ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ភ្លើងទៀន​​នឹង​ចុះបញ្ជី​ឈ្មោះបក្ស​និង​បេក្ខជន​នៅ​ គ.ជ.ប​ នា​ចុង​សប្តាហ៍​នេះ ខណៈ​មាន​ភាពចម្រូង​ចម្រាស​មួយ​ចំនួន


ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

គណ​បក្ស​ភ្លើង​ទៀន​នឹង​យកបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​ ២០២៣ នេះ​ ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​នា​ចុង​សប្តាហ៍​នេះ​ ខណៈឯកសារ​ចុះ​ឈ្មោះ​ដើមរបស់​គណបក្ស​ជំទាស់​មួយ​នេះ​ ដែល​ជា​ឯកសារ​សំខាន់​ ដើម្បី​អាច​ចុះ​ឈ្មោះ​គណបក្ស​ និង​បេក្ខជននៅ គ.ជ.ប​ បាន​ក្លាយ​ជា​បញ្ហា​ចម្រួង​ចម្រាស។

ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់ការ​បោះ​ឆ្នោតជ្រើស​រើស​តំណាងរាស្ត្រ នីតិកាលទី​ ៧ ឆ្នាំ ២០២៣​ នឹង​បិទបញ្ចប់​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា​នេះ។ គិតត្រឹម​ថ្ងៃទី​ ៤​ ខែឧសភា​ មាន​គណបក្ស​នយោបាយ​ចំនួន​ ៨ ត្រូវបាន ​គ.ជ.ប ទទួល​ស្គាល់​ជាផ្លូវការ​ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ និងគណបក្ស​ខ្មែររួបរួម​ជាតិ​របស់​លោក ​ញឹក ប៊ុនឆៃ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ គ.ជ.ប។

អនុប្រធាន​គណបក្ស​ភ្លើងទៀន ​លោក រ៉ុង ឈុន ​ប្រាប់វីអូអេ​នៅថ្ងៃ​សុក្រនេះ​ថា​ លោក ផ្ទាល់​នឹងនាំយក​បញ្ជីឈ្មោះបេក្ខជន​តំណាងរាស្ត្រ​ អម​ជាមួយ​លិខិតប្តូរ​ឈ្មោះ​ពី​គណបក្ស​ សម រង្ស៊ី​ មក​ជា​គណ​បក្ស​ភ្លើងទៀន​ទៅ​ដាក់​នៅ​ គ.ជ.ប នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា ដើម្បី​ឱ្យ​បាន​មុន​កាល​កំណត់ នៃនីតិវិធីការ​ចុះ​បញ្ជី។ ​លោក​ជឿ​ថា​ ស្ថាប័ន​គ.ជ.ប នឹង​ទទួល​យក​លិខិត​ឯកសារ​ដើម ដែល​ប្តូរ​ឈ្មោះ​ពីគ​ណបក្ស​ សម រង្ស៊ី ​មក​ជា​គណបក្ស​ភ្លើងទៀន ដើម្បី​អាច​ឱ្យ​គណបក្ស​ភ្លើងទៀន ចូល​រួម​ប្រកួត​ប្រជែង ដោយ​ស្មើមុខ​ស្មើ​មាត់ ជាមួយ​គណបក្ស​កាន់​អំណាច។

លោក រ៉ុង ឈុន ថ្លែង​ថា៖ «គណបក្ស​នឹង​សម្រេច​យក​លិខិត​លេខ​ ២០២៤ លេខ​ដែល​ប្តូរ​ឈ្មោះ​ពី​គណ​បក្ស​ សម រង្ស៊ី​ មក[ជា]គណបក្ស​ភ្លើងទៀន ដែល​មាន​ការ​ទទួល​ស្គាល់​របស់​ក្រសួង​មហាផ្ទៃ​ហ្នឹង។ យើង​យកភ្ជាប់​លិខិត​លេខ ២០២៤ ហ្នឹង​ ទៅ​ដាក់​ជូន​ គ.ជ.ប​ នៅ​ថ្ងៃ​ស្អែក ​ម៉ោង​ប្រមាណ​ជា​ ១០ [ព្រឹក]»។

ឆ្លើយតប​ទៅនឹង​សំណួរ​របស់​វីអូអេ ទាក់​ទិន​ឯកសារ​សម្រាប់​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​ អ្នកនាំពាក្យ (គ.ជ.ប) លោក​ ហង្ស ពុទ្ធា លើក​ឡើងថា​ បើសិន​ជា​គណបក្ស​នយោ​បាយ​បាត់​ឯកសារ​ដើម​ គឺ​អាច​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ ធ្វើ​លិខិត​ថត​ចម្លង​ឯកសារ​ដែលចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​យក​មកប្រើ​ប្រាស់។

លោក​ថ្លែង​ថា៖ «ជា​គោលការណ៍ ​គ.ជ.​ប [គណបក្ស​នយោបាយ​] ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ បើ​សិន​ជា​បាត់[ឯកសារ] ​ក៏​មាន​តម្កល់​ច្បាប់​ដើម​នៅ​ក្រសួង​មហាផ្ទៃ​ដែរ។ ​អ៊ីចឹង​សាមី​គណបក្ស​លោក​អាច​ទាក់​ទង​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​សុំ​ធ្វើ​ជា​លិខិត​ថត​ចម្លង​ផ្លូវ​ការ​អាច​ប្រើ​ប្រាស់​បានហើយ»។

​អ្នក​វិភាគ​នយោ​បាយ​ លោក ​សេង សារី ប្រាប់​វីអូអេ​ថា​ គណបក្ស​ភ្លើង​ទៀន​អាច​នឹង​ មិន​បាន​ចូល​រួមការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ នេះ ប្រសិន​បើ​គណបក្ស​នេះ​ធ្វើ​ឱ្យ​មាន​កំហុស​ខ្លួនឯង​ ទាក់ទង​នឹង​ឯកសារ​សម្រាប់​ការចុះបញ្ជី​ឈ្មោះ​នៅ​ គ.ជ.ប។

លោក​ថ្លែង​ថា៖ «អំឡុង​ពេល​ដែល​គណបក្ស​កាន់អំណាច​ហ៊ាន​រំលាយ​សង្គ្រោះជាតិ​ដែល​មាន​តំណាង​រាស្ត្រ​ ៥៥ ​រូប​ មាន​អ្នក​គាំទ្រ​ជាង​ ៣ ​លាន​នាក់ នៅតែ​គណបក្សកាន់​អំណាច​ហ៊ាន​ធ្វើ​ចុះ​ទម្រាំ​កំហុស​របស់​ភ្លើងទៀន​ ជា​កំហុស​របស់​ភ្លើងទៀន​បែប​នេះ​កាន់​តែ​ងាយ​ស្រួល​ទៀត​ ហើយ​បើសិនជា​ក្នុង​ករណី​គណបក្ស​កាន់​អំណាច​មិន​ចង់ឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​កា​របោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ នេះ»។

ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀនត្រៀមដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ស្ថាប័ន​គ.ជ.ប នេះ បញ្ហា​មួយ​ទៀត ត្រូវ​បាន​សារព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធនឹងរដ្ឋាភិបាល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃព្រហ​ស្បតិ៍​ថា ​លោក រ៉ុង ឈុន ​ដែលស្ថិត​ក្នុង​ការព្យួរ​ទោស​សាក​ល្បង​ មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជនតំណាង​រាស្ត្រ​បាន​នោះ​ទេ ហើយ​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។

ប៉ុន្តែលោក រ៉ុង ឈុន បាន​អះ​អាង​ថា លោកនៅតែ​អាច​ឈរ​ឈ្មោះ​បាន ​ដោយ​សំអាង​ថា​ លោកបាន​បំពេញ​ទៅតាមលក្ខន្តិកសម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ ហើយ​លោក​ក៏​មិន​បាន​ធ្វើ​សកម្មភាព​ផ្ទុយពីបម្រាម​របស់​តុលាការ​នោះដែរ​។ ​លោក​បន្ថែម​ថា សូម្បី​ក្រសួង​មហា​ផ្ទៃ​ ក៏​បានទទួល​ស្គាល់​លោកជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន។

បើតាម​លោក រ៉ុង​ ឈុន​ នីតិវិធី​របស់​ គ.ជ.ប ​មិន​តម្រូវឱ្យលោក​ធ្វើ​លិខិត​ថ្កោល​ទោស​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​នោះ​ទេ។ លោក រ៉ុង ឈុន ​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​លោកនឹង​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​តំណាងរាស្ត្រ​មកពី​គណបក្សភ្លើង​ទៀន​ក្នុង​លេខ​រៀង​ទី​ ១ ​នៅ​មណ្ឌល​ខេត្ត​កណ្តាល។

ទោះជាមាន​ការ​បកស្រាយ​របស់​លោក រ៉ុង​ ឈុន​ យ៉ាងណា​ក្តី​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ផ្តល់​ការពន្យល់​តាមផ្លូវ​ច្បាប់​ថា តាម​គោល​ការណ៍​ច្បាប់ គឺ​ទណ្ឌិត​មិន​មាន​សិទ្ធិ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​តំណាងរាស្រ្ត​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ទេ​ បើ​ទោះ​បី​ទណ្ឌិត​នោះ​ជាប់​ការអនុវត្ត​ទោស​ព្យួរ​សាក​ល្បង​ក៏​ដោយ៕

XS
SM
MD
LG