ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា ជំរុញ​ឲ្យ​មាន​ចំណាត់ការ​អន្តរជាតិ​ប្រឆាំង​ពួកយោធា


រូបឯកសារ៖ កងយោធា និង​ប៉ូលិស ល្បាត​នៅ​រដ្ឋ Kayah ដែល​ស្ថិត​នៅ​ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ កងយោធា និង​ប៉ូលិស ល្បាត​នៅ​រដ្ឋ Kayah ដែល​ស្ថិត​នៅ​ភាគខាងកើត​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

សហគមន៍​អន្តរជាតិ​ កំពុងធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​បរាជ័យ។ ​នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ម្នាក់​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ប្រេង​ប្រឆាំងពួក​យោធា​ដែល​កំពុង​ដឹកនាំ​ប្រទេស​នោះ។​

ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ​លោក ​Thomas Andrews ​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅប្រទេស​មីយ៉ាន់ម៉ា ​បាន​ស្នើ​ឲ្យ​មាន​ចំណាត់​ការ​ជា​ច្រើន​ដើម្បី​បន្ថយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​នោះ។​

លោក ​Andrew ​បាន​និយាយថា ​«ប្រាក់​ចំណូល​ផ្នែក​ប្រេង​ និង​ឧស្ម័ន​ជា​ដង្ហើម​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ពួក​យោធា ​ហើយ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​ជិត​ស្មើ​នឹង​ចំនួន​លុយ​ដែល​ពួក​យោធា​ត្រូវការ​ដើម្បី​ថែ​រក្សា​កង​កម្លាំង​សន្តិសុខ​ដែល​ការពារ​អំណាចពួកគេ។​ ​គេ​ត្រូវ​បញ្ឈប់​ប្រាក់​ចំណូល​ទាំង​នេះ»។​

កាលពី​៥​ខែមុន ​យោធា​មីយ៉ាន់ម៉ា​ បាន​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​ប្រជាធិបតេយ្យ​របស់​ប្រទេសនេះ។​ ចាប់តាំង​ពី​បាន​ដណ្តើម​អំណាច​មក​ ​របបយោធា​នេះ​បានប្រើ​កម្លាំង​បង្ក្រាប​ការ​ងើប​បះបោរ​របស់​ប្រជា​ពលរដ្ឋ​ ដោយ​បាន​សម្លាប់​មនុស្ស​ជិត​៩០០​នាក់។​

ប្រទេស​មហា​អំណាច​ជាច្រើន​ រួម​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​មីយ៉ាន់ម៉ាចាប់តាំង​ពី​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី១ ​ខែ​កុម្ភៈ​មក។​ កាលពី​សប្តាហ៍​មុន ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចធ្ងន់ធ្ងរ​បំផុតលើ​ពួក​មន្ត្រី​យោធា​ និង​ក្រុមហ៊ុន​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​យោធា៕

XS
SM
MD
LG