ភ្នំពេញ៖ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ ប្រជាពលរដ្ឋគ្រប់ស្រទាប់រួមទាំងព្រះសង្ឈផងដែរនៅតែបន្តយ៉ាងផុលផុសគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីសានាសម្រាប់ព្រះបរមសពសម្តេចឪ នរោត្តម សីហនុ។ សកម្មភាពបែបនេះក៏បានផ្តល់ឱកាសឲ្យការប្រកបមុខរបរលក់ផ្កា បូណ៌កាន់ទុក្ខ និងព្រះឆាយាល័ក្ខណ៍របស់ព្រះសពយ៉ាងកាក់កបផងដែរ។
ព្រះសង្ឃគ្រប់អង្គដែលគង់នៅតាមទីវត្តអារាមទាំងអស់ទូទាំងប្រទេសកម្ពុជាតែងតែធ្វើពិធីបង្សុកូលឧទិ្ទសថ្វាយដល់វិញ្ញាណក្ខន្ឋព្រះមហាវីរៈក្សត្រមុនឆាន់ ហើយរៀងរាល់ព្រឹក និងល្ងាចព្រះសង្ឈទាំងអស់ជួបជុំគ្នាដើម្បីសូត្រធម៌ឧទ្ទិសថ្វាយវិញ្ញាណក្ខន្ធសម្តេចឪផងដែរ។
ព្រះញាណ វង្ស ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញ គង់នៅវត្តបុទុមវត្តីបានមានសង្ឈដីកាថាសកម្មភាពទាំងអស់នេះនឹងធ្វើរហូតដល់ព្រះរាជពិធីបូជាព្រះបរមសព។
«ពីថ្ងៃនេះទៅ ទូទាំងវត្តក្នុងព្រះរាជាណាចក្រកម្ពុជាដឹកនាំពុទ្ធបរិស័ទជើងវត្តនីមួយៗដើម្បីជួបជុំគ្នានៅទីអារាម ហើយធ្វើបុណ្យឧទ្ទិសព្រះរាជកុសលថ្វាយ។ ការប្រារព្ធយ៉ាងនេះឲ្យប្រារព្ធជារៀងរហូតទៅ មិនមែនប្រារព្ធតែវិញ្ញាណខន្ធសម្រាប់តែប្រាំពីរថ្ងៃនេះទេ។ ពេលមុននឹងអាត្មាបញ្ចប់ធម៌ផ្សាយមេត្តាធម៌ ក៏អាត្មាប្រកាសផ្សាយឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយទាំងព្រឹកទាំងល្ងាចរាល់ថ្ងៃ»។
ចំណែកនៅឯមុខព្រះបរមរាជវាំងវិញទាំងថ្ងៃទាំងយប់ប្រជាពលរដ្ឋនិងព្រះសង្ឈមកពីគ្រប់ទិសទីនាំគ្នាមកគោរពវិញ្ញាណក្ខន្ធសម្តេចឪដោយនាំយកមកជាមួយនូវទាន ធូក និងផ្កាភ្ញី។
អ្នកទាំងនោះភាគច្រើនបានអង្គុយបត់ជើងផ្ទាល់នឹងថ្នល់ឬឥដ្ឋហើយបានអុជធូកនិយាយខ្សឹបៗក្តុកក្តួលដោយបួងសូមឲ្យវិញ្ញាណក្ខន្ធសម្តេចឪយាងទៅកាន់សុខគតិភព។ ព្រះសង្ឈ និងអ្នកកាន់សីលធ្វើពិធីសូត្រធម៌ផងដែរ។
«ព្រះបិតាជាតិសម្តេចតាដែលលោកបានចែកឋានទៅ សូមឲ្យលោកជួបតែបរមសុខ សូមជួយថែរក្សាកូនចៅទាំងអស់ក្នុងប្រទេសខ្មែរ កុំឲ្យមានរឿងអ្វីកើតឡើងទាំងអស់ក្នុងប្រទេស។ សូមឲ្យប្រទេសយើងជួបតែសេចក្តីសុខ។ សត្រូវដែលចង់ឈ្លានពានយារយីប្រទេសជាតិយើងសូមឲ្យមកពីមុខរលំមកពីក្រៅរលាយទាំងអស់ សូមសម្តេចតាជួយថែររក្សាកូនចៅផង»។
កញ្ញា ចាន់ ម៉ី អាជីវករក្នុងទីក្រុងភ្នំពេញបានឲ្យដឹងទាំងអួលដើមករថា ទោះបីជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់ត្រូវឆ្លៀតពេលមកគោរពវិញ្ញាណក្ខន្ធសម្តេចឪឲ្យបានយ៉ាងតិចពីរដងដែរ។
«រលឹកដល់សម្តេចពីការគោរពស្រឡាញ់បំផុតនៅក្នុងចិត្តខ្ញុំ។ ឲ្យតែរំលឹកដល់ មើលដល់ធ្វើឲ្យយើងចង់ស្រក់ទឹកភ្នែកតែម្តង។ គាត់ប្រឹងអស់មួយជីវិតហើយ។ គាត់មិនបានអីទៅវិញទេ គាត់ផ្តល់ឲ្យកូនចៅសុទ្ធតែអ្វីល្អៗទាំងអស់។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីចិត្តដើម្បីបានមកឲ្យច្រើនជាងនេះ»។
បន្ទាប់ពីមានការអុជធូបបួងសួងរួចហើយអ្នកទាំងនោះភាគច្រើនសរសេរពីអារម្មណ៍របស់ខ្លួនដូចជាពីវីរៈភាពរបស់សម្តេចឪ ការសោកស្តាយជាដើមចូលទៅក្នុងសៀវភៅ ដែលបានដាក់នៅលើតុវែងមួយ។ មុននឹងត្រលប់ទៅផ្ទះវិញ ប្រជាពលរដ្ឋមួយចំនួនទិញរូបថតសម្តេចឪកាលពីក្មេង រូបថតជុំគ្រួសារ និងរូបថតនៅក្នុងពិធីដង្ហែរព្រះសពជាដើម។
រីឯនៅតាមកន្លែងលក់ផ្កានៅក្នុងក្រុងភ្នំពេញក៏មានសកម្មភាពមមាញឹកទិញលក់កម្រងផ្កា ដាក់ស៊ុមរូបថតសម្តេចឪ និងបូកាន់ទុក្ខជាក្រណាត់ពណ៌ស និងខ្មៅ។ កម្រងផ្កាមានតម្លៃចាប់ពី
៣០ដុល្លារដល់១០០ដុល្លាអាមេរិក។ ចំណែកឯបូណ៌កាន់ទុក្ខមានតំលៃចាប់៥០០ ដល់១.០០០ រៀល ពោលគឺប្រមាណជា០.១២ ដុល្លារទៅ ០.២៥ដុល្លាអាមេរិច។
កញ្ញាវណ្ណ សុធារ៉ា អ្នកលក់ផ្កា និងលក់បូណ៌កាន់ទុក្ខក្នុងក្រុងភ្នំពេញបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះគ្រាន់តែកន្លែងគាត់មួយលក់បូណ៌កាន់ទុក្ខអស់ប្រមាណជាជិត៣ម៉ឺនបូ។
«មានខាងក្រសួងគេមកកុំម៉ង់ប្រហែលជា១ម៉ឺនបូណ៌ ហើយខ្លះទៅគេទិញ១០០ ទៅ២០០ យកទៅលក់បន្តពីព្រោះអីគេទិញបន្តរហូតដល់រៀងយប់ក៏នៅតែមានអ្នកទិញដែរ។ ខ្លះទៅបងប្អូន នៅខេត្តគេទិញផ្ញើ។ គេទិញច្រើន។ បូណ៌នេះខ្ញុំធ្វើទាន់តែលក់អត់ទាន់ពីព្រោះមនុស្សមកច្រើនពេក។ ២២នាក់ធ្វើមួយយប់ទាល់ភ្លឺធ្វើតាំងពីថ្ងៃទី១៦មក»។
នៅតាមក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋមួយចំនួនមាន
ការដាក់តាំងរូបថតសម្តេចឪលម្អដោយផ្កាភ្ញី និងតុបតែងសញ្ញាកាន់ទុកជាដើម។ នៅក្នុងអំឡុង ប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋភាគច្រើនស្ថិតនៅក្នុងសម្លៀកបំពាក់អាវស និងមានបូណ៌កាន់ទុក្ខខ្ទាស់នៅលើអាវផ្នែកដើមទ្រូងខាងឆ្វេង។
ព្រះមហាវីរក្សត្របានយាងចូលទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សា កាលពីព្រឹកថ្ងៃច័ន្ទ ទី១៥ ខែតុលា ក្នុងទីក្រុងប៉េកាំងប្រទេសចិន។ កម្ពុជាទាំងមូលកាន់មរណៈទុក្ខរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៧ ខែតុលានេះតទៅ។
ក្នុងអំឡុងពេលកាន់ទុក្ខនេះ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវបានផ្អាកការផ្សាយទស្សនីយភាព ការសម្តែង និងការប្រគុំតន្ត្រីផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។ ចំណែកឯដងទង់ជាតិត្រូវបង្ហូតតែ១ភាគ៣តែប៉ុណ្ណោះ៕