ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​អាស៊ាន​សន្យា​បន្ត​កសាង​កិច្ច​សហ​ប្រតិបត្តិ​ការ ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស និង​សេរីភាព


រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្នុង​ប្រទេស​សិង្ហបុរី។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្នុង​ប្រទេស​សិង្ហបុរី។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ទាំង​១០​ប្រទេស បាន​ជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ភាគី​ទាំង​ពីរ​បាន​សន្យា​បន្ត​កសាង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា ដោយ​ឈរ​លើ​មូល​ដ្ឋាន​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។ នេះ​បើ​យោង​តាម​លោក Ned Price អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​អាមេរិក ដែល​ការ​ថ្លែង​របស់​លោក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​លើក​ឡើង​ថា​លោក Antony J. Blinken រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក និង​អាស៊ាន​បាន​សន្យាបន្ត​កសាង​ដៃ​គូ​យុទ្ធ​សាស្រ្ត​អាមេរិក​-អាស៊ាន «ដោយ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន វិបុលភាព​សេដ្ឋកិច្ច និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​រឹងមាំ»។

លោក​បន្ត​ថា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក៏​បាន​សង្កត់​ធ្ងន់​នូវ​ការ​ប្តេជ្ញា​របស់​អាមេរិក​មក​កាន់​អាស៊ាន ​តួនាទី​ដ៏​សំខាន់របស់​អាស៊ាន​សម្រាប់​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ការ​ធ្វើ​ការ​ជាមួយ​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាតជំងឺ​កូវីដ​១៩។

លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​បដិសេធ​របស់​អាមេរិក​ប្រឆាំង​នឹង​ការ​អះអាង​របស់​ចិន​«ដោយ​មិន​ស្រប​ច្បាប់»​ទៅ​លើ​ដែន​ទឹក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ជាក់​ជា​ថ្មី​ថា​អាមេរិក​នៅ​ជាមួយ​ប្រទេស​ភាគី​ជម្លោះដែល​ជា​សមាជិក​អាស៊ាន ដើម្បី​តទល់​នឹង​ការ​បង្ខំ​របស់​ចិន។ នេះ​បើ​តាម​អ្នក​នាំពាក្យ។

ក្រសួង​ការបរទេស​កម្ពុជា​ដែលជា​ភាគី​សមាជិក​អាស៊ាន​មួយ​ក្នុង​ចំណោម​១០ប្រទេស​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​នេះ ដោយ​លើក​ឡើង​ពីបញ្ហា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ-នយោបាយ​ផង​ដែរ។ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​លោក​ ប្រាក់ សុខុន ​បាន​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​ជា​មួយ​រដ្ឋមន្រ្តី​ផ្សេងៗ​ទៀត ជុំវិញ​ការ​កើន​ឡើង​នូវ​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជ​កម្ម និង​បច្ចេកវិទ្យា ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ការគំរាម​កំហែងផ្សេងៗ​ទៀត។

ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​«ប្រកាន់​ខ្ជាប់​ភាព​អត់​ធ្មត់​ជា​អតិបរមា» និង​ស្វែង​រកដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​មិថុនា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman បាន​អះអាង​ថាអាមេរិក​មាន​បំណង​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​នៅ​ឆ្នាំ២០២២ ហើយ​ជួយ​ធានា​ឲ្យកម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា នៅ​ក្នុង​ការដោះ​ស្រាយប​ញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ និង​នយោបាយ​សំខាន់ៗ នៅ​ក្នុង​តំបន់ ដូច​ជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​តំបន់​ទន្លេ​មេគង្គ។

បន្ថែមពី​លើនេះទៀត​លោក Ned Price អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​អាមេរិក បាន​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក៏​បាន​សន្យាក្នុង​កិច្ចប្រជុំ​ពិសេស​ អាស៊ាន-អាមេរិក​ដដែល​ថានឹង​បន្ត​ការ​គាំទ្រ​តំបន់​ទន្លេ​មេគង្គ ក្រោម​កិច្ច​សហការ​ដៃគូ​រវា​ងតំបន់​ទន្លេ​មេគង្គ និង​សហរដ្ឋ​អាមេរិក។ លោក​បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​កុម្ភៈ និងអំពាវនាវ​ឲ្យ​អាស៊ាន​ចាត់​វិធាន​ការ​រឹងមាំ​មួយ ដើម្បី​ឲ្យ​មេដឹកនាំ​យោធា​ទទួល​ខុស​ត្រូវ៕

XS
SM
MD
LG