ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​យោធា​​មីយ៉ាន់ម៉ា


រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បង្ហាញ​ពី​​យោធា​មីយ៉ាន់ម៉ា និង​រថយន្ដ​ដឹកយោធា​នៅ​ខាង​ក្រោយ ដែល​កំពុង​យាមល្បាត​នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បង្ហាញ​ពី​​យោធា​មីយ៉ាន់ម៉ា និង​រថយន្ដ​ដឹកយោធា​នៅ​ខាង​ក្រោយ ដែល​កំពុង​យាមល្បាត​នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា។

កាល​ពី​ដើម​ខែ​កក្កដា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើមន្រ្តី​យោធា ​បុគ្គល​ និង​ក្រុមហ៊ុន​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​យោធាមីយ៉ាន់ម៉ា ដែល​ជាចំណាត់ការ​ចុងក្រោយ​បង្អស់​ដើម្បីឆ្លើយតប​នឹងរដ្ឋប្រហារ​ថ្ងៃ​ទី០១ ​ខែកុម្ភៈ​ នៅ​មីយ៉ាន់ម៉ា។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​ផ្លូវការ​លើ​មន្រ្តី​យោធា​ជាន់ខ្ពស់​ចំនួន ៧​រូប ចំពោះ​ការប្រើប្រាស់​អំពើ​ហិង្សាដ៏​ប្រល័យ​ពី​សំណាក់រដ្ឋាភិបាល​យោធា​មក​លើ​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រសួង​នេះ​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ១៥​នាក់ ដែល​ជា​សមាជិក​គ្រួសារ​របស់​មន្រ្តី​យោធា​ដែល​រង​ការ​ដាក់ទណ្ឌកម្ម​កាល​ពី​គ្រា​មុន​មក​ និង​ដែល​មាន​ «បណ្តាញ​ហិរញ្ញវត្ថុ​រួម​ចំណែក​ផ្តល់​ជា​«លាភសក្ការៈ»​ដល់​ក្រុម​មន្រ្តី​យោធា»។

សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ហិរញ្ញវត្ថុចុះ​កាល​ពី​ថ្ងៃ​ទី០២ ខែ​កក្កដា បាន​សង្កត់​ធ្ងន់​ថា ទណ្ឌកម្ម​ទាំងនេះ​មិនមែន​សំដៅ​ទៅ​កាន់​ពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ទេ ហើយ​មាន​គោលដៅ​ដាក់​បន្ទុកផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​លើ​យោធា​មីយ៉ាន់ម៉ា​តាមរយៈ​ការ​កាត់ផ្តាច់​បុគ្គល​ចំនួន​ ២២​នាក់ ពី​ទ្រព្យ​ណា​មួយ​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ចំណាត់ការ​បន្ថែម​ពី​នេះ​ទៀត ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ក៏​បាន​រឹតត្បិត​ការ​នាំចេញ​របស់ក្រុមហ៊ុន​ចំនួន​បួន ដែល​ខ្លួន​និយាយ​ថា គាំទ្រ​សកម្មភាព​ដែល​កំពុង​ប្រព្រឹត្ត​ឡើង​ដោយ​យោធា។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​កំណត់មុខសញ្ញា​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុន King Royal Technologies Co., Ltd ដែល​«ផ្តល់​សេវាកម្ម​ផ្កាយ​រណប​ទូរគមនាគមន៍» ទៅ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុមហ៊ុន​ជីករ៉ែ​ទង់ដែង​ចំនួន​បី ដូចជា ក្រុមហ៊ុន Wanbao Mining និង​ក្រុមហ៊ុន​ដៃគូ​ពីរ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​នេះ​រួម​មាន ​ក្រុមហ៊ុន Myanmar Wanbao Mining Copper, Ltd. ​និង​ក្រុមហ៊ុន​ Myanmar Yang Tse Copper, Ltd. ដែល​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​នឹង​របប​ដឹកនាំ​នៅ​មីយ៉ាន់ម៉ា។

ក្រុមបាតុករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ (AP Photo)
ក្រុមបាតុករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ (AP Photo)

ក្រុមហ៊ុន​ទាំង​បួន​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​ពាណិជ្ជកម្ម ​ដែល​រឹតត្បិត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ដោយ​មាន​ករណី​លើកលែង​ខ្លះ។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី Gina Raimondo បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ទី២ ​ខែ​កក្កដាថា៖ «យើង​បន្ត​ជំរុញសម្ព័ន្ធមិត្ត និង​ដៃគូ​ ដែល​មាន​ចិត្ត​គំនិត​ដូចយើង​ ឲ្យ​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ទាំង​បួន​នេះ និង​បង្រ្កាប​ប្រភព​ចំណូល​ដទៃ​ទៀត​ ដែល​គាំទ្រ​សកម្មភាព​រឹតត្បិត និង​មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​យោធា​មីយ៉ាន់ម៉ា។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជំរុញឲ្យ​ពួកជន​ប្រព្រឹត្ត​ទង្វើ​រដ្ឋប្រហារ​ទទួលខុសត្រូវ​ និង​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​មីយ៉ាន់ម៉ា ​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ពួកគេ»។

ការ​បង្កើន​ការ​រឹតត្បិត​បន្ថែម​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​បង្អស់​អំពីអំពើហិង្សា​ដែល​បន្ត​កើត​មាន​ប្រឆាំង​នឹង​ពលរដ្ឋ​នៅ​មីយ៉ាន់ម៉ា។

យោង​ទៅ​តាម​របាយការណ៍ យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៨៨៣​នាក់ និង​បាន​ឃុំខ្លួន​សកម្មជន ​អ្នកសារព័ត៌មាន ​និង​អ្នកប្រឆាំង​នឹងរដ្ឋប្រហារ​ជាង ៥.២០០​នាក់។ ហើយ​មនុស្ស​ជាង​ ២.០០០​នាក់​ទៀត ដែល​កំពុង​ប្រឈម​នឹង​ដីកា​ចាប់ខ្លួន​ កំពុង​លាក់​ខ្លួន។

អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយ​ថា៖ «ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​មីយ៉ាន់ម៉ា​បន្ត​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះការ​ប្រើប្រាស់​កម្លាំង​ដ៏​ប្រល័យ​ និង​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ សហការី​របស់​យើង​បាន​សង្កត់ធ្ងន់​ថា ការ​ប្រើប្រាស់​កម្លាំង​ខ្លាំងក្លា​ដោយ​កងកម្លាំង​សន្តិសុខ​ រួម​មាន ​ការ​ប្រើប្រាស់​គ្រាប់​ពិត ត្រូវ​តែ​ឈប់ ហើយ​ត្រូវ​តែ​ឈប់​នៅ​ពេល​នេះ»។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក អ្នកស្រី Janet Yellen​។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក អ្នកស្រី Janet Yellen​។

យោធា​មីយ៉ាន់ម៉ា​បាន​ទម្លាក់​រដ្ឋាភិបាល​ជ្រើសតាំង​ពី​ការបោះឆ្នោត​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កុម្ភៈ​ពាក់ព័ន្ធ​នឹង​ការ​អះអាងថា លទ្ធផល​នៃ​ការ​បោះឆ្នោត​គឺត្រូវ​បាន​ក្លែងបន្លំ។

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​បាន​ច្រានចោល​ការ​អះអាង​របស់​ក្រុម​យោធា​ពី​ការ​ក្លែងបន្លំ​ការ​បោះឆ្នោត។

ទោះ​បី​ជា​មិនមាន​ភស្តុតាង យោធា​បាន​ចូលក្តោបក្តាប់​រដ្ឋាភិបាល​តាមរយៈ​ការអនុវត្ត​មាត្រា​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ​របស់​មីយ៉ាន់ម៉ា ​ដែល​អនុញ្ញាត​ឲ្យ​យោធា​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយ​ឆ្នាំ។

អំឡុងពេល​រដ្ឋប្រហារ យោធា​បាន​ចាប់​ខ្លួន​លោកស្រី​ Aung San Suu Kyi ​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​និង​ជាអ្នក​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ១៩៩១ សម្រាប់​កិច្ចប្រឹងប្រែង​របស់​លោកស្រី​ដើម្បី​ធ្វើឲ្យ​មីយ៉ាន់ម៉ាក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ។​

កាល​ពី​ខែ​មិថុនា បណ្តា​ប្រទេស​សមាជិក​អ.ស.ប​ចំនួន ១១៩ រួម​ទាំង​សហរដ្ឋ​អាមេរិក បានថ្កោលទោស​ជា​ផ្លូវការ​ទៅ​លើ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា៕

(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។)

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG