ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន​មិន​ទាន់​មាន​ឈ្មោះ​​ក្នុង​បញ្ជី​របស់​គ.ជ.ប​​ ខណៈ​បក្ស​ចំនួន​៧​បាន​ចុះ​បញ្ជី​រួចរាល់


រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ គណបក្ស​ភ្លើង​ទៀន​ មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)​ នៅ​ពេល​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​នេះ​នឹង​បិទ​បញ្ចប់នៅ​ថ្ងៃចន្ទ ទី​ ៨ ខែ​ឧសភា​ខាង​មុខនេះ។

ខណៈ​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ មិន​ទាន់​ត្រូវបាន​ចុះ​បញ្ជីនោះ​ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវ​ការ​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះបេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ៧ គណបក្ស​ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣​ នេះ។ ហើយ​មាន​គណបក្ស​នយោបាយពីរ​ផ្សេងទៀត​ដែល​ស្នើ​សុំ​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខ​ កំពុងស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​គ.ជ.ប។

អគ្គ​លេខាធិការ​ស្តីទី​គណបក្ស​ភ្លើងទៀន​ លោក​ គង់ មុនីកា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណបក្សត្រូវ​តែ​ចូល​រួម​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុខ​នេះ​ បើ​ទោះបី​មក​ទល់​ពេល​នេះ​មិន​ទាន់​ទៅ​ចុះ​បញ្ជី​គណបក្ស​ និង​បេក្ខជន​នៅ​ គ.ជ.ប ឬ​មាន​ឧបសគ្គ​រារាំង​យ៉ាង​ណា​ក៏​ដោយ។

លោក​បន្ថែម​ថា​៖ «​បាទ​ រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ភ្លើង​ទៀន​នៅ​តែ​កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​បញ្ជី​បេក្ខជន​របស់​ខ្លួន​ឱ្យ​បាន​រួច​រាល់​សព្វ​គ្រប់​ ហើយ​យើង​ក៏​នៅ​រង់ចាំ​នីតិវិធី ឯកសារ​ពាក់​ព័ន្ធ​នឹង​ការងារ​រដ្ឋបាល​មួយ​ចំនួន​ដែល​ធ្វើ​ឯកសារ​តម្រូវ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ នៅ​ពេល​ដែល​យើង​ទទួល​បាន​នូវ​ឯកសារ​នោះ​អស់​និង​គ្រប់​គ្រាន់ យើង​នឹង​ធ្វើ​ការដាក់​បញ្ជី​បេក្ខជន​របស់​យើង​នៅ​ គ.ជ.ប ហើយ​ការ​ដាក់​បញ្ជី​បេក្ខជន​នេះ​ ប្រហែល​នឹង​អាច​ធ្វើ​ទៅ​ក្នុង​ថ្ងៃ​ស្អែក ឬ​ក៏​ខានស្អែក​នេះ​បាទ»។

លោក​បញ្ជាក់​ថា​ ប្រសិន​បើ​មាន​ភាគី​ពាក់ព័ន្ធ​ណាមួយ លើកឡើង​បញ្ហា​ផ្សេងៗ ​មក​រារាំង​ដល់​ដំណើរការ​នៃ​ការចុះ​បញ្ជី​របស់​គណបក្ស​ភ្លើងទៀន​ នោះ​គឺជា​ការ​ព្យាយាម​រារាំងលម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់ថា​ គណបក្ស​ភ្លើងទៀន​គឺ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ ដូច្នេះ​ហើយ​ខ្ញុំ​ថា​ គណបក្ស​ភ្លើង​ទៀន​ត្រូវ​តែ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​នេះ​ ហើយ​ទោះជា​មាន​ឧបសគ្គ​បញ្ហា​យ៉ាង​ណា​ក៏​ដោយ ​គឺយើង​នៅ​តែ​ព្យាយាម​ក្នុង​ការចុះ​បញ្ជី​នៅ​ គ.ជ.ប ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត»។

បើ​តាម​ខ្លឹម​សារ​នៃ​អត្ថបទ​បញ្ចេញមតិ​មួយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​តាមរយៈ គ.ជ.ប ហាក់​បី​ដូច​មាន​ចេតនា​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ខាង​ផ្នែក​រដ្ឋបាល​ ដើម្បី​រារាំង​ដល់​ការចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​ ដើម្បី​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

លោក​ សម រង្ស៊ី​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាម​ន័យ​ដើម​ថា៖​ «បន្ទាប់​ពី​យក​តុលាការ​ ធ្វើជា​ឧបករណ៍​របស់​ខ្លួន ​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​ រដ្ឋ​អំណាច​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន​ បង្កើត​ឧបសគ្គ​រដ្ឋបាល​ ហួស​ពី​ការ​នឹក​ស្មាន​ ក្នុង​គោល​បំណង​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣ នេះ»។

លោក​បន្ថែមថា៖ «លោក​ ហ៊ុន សែន ​ដឹង​ច្បាស់​ថា ​បើ​គណបក្ស​ភ្លើង​ទៀន​ អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០២៣​ នេះ​ គណបក្ស​ភ្លើងទៀន​ នឹង​ទទួល​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​ប្រជាពលរដ្ឋខ្មែរ ​ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ។ លទ្ធផល​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​គម្រោង​ផ្ទេរ​អំណាច​ពី ​លោក​ ហ៊ុន សែន​ ទៅ ​លោក​ ហ៊ុន ម៉ាណែត​ ទទួល​បរាជ័យ​ យ៉ាង​ជាក់​ស្តែង»។

អ្នក​នាំ​ពាក្យ​ គ.ជ.ប. ​លោក ហង្ស ពុទ្ធា​ ចាត់​ទុក​ថា​ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ជាការ​ចោទ​ប្រកាន់​មួយដែលគ្មាន​មូលដ្ឋាន។ លោក​បន្ថែម​ថា​ គ.ជ.ប បានអនុវត្ត​ច្បាប់​ផ្សេងៗ​ចំពោះ​គណបក្ស​នយោបាយ​ទាំង​អស់​ ដោយ​ឈរ​លើគោលការណ៍​ស្មើ​ភាព​គ្នា​ និង​គ្មាន​ការ​រើស​អើង​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ដែលចង់​ឈរ​ឈ្មោះ​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «បាទ​នេះ​គ្រាន់​តែ​ជា​ការចោទ​ប្រកាន់​ ដែល​មិន​ស្ថិត​នៅ​ក្នុង​បំណង​ឬ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់​របស់ គ.ជ.ប នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ខាង​គណបក្ស​ភ្លើង​ទៀន​ លោក​អត់​ទាន់​មាន​តំណាង​ណា​មួយ​មក​ជួប គ.ជ.ប ស្តី​ពី​ការចុះ​បញ្ជី​នៅ​ឡើយ​ទេ»។

គួរ​រំឭក​ថា​ ថ្នាក់​ដឹកនាំ​និង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា​ បាន​ឆ្លង​កាត់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ហូរហែ​ រួម​មាន​ការ​បឹ្តង​ផ្តល់​ និង​គំរាម​កំហែង​ពី​ថ្នាក់​ដឹកនាំ​គណ​បក្ស​កាន់​អំណាច ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ រហូត​ដល់​មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ការធ្វើ​នយោបាយ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បានចាប់ខ្លួន​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

អ្នក​វិភាគ​នយោបាយ​ ​លោក ​សេង សារី ​កត់​សម្គាល់​ថា វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ អាច​នឹង​ទទួល​បានសំឡេង​គាំទ្រ​ច្រើន​ជាង​មុន និង​អាច​មាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្សកាន់​អំណាច​ផង​ដែរ​ ប្រសិន​ជា​ដំណើរ​ការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយអាចគួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន។

លោក​ថ្លែង​ថា៖ «ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០២៣ ប្រសិន​បើ​គណបក្សភ្លើងទៀន​មិន​ត្រូវ​បាន​រំលាយ​ ដោយ​តុលាការ​ ឬក៏​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ទេ​ ខ្ញុំ​គិត​ថា ​គណបក្ស​ភ្លើង​ទៀន​នឹង​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ ការ​រក្សានូវតុល្យភាព​អំណាច​នៅក្នុង​ការ​ដឹកនាំ​រដ្ឋ​របស់​កម្ពុជា។ ជាពិសេស​ហ្នឹង​គឺ តួនាទី​គណបក្ស​ភ្លើងទៀន​ធ្វើ​ឱ្យអង្គ​នីតិ​បញ្ញត្តិ​របស់​កម្ពុជា​ហ្នឹង​មាន​ស្ថាន​ភាព​ប្រសើរ​ជាង​មុន»។

លោក​បាន​សង្កត់​ធ្ងន់​ថា​ ចាប់​ពី​ឆ្នាំ​ ២០១៧​ នៅ​ពេល​ដែល​គ្មានវត្ត​មាន​របស់​គណបក្ស​ជំទាស់​នៅ​ក្នុង​រដ្ឋ​សភានោះ​ គេ​សង្កេតឃើញ​ថា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​កិច្ចការងារ​ដែលលើស​ពី​បន្ទាត់​ក្រហម​នៃ​របប​ប្រជាធិបតេយ្យ​ជា​ច្រើន ​ពិសេស​នោះ​គឺ​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​មិន​មាន​តម្លាភាព៕

XS
SM
MD
LG