នៅក្នុងការថ្លែងមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើអ្នកជំនាញសិទ្ធិមនុស្សឱ្យវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ប្រកបដោយយុត្តិធម៌ តុល្យភាព និងផ្អែកលើការពិត។ នេះបើតាមការថ្លែងក្នុងវីដេអូមួយរបស់លោក ប្រាក់ សុខុន សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៥២ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោក ប្រាក់ សុខុន បានថ្លែងថា កម្ពុជាបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ៣០ ឆ្នាំមកហើយ ដែលនេះជាកិច្ចសហការមួយដែលគួរឱ្យតម្លៃមកដល់ប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «ខណៈដែលពួកគេរីករាយនឹងកិច្ចសហប្រតិបត្តិការរបស់យើង យើងគ្រាន់តែស្នើសុំការវាយតម្លៃដោយយុត្តិធម៌ តុល្យភាព និងផ្អែកលើការពិត... ស្របតាមក្រមប្រតិបត្តិដែលមាន»។
លោក ប្រាក់ សុខុន ក៏បានលើកឡើងអំពីការប្រើប្រាស់សិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចផងដែរ។បើតាមរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះ កម្ពុជានឹងបង្កើតជាវិទ្យាស្ថានសិទ្ធិមនុស្សជាតិមួយ នាពេលឆាប់ៗខាងមុខ។
កាលពីខែសីហា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្នើឱ្យអ្នករាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាធ្វើរបាយការណ៍ឱ្យមានភាពត្រឹមត្រូវ មានតម្លាភាព និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីខែសីហា ឆ្នាំមុន លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា លោកតែងតែគោរពគោលការណ៍រក្សាតុល្យភាពសម្រាប់ការងាររបស់លោក។
លោកបញ្ជាក់កាលនោះក្នុងន័យដើមថា៖ «ខ្ញុំស្វែងរកនូវប្រភពទិន្នន័យខុសៗគ្នា ផ្ទៀងផ្ទាត់ទិន្នន័យ ហើយខ្ញុំព្យាយាមទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ទាំងរដ្ឋាភិបាល ទាំងមិនមែនរដ្ឋាភិបាល ខណៈរក្សាជំហរផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក់ព័ន្ធនឹងអនុសាសន៍ពីទិសដៅអនាគត ដែលខ្ញុំចង់យកនិយាយជាមួយរដ្ឋាភិបាល អាជ្ញាធរ អង្គការសង្គមស៊ីវិល និងអ្នកផ្សេងទៀត»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកជំរុញរដ្ឋាភិបាលគួរតែមានការទទួលស្គាល់នូវអ្វីដែលជាការពិត ដើម្បីកែលម្អបន្ថែមទៀត ទើបជារឿងល្អ។
លោកបញ្ជាក់ថា៖«សម្រាប់ខ្ញុំ ខ្ញុំយល់ថា ខាងរដ្ឋាភិបាលគួរតែមានការទទួលស្គាល់នូវការពិត ដែលកើតមានឡើងទាំងអស់ហ្នឹង ហើយដើម្បីពិនិត្យនិងកែលម្អឱ្យមានភាពល្អប្រសើរ ជាជាងយើងចេះតែប្រកែក ច្រានចោលក្នុងខណៈដែលមន្រ្តីអង្គការសហប្រជាជាតិ គេមានវត្តមាន គេមានអ្នកជំនាញប្រចាំបច្ចេកទេសរបស់គេ ក្នុងការប្រមូលព័ត៌មាន ដើម្បីធ្វើរបាយការណ៍ដែរ។ អ៊ីចឹងបើកាលណាយើងមានការទទួលស្គាល់ ហើយយើងយកមកកែលម្អ អាហ្នឹងគឺជារឿងផលប្រយោជន៍ដល់កម្ពុជាយើងទៅវិញទេ វាអត់មានអីទៅត្រូវ ជារឿងមួយប្រឈមទេ»។
លោកបន្តទៀតថា សមាគមអាដហុក កាលពីឆ្នាំមុន ក៏បានរកឃើញបញ្ហាទាក់ទងនឹងការរំលោភសិទ្ធិមនុស្សជាច្រើនករណី ដែលទទួលបានពីការរាយការណ៍ព័ត៌មាន ជាពិសេសពាក់ព័ន្ធនឹងការបំពានសិទ្ធិនយោបាយ៕