅ​ មាន​ប្រសាសន៍​ថា សវនាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក វន់ ពៅ​និង​ជន​ជាប់​ចោទ​ដ៏ទៃ​ផ្សេង​ទៀតទេ។​

«យើង​ដាក់​ឃុំ​គាត់​ជិត​បួន​ខែ​ហើយ​ឥឡូវ​នៅ​តែ​បន្ត​ថ្ងៃទី៦ ខែ​៥​បន្ត​ទៀត។ ថ្ងៃ​នេះ ប្តី​ខ្ញុំ​អត់​ទាន់​បាន​គេ​សាក​សួរ​សវនាការ​ទេ»។​

លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ឋិ​មនុស្ស​លីកា​ដូ​មាន​ប្រសាសន៏​ថា​សវនាការ​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​បំពេញ​និតិវិធី​របស់​តុលាការ​ជាជាង​រក​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ។​

«បើ​សិន​ជាសវនាការ​ពិត​ប្រាកដ​គឺ​យើង​ត្រូវ​តែ​បើក​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ឲ្យ​មាន​ការ​ទូលំទូលាយ​ពីព្រោះ​ការ​ជជែក​ដេញ​ដោល​ទាញ​រក​ហេតុផល​ សួរ​រក​ហេតុ​ផល​នេះ​វាជា​សារះ​សំខាន់​ទាញ​រក​យុត្តិធម៌»។​

ជនជាប់​ចោទ​ទាំង​២៣​អ្នក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ «ញុះ​ញ៉ង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​និង​បទ​មជ្ឃឹម ជាអាទិ៍​ហឹង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស និងខូច​ខាត​ដោយ​ចេតនា​ដោយ​មាន​ស្ថានទម្ងន់ទោស» ​ដែល​បាន​ប្រព្រឹត្ត ​កាល​ពី​ថ្ងៃទី ២ ខែ​មករា​នៅ​រោង​ចក្រ​យ៉ាកជីង សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា​ និង គល់​ស្ពានស្ទឹង​មាន​ជ័យ៕​
XS
SM
MD
LG