ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ី​អឺរ៉ុប (ASEM) នៅឯ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​មីយ៉ាន់ម៉ា កាលពី​ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​ពិសេស​អាមេរិក​-អាស៊ាន​កាល​ពី​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ បាន​គូស​បញ្ជាក់​អំពី​គោល​ការណ៍​«មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង» ទាក់ទង​នឹង​វិបត្តិ​នៅប្រទេស​មីយ៉ាន់ម៉ា ដែល​អាមេរិក​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​ចាត់​វិធាន​ការ​ជា​បន្ទាន់។

កាល​ពី​ថ្ងៃ​ពុធ​ លោក Antony Blinken រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន តាម​ប្រព័ន្ធ​អនឡាញ ដោយ​អាមេរិក​បាន​លើក​ឡើង​បញ្ហា​មួយ​ចំនួន។

បញ្ហា​មីយ៉ាន់ម៉ា ជា​ប្រធាន​បទ​មួយ ដែល​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​បន្ថែម​ពី​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាមេរិក​បញ្ជាក់​ជំហរ​ថា នឹង​នៅ​ជាមួយ​អាស៊ាន ដើម្បី​តទល់​នឹង​«ការ​បង្ខំ»​របស់​ចិន បញ្ហា​កិច្ច​សហ​ប្រតិបត្តិការទន្លេ​មេគង្គ និង​ការ​រួម​គ្នា​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩​ជាដើម។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ បាន​ជំរុញ​ឲ្យ​អាស៊ាន​ចាត់​វិធាន​ការ​រួម​គ្នា និង​ជា​បន្ទាន់​ដើម្បី​ស្តារ​ឡើងវិញ​នូវលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​បញ្ចប់​ហិង្សា​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៩០០​នាក់​ ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែកុម្ភៈ និង​ដោះ​លែង​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក។

ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ជា​ភាគី​សមាជិក​អាស៊ាន​មួយ​ក្នុង​ចំណោម​១០​ប្រទេស ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ពិសេស​នេះ ដោយ​លើក​ឡើង​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​យ៉ាង​ដូច្នេះ​ថា​៖ «ឯក​ឧត្ដម [ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា]​ ក៏​បាន​លើក​ឡើង​ពី​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ ដោយ​ឯកឧត្ដម​បាន​បញ្ជាក់​អំពី​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង និង​តួនាទី​ដែល​មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​សន្តិភាព​ ស្ថិរ​ភាព និង​វិបុលភាព​ សម្រាប់​ស្ថិរភាព​ក្នុង​តំបន់​ និង​ការ​កសាង​សហគមន៍​អាស៊ាន។ ឯកឧត្ដម​បាន​គូស​បញ្ជាក់​អំពី​ការ​ឯក​ភាព​គ្នា​ជា​ឯក​ច្ឆន្ទ​លើ​ប្រាំ​ចំណុច​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន ដែល​បាន​សម្រេ​ច​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ ២០២១ និង​ឆន្ទៈនយោ​បាយ​របស់​អាស៊ាន​ក្នុង​ការ​គាំទ្រ​ដំណោះ​ស្រាយ​សន្តិ​ភាព​តាម​រយៈ​ការ​សន្ទនា»។

រូបឯកសារ៖ ក្រុមបាតុករ​កាន់ទង់ និង​លើក​ម្រាមដៃ៣ ក្នុង​ពេលតវ៉ា​ប្រឆាំងនឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា គឺ​លោក Min Aung Hlaing នៅ​ថ្ងៃកំណើត​របស់​លោក នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករ​កាន់ទង់ និង​លើក​ម្រាមដៃ៣ ក្នុង​ពេលតវ៉ា​ប្រឆាំងនឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា គឺ​លោក Min Aung Hlaing នៅ​ថ្ងៃកំណើត​របស់​លោក នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

លោក​បណ្ឌិត អ៊ា សុផល ​ដែល​ជា​សាស្ត្រា​ចារ្យ​ខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​ Occidental College ​ក្នុង​ទីក្រុង ​Los Angeles​ រដ្ឋ ​California ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ការ​ប្រើ​ប្រាស់​ភាសា​របស់​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ជា​«ការ​បារម្ភ​ខ្លាំង​មួយ» ដែល​នេះ​ជា​ការ​បណ្តែត​បណ្តោយ​ឲ្យ​មេដឹកនាំ​យោធា​នៅ​មីយ៉ាន់​ម៉ា​ធ្វើ​អ្វី​តាម​ដែល​ពួកគេ​ចង់​ធ្វើ។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែលនៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ថា​៖ «វា​មើល​ទៅ​ដូច​ជា​គាត់​[លោក ប្រាក់ សុខុន] មិន​មាន​ឆន្ទៈ​គិត​អ្វី​ក្រៅពី​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការផ្ទៃ​ក្នុង​របស់​អាស៊ាន ដែល​មាន​ន័យ​ថា ​ទុក​ឲ្យ​មេដឹក​នាំ​យោធា​មីយ៉ាន់​ម៉ា​ធ្វើ​អ្វីស្រេច​តែ​ចិត្ត​ទៅ»។

ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស​ កាល​ពី​ខែ​មេសា សមាជិក​អាស៊ាន​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ដោយ​មាន​ការ​លុប​ចោល​ឃ្លា​ដោះ​លែង​អ្នក​នយោបាយ ហើយ​មិន​មាន​ការ​អំពាវនាវ​រឹងមាំ​ណា​មួយ​ឲ្យ​ដោះ​លែង​អ្នក​នយោបាយ​ដែល​ជាប់​ឃុំនៅ​ប្រទេស​មីយ៉ាន់​ម៉ានោះ​ទេ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន ​Reuters កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា

ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០​២២ ដែល​អ្នក​វិភាគ​បាន​ចោទ​ជា​សំណួរ​លើ​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បារម្ភ​ថា​ កម្ពុជា​នឹង​ធ្វើ​តាម​ប្រទេស​ចិន ដូច​កាល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២។

លោក​បណ្ឌិត អ៊ា សុផល​ដែល​ជា​សាស្ត្រា​ចារ្យ​ខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​អាមេរិក ថ្លែង​ថា​ កម្ពុជា​នឹង​ធ្វើ​បែប​នេះ​សម្រាប់ប្រទេស​មីយ៉ាន់ម៉ា «ជំនួស​ប្រទេស​ចិន» ដែល​លោក​ថា ​កម្ពុជា«រណប​តាម​»។

លោកបញ្ជាក់បន្ថែម​ថា៖ ​«ខ្ញុំ​បារម្ភ និយាយ​ដោយ​ស្មោះ​ទៅថា ​កម្ពុជា​ជា​ប្រធាន​អាស៊ាននឹង​ធ្វើ​ដើម្បី​គាំទ្រ​មីយ៉ាន់ម៉ា និង​រដ្ឋ​ប្រហារ ដូច​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​សម្រាប់​ប្រទេ​ស​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​កម្ពុជា​នឹង​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សមាជិក​អាស៊ានផ្សេង​ទៀត​ទេ។ ឥណ្ឌូ​ណេស៊ី​ នឹង​ខក​ចិត្ត​ម្តង​ទៀតនឹង​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​២០១២»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ខែ​មិថុនា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ អ្នកស្រី ​Wendy Sherman ​បាន​អះអាង​ថា អាមេរិក​មាន​បំណង​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ប្រធានអាស៊ាន​នៅ​ឆ្នាំ២០២២ ហើយ​ជួយ​ធានា​ឲ្យ​កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា នៅ​ក្នុង​ការ​ដោះ​ស្រាយប​ញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ និង​នយោបាយ​សំខាន់ៗ នៅ​ក្នុង​តំបន់ ដូច​ជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​តំបន់​ទន្លេ​មេគង្គ។ អ្នកស្រីថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​កម្ពុជា ក្នុង​នាម​ជា​សមាជិក​នៃ​សមាគម​អាស៊ាន កំណត់​ឲ្យ​«របប​យោធាភូមា» ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​៥​ចំណុច​របស់​អាស៊ាន ដែល​មាន​បំណង​ដោះ​ស្រាយ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ប្រទេស​មីយ៉ាន់​ម៉ា។

រូបឯកសារ៖ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)
រូបឯកសារ៖ អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងរវាង​ប្រទេស​ចិន​ និង​សមាជិក​ខ្លះ​របស់​អាស៊ាន​ដែល​មាន​ដូចជា​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី​ និង​ព្រុយ​ណេ ខណៈ​ចិន ​បាន​ទាម​ទារ​យក​ស្ទើរ​តែ​ទាំង​ស្រុង វា​បាន​ធ្វើ​ឲ្យ​សមា​គម​ថ្នាក់​តំបន់​នេះ​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​៤៥​ឆ្នាំ​របស់​ខ្លួន ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា កាលពី​ឆ្នាំ​២០១២។ ការណ៍​នេះ​ដោយ​សារ​តែ​គេ​មើល​ឃើញ​ថា​ កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ចិន បាន​រារាំង​មិន​ឲ្យ​បញ្ចូល​ខ្លឹមសារ​ធ្ងន់​ៗ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម។

ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​លោក​ ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ចំពោះ​មុខ​អាមេរិក​ថា​លោកលើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​«ប្រកាន់​ខ្ជាប់​ភាព​អត់​ធ្មត់​ជា​អតិ​បរមា» និង​ស្វែង​រកដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​ដោយ​សន្តិ​វិធី ដោយ​អនុលោម​តាម​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​អនុ​សញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ ​(UNCLOS) ឆ្នាំ១៩៨២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG