ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បញ្ចូល​ថ្ងៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​២៣តុលា​ជា​ថ្ងៃបុណ្យជាតិ​វិញ​


រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ ពី​ការ​ទទួល​យក​ថ្ងៃ​២៣​តុលា​ ជា​ថ្ងៃ​បុណ្យជាតិ​ឡើង​វិញ​ ប៉ុន្មាន​ថ្ងៃ​ក្រោយពី​​សម្តេចឳ​បាន​យាង​ចូល​ទិវង្គត។​

វ៉ាស៊ីនតោន​៖ ការ​ប្រកាស​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​យកថ្ងៃ​២៣​តុលា​ឬ​ថ្ងៃ​ដែល​ភាគី​ខ្មែរ ទាំង​អស់​បាន​រួមរួម​គ្នា​កាលពី​២១​ឆ្នាំមុន​ជា​ថ្ងៃបុណ្យ​ជាតិ​ឡើងវិញ​បានធ្វើឲ្យមាន​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​ក្រុម​អ្នក​នយោបាយ​ជំទាស់ ​និង​សង្គម​ស៊ីវិល​ខ្លះ​ ដោយ​ចង្អុល​បង្ហាញ​ថា ​កម្ពុជា​នឹង​មាន​ការ​បង្រួមបង្រួម​នយោបាយ​ជា​វិជ្ជមាន។​
រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ ពី​ការ​ទទួល​យក​ថ្ងៃ​២៣​តុលា​ ជា​ថ្ងៃ​បុណ្យជាតិ​ឡើង​វិញ​ ប៉ុន្មាន​ថ្ងៃ​ក្រោយពីសម្តេចឳ​បាន​យាង​ចូល​ទិវង្គត។​
ការ​ប្រកាស​បែប​នេះ​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​សម រង្ស៉ី​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រួបរួម​ផ្នែក​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​ដើម្បី​ភាព​រីក​ចម្រើនរបស់​ប្រទេស​ផង។​
លោក ​សម រង្ស៉ី​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ ប្រទេស​ដោយ​សារ​បញ្ហា​ព្រំដែន ​បាន​ស្វាគមន៍​ភ្លាមៗ​ ដោយ​បាន​ហៅការ​ផ្លាស់​ប្តូរ​ជំហរ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​យក​ថ្ងៃ២៣​តុលា​ឬ​ថ្ងៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ជា​ថ្ងៃ​បុណជាតិ​ឡើង​វិញ​នេះ។ លោកនិយាយ​ថា​ វា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា។​
«ដូច្នេះ​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ណាស់​ ថា​យើង​ឥឡូវ​ទទួល​ស្គាល់​ថ្ងៃ​២៣​តុលា​នេះ​ គឺ​ជា​ទិវា​ប្រវត្តិ​សាស្ត្រ ​មានន័យ​ថា ​ខ្មែរ​យើង​ច្បាស់ជា​ដង្ហែរ​តាម​ព្រះ​រាជ​តម្រិះ​ សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ហើយ​យើង​នឹង​ចាប់​ផ្តើម​រួមរួម​គ្នា​កសាង​ប្រទេស​ ជាតិ​យើង​ឲ្យ​បាន​រុងរឿង​ពីថ្ងៃ​នេះ​ទៅ​មុខ»។​
លោក​ សម រង្ស៉ី​ ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​ ប្រសិន​ បើ​គ្រប់​ភាគី​កម្ពុជា​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ លោក​ជឿ​ថា​ កម្ពុជា​ អាច​ការពារ​បូរណភាព​ទឹកដី​បាន​គង់វង្ស​ពី​ការ​ប៉ុនប៉ង​យក​ទឹកដី​កម្ពុជា​ ហើយ​កម្ពុជា​នឹង​មាន​របប​សេរី​ពហុបក្ស​រឹងមាំ​ពិត​ប្រាកដ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ហើយ​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មាន​ធនធាន​ផ្សេងៗ​គ្នា​នឹង​មាន​ឱកាស​រួមគ្នា​កសាង​ប្រទេស។​
«ហើយ​យើង​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ​ថា​ ជាតិ​យើង​នឹង​រស់​ ជាតិ​យើង​នឹង​ ថ្កុំ​ថ្កើង​រុង​រឿង»។​
កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ថ្ងៃ២៣​តុលា​ឆ្នាំ១៩៩១​បាន​ធ្វើឲ្យ​ភាគី​៤​ឈប់​បាញ់​គ្នា​ បង្ក​ឲ្យមាន​សន្តិភាព ​ធានា​បូរណភាព​ដែន​ដី​ អធិប​តេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​គឺ​ជា​ស្នា​ព្រហស្ថ​របស់​សម្តេចឳ​ព្រះ​នរោត្តម​សីហនុ​ដែល​ជា​ អ្នក​ផ្តួច​ផ្តើម។​ ប៉ុន្មានឆ្នាំមុន​ រដ្ឋាភិបាល​លុប​ថ្ងៃ​២៣​តុលា​ពី​ប្រតិទិន​ថ្ងៃ​បុណ្យ​ជាតិដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាងខ្លាំង​ពីក្រុម​ជំទាស់។​ កាល​ពី​ថ្ងៃអង្គារ​គឺ​ចំខួប​២១​ឆ្នាំ​នៃ​កិច្ចព្រម​ព្រៀង​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សេចក្តី​ប្រកាស​ព័ត៌មានដ៏ខ្លី​អំពីការសម្រេចនោះ​គ្មាន​ការ​ពន្យល់​ក្បោះក្បាយ​នោះទេ។ សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា៖​
«រាជ​រដ្ឋាភិបាល​បាន​សម្រេច​កំណត់​យក​ថ្ងៃ២៣តុលា​ ដែល​ជា​ទិវា​ចុះ​ហត្ថលេខា ​លើកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ជា​ថ្ងៃ​ឈប់​សម្រាក​១ថ្ងៃ​ ពី​ការងារ​របស់ មន្ត្រី​រាជការ​ និយោជិក​ កម្មករ​ នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចាប់​ពី​ឆ្នាំ​ ២០១៣​តទៅ»។​
ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ការពន្យល់​នេះ​កើត​ឡើង​ក្រោយពី ​សម្តេចឳ​ ព្រះមហា​វីរ​ក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ បាន​យាង​ចូល​ទិវង្គត​កាល​ពីថ្ងៃ​ទី១៥ ​ខែតុលា​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​ក្នុង​មន្ទីរពេទ្យ​នៅក្រុង​ប៉េកាំង​ប្រទេស​ចិន។​
លោក ​យ័ប គឹមទឹង​ អ្នក​រៀបចំ​ការប្រារព្ធ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​នៅរដ្ឋ​វីជីនៀ​ ស.រ.អា.​ និង​ជា​ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជា ​ធិបតេយ្យ​ បាន​ស្វាគមន៍​ការ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។​ លោក​ថ្លែង​ថា​នេះ​ជា​កិច្ចការ​ត្រឹមត្រូវ​ដែល​ឲ្យ​ខ្មែរយើង​មាន​ការ​រួមរួម​គ្នា។​
«ខ្ញុំពេល​ឃើញ​អ្នក​នយោបាយ​ស្រុកខ្មែរ​យើង​ឯកភាព​គ្នា​ អាច​ដោះ​ស្រាយ​គ្នា ​ដូច​ថា​ ដោយ​គិតគូរ​ពីរឿង​ប្រទេស​ជាតិ ​ខ្ញុំ​សប្បាយ​ចិត្ត​ ពីព្រោះ​ខ្ញុំ​ឃើញ​តាំងពី​ដើម​មក ​ច្រើនជំនាន់​មក​ហើយ​ យើង​ច្រើនតែ​គិត​ពី​បក្ខ​ពួក។​ យើង​មិន​គិត​ពី​ពលរដ្ឋ​ទូទៅទេ»។​
លោកថ្លែង​ដូច្នេះ​ដោយ​សារថា​ មាន​ពលរដ្ឋ​ខ្មែរ​ក្រីក្រជា​ច្រើន​ដែល​ត្រូវ​គេ​បោះ បង់​ចោល​ មិន​គិតគូរ​ ដែល​រឿង​នេះ​លោក​ចាត់ទុក​ថា​ ជាការ​ធ្វើ​ឲ្យ​ប្រទេស​ឃ្លីង ឃ្លោង ​គ្មាន​សន្តិភាព​ច្បាស់លាស់។​
លោកបណ្ឌិត​ឡៅ ម៉ុង ហៃ​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​២១​ឆ្នាំមុន​គឺ​ជា​ការ​ធានា​ឲ្យប្រទេស​កម្ពុជា​មាន​ជីវិត​អមតៈ​ រួចពី​ប្រទេស​មហា​អំណាច​និង​បណ្តាប្រទេស​ជាង​១០​ទៀត។ ​អ្នក​នយោបាយ​និង​ពលរដ្ឋ​កម្ពុជា​ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​នៃ​ឯកសារ​ដ៏​សំខាន់​នេះ។​
«ខ្ញុំ​ថា​ ក្នុងប្រវត្តិសាស្ត្រ​ខ្មែរ ​យើង​មាន​សំណាង​ហើយ​ត្រង់​ហ្នឹង​ព្រោះ​គេ​ធានា​ អន្តរជាតិ​ គេ​ទទួលស្គាល់​ អ្នក​ជិត​ខាង​ទទួលស្គាល់​ ធានា​បូរណភាព​ទឹកដី​របស់​ យើង»។​
លោកបណ្ឌិត​ឡៅ ម៉ុងហៃ​បាន​អះអាង​ថា​ ប្រសិន​បើ​ភាគីខ្មែរ​រួមគ្នា​អនុវត្ត​កាតព្វ កិច្ច​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ នោះ​កម្ពុជា​នឹង​អាច​ជា​ប្រជាជាតិ​មាន​ សុខ​សន្តិភាព​ ថែ​រក្សា​បាន​បូរណភាព​ទឹកដី​ អធិបតេយ្យ​ភាព​ជាតិ​ អព្យាក្រិត្យ​ភាព​ ការ​អភិវឌ្ឍ​ក្នុង​របប​ប្រជា​ធិបតេយ្យ​ ពហុបក្ស​និយម​ពិត​ប្រាកដ។​
ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីប្រទេស​ការណាដា​ដែល​លោក​កំពុង​បំពេញ​ ទស្សនកិច្ច​នោះ​ លោក​ សម រង្ស៉ី​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ បាន​អះអាង​ថា​សម្រាប់​កម្ពុជា​ ជំហ៊ាន​បន្ទាប់​គឺ​រក​ដំណោះស្រាយ​ ចរចា​ជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី​តាមកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​តម្រូវ​ឲ្យ​ប្រទេស​ជិត​ខាង​យើង​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា។​
«កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​មាត្រាមួយ​ ប្រការ​មួយ​សំខាន់​ជា​ទីបំផុត​គឺការ​ ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។​ ខ្ញុំឃើញ​ថា ​រដ្ឋាភិបាល​សម្តេច​ហ៊ុន សែន​ក៏​គិតគូរ​ដែរ​ពី​បញ្ហា​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។​ តែ​ឥឡូវ​ បើយើង​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ធ្វើជា​មូលដ្ឋាន​នៃ​ការ​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​គឺ ​ជាមូលដ្ឋាន​រឹងមាំយ៉ាង​ខ្លាំង ​ពីព្រោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​តម្រូវ​ឲ្យ​ លុប​ចោល​នូវ​សន្ធិសញ្ញា​ព្រំដែន​ណា​ដែល​រំលោភ​ទឹកដី​ប្រទេស​កម្ពុជា»។​
កាល​ពី​ខែ​សីហា លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បំភ្លឺ​រយៈ​ពេល​ជាង​៥ម៉ោង​អំ​ពី​បញ្ហា​បូរណ​ភាព​ទឹកដី​ ​ដោយ​លោក​ថ្លែង​ការពារ​ថា​ រាជ​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​កម្ពុជា​ទេ​ ហើយ​លោក​បាន​វាយ​ប្រហារ​តប​ត​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ជំទាស់។​
ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ​ការ​ទទួល​យក​ថ្ងៃ២៣​តុលា​ឡើង​វិញ​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ក្នុង​ប្រទេស​មាន​ជំហរ​រួម​ចំពោះ​ ការ​ការពារ​បូរណភាព​ដែនដី​ ហើយ​នឹង​កាត់​បន្ថយ​ការ​វាយ​ប្រហារ​គ្នា​ដែល​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស។​
ប្រទេស​កម្ពុជា​មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ដូចជា​វៀតណាម ​ថៃ និង​ឡាវ​ រាប់​សិប​ទសវត្សរ៍ ​ដោយ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពីបទ​រំលោភ​ បំពាន​ទឹកដី​ដែល​ជា​បញ្ហា​រសើប​ក្នុង​ប្រទេស​នីមួយៗ។​ ប្រទេស​កម្ពុជា​បាន​បន្ត​ដោះស្រាយ​បញ្ហា​ជំលោះ​ព្រំដែន​តាម​រយៈ​ទ្វេរ​ភាគី​ជាមួយ​ប្រទេស​ជិតខាង​ផង​ នឹង​ដោះស្រាយ​ដោយ​ប្រើ​យន្ត​ការ​អន្តរជាតិផង​ដែរ​ មក​ដល់​ពេល​នេះ៕
XS
SM
MD
LG