ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រាប់​ម៉ឺននាក់​ផ្តុំ​គ្នា​នៅ​មុខ​វាំង​នៅ​ថ្ងៃ​កាន់​ទុក្ខ​ចុងក្រោយ


ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​នាំ​គ្នា​មក​កាន់​ព្រះ​បរម​រាជវាំង​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​សីហនុ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​កាន់​ទុក្ខ​រយៈ​ពេល​៧​ថ្ងៃ។​

សម្តេច​ឪ​នរោត្តម​សី​ហនុ​បាន​សោយ​ព្រះ​ទី​វង្គត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន​ដោយ​សារ​ជំ​ងឺ​គាំង​បេះ​ដូង​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​កន្លង​ទៅ​នេះ។​

ព្រះ​បរម​សព​របស់​សម្តេច​ឪ​ត្រូវ​បាន​ដឹក​តាម​ព្រះ​ទី​នាំង​យន្តហោះពិ​សេស​របស់​ក្រុម​ហ៊ុន​Air China​ ពី​ប្រទេស​ចិន​មក​តម្កល់​ទុក​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​មរកត​រយៈ​ពេល​បី​ខែនិង​កាន់​ទុក្ខ​រយៈ​ពេល​មួយ​សប្តាហ៍​មុន​នឹង​ដង្ហែរ​ទៅ​ធ្វើ​ព្រះ​រាជ​ពិ​ធី​បូជា​នៅ​វាល​ព្រះ​មេរុ។​

រយៈ​ពេល​មួយ​សប្តាហ៍​នៃ​ការ​កាន់​ទុក្ខ​នេះ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ដោយ​រាប់​បញ្ចូល​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ លោក​ហេង​ សំរិន​ប្រធាន​រដ្ឋ​សភា​ព្រម​ទាំង​មេដឹក​នាំ​សំខាន់​ៗ​មក​ពី​ប្រទេស​សមា​ជិក​អាស៊ាន​និង​ប្រទេស​កូរ៉េ​ខាង​ជើងបាន​មក​ចូល​រួម​កាន់​មរណ​ទុក្ខ។​

នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​កាន់​មរណទុក្ខ​នេះ​ក្រុម​យុវជន​មក​ពី​គណ​បក្ស​ប្រឆាំង​ សហ​ជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ប្រជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​ដើម្បី​ចូល​រួម​កាន់​មរណទុក្ខ​ចុង​ក្រោយ។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្តេច​ឪ​ដោយ​មាន​កម្រង​ផ្កា​ព័ទ្ធ​ជុំ​វិញ។​អ្នក​ខ្លះ​ទៀត​កាន់​ផ្កា​ឈូក​ទៀន​មក​ក្រាប​សំ​ពះ​នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​ពី​មុខ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ឪ​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​និង​ភាគ​ច្រើន​បាន​បង្ហូរ​ទឹក​ភ្នែក។​

ក្រុម​យុវជន​គណ​បក្ស​សម រង្ស៊ី​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិ​បតេយ្យ​មុន​នឹង​ដើរ​ហែ​រក្បួន​មក​ព្រះ​បរម​រាជ​វាំង។​

យ៉ាង​តិច​មាន​ក្រុម​អ្នក​ចូល​រួម​ប្រមាណ​៣០​នាក់​បាន​សម្រេច​កោរ​សក់​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ព្រះ​បរម​សព​សម្តេច​ឪ។​

អង្គុយ​បត់​ជើង​នៅ​ពី​មុខ​រូប​ព្រះ​ឆាយា​ល័ក្ខ​ណ៍​សម្តេច​ឪ។​លោក​ឡុង ផា​អាយុ​៦១​ឆ្នាំ​បាន​លើក​ដៃ​សំពះ​ក្នុង​ខណៈពេល​ដែល​មាន​ដូន​ជី​ស្លៀក​ស​ពាក់​ស​ម្នាក់​បាន​កោរ​សក់​លោក។​
លោក​បាន​និយាយ​ថា​ការ​សម្រេច​កោរ​សក់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ព្រះ​បរម​សព​សម្តេ​ច​ឪ។​

«​បាទ​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ដែល​ព្រះ​វររាជ​បីតា​របស់​ខ្ញុំ​បាន​សោយ​ទី​វង្គត។​ម្ល៉ោះ​ហើយ​ខ្ញុំ​ជា​កូន​សូម​ធ្វើ​ការ​តប​ស្នង​សង​គុណ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់»​។​

លោក​សួង សុ​ភ័ណ្ឌ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​ចលនា​យុ​វជន​គណ​បក្ស​សម រង្ស៊ី​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​មុន​នឹង​លោក​កោរ​សក់​ថា​លោក​បាន​ផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​មហា​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ដើម្បី​ឱ្យ​មាន​កំណែ​ទម្រង់​គ​ណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ជា​ការ​ជួប​ប្រជុំ​ដើម្បី​កាន់​ទុក្ខ​ព្រះ​បរម​សព​របស់​សម្តេច​ឪ​វិញក៏​ប៉ុន្តែ​គម្រោង​ធ្វើ​បាតុកម្ម​នៅ​មិន​បោះ​បង់​ចោល​ទេ។​

លោក​បាន​និយាយ​ថា​គោល​បំណង​នៃ​ការ​ចូល​រួម​ដង្ហែរ​នៅ​ថ្ងៃ​នេះ​ថា៖​

«បាទ​គោល​បំណង​នៃ​ការ​ហែរ​នេះ​យើង​ចង់​បញ្ជាក់​អំ​ពី​ទឹក​ចិត្ត​ដ៏​ស្មោះ​សនិង​ស្មោះ​ស្ម័គ្រ​ថា​យុវជន​យើង​គោរព​ស្តេច​ ស្រឡាញ់​សែ​រាជ​វង្ស ​ ស្រឡាញ់​ព្រះបាទ​នរោត្តម​សីហនុ​ ស្រឡាញ់​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១»​។​

កញ្ញា​គី សុខ​ហេង​ រៀន​នៅ​សាលា​វិទ្យាល័យ​ជា ស៊ីម​សន្ធរម៉ុក​បាន​និយាយ​ថា​កញ្ញា​បាន​កាត់​បន្ថយ​ភាព​សប្បាយ​រីក​រាយ​និង​បាន​ចូល​រួម​កម្មវិធី​កាន់​ទុក្ខ​ជា​ច្រើន​ចាប់​តាំង​ពី​សម្តេច​ឪបាន​សោយ​ទី​វង្គត់។​

«នៅ​ផ្ទះ​ដូច​ជា​ការ​កាត់​បន្ថយ​នៅ​ការ​លេង​ហ្គេម​កំសាន្ត​ផ្សេង​ៗ​ដូច​ជា​តាម​រយៈ​ Facebook ក៏​ខ្ញុំ​អត់​បាន​បើក​Online​ដែរ»។​

ចំណែក​ក្រុម​កម្មករ​យ៉ាង​តិច​ចំនួន​ជិត​មួយ​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែរ​ក្បួន​យ៉ាង​ស្ងាត់​ស្ងៀម​ពី​ទី​ស្នាក់​ការ​សហ​ជីព​សេរី​កម្មករ​មក​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​ចង​បូរណ៌​ព័ណ៌​ខ្មៅ​នៅ​លើ​ក្បាល​និង​មាន​សរសេរ​អក្សរ​ថា​សម្តេច​តា​ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ។​

លោក​ម៉ាន់ សេង​ហាក់​ប្រធាន​ហិរញ្ញិក​នៃ​សហ​ជីព​សេរី​កម្មករ​បាន​ប្រាប់​អ្នក​កា​សែត​ថា​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ​គឺ​ដើម្បី​ដឹង​គុណ​នូវ​ស្នា​ព្រះ​ហស្ថ​របស់​សម្តេច​ឪ។​

«​បាទ​យើង​ឃើញ​ហើយ​ថា​កាល​ដែល​ព្រះ​អង្គគង់នៅ​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ឃើញ​ថា​មាន​រឿង​ខ្លះ​ព្រះ​អង្គ​ចេញ​មុខ​សម្រប​សម្រួល​ប្រទេស​យើង។​ហើយ​នៅ​ពេល​ព្រះ​អង្គ​យាង​ចូល​ទី​វង្គត់​យើង​មិន​ដឹង​ថា​នៅ​ពេល​ខាង​មុខ​និង​មាន​រឿង​អ្វី​កើត​ឡើងទៀត​ទេ»។​

នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​កាន់​មរណទុក្ខ​របស់​សម្តេច​ឪ​បរិយាកាស​ពោ​រពេញ​ទៅ​ដោយ​ភាព​សោក​សៅ​ព្រម​ទាំង​ព័ទ្ធ​ជុំ​ជិត​ទៅ​ដោយ​មនុស្ស​ម្នា​កក​កុញមកពពាក់​ពពូន​គ្នា​ដើម្បី​ចូល​រួម​កាន់​មរណទុក្ខ​។​នេះ​បើ​តាមការ​បញ្ជាក់​របស់សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។​
ដោយ​ឡែក​ទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី​បាន​ចេញ​អនុ​ក្រិត្យ​មួយ​ដោយ​កំណត់​យក​ថ្ងៃ​ទី​២៣​ខែ​តុលា​ជា​ទិវា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជាថ្ងៃ​ឈប់​សម្រាក​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស៕​
XS
SM
MD
LG