ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃពុធដល់បណ្តាប្រទេសនៅក្នុងសមាគមអាស៊ានឲ្យចាប់ផ្តើមធ្វើការសន្ទនាខាងនយោបាយជាមួយពួកមេដឹកនាំយោធាមីយ៉ាន់ម៉ា និងមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Michelle Bachelet បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានយល់ព្រមលើការមូលមតិគ្នាចំនួន៥ចំណុចកាលពីខែមេសា «ក៏ប៉ុន្តែ ជាអកុសល ពួកមេដឹកនាំយោធាមីយ៉ាន់ម៉ា បានបង្ហាញសញ្ញតិចតួចពីការអនុវត្តតាមការព្រមព្រៀងនោះ»។
លោកស្រីបានប្រាប់វេទិកាមួយនៅក្នុងទីក្រុងហ្សឺណែវថា «សមាគមអាស៊ានត្រូវជ្រើសតាំងបេសកជនពិសេសម្នាក់ឬក្រុមមួយជាបន្ទាន់ដើម្បីធ្វើឲ្យការសន្ទនាខាងនយោបាយនេះកើតមានឡើង។ ខ្ញុំសូមលើកទឹកចិត្តសមាគមអាស៊ានឲ្យចូលរួមទាក់ទិនជាមួយមេដឹកនាំប្រជាធិបតេយ្យនិងអង្គការសង្គមស៊ីវិល មិនមែនតែពួកយោធាប៉ុណ្ណោះទេ»៕