ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមស្នងការ​សិទ្ធិ​មនុស្ស៖ មីយ៉ាន់ម៉ា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល ខណៈ​ប្រជាជន​បាត់បង់​ក្តីសង្ឃឹម​កាន់​តែ​ខ្លាំង


រូបឯកសារ៖ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ អ្នកស្រី Michelle Bachelet ថ្លែង​សុន្ទរកថា ក្នុង​អំឡុង​ពេល​នៃ​ការ​ជជែក​ដេញដោល​គ្នា​ជា​បន្ទាន់​មួយ​ស្ដី​ពី​ការ​បំពាន​សិទ្ធិមនុស្ស​ដោយសារ​ការ​រើសអើង​ជាតិសាសន៍ ​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អ្នកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ព្រមាន​ថា មីយ៉ាន់ម៉ា​អាច​ធ្លាក់​ចូល​ក្នុង​សង្គ្រាម ខណៈ​ជន​ស៊ីវិល​កាន់​តែ​អស់​សង្ឃឹម​ជាមួយ​នឹង​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ។ របាយការណ៍​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​កំពុង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្ទនា​ពិសេស​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស។

​រយៈពេល​ជាង ៥ ខែ​មក​ហើយ​ដែល​មេដឹកនាំ​យោធា​នៅ​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ផុយស្រួយ​មួយ​នេះ។ អ្នកស្រី Michelle Bachelet ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ថ្លែង​ពី​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ដែល​រដ្ឋប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា​បាន​ប្រែក្លាយ​យ៉ាង​លឿន​ទៅ​ជា​ការ​វាយប្រហារ​លើ​ជន​ស៊ីវិល។​

អ្នកស្រី​បាន​និយាយ​ថា មនុស្ស​ជិត ៩០០ នាក់​ត្រូវ​បាន​សម្លាប់ និង​ប្រមាណ ២០០.០០០ នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​គេច​ខ្លួន​ពី​ការ​វាយឆ្មក់​ដោយ​ហិង្សា​ពី​យោធា​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​លើ​សហគមន៍ និង​ភូមិ​នានា។ អ្នកស្រី​ព្រមាន​ថា ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ និង​នៅ​គ្រប់​ទីកន្លែង​ទៅ​លើ​ជន​ស៊ីវិល​អាច​នឹង​រុញច្រាន​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​កាន់​តែ​ខ្លាំង។ អ្នកស្រី​ថា ជន​ស៊ីវិល​កាន់​តែ​អស់​សង្ឃឹម​ទៅៗ។​

អ្នកស្រី Michelle Bachelet បាន​ថ្លែង​ថា៖«ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជាច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ចាប់​ផ្តើម​កាន់​អាវុធ និង​បង្កើត​ក្រុម​ការពារ​ខ្លួន។ ក្រុម​ប្រឆាំង​ប្រដាប់​ដោយ​អាវុធ​បង្កើត​ថ្មី​នេះ​បាន​ចាប់​ផ្តើមវាយប្រហារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ហើយ​កងកម្លាំង​សន្តិសុខ​បាន​ឆ្លើយតប​វិញ​ជាមួយ​នឹង​កម្លាំង​ដ៏​ខ្លាំងក្លា។ ខ្ញុំ​បារម្ភ​ថា ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នេះ​អាច​នឹង​មាន​ផលប៉ះពាល់ខ្លាំង​ដល់ជន​ស៊ីវិល»។

អ្នកស្រី Bachelet បញ្ជាក់​ថា រដ្ឋប្រហារ​បាន​ធ្វើ​ឱ្យ​ជម្លោះ​ដ៏​យូរលង់​មក​ហើយ​នៅ​តាម​ព្រំដែន​ដី​គោក​មីយ៉ាន់ម៉ា​កាន់​តែ​មាន​ស្ថានភាពអាក្រក់។ អ្នកស្រី​ថា ការ​វាយប្រហារ​បាន​កើត​ឡើង​ជាថ្មី​នៅ​ក្នុង​រដ្ឋ Kachin រដ្ឋ Kayin និង​រដ្ឋ Shan ដែល​នៅ​ភាគ​ខាង​ជើង។ អ្នកស្រី​បាន​បន្ថែម​ថា រដ្ឋ Chin និង​រដ្ឋ Kayah ដែល​ភាគ​ច្រើន​មាន​សន្តិភាព​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​ចាប់ផ្តើម​ការ​ប្រយុទ្ធ​ឡើង​វិញ។

អ្នកស្រី​ឧត្តមស្នងការ​បាន​ព្រមាន​ថា វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​បាន​វិវត្ត​ទៅ​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​ជាច្រើន។ អ្នកស្រី​ថា ការណ៍​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​រង​ទុក្ខ​វេទនា​ដែល​មិន​អាច​គណនា​បាន​សម្រាប់​ប្រជាជន និង​កំពុង​បំផ្លាញ​ក្តីសង្ឃឹម​ដល់ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

អ្នកស្រី Bachelet កំពុង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​យោធា​ដើម្បី​បញ្ឈប់​ការ​វាយប្រហារ​លើ​ប្រជាជន និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ​វិញ។ អ្នកស្រី​ថា មេដឹកនាំ​ទាំង​ ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​បង្កើត​ផែនទី​ចង្អុល​ផ្លូវ​ដែល​អាច​ទៅ​រួច​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា នៅ​ពេល​មេដឹកនាំ​ទាំង​នោះ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ចុង​ខែមេសា​កន្លង​ទៅ។

អ្នកស្រី Michelle Bachelet ថ្លែង​ដូច្នេះ​ថា៖«ផែនការ​ ៥ ចំណុច​របស់​អាស៊ាន​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ប៉ុន្តែ​ខ្ញុំ​ជំរុញ​ឱ្យ​មាន​សកម្មភាព​ភ្លាមៗ​ដើម្បី​ពន្លឿន​ដំណើរការ​នេះ​ មុន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ធ្លាក់​ចុះ។ វិធានការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​គួរ​តែ​គាំទ្រ​ដល់​សកម្មភាព​នេះ។ ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋ​ទាំង​អស់​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​អនុវត្ត​តាម​ការ​អំពាវនាវ​ក្នុង​មហាសន្និបាត​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ហូរ​ចូល​អាវុធ​ទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។​

មីយ៉ាន់ម៉ា​មិន​បាន​ចូលរួម​ក្នុង​ការ​ជជែក​ដេញ​ដោល​នេះ​ទេ ដោយសារ​តែ​គណៈកម្មការ​ផ្តល់​សិទ្ធិ​ចូលរួម​នៃ​អង្គការ​សហប្រជាជាតិ​មិន​ទាន់​អាច​សម្រេច​បាន​ថា​អ្នក​ណា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​គួរ​តែ​អង្គុយ​កៅអី​ក្នុង​អង្គការ​សហប្រជាជាតិ។ ជម្រើស​គឺ​រវាង​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ឬ​រដ្ឋាភិបាល​របប​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ៕​

ប្រែសម្រួលដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG