វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគឯករាជ្យកម្ពុជាខ្លះចង់ឃើញពលរដ្ឋនិងអ្នកនយោបាយខ្មែរតប ស្នងសងគុណដល់សម្តេចឳ និងយកគម្រូតាមព្រះអង្គក្នុងការដឹកនាំប្រទេសឆ្ពោះទៅកាន់ភាពរីកចម្រើន និងសន្តិភាព។
ពលរដ្ឋកម្ពុជាទូទាំងប្រទេសនិងមេដឹកនាំកម្ពុជាដែលទទួលស្គាល់ស្នាព្រះហស្ថ របស់សម្តេចឳព្រះនរោត្តម សីហនុកំពុងកាន់មរណៈទុក្ខព្រះបរមសពព្រះអង្គ ដែលបានយាងចូលទិវង្គតកាលពីថ្ងៃទី១៥តុលាឆ្នាំ២១០២ក្នុងមន្ទីរពេទ្យក្រុង ប៉េកាំង ប្រទេសចិន។ ក្រុមអ្នកវិភាគកម្ពុជាមួយចំនួនបានបញ្ជាក់ថា ដើម្បីជាការរំឭកពីព្រះរាជគុណូបការៈព្រះអង្គ ក្នុងការដឹកនាំប្រទេស ពលរដ្ឋនិងមេដឹកនាំមានកាតព្វកិច្ចគួរបន្តគម្រូនិងកេរដំណែលដឹកនាំល្អៗរបស់សម្តេចឳ ដើម្បីផលប្រយោជន៍ប្រទេសទៅអនាគត។
កេរដំណែលដែលសម្តេចឳបានបន្សល់ទាំងនោះរាប់បញ្ចូលទាំងបញ្ហាសន្តិភាព ការទាមទារឯករាជ្យជាតិ ទាមទារប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ពីប្រទេសថៃ បង្កើតឲ្យមានចលនាមិនចូលបក្ខសម្ព័ន្ធ ធានាឯករាជ្យភាព ស្ថិរភាព សន្តិភាព រវាងភាគីខ្មែរនិងខ្មែរតាមរយៈកិច្ចព្រមព្រៀងទីក្រុងបារីស ការបង្កើតទំនាក់ ទំនងការបរទេសឲ្យអន្តរជាតិស្គាល់កម្ពុជា និងធានាឯកភាពជាតិ ការផ្សះផ្សារជាតិនិងអភិវឌ្ឍប្រទេសជឿនលឿននៅសម័យសង្គមរាស្ត្រនិយមជាដើម។
ពលរដ្ឋកម្ពុជារាប់សែននាក់ ដែលមិនធ្លាប់មានច្រើនដូច្នេះ បានឈរទទួល ព្រះបរមសពសម្តេចឳនៅតាមដងផ្លូវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកព្រះបរមរាជវាំង ពេលគេដឹកតាមទីនាំងពីប្រទេសចិនមកកម្ពុជា។ ពួកគេមានទឹកមុខ ស្រងូតស្រងាត់ យំខ្សឹកខ្សួល នឹកស្តាយដល់ព្រះអង្គដែលបានចូលទិវង្គត។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ដែលបានរំឭកពីស្នាព្រះហស្ថដ៏អស្ចារ្យជាច្រើនសម្រាប់កម្ពុជានោះ បានអំពាវនាវដល់អ្នកនយោបាយទាំងអស់ថា គួរបម្រើពលរដ្ឋ ធ្វើឲ្យពលរដ្ឋនឹកចងចាំ គោរព ស្ញប់ស្ញែង ដូចព្រះមហាវីរក្សត្រ ហើយកាន់ទុក្ខពាសពេញប្រទេសកម្ពុជា ទោះបីជាលោកយាងចូលទិវង្គតក្តី។
«អ្វីដែលអ្នកនយោបាយខំធ្វើស្លាប់រស់មួយជាតិ ធាតុមួយចានហ្នឹងគឺចង់បានការគោរព ការឲ្យតម្លៃពីប្រជាជនរបស់ខ្លួនក្នុងនាមជាមេដឹកនាំគឺខុសពីការចែកឋានរបស់ប៉ុលពត មានតែកង់ឡានមួយ ផ្កាមួយបាច់ ដែលជាសោកនាដកម្មមួយសម្រាប់អ្នកនយោបាយ។ ដូច្នេះបើសិនជាអ្នកនយោបាយទុកកេរ្តិ៍ឈ្មោះនិងអត្ថន័យសម្រាប់ប្រទេសជាតិ ប្រជាជននឹងតបស្នងសងគុណវិញទៅ តាមអ្វីដែលអ្នកដឹកនាំបានបន្សល់សម្រាប់ប្រទេសជាតិ»។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជា បានផ្តល់ព្រះនាមដល់ សម្តេចឳ ថាជាមហាវីរបុរសដ៏កម្រ ដែលមានទេពកោសល្យដឹកនាំប្រទេស ចិត្ត អាណិតអាសូរស្រឡាញ់ ជាពិសេស ពលរដ្ឋក្រីក្រងាយរងគ្រោះ ទន់ភ្លន់។ ព្រះអង្គគ្មានទ្រព្យសម្បត្តិ គ្មានធនធានរាប់លានដុល្លារក្នុងធនាគារទេ នៅពេលព្រះអង្គដឹកនាំប្រទេស។ រឿងនេះធ្វើឲ្យអ្នកស្រីអះអាងថា ជាចំណុចទាក់ទាញ យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសសម័យសង្គមរាស្ត្រនិយមទសវត្សរ៍១៩៥០-៦០ ដែលអន្តរជាតិទទួលស្គាល់។
«ហ្នឹងជាកត្តាមួយដែលធ្វើឲ្យលោកមានជោគជ័យ លោកមានទេពកោសល្យ ក្នុងការដឹកនាំស្រុកទេសប្រកបដោយជោគជ័យបាន»។
លោកស្រីក៏ថ្លែងរំឭកពលរដ្ឋកម្ពុជាអំពីសម័យឆ្នាំ១៩៧៩ដែលកម្ពុជា ទើបបានងើបចេញការកាប់សម្លាប់របស់ខ្មែរក្រហមនិងងើបពីសង្គ្រាមខ្ទេចខ្ទាំអស់រលីង គ្មានសាលា គ្មានពេទ្យ គ្មានគ្រូ គ្មានវត្តអារាម ធនធានអ្វីៗក៏អត់ទាំងអស់ព្រះសង្ឃក៏អត់។
«អ្វីដែលយើងត្រូវរៀនសូត្រពីសម័យសង្គមរាស្ត្រនិយមហ្នឹងគឺធ្វើយ៉ាងណាឲ្យ កិច្ចការកសាងប្រទេសហ្នឹងតម្រង់ទិសទៅជួយប្រជាពលរដ្ឋខ្មែរ ឲ្យប្រជាពលរដ្ឋ ខ្មែរមានភាពកក់ក្តៅ ឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ឲ្យប្រជា ពលរដ្ឋខ្មែររស់នៅប្រកបដោយមោទនភាពក្នុងខ្លួន ជាខ្មែររស់នៅក្នុងប្រទេស ដែលខ្លួនមានមោទនភាពខ្ពស់ និងជាការមួយដែលយើងត្រូវខិតខំប្រឹងប្រែង ខិតខំធ្វើបន្តទៅមុខទៀត»។
លោកស្រីជា វណ្ណាតបានប្រៀបប្រដូចសម្តេចឳទៅនឹងជនល្បីល្បាញលើពិភព លោក ដូចជាលោកមហាត្មះគន្ធី នៅឥណ្ឌា និងលោកនេលស្សិន មែនឌែលឡា នៅអាហ្រ្វិកខាងត្បូង។ លោកស្រីក៏បានប្រៀបប្រដូចសម្តេចឳទៅនឹងព្រះបាទជ័យវរ្ម័នទី៧ ដែលជាក្សត្រល្បីល្បាញក្នុងសតវត្សរ៍ទី១២ ដែលបានកសាងអង្គរវត្តដែរ។
«តាមខ្ញុំមើលទៅ ដែលធំធេងមហាសាលអញ្ចឹង គឺយើងគ្រាន់តែឮតាមពង្សាវតាគឺព្រះបាទជ័យវរ្ម័នទី៧ គិតទៅចន្លោះគ្នា៩០០ឆ្នាំ។ ៩០០ឆ្នាំបានមានមួយអង្គ ទៀត។ ម្ល៉ោះហើយមគ្គុទេសក៍ជាអ្នកដឹកនាំហ្នឹងចំពោះអង្គព្រះមហាវីរក្សត្រ ហ្នឹងគឺវិសេសមែនទែន»។
ដើម្បីតបស្នងសងគុណដល់សម្តេចឳ ដែលបានធ្វើឲ្យប្រទេសរីកចម្រើន មានសន្តិភាព ឯករាជ្យភាព និងសុភមង្គល លោកស្រីបានអំពាវនាវ ដល់រាជរដ្ឋាភិបាលគិតគូរលើកលែងទោសដល់អ្នកដែលនៅក្នុងពន្ធនាគារក្តី ឬអ្នកដែលបានរត់គេចភៀសខ្លួនទៅណាក្តី ពីព្រោះនេះមិនមែនជារឿងថ្មីទេ តែជាប្រពៃណីដែលរាជរដ្ឋាភិបាលលោកបានធ្វើសំណើទៅថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសអ្នកដែលមានទោស។
«ខ្ញុំសូមធ្វើសំណូមពរទៅរាជរដ្ឋាភិបាលដើម្បីជាការដឹងគុណដល់ព្រះមហា វីរក្សត្រ ទោះណាជាលោកសោយទិវង្គតក្តី នៅភពណាដែលស្តេចយាងទៅហើយលោកនឹងរិតតែមានព្រះទ័យអរសោមនស្សដែលឃើញកូនចៅមានឯកភាពនឹងគ្នា កូនចៅចេះសន្តោសគ្នា កូនចៅចេះអត់ឱនគ្នាទៅវិញទៅមក។ ទាំងអស់ហ្នឹងគឺដើម្បីប្រយោជន៍ជាតិ ទាំងអស់ហ្នឹងគឺដើម្បីខ្មែរ»។
លោកសម រង្ស៉ី ប្រធានគណបក្សសម រង្ស៉ីកំពុងនិរទេសខ្លួននៅក្រៅប្រទេសដោយសារត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ទោស១០ឆ្នាំរឿងព្រំដែន និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ដែលជាប់គុក២០ឆ្នាំ ពីបទធ្វើអបគមន៍ដីធ្លីនៅខេត្តក្រចេះ ត្រូវគេគិតថា អាចស្ថិតក្នុងចំណោមទណ្ឌិតដែលត្រូវលើកលែងទោសដែរ ប្រសិនបើរាជរដ្ឋាភិបាលគិតគូរពីបញ្ហាលើកលែងទោសដើម្បីសងព្រះគុណសម្តេចឳ។
ព្រះតេជគុណ ហុក សុវណ្ណ ព្រះចៅអធិការវត្តខ្មែរក្នុងក្រុងម៉ុងរ៉េអាល់ ប្រទេស កាណាដា បានសម្តែងភាពតក់ស្លុតរបស់ព្រះតេជគុណដែរ ចំពោះការ យាងចូលទិវង្គតរបស់សម្តេឳ។ ព្រះតេជគុណមានសង្ឃដីកាថា ជាការដឹងគុណ ជាការគោរពដល់សម្តេចឳគឺការធ្វើតាមអ្វីដែលជាការដឹកនាំល្អ ដែលព្រះអង្គបាន បន្សល់ទុកឲ្យអ្នកដឹកនាំជំនាន់ក្រោយនិងពលរដ្ឋផងដែរ។
«ប្រជារាស្ត្រខ្មែរ ប្រុសស្រី ចាស់ក្មេងអី ជំនាន់ក្រោយនេះ យើងត្រូវសិក្សាមើល វីរជនខ្លះ។ គេធ្វើល្អគួរឲ្យតម្លៃ គួរនឹកគុណកុំឲ្យខឹងខុស។ ហើយស្អីក៏ខុស ទាំងអស់នោះ។ អាហ្នឹងមិនមែនសម្បុរសទេ។ សម្បុរសឲ្យដឹងថា នេះខុស នេះត្រូវ។បើថា ត្រូវគួរឲ្យតម្លៃ គួរលើកគុណ»។
ក្រៅពីរំឭកស្នាព្រហស្ថធំៗរបស់សម្តេចឳ ព្រះតេជគុណហុក សុវណ្ណបន្ថែមថាសវនាការមួយអាទិត្យម្តងដើម្បីដោះស្រាយសុខទុក្ខប្រជារាស្ត្រ និងការធ្វើ សមាជជាតិឲ្យរាស្ត្រធ្វើការសាកសួរផ្ទាល់ៗដល់ព្រះអង្គក្នុងសម័យសង្គមរាស្ត្រនិយមគឺជាចំណុចល្អរបស់សម្តេចឳដែរ។ ហើយនេះជាចំណុចល្អសម្រាប់អនុវត្តក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលមិនទុកចិត្តរដ្ឋាភិបាល និងតុលាការ៕