ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មរតក របស់​ព្រះ​បាទ​នរោត្តម សីហនុ


ព្រះបាទ​នរោត្តម សីហនុ
ព្រះបាទ​នរោត្តម សីហនុ

ប្រសូត​នៅ​ថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះបាទ​នរោត្តម សីហនុ ជា​បុត្រ​ច្បង​របស់​ព្រះបាទ នរោត្តម សុរាម្រិត និង​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ កុសមៈ។

ភ្នំពេញ៖ ទោះ​បី​ជា​អតីត​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែតុលា​កន្លង​មក​នេះ​ក្តី ស្នា​ព្រះហស្ថ​របស់​ព្រះអង្គស្ថិត​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ។
ប្រសូត​នៅ​ថ្ងៃទី ៣១ ខែ​តុលា ឆ្នាំ១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះបាទ​នរោត្តម សីហនុ ជា​បុត្រ​ច្បង​របស់​ព្រះបាទ នរោត្តម សុរាម្រិត និង​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ កុសមៈ។ ទ្រង់​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​បារាំង និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ភ្នំពេញ បន្ទាប់មក​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា នៅ​ព្រៃនគរ។
នៅ​ពេលនោះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស​បារាំង។ បារាំង​បាន​ជ្រើសរើស​ព្រះអង្គ​ឱ្យ​គ្រងរាជ្យ​នៅ​ខែ​មេសា ឆ្នាំ១៩៤១ ក្នុង​ព្រះជន្ម​ទើប​តែ​១៨​ព្រះវស្សា​ប៉ុណ្ណោះ ក្រោយ​ការ​សោយ​ទិវ​ង្គ​តរបស់​ព្រះបាទ មុនី​វង្ស។ បារាំង​សម្រេច​តែងតាំង​ព្រះអង្គ​ឲ្យ​គ្រងរាជ្យ​ក្នុង​ចំណោម​បេក្ខជន​សក្តានុពល​ជា​ច្រើន​អង្គ ​ដោយសារ​តែ​ភាព​វ័យក្មេង​របស់​ព្រះអង្គ​និង​អាច​ងាយ​បង្គាប់​បញ្ជា។
ក៏ប៉ុន្តែ​ទីបំផុត​មិនមែន​ដូច្នោះ​ទេ។ ព្រះ​បាទ សីហនុ បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​របស់​ទ្រង់​ថា៖
«បារាំង​បាន​ជ្រើស​រើស​រូបខ្ញុំ​ដោយសារ​គេ​គិតថា​ខ្ញុំ​ជា​កូន​ចៀម ប៉ុន្តែ​ក្រោយមក​ទើប​ពួកគេ​ភ្ញា​ក់​ផ្អើល​ដោយ​ដឹងថា​ការពិត​ខ្ញុំ​ជា​ខ្លា​ទៅវិញ​ទេ»។


ក្នុង​ន័យនេះ​គេ​អាច​មើលឃើញ​ពី​ការតស៊ូ​របស់​ព្រះអង្គ​ដើម្បី​រំដោះប្រទេស​ចេញ​ឲ្យ​ផុតពី​នឹម​អាណានិគម។ ប៉ុន្តែ​ដើម្បី​រក្សា​បូរណភាព​ទឹកដី​ ព្រះអង្គ​ត្រូវ​បង្ខំ​ព្រះទ័យ​ដាក់​នយោបាយ​ម្តង​ជា​ចំណុះ​របស់​ជប៉ុន​និង​ម្តង​ជា​ចំណុះ​ជាមួយ​បារាំង​ក្នុងអំឡុង​យុគ​សង្គ្រាមលោកលើកទី២។
នៅ​ឆ្នាំ១៩៤៧ ទ្រង់​បាន​បញ្ចុះបញ្ចូល​បារាំង​ឱ្យ​ទាមទារ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និង​ស្ទឹងត្រែង ពី​ថៃ​មកវិញ​ទាំងស្រុង ហើយ​បានទាមទារ​មកវិញ​នូវ​ប្រាសាទ​ព្រះវិហារ បន្ទាប់​ជ័យ​ជម្នះ​នៅ​តុល​ការ​ក្រុងឡាអេ​ឆ្នាំ១៩៦២ លើ​ប្រទេស​ថៃ។
ក្នុង​ព្រះរាជ​បូជនីយកិច្ច​សម្រាប់​បូរ​ណ​ភាព​ទឹកដី​នេះដែរ​ព្រះបាទ​នរោត្តម សីហនុ បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​បាន​ទាំងស្រុង​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ ពោលគឺ​មុន​ប្រទេស​ឯទៀត​ក្នុង​ឥណ្ឌូចិន ហើយ​ព្រះអង្គ​ត្រូវ​បានផ្តល់​គោរមងារ​ជា «ព្រះបិតា​ឯករាជ្យ​ជាតិ»។
ព្រះអង្គ​បាន​រំលឹក​ជ័យជម្នះនេះ​ក្នុង​ព្រះរាជ​សង្កថា​ជា​ចុងក្រោយ​កាលពី​ឆ្នាំ២០០៣គឺ​នៅ​ខួប​ពិធី​បុណ្យ​ឯករាជ្យ​លើក​ទី៥០ឆ្នាំ​ក្នុង​ទីក្រុង​ភ្នំពេញ។
«នៅ​ថ្ងៃ​៩ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣ គឺ​នៅ​ទី​នេះ​ឯង គឺ​ថ្នល់​ហ្នឹង​ហ្អេ ដែល​ទ័ព​បារាំង​ទាំង​អស់ លោក​មេ​បញ្ជាការ​បារាំង លោក​សេនាធិការ​បារាំង លោក​ផ្ទេរ​ថ្វាយ​ជា​ដាច់​ខាត គឺ​អត់​យក​វិញ​ទេ​ក្នុង​ឋានៈ​ជា​អាណាព្យាបាល​យើង​ហ្នឹង ហើយ​លោក​អញ្ជើញ​ទៅ​ដោយ​មោទនភាព ភាតរភាព គ្មាន​ការ​បង្ហូរ​ឈាម ឈាម​បារាំង​ក្តី ឈាម​ខ្មែរ​ក្តី គឺ​ការ​ចរចា​នោះ​វា​សំខាន់​ណាស់ តឹងតាន់​ណាស់ ពេល​ខ្លះ​តឹងតាន់​មែនទែន។»
ទោះបីជា​ក្រោយ​ទទួលបាន​ឯករាជ្យ​ក្តី ឥទ្ធិពល​សង្គ្រាមត្រជាក់​រវាង​មនោគមវិជ្ជា​សេរី​និង​កុំម្មុយនីស្ត បាន​បំបែក​អ្នកនយោបាយ​កម្ពុជា​ជា​បក្ខពួក​មាន​និន្នាការ​នយោបាយ​ខុសគ្នា។ ហេតុ​ដូច្នេះហើយ ទើប​ព្រះបាទ​សីហនុ ពីរ​ឆ្នាំ​ក្រោយមក​បានសម្រេច​ចិត្ត​ដាក់រាជ្យ​ថ្វាយ​ព្រះបិតា​ទ្រង់ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត ដើម្បី​អាច​ចូលប្រឡូក​ក្នុង​ជីវភាព​នយោបាយ​ជាថ្មី ដើម្បី​បញ្ចប់​វិវាទ​ផ្ទៃក្នុង​និង​បង្រួបបង្រួម​ជាតិ។ ដោយសារ​ប្រជាប្រិយភាព​និង​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​រាស្ត្រ ព្រះអង្គ​ត្រូវបាន​បោះឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប​ដែល​មាន​២​ម៉ឺន​៥ពាន់​សំឡេង​ឬ​ស្មើ​នឹង​៩៩,៨០​ភាគរយ​ក្នុង​ប្រជាមតិ​នាពេលនោះ។
លទ្ធផល​នេះ​អនុញ្ញាតឱ្យ​ទ្រង់​បង្កើត​រដ្ឋាភិបាល​ឯក​ត្តោ​ភាគី​មួយ​បាន ហើយ​បន្ទាប់មក​ទ្រង់​ក៏បាន​បង្កើត​អង្គការ​នយោបាយ​មួយ ឈ្មោះថា​អង្គការ​សង្គម​រាស្ត្រនិយម ដែល​លុបបំបាត់ចោល​បក្ស​នយោបាយ​ឆ្វេង​និង​ស្តាំនិយម និង​បង្ការ​ចលនា​បដិវត្ត​ប្រជាជន​កុំឱ្យ​កើត​មាន​ឡើង។ ស្ថិត​ក្នុង​បរិយាកាស​អំណោយផល​នេះហើយ​ ទើប​ឱ្យ​ទ្រង់​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅរក​សន្តិភាព​និង​ការអភិវឌ្ឍ​រហូត​ដល់​ចុង​ទសវត្សរ៍​ទី​៦០ ដែល​ត្រូវបាន​បរទេស​ឱ្យឈ្មោះ​ថា​ជា«គុជ​នៅ​អាស៊ី» ស្រប​ពេលដែល​ប្រទេស​ក្បែរ​ខាង​កំពុង​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​មនោគមន៍​វិជ្ជា​និង​ការដឹកនាំ​បែប​យោធា។
«ពេល​ណា​យើង​រួបរួម​គ្នា យើង​ខ្លាំង​ណាស់ យើង​ខ្លាំង​ណាស់​កូន​ចៅ ដូច​ជា​ក្នុង​សម័យ​អង្គរ​ជា​ដើម។»
លោក ដា​វីដ ឈែនដ៍​ឡឺ (David Chandler) នាពេលថ្មីៗនេះ​បាន​ថ្លែងថា ព្រះបាទ​សីហនុ ជា​តំណ​ភ្ជាប់​យ៉ាងសំខាន់​រវាង​ប្រពៃណី​អតីតកាល​និង​បច្ចុប្បន្នភាព​របស់​កម្ពុ​ជា។
យ៉ាងណា​ក៏​ដោយ​ក្នុង​យុគ​សង្គ្រាមត្រជាក់​ព្រះអង្គ​បាន​ព្យាយាម​ជ្រើស​ផ្លូវកណ្តាល​ជាមួយ​បណ្តា​ប្រទេសទី​៣​ដទៃទៀត ដូចជា ប្រទេស​ឥណ្ឌូនេស៊ី ឥណ្ឌា និង​អេហ្ស៊ីប ពោលគឺ​ប្រកាស​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​អ​ព្យា​ក្រិ​ត្យ មិន​ចូលបក្ស​សម្ព័ន្ធ​ជាមួយ​ប្រទេស​ណា​ទាំងអស់។ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មិន​អំណោយផល​សម្រាប់​ព្រះរាជបំណង​នេះ​ទេ។ ហើយ​បានធ្វើ​ឲ្យ​ព្រះអង្គ​ដឹកនាំ​នយោបាយ​ឃ្លីងឃ្លោង​បន្តិច​រវាង​ប្រទេស​មហាអំណាច​អាស៊ី​និង​សហរដ្ឋអាមេរិក​ដែល​ធ្វើឱ្យ​ទ្រង់​បាត់បង់​ទំនុកចិត្ត​ពី​ប្រទេស​មហាអំណាច​ទាំង​ពីរ។
ក្រោយពី​ព្រះអង្គ​ត្រូវ​ទម្លាក់​ចេញពី​អំណាច​ដោយ​រដ្ឋប្រហារ​នៅ​ខែ​មិនា​ឆ្នាំ១៩៧០ ដែល​ត្រូវបាន​គេ​អះអាងថា​មា​នសហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ខ្នង​នោះ​ព្រះអង្គ​ត្រូវ​ប្រទេស​ចិន​បញ្ចុះបញ្ចូល​ឱ្យ​ចូលរួម​កម្លាំង​ជាមួយ​ប៉ុល ពត ដែលជា​ក្រុម​បដិវត្តន៍​ប្រឆាំង​ដែល​ទ្រង់​បាន​កំពុងធ្វើការ​បង្ក្រាប​ជា​យូរណាស់​មកហើយ។ ប៉ុន្តែ​ទ្រង់​ក៏​យល់​ព្រមទាំង​ស្រពិចស្រពិល ដើម្បី​មានឱកាស​ត្រឡប់​ចូលកាន់​អំណាច​វិញ។ ក្រោម​ព្រះនាម​របស់​ព្រះអង្គ​នេះហើយ​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជនបទ​កាន់តែ​ច្រើនឡើង​ស្ម័គ្រចិត្ត​ចូល​ព្រៃ ដើម្បី​បង្កើត​រណសិរ្ស​រួបរួម​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋបាល​ដ៏​ពុករលួយ​របស់លោក លន់ នុ​ល រហូតដល់​ពួក​ខ្មែរក្រហម​ទទួលបាន​ជ័យ​ជម្នះ​នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
បន្ទាប់​មក ព្រះអង្គ​ត្រូវ​តែងតាំង​ទ្រង់​ជា​ប្រមុខរដ្ឋ​ដែលមាន​តែ​ឈ្មោះ​មុន​នឹង​ព្រះអង្គ​លាលែង​ពី​ដំណែង​នៅ​ឆ្នាំ១៩៧៦។
នៅ​ដើម​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​ចូល​លុកលុយ​ប្រទេស​កម្ពុជា និង​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែ​ក្រហម សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​ទៅ​កាន់​ប្រទេស​ចិន ជា​ទី​ដែល​ព្រះ​អង្គ​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា។ ទ្រង់​បន្ត​ប្រឆាំង​ដាច់ខាត​នូវ​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​រហូតដល់​កង​ទ​ព័​វៀតណាម​ដកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៨៩។ ហើយ​ព្រះអង្គ​ក៏​ជា​តួអង្គ​ចរចា​យ៉ាងសំខាន់​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ហើយ​ព្រះអង្គ​ក៏​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ជា​ឱឡារិក​ក្នុង​គោរមងារ​ជា «បិតា​ឯករាជ្យ​និង​បង្រួបបង្រួម​ជាតិ» និង​អនុញ្ញាត​អង្គការ​សហប្រជាជាតិ​ចូល​ជួយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​នៅ​ឆ្នាំ១៩៩៣។ ហើយក៏​វា​ក៏​ជា​ឱកាស​ដែល​ព្រះអង្គ​បាន​យាង​គ្រងរាជ្យ​ជាថ្មី​ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​កំណត់ថា «ព្រះមហាក្សត្រ​គ្រងរាជ្យ​តែ​មិន​កាន់​អំណាច»។
ដោយសារ​ព្រះជន្ម​កាន់​តែ​ច្រើន និង​មាន​ព្រះរោគ​ប្រចាំ​ព្រះកាយ​ផង​ព្រះមហាក្សត្រ​បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​គឺ​សម្តេច​ព្រះ​បរមនាថ​នរោ​ត្តម សីហមុនី នៅ​ថ្ងៃទី ៧ ខែតុលា​ឆ្នាំ២០០៤។ ចាប់​ពី​ពេល​នោះ​មក ព្រះអង្គ​បាន​យាង​ទៅ​ព្យាបាល​ព្រះរោគ ជាពិសេស​ព្រះរោគ​មហារីក​នៅ​ទីក្រុង​ប៉េកាំង​មុននឹង​សើយ​ទីវ​ង្គ​ត​នៅ​ប៉េកាំង នៅ​ថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ក្នុង​ព្រះជន្មាយុ​៩០​ព្រះ​វស្សា។ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​នឹង​ស្ថិតនៅ​ជាមួយនឹង​កេរដំណែល​របស់​ព្រះអង្គ​ជាច្រើន​ទៀត​សម្រាប់​កម្ពុជា៕
XS
SM
MD
LG