ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី៖ ទឹកទន្លេ​មេគង្គ​កម្ពុជា​ហក់​ឡើង​ខ្លាំង ខណៈ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខាងលើ


រូបឯកសារ៖ ទូកនេសាទ ដែលគេចតនៅក្បែរច្រាំងទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ទូកនេសាទ ដែលគេចតនៅក្បែរច្រាំងទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អាជ្ញាធរ​ទន្លេ​មេគង្គ មន្រ្តី​សាលា​ខេត្ត​ជាប់​ទន្លេ និង​ប្រជាពលរដ្ឋ​ឲ្យ​ដឹងនៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ទឹក​ទន្លេ​មេគង្គ​បាន​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​រហ័ស ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ ដូច​ជា​ប្រទេស​ចិន​ជា​ដើម។

អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ជាប់​ទន្លេ​មេគង្គឲ្យ​ដឹង​ថា​ ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​តែ​ក្នុង​មួយ​យប់​ គឺ​ជាង​១​ម៉ែត្រ ដែល​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ខែ​នេះ ​មិន​ដែល​ឡើង​ដល់​កម្រិត​នេះ​ទេ។

លោក​ គល់ វឌ្ឍនា ​អគ្គលេខាធិការ​រងនៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ បើ​ទោះ​ទឹក​ទន្លេ​មេគង្គ​កើន​ឡើង​រហ័ស​បែប​នេះ ប៉ុន្តែ​វា​មិន​ទាន់​ជា​ការ​ព្រួយ​បារម្ភ​អ្វី​នៅ​ឡើយ​ទេ ដោយ​សារ​នេះ​ជា​ការ​ឡើង​ចុះ​នៃ​ទឹក​ទន្លេ​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ ទឹក​ឡើង​នេះ​បណ្តាលមក​ពី​លំហូរ​ទឹក​ពី​ប្រទេស​នៅ​ផ្នែក​ខាង​លើ ដែល​កំពុង​ជួប​ខ្យល់​ព្យុះ និង​ភ្លៀង​ធ្លាក់​ច្រើន។

លោកថ្លែង​ថា​៖ «យើង​បាន​ដឹង​ហើយ​សព្វ​ថ្ងៃ​នេះ វា​មាន​ភ្លៀង​ខ្លាំង​នៅ​ខាង​លើ​[ដែល] ព័ត៌​មាន​[ខាង​ក្រសួង​]​ធន​ធាន​ទឹក​សរសេរ​ដែរ​តើ។ វា​មាន​ភ្លៀង​នៅ​ម្តុំ​ស្រុក​ចិន វា​មាន​ភ្លៀង​នៅ​ម្តុំ​ស្រុក​ថៃ ភ្លៀង​នៅ​ម្តុំ​ស្រុក​ឡាវ​ខ្លាំង។ ហើយ​ដល់​វា​ភ្លៀង​អញ្ចឹង​ទៅ ទឹក​នឹង​ប្រមូល ហូរ​ចូល​មក​ក្នុង​ទន្លេ​មេគង្គ​ វា​ហូរ​ចុះ​មក​ក្រោម​។ ហើយ​គេ​បញ្ជាក់​ទៀត​ថា​មាន​ភ្លៀង​មែន​ខាង​ម្តុំ​ឦសាន គេ​មាន​ដៃ​ទន្លេ​៣​នៅ​ហ្នឹង​មា​ន​ទន្លេ​សេ​កុង សេ​សាន ស្រែ​ពក​ អញ្ចឹង​កាល​ណា​ភ្លៀង​វា​ប្រមូល​មក​ វា​ហូរ​ចូល​មក​ទន្លេ​មេគង្គ។ ប៉ុន្តែ​ទឹក​ដែល​គេ​ធ្វើការ​ព្យាករណ៍​ថា ​ឡើង​វា​មិន​ឡើង​ខ្លាំង​គួរ​ឲ្យ​យើ​ង​ព្រួយ​បារម្ភ​អី​ទេ»។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹកនិងឧតុ​និយម ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារនេះ ឲ្យ​ដឹង​ថា ​កម្ពស់​ទឹក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា វេលា​ម៉ោង​៧​ព្រឹក​នេះ កើន​ឡើង​ខ្លាំង ដែល​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ កើន​ឡើង​ប្រមាណ​១.៨២​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មាន​កម្ពស់​ដល់១៥​ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន គឺ​២២​ម៉ែត្រ។ ចំណែក​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម កើនឡើង​ជិត​មួយ​ម៉ែត្រ គឺ​០.៩៨​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មាន​កម្ពស់​៨.០៤​ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន គឺ​១៥.២២​ម៉ែត្រ។ ចំណែក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កម្ពស់​ទឹក​កើន​ឡើង​០.៨៨​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មាន​កម្ពស់៧.៣៦​ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​ចំនួន​១០.៧០​ម៉ែត្រ។​ ក្រសួង​ធន​ធាន​ទឹក​បាន​ព្យាករថា​ទឹក​ទន្លេ​មេគង្គ​នឹង​បន្ត​ហក់​ឡើង​ទៀត ​រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា។ ចំណែក​ទឹក​ទន្លេ​បាសាក់ និង​ទន្លេ​សាប ក៏​ហក់​ឡើង​ផង​ដែរ​។


ក្រសួង​ធន​ធាន​ទឹក​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ទទួល​ឥទ្ធិ​ពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ​ITCZ​ ដែល​បាន​កើត និង​អូស​បន្លាយ​លើ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ឡាវ និង​វៀត​ណាម ហើយ​និង​ខ្យល់​មូសុង​និរតី​មាន​ល្បឿន​មធ្យម។ ចំណែក​កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​ធន​ធាន​ទឹក​បាន​ជូន​ដំណឹង​ថា​រយៈ​ពេល​កន្លង​មក ព្យុះ​ទី៧​ឈ្មោះ​សេម​ប៉ា​កា​(CEMPAKA)​ និង​បណ្តា​ឥទ្ធិពល​នៃ​ព្យុះ​ផ្សេង​ៗ​ទៀត មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេ​មេគង្គ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ចាន់ យុត្ថា រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

អ្នកស្រី សំ ផល្លា ប្រធាន​មន្ទីរព័ត៌​មាន​ខេត្ត​កំពង់​ចាម និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប បាន​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ទឹក​ទន្លេកើ​ន​ឡើង ស្រប​ពេល​ដែល​មាន​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា។ អ្នកស្រី​បញ្ជាក់​ថា​ ការ​ឡើង​កម្ពស់​ទឹក​នេះ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ផង​ដែរ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រៀម​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ក្នុង​ខែ​ហ្នឹង ឆ្នាំ​ទៅ​ៗ ទឹក​វា​អត់​សូវ​ឡើង បើ​យើង​ធៀ​ប​ឆ្នាំ​ទៅ​វា​ខុស​គ្នា។ ប៉ុន្តែ​គ្រាន់​ថា​យើង​មិន​ទាន់​ដឹង​ថា​វា​មក​ពី​បញ្ហា​អ្វី​ ដោយ​សារ​ស្ថាន​ភាព​ប៉ុន្មាន​ថ្ងៃ​នេះ វា​ភ្លៀង​រហូត សំខាន់​អាច​មក​ពី​ជំនន់​ទឹក​ភ្លៀង ក៏​ថា​បាន។ អញ្ចឹង​បាន​មើល​តាម​ដាន ថ្ងៃ​ហ្នឹង ​ស្អែក​អី​អញ្ចឹង​មើល [ថា]​ឡើង​អញ្ចឹង​ទៀត ​ឬយ៉ាង​ម៉េច។ ឡើង​គំហុក​អញ្ចឹង​!​»។

ចំណែក​លោក អ៊ុក ធាវី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹង​ត្រែង និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប​ដែរ បាន​ប្រាប់​VOA​ថា​កម្ពស់​ទឹក​ទន្លេ​សេកុង ទន្លេ​សេ​សាន និង​ទន្លេ​ស្រែពក កើន​ឡើង​ផង​ដែរ។

លោក​ថ្លែង​ថា៖«ដោយ​សារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​មាន​ព្យុះ​មក​ពី​ក្រៅ។ យើង​ទទួល​រង​ខ្យល់​ព្យុះ​មក​ពី​បរទេស​ តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹ​ក​ហ្នឹង។ ហើយ​យើង​ក៏​ឃើញ​ទន្លេ​ទាំង​៤​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​ការ​កើន​ឡើង [តែ]​មិន​ជា​មាន​ការ​ហក់​ល្បឿន​លឿន ឡើង​លឿន​ទេ នេះ​គ្រាន់ជា​ទឹកភ្លៀង។ អញ្ចឹង​អាជ្ញា​ធរ​ខេត្ត​ក៏​បាន​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជម្រាប​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សេកុង ទន្លេ​សេ​សាន និង​ទន្លេ​ស្រែ​ពក​ ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ត​ខ្ពស់»។

អ្នកស្រី ណៃ ធីតា ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​ក្រចេះ និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប បាន​ប្រាប់ ​VOA ​ថា ​កម្ពស់​ទឹក​កើន​ឡើង ដែល​អ្នកស្រី​ថា​ សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត ចង់​ឲ្យ​ទឹក​កើន​ឡើង ដើម្បី​អាច​ជួយ​ដល់​ការ​កម្ចាត់​ដង្កូវ និង​សត្វ​ល្អិត​ផ្សេងៗក្នុង​ចម្ការ។

អ្នកស្រី​ថ្លែង​ថា៖ «បើ[ទឹក]បាន​ឡើង​ឲ្យ​បាន​លិច​ទៅ វា​ងាប់​សត្វ​ដង្កូវ សត្វ​អី[លើ​ដំណាំ​] ធ្វើ​ស្រែ​ ធ្វើ​អី​កើត។ ប្រជា​ពលរដ្ឋ​នៅ​តាម​មាត់​ទន្លេ​ គាត់​អរ​ណាស់​ឲ្យ​តែ​បាន​លិច​.... គាត់​បារម្ភ​ខ្លាច​មិន​លិច​ផង»។

ចំណែក​អ្នកស្រី​ ផ្លោក សារ៉េត អាយុ​៥០​ឆ្នាំ​ ជា​កសិករ​ម្នាក់​នៅ​លើ​កោះ​ត្នោត​ជាប់​នឹង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​សំបូរ ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់ ​VOA​ ថា​ ទឹក​ទន្លេ​កើន​ឡើង ប៉ុន្តែតំបន់​របស់​អ្នក​ស្រី​បាន​ជួប​គ្រោះ​រាំង​ស្ងួត មិន​មាន​ភ្លៀង​ធ្លាក់​។

អ្នកស្រី​ថ្លែង​ថា៖ «គិត​ថា​ទឹក​ឡើង​នេះ​ឡើង ដោយ​សារ​ទឹក​វា​រី​អគ្គិសនី​ដែល​លិច​ បាក់​ទំនប់​នៅ​ប្រទេស​គេ​។ បើ​ថា​ទឹក​ភ្លៀង​ដូច​អត់​ឃើញ​មាន​ភ្លៀង​ផង ពីព្រោះ​ខ្ញុំ​(ថា)ភាព​រាំង​ស្ងួត​ខ្លាំង​ហើយ​ឥឡូវ។ ជា​រួម​ថា​នៅ​ក្នុង​ស្រុក​សំបូរ​ទាំង​មូល​នេះ ភាព​រាំង​ស្ងួត​ខ្លាំង។ ស្រូវ​អ្នក​ពង្រួស​មិន​សូវ​អី​ទេ បាន​ទឹក​ភ្លៀង​ខ្លះ​ទៅ។ តែ​អ្នក​ស្ទូង គឺ​អត់​មាន​ទឹក​ស្ទូង​[​ទេ]»។

អ្នក​ស្រី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ ប្រសិន​បើ​ទឹក​ទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​ខ្ពស់ ដោយ​ខា្លច​មាន​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង និង​ដំណាំ​ផ្សេង​ៗ។

លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO Forum) បាន​ថ្លែង​ថា ​កម្ពស់​ទឹក​ឡើង​នេះ ដោយ​សារ​រង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ប្រទេស​នៅ​ផ្នែក​ខាង​លើ។ លោក​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​តាម​ដាន​ព័ត៌​មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ពាក់ព័ន្ធ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG