រាជធានីភ្នំពេញ — មុនឈានជើងចូលប្រឡូកក្នុងវិស័យនយោបាយលោក សាម អ៊ីន គឺជាប្រធានអង្គការក្នុងស្រុកមួយ។ ប៉ុន្តែដោយសារមើលឃើញអ្នកនយោបាយកំពុងតែដើរនៅលើវប្បធម៌នយោបាយមួយដែលមិនត្រឹមត្រូវហើយដែលអាចនាំហានិភ័យដល់ជាតិ លោកក៏សម្រេចបោះជំហានឈានជើងចូលក្នុងវិស័យនយោបាយ ដោយបានបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីប្រកួតប្រជែងយកអំណាចពីគណបក្សប្រជាជនកម្ពុជា។
ការចាប់ផ្តើមជីវិតជាអ្នកនយោបាយដំបូង លោក សាម អ៊ីន ហាក់មានក្តីសង្ឃឹម និងទឹកចិត្តដ៏ពុះកញ្ជ្រោលនៅគ្រាដំបូងៗ ចំពោះការបំពេញការងាររបស់លោកជាអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលដ៏តូចមួយ។
ទោះជាយ៉ាងណាក្តី ក្រោយគណបក្សរបស់លោកគឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ.ប.ម បានចូលរួមការបោះឆ្នោតប៉ុន្មានលើកមក ការគាំទ្រពីប្រជាពលរដ្ឋហាក់មិនមានសន្ទុះខ្លាំង ហើយការស្រងាកចិត្តក៏កើតឡើងបន្តិចម្តងៗ រហូតធ្វើឱ្យលោកកើតក្តីអស់សង្ឃឹម ហើយក៏ចាប់ផ្តើមគិតពីអនាគតនយោបាយរបស់លោកសាជាថ្មី។
បន្ទាប់ពីធ្វើការពិចារណាជាច្រើនលើកច្រើនសាអំពីអ្វីដែលលោកអាចធ្វើបានក្នុងឆាកនយោបាយកម្ពុជា លោក សាម អ៊ីន អតីតអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានសម្រេចចិត្តលាឈប់ពីតួនាទីរបស់លោក ហើយទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ហើយរូបលោកត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិកវីអូអេកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ លោកសាម អ៊ីន បានលើកឡើងដោយសំដៅលើលោក យ៉ង សាំងកុមារដែលបានចាកចេញពីបក្សមុនលោកថា៖ «ដល់បង កុមារ គាត់សម្រេចចិត្តចេញទៀត ខ្ញុំក៏ចាប់ផ្តើមសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើអី? ញាំងចិត្តមកវិញអត់សម្រាប់ខ្ញុំ ក្តីសង្ឃឹមមានមកវិញអត់សម្រាប់ខ្ញុំ? រយៈពេល ៣ខែជិត ៤ខែ ខ្ញុំសួរខ្លួនឯងរហូត ប៉ុន្តែខ្ញុំបានចម្លើយមកដដែលៗ ហើយនិងភាពអស់សង្ឃឹមកាន់តែខ្លាំងទៅ ភាពធុញថប់ក្នុងអារម្មណ៍កាន់តែខ្លាំង»។
លោកបន្ថែមថា ការចាកចេញរបស់លោក យ៉ង សាំងកុមារ នោះតែម្តង ដែលបានដាក់សម្ពាធមកលើលោកកាន់តែខ្លាំង ហើយត្រូវបង្ខំចិត្តលាចេញពីបក្សដែលមានអ្នកវិភាគនយោបាយលោក កែម ឡី ជាបិតាស្ថាបនិក។
លោកថ្លែងថា៖ «ខ្ញុំថា ខ្ញុំមិនអាចស្ថិតនៅក្នុងសភាពបែបហ្នឹងបានទៀតទេ។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តមួយដាច់ស្រេចថា ខ្ញុំត្រូវឈប់ពី គ.ប.ម ព្រោះបេសកកម្មនេះ ខ្ញុំកំណត់ខ្លួនឯងថា ខ្ញុំមិនមានសមត្ថភាពធ្វើបេសកកម្មដ៏ធំនេះហ្នឹងទេ។ ខ្ញុំមិនមានលទ្ធភាព ខ្ញុំមិនមានសមត្ថភាពបំពេញបេសកកម្មដ៏ធំនេះទេ។ អ៊ីចឹងខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់មួយ កុំទុកនៅអ៊ីចឹងតទៅទៀត»។
លោក យ៉ង សាំងកុមារ គឺជាអតីតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងនាមលោកមានតួនាទីជាប្រធានគណៈកម្មាធិការនាយកគណបក្សនេះ។ ក្រោយពេលសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក យ៉ង សាំងកុមារ ទទួលបានមុខតំណែងរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីលោក សាម អ៊ីន បានចុះចូលជាមួយគណបក្សគ្រប់គ្រប់ប្រទេសនោះ អ្នកនយោបាយជើងថ្មីរូបនេះ ថ្លែងថា លទ្ធិប្រជាធិបតេយ្យនៅមិនទាន់អាចបោះពួយទៅមុខលឿនបាននោះឡើយនៅកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្តល់អាទិភាពលើស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «យើងចូលគណបក្សប្រជាជនក៏វាមិនប្រឆាំងនឹងមនសិការយើងខ្លាំងដែរ ជាគណបក្សមួយដែលគេបានកសាងសន្តិភាព កសាងស្ថិរភាព គ្រាន់ថាគាត់មិនទាន់រុញទៅលទ្ធិប្រជាធិបតេយ្យបែបជឿនលឿន បែបស៊ីវីល័យ ប៉ុន្តែអារឿងសន្តិភាព រឿងស្ថិរភាព ជារឿងសំខាន់ចម្បង។ ខ្ញុំគិតថា ប្រហែលជាស្ថានការណ៍ស្រុកខ្មែរវាត្រូវការទៅបន្តិចម្តងៗ»។
មួយរយៈពេលចុងក្រោយនេះ សកម្មជននយោបាយ រួមទាំងសកម្មជនសង្គមបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ ហើយគិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧ មានសមាជិកបក្ស និងអ្នកគាំទ្របក្សជំទាស់នេះជាច្រើននាក់ក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន។
សកម្មជនខ្លះដែលបានចុះចូលតែប៉ុន្មានខែមុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ក៏បានផ្តើមបើកការវាយប្រហារលើការដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ ដែល ត្រូវបានតុលាការកំពូលកម្ពុជារំលាយចោល ក្រោយអាជ្ញាធរកម្ពុជាសង្ស័យថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកនយោបាយមួយចំនួន នៅគណបក្សជំទាស់មួយទៀតដែលទើបចាប់ផ្តើមដំណើរការឡើងវិញមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ គឺគណបក្សភ្លើងទៀន ក៏បានរងសម្ពាធផ្លូវច្បាប់ ហើយខ្លះត្រូវបង្ខំចិត្តទទួលស្គាល់កំហុស ហើយចុះចូលនឹងបក្សកាន់អំណាច ជាថ្នូរនឹងសេរីភាពនៅក្រៅមន្ទីរឃុំឃាំង។
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន មកពីអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ ប្រាប់វីអូអេថា ការសម្រេចចិត្តរបស់លោកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានកើតឡើងដោយសារតែលោកមើលឃើញថា គណបក្សប្រឆាំងមិនអាចយកឈ្នះគណបក្សកាន់អំណាចបានឡើយ ហើយលោកក៏មានការឆ្អែតឆ្អន់ណាស់ទៅហើយ ចំពោះការបម្រើនយោបាយជំទាស់។
បើតាមប្រធានគណបក្សរូបនេះ បើទោះជាលោកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាទៅហើយ ប៉ុន្តែមនសិការស្រឡាញ់ជាតិរបស់លោកគឺនៅដដែល។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្ញុំនឹងប្រឹងប្រែងគ្រប់វីធីសាស្ត្រទាំងអស់ដើម្បីធ្វើយ៉ាងណាការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ហើយខ្ញុំអត់លះបង់ជំហររបស់ខ្ញុំពីដើមទេ។ ពីដើមមានន័យថា ខ្ញុំការពារប្រជាពលរដ្ឋ ការពារយុត្តិធម៌ ខ្ញុំនៅតែធ្វើកិច្ចការងារហ្នឹងដដែល»។
នៅពេលសួរថាតើលោកនឹងមានការជំរុញឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពនយោបាយយ៉ាងម៉េច ដោយសារតែលោកធ្លាប់លើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហានេះ លោក សួង សុភ័ណ្ឌ ថ្លែងថា៖ «ឱ្យមានធានានូវភាពអព្យាក្រឹត រួមទាំង គ.ជ.ប ផងដែរ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធ្វើយ៉ាងណាឱ្យមានសុក្រឹតភាពក្នុងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី ឬក៏ការបោះឆ្នោតជ្រើសរើសសមាជិកសភាខាងមុខផងដែរ»។
អ្នកតាមដានយល់ថា ការចុះចូលថ្មីៗនេះរបស់សកម្មជននយោបាយនិងសង្គមជាមួយគណបក្សប្រជាជនកម្ពុជា ទំនងជាមានទំនាក់ទំនងនឹងយុទ្ធសាស្ត្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកកំពុងប្រើ គឺយុទ្ធសាស្ត្រ IF (Isolate and Finish) ដែលមានន័យថា ដាក់ឱ្យនៅដាច់ពីគេឯងសម្រាប់អ្នកមានទស្សនៈជំទាស់ និងបញ្ចប់មនោគមវិជ្ជានយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី។
ប៉ុន្តែការធ្វើដូច្នេះ អាចផ្តល់ប្រយោជន៍ខ្លះដែរ សម្រាប់ដំណើរការប្រជាធិបតេយ្យ ពោលគឺគណបក្សតូចៗ ដែលបង្កើតឡើងដោយអតីតមន្ត្រីបក្សជំទាស់ និងអ្នកនយោបាយមួយចំនួនទៀត នឹងត្រូវផាត់ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត ហើយពលរដ្ឋក៏នឹងលែងមានការភាន់ច្រឡំពេលធ្វើការសម្រេចចិត្តលើសន្លឹកឆ្នោត។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំៗមើលឃើញថាលោកនាយករដ្ឋមន្ត្រីកំពុងតែបោសសម្អាតលាងសង្វៀននយោបាយកម្ពុជាហ្នឹង ឱ្យកាន់តែមានភាពច្បាស់លាស់ ហើយពលរដ្ឋកាន់តែមើលឃើញថា គួរតែជ្រើសរើសបក្សណា ដែលកន្លងមកហ្នឹងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយគណបក្សតូចៗក៏ធ្វើឱ្យមានការបែកសំឡេងអ្នកប្រជាធិបតេយ្យផងដែរ»។
សម្រាប់ជោគវាសនារបស់យុវជន ឬក៏សកម្មជននយោបាយដែលព្រមស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក សេង សារី យល់ថា សមត្ថភាពរបស់អ្នកទាំងនោះជាកត្តាកំណត់អនាគតនយោបាយរបស់ពួកគេ។
លោកថ្លែងថា៖ «អ៊ីចឹងវាអាស្រ័យទៅលើសមត្ថភាព ភាពចេះដឹង ចំណេះជំនាញរបស់យុវជនទាំងអស់នោះ ថាតើពួកគាត់អាចរក្សាបានតួនាទីប៉ុណ្ណា? ប៉ុន្តែខ្ញុំមើលភាគច្រើនយុវជនដែលចូលទៅថ្មីៗនេះ ពួកគាត់ភាគច្រើនជាសកម្មជននយោបាយ ពួកគាត់មិនសូវជាមានចំណេះដឹងខាងគ្រប់គ្រង ដឹកនាំរដ្ឋអីទេ។ ដូច្នេះខ្ញុំមើលឃើញថាភាគរយតិចណាស់ដែលអាចរក្សាតំណែងដល់អាណត្តិក្រោយ ២០២៣»។
បើតាមអ្នកវិភាគរូបនេះ មុនចូលប្រឡូកក្នុងវិស័យនយោបាយ យុវជនត្រូវមានចំណេះដឹងនយោបាយក៏ដូចជារបៀបនៃការដឹកនាំរដ្ឋ ជាការចាំបាច់ដើម្បីអាចបញ្ចៀសនូវហានិភ័យសម្រាប់ជាតិ ឬការកេងប្រវ័ញ្ចខាងនយោបាយនាពេលខាងមុខ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ច័ន្ទរឿន លើកឡើងថា ការជំរុញឱ្យមានការចុះចូលខាងនយោបាយនេះ ជាយុទ្ធសាស្ត្រនៃការកៀរគរកម្លាំងរបស់គណបក្សនីមួយៗដើម្បីកាត់បន្ថយចរន្តប្រឆាំង និងបំបែកការគាំទ្រគណបក្សជំទាស់។ យ៉ាងណាក្តី លោកថា ការចុះចូលខាងនយោបាយមួយរយៈពេលចុងក្រោយនេះ អាចមួយផ្នែកបណ្តាលមកពីការយល់ឃើញរបស់បុគ្គលម្នាក់ៗ និងមួយផ្នែកមួយទៀតអាចមកពីការគំរាមកំហែងខាងនយោបាយ។
លោកថ្លែងថា៖ «ការចុះចូលខ្លះអាចកើតឡើងដោយចេតនា ដោយសមានចិត្តរបស់សកម្មជនហ្នឹង។ ការចុះចូលខ្លះទៀតកើតឡើងដោយសារតែសកម្មជនឬក៏អ្នកនយោបាយហ្នឹងគាត់រងនូវការធ្វើទុក្ខបុកម្នេញ ការគាបសង្កត់ ការបិទសិទ្ធិសេរីភាពធ្ងន់ធ្ងរ ដែលវាអត់មានជម្រើសអី ក្រៅពីទៅចូលរួម មិនអាចបន្តនៅជីវិតនយោបាយហ្នឹងតទៅទៀត»។
លោកបន្ថែមថា ការចុះចូលរបស់អ្នកនយោបាយទាំងនោះ ក៏នឹងនាំមកនូវទាំងគុណសម្បត្តិ និងគុណវិបត្តិ។
លោកបញ្ជាក់ថា៖ «វាជួយធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការជ្រើសរើសគណបក្សឬបុគ្គលដែលពួកគាត់នឹងបោះឆ្នោតឱ្យធ្វើជាតំណាងរបស់ខ្លួន ប៉ុន្តែការចាកចេញរបស់អ្នកនយោបាយ និងសកម្មជននយោបាយពីក្នុងគណបក្សប្រឆាំងខ្លួនឯង ក៏វាប៉ះពាល់ដែរ ប៉ះពាល់ទៅដល់បាត់បង់ធនធាន»។
កង្វះការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យជាប់រវល់ជាមួយនឹងបញ្ហារបស់ពិភពលោក តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន ក៏ជាកត្តាធ្វើឱ្យសកម្មជននយោបាយនិងសង្គមទាំងនោះគ្មានលទ្ធភាពគាំទ្រនិន្នាការជំទាស់ ហើយគួបផ្សំជាមួយនឹងសម្ពាធនយោបាយផងនោះ ពួកគេមានជម្រើសតែមួយប៉ុណ្ណោះ គឺចុះចូលជាមួយគណបក្សកាន់អំណាច។ នេះបើតាមការវិភាគរបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា។
លោកថ្លែងថា៖ «ខ្វះការគាំទ្រពីអ្នកនៅក្នុងស្រុកនិងអ្នកនៅក្រៅស្រុក។ អ្នកនៅក្រៅស្រុក យើងសំដៅលើទៅសហគមន៍អន្តរជាតិ តាមគោលការណ៍ច្បាប់អន្តរជាតិ។ ហើយអ្នកនៅក្នុងស្រុកយើងសំដៅទៅលើពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អ៊ីចឹងវាធ្វើឱ្យអ្នកទាំងអស់ហ្នឹងខ្វះលទ្ធភាពនៅក្នុងការតស៊ូមតិ ហើយរងសម្ពាធនៃការដាក់បន្ទុក សម្ពាធគំរាមកំហែងសន្តិសុខសុវត្ថិភាព និងការរកស៊ីរបរផ្សេងៗធ្វើឱ្យគាត់មានជម្រើសតែមួយទេចុះចូល។
នៅមុនការបោះឆ្នោតថ្នាក់ជាតិដែលខិតជិតមកដល់ក្នុងឆ្នាំ ២០២៣ នេះ ហើយក៏ជាអន្តរកាលនៃគម្រោងផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ត្រូវបានអ្នកតាមដានយល់ថា លោកបាននិងកំពុងតែពង្រឹងអំណាចកាន់តែខ្លាំង ដោយការធ្វើទុក្ខបុកម្នេញទៅលើគូប្រជែងរបស់លោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា អ្នកដែលនិយាយថាការចុះចូលរបស់សកម្មជនទាំងនោះដោយសារតែការធ្វើទុក្ខបុកម្នេញនយោបាយ ជាការនិយាយដោយមាននិន្នាការនយោបាយនិងលម្អៀង។ លោកអះអាងថា ការចុះចូលរបស់ពួកគេ ដោយសារតែមើលឃើញពីភាពវិជ្ជមាននៃគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងការមកចូលរួមជីវភាពនយោបាយគណបក្សប្រជាជនមិនមែនអាស្រ័យដោយមានការគាបសង្កត់ ឬអាស្រ័យដោយមានការសំឡុតគំរាមកំហែងណាមួយទេ»។
នៅពេលសួរថាតើអ្នកដែលចុះចូលទាំងនោះនឹងត្រូវបានគណបក្សយកទៅបំពេញការងារយ៉ាងដូចម្តេច លោក សុខ ឥសាន បញ្ជាក់ថា វាអាស្រ័យទៅលើសមត្ថភាពនិងចំណេះជំនាញរបស់ពួកគេទាំងអស់នោះ។
ប្រធានគណៈកម្មាធិការនាយកស្តីទីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា ប្រាប់វីអូអេថា បើទោះជាមានថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សបាននាំគ្នាចាកចេញទៅចុះចូលជាមួយគណបក្សកាន់អំណាច គណបក្សបានរៀបចំរចនាសម្ព័ន្ធសាជាថ្មី ហើយនៅតែមានឆន្ទៈឆ្ពោះទៅមុខប្រកបដោយទស្សនវិស័យដើម្បីទាញការគាំទ្រពីប្រជាជននៅពេលអនាគត។
លោកថ្លែងថា៖ «ប៉ុន្តែក្រោយមកយើងបានពង្រឹងគ្នាយើងឡើងវិញ ពង្រឹងសមាសភាពយើងឡើងវិញ យើងក៏អត់អីទេ។ យើងបានតាំងចិត្ត ហើយដើរទៅតាមមាគ៌ា ទៅតាមផ្លូវដែលយើងបានត្រួសត្រាយរួចមកហើយ។ អ៊ីចឹងយើងអត់អស់សង្ឃឹមទេ នៅតែដើរទៅមុខ»។
យ៉ាងណាក៏ដោយ លោក សាម អ៊ីន អតីតអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា បើការចុះចូលរបស់លោកមិនអាចធ្វើអ្វីបានសម្រាប់ការរីកចម្រើននៃប្រទេសជាតិ លោកនឹងលាឈប់ពីតួនាទីនេះ ហើយចូលនិវត្តន៍តែម្តង។
លោករៀបរាប់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំដាក់ក្តីសង្ឃឹមចង់ចូលជួយ ហើយខ្ញុំចង់ក្លាយជាចំណែកនៃដំណោះស្រាយ។ អ៊ីចឹងខ្ញុំដាក់ចិត្តដាក់កាយចង់ជួយ ប៉ុន្តែបើសិនជាខ្ញុំចូល ទៅហើយមិនអាចធ្វើអ្វីបានសោះ គ្រាន់តែទៅអង្គុយអានកាសែត ខ្ញុំគិតថា វាដល់ពេលវេលាដែលខ្ញុំត្រូវឈប់សម្រាក»៕