ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​និង​សង្គម​ស៊ីវិល​ចង់​ឲ្យ​តុលាការ​ពន្លឿន​ការ​ជំនុំជម្រះ​ក្តី​របស់​កញ្ញា ឈឹម ស៊ីថរ


រូប​ឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ចង់​ឲ្យតុលាការ​ពន្លឿន​ការបើក​សវនាការ​លើ​កូន​ក្តី​របស់​ខ្លួន​ឲ្យ​បាន​ឆាប់។

លោក សំ ចំរើន មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ​ ប្រាប់​ VOA ​កាលពីថ្ងៃ​អង្គារ​ថា​ លោក​ចង់​ឲ្យតុលាការ​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​កូនក្តី​របស់​លោកឲ្យ​បាន​ឆាប់ ​ដើម្បី​មាន​ឱកាស​បាន​ដេញ​ដោល​ក្តី។​

លោក​ថ្លែង​ថា៖ «វាល្អ វា​អាចដឹង​ថា​គាត់​ខុស ឬអី ឬ​ត្រូវ​អី អ៊ីចឹង។ យើង​អាច​បាន​ដេញ​ដោល​គ្នា»។
លោក​មេធាវី​ សំ ចំរើន ថ្លែង​បន្ថែម​ថា ការ​បន្តឃុំ​ខ្លួនកូនក្តី​របស់​លោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​សេរីភាព​យ៉ាង​ខ្លាំង។

លោក​បញ្ជាក់​ថា៖​ «ការ​ឃុំ​ខ្លួន​ជា​ធម្មតា​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​គាត់​ហើយ។ ប៉ះពាល់​ដល់​សិទ្ធិ ដល់​សេរីភាព​អី​ផ្សេងៗហ្នឹង»។

គិត​ត្រឹមថ្ងៃពុធនេះ រយៈពេល​ជាង​ ៩ សប្តាហ៍​ហើយ​ដែលកញ្ញា ឈឹម ស៊ីថរ ត្រូវ​បានឃុំ​ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​ ២០២២ ពេល​កញ្ញាបាន​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលីវិញ។ តុលាការ​បាន​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​បាន​ស្ថិតនៅ​ក្រៅ​ឃុំ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើកឡើងថា ​ទាំង​កញ្ញា ឈឹម​ ស៊ីថរ និង​មេធាវី​របស់​កញ្ញា មិន​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​លក្ខខណ្ឌ​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ពីតុលាការ​នោះ​ទេ។

អ្នកស្រី ចក់ ​សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើក​ឡើង​ថា ក្នុងបរិបទ​កម្ពុជា ការ​ឃុំ​ខ្លួន​សកម្មជន​បាន​កើត​ឡើង​ជាញឹកញាប់​ ហើយ​ពួក​គេ​ត្រូវរង់ចាំ​ការ​ជំនុំជម្រះ​ក្តី​យូរ​ខុស​ពី​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​យ៉ាង​ខ្លាំង។

អ្នក​ស្រី​ថ្លែង​ថា៖ «ជា​ញឹកញយ ជាពិសេស​សម្រាប់ករណី​ដែល​ផ្តោត​លើ​សកម្មជន​ហ្នឹង​ គឺ​ករណី​ភាគ​ច្រើន​ហ្នឹង គឺ​មាន​ការ​ឃុំ​ខ្លួន​សកម្មជន ហើយ​ត្រូវ​រង់ចាំ​ការ​ជំនុំជម្រះ​ហ្នឹងក្នុង​រយៈពេល​មួយ ពេល​ខ្លះ​យូរ​មែនទែន ធ្វើ​ឲ្យ​សកម្មជន​ហ្នឹង​បាត់​បង់​សេរីភាព ហើយ​បទ​ចោទ​ប្រកាន់​អីទៀត​សោត​ហ្នឹង ជួន​កាល​មិនមាន​ភ័ស្តុតាង​អី​រឹងមាំ​ទេ គឺ​នៅ​បន្ត​ឃុំ​អ៊ីចឹង​ទៅ។ អ៊ីចឹងនេះ ​វា​ប៉ះពាល់​ដល់សិទ្ធិ​សេរីភាព បាន​ន័យ​ថា​ សិទ្ធិ​មាន​សេរីភាព​របស់​បុគ្គល​ដែល​ត្រូវ​បាន​ជាប់​ចោទ ហើយត្រូវ​បានឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង»។

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​ករណីកញ្ញា ឈឹម ស៊ីថរ ការ​ឃុំ​ខ្លួន​មិនមាន​ភាព​ចាំបាច់ទាល់​តែ​សោះ ដោយ​អ្នកស្រី​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺ​ដោយសារ​កញ្ញា​ត្រូវ​បាន​ដៅ​មុខ​សញ្ញា ព្រោះ​តែ​ភាព​សកម្ម​របស់​កញ្ញា​ប៉ុណ្ណោះ។​

អ្នកស្រី​លើកឡើង​ថា៖ «ការ​ជំរុញ​ឲ្យ​មាន​ការ​ជំនុំជម្រះ​ក្នុង​ពេល​វេលា​មួយ​ឆាប់​រហ័ស​សម្រាប់​ករណី​លើកញ្ញា ឈឹម ស៊ីថរ​ នេះ​ជា​រឿង​ចាំបាច់​ណាស់។ ហើយ​មែន​ទែន​ដូច​ខ្ញុំ​តែងតែ​លើក​ គឺ​គាត់​មិន​គួរ​ត្រូវ​បាន​រង​បទ​ចោទ និង​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​តាំងពី​ដំបូង​មក​ម៉្លេះ ព្រោះ​យើង​ដឹងហើយ​ថា ​ការ​ប្រឈម​របស់​គាត់​ គឺដោយសារ​តែ​ភាព​សកម្ម​របស់​គាត់ ក្នុង​នាម​ជាថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ ដែល​បច្ចុប្បន្ន​កំពុង​មាន​វិវាទ​ការងារ ហើយ​ដែល​សមាជិក​ជាច្រើន​បាន​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ទាំងអស់​ហ្នឹង»។

ជារៀង​រាល់សប្តាហ៍​ គេឃើញ​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ដូចជា​អង្គការ​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក អង្គការ​សង់ត្រាល់ និង​សង្គមស៊ីវិល​មួយចំនួន​ទៀត តែង​បង្ហោះ​សារ​អំពីការ​ឃុំ​ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ពួកគេ​ក៏​បានសរសេរ​សារ​ដូចៗ​គ្នា​ថា៖ «ការ​ដាក់​ទោស​ពលរដ្ឋ​ ដោយ​សារ​មិន​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​មិន​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​បំផុត ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ សូមដោះលែង ស៊ីថរ ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ!»។​

លោក​ អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកឡើង​ថា តុលាការ​មិន​ទាន់​កំណត់​ពីពេល​វេលា​បើក​សវនាការ​ជម្រះ​ក្តី​កញ្ញា​ ឈឹម ស៊ីថរ នៅ​ឡើយ។

លោក អ៊ី រិន្ទ ថ្លែង​បន្ថែម​ដោយ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​មេធាវី​ជុំវិញ​ការ​បន្ត​ឃុំ​ខ្លួន​ កញ្ញា ឈឹម ស៊ីថរ ថា៖ «គាត់​យល់​ថា​យ៉ាង​ណា​ហ្នឹង គាត់​ចង់​ជំទាស់​យ៉ាងម៉េច​ គាត់​ដាក់​តាម​នីតិវិធី​តវ៉ា​ទៅ»។

កាលពី​ខែម​ករា ឆ្នាំ​ ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន ហើយបញ្ជូន​ទៅ​តុលាការ​ពី​បទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម» បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ទាមទារ​ឲ្យក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ទទួល​យក​បុគ្គលិក​ជាច្រើន​រយ​នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ឲ្យ​ចូល​ធ្វើការ​វិញ​និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក។

ទន្ទឹម​នឹង​ការងារ​ជា​សហជីព​ដែល​ស្វែង​រក​អត្ថប្រយោជន៍​ជូន​បុគ្គលិក កញ្ញា ឈឹម ស៊ីថរ ក៏បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ​ ក្រៅ​តែពី​រឿង​ក្តីក្តាំ​នៅ​តុលាការ។

កាល​ពី​ឆ្នាំ​ ២០១៣ កញ្ញាបាន​រង​បណ្ដឹង​ពី​ខាង​ក្រុមហ៊ុន​ថា​បាន​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន។​ បណ្តឹង​នេះ​នៅតែ​បន្ត​រហូតមក​ដល់​សព្វថ្ងៃ ហើយ​ក្រុមហ៊ុន​បាន​ប្តឹង​ទាមទារ​សំណង​មួយ​លាន​ដុល្លារ​ពី​កញ្ញា។ នៅឆ្នាំ​ដដែល​នោះ ​អាជ្ញាធរក៏​បាន​ចាប់ខ្លួន​កញ្ញា​ដាក់​នៅក្នុង​ឡាន រួច​បញ្ជូន​ទៅ​ស្នងការ​ក្រុង​ដើម្បី​សួរនាំ​ផង​ដែរ។ នៅក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ កញ្ញា​ក៏ត្រូវបាន​ក្រុមហ៊ុន​ព្យួរ​ការងារ ដោយ​មូលហេតុ​នៃ​ការ​ទាមទារ​ប្រាក់​ខែ​សមរម្យ​ជូន​បុគ្គលិក។​

ក្រោយ​មក អំឡុង​ពេល​មាន​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ តាំង​ពី​ដើម​ឆ្នាំ​ ២០២០​ មក ក្រុមហ៊ុន​ណាហ្គាវើលដ៍បាន​ផ្អាក​ការងារ ​និង​កាត់​បុគ្គលិកមួយ​ចំនួន ហើយ​នៅខែ​ឧសភា​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ ពាន់​នាក់​ពី​ការ​ងារ ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។

មូលហេតុ​នេះ បាន​ធ្វើ​ឲ្យក្រុម​បុគ្គលិក និង​សហជីព ដែល​មាន​កញ្ញា ឈឹម ស៊ីថរ ជា​មេដឹកនាំ នាំ​គ្នា​ធ្វើ​កូដកម្មតាំង​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ ឆ្នាំ​ ២០២១ រហូត​ដល់​ពេល​ កញ្ញា ឈឹម ស៊ីថរ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន អំឡុង​ពេល​នៃ​ការបន្ត​ធ្វើ​កូដកម្ម។

បើទោះ​បី​ជា​កញ្ញា ឈឹម ស៊ីថរ​ ត្រូវ​បាន​ចាប់​ខ្លួន​ក្តី ក៏​បុគ្គលិក​ព្រម​ទាំង​សហជីព​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​តែ​បន្ត​កូដកម្ម​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជុំវិញ​ការ​បញ្ឈប់​បុគ្គលិក​ទាំងនោះ និង​ទាមទារ​ឲ្យ​មាន​ការដោះ​លែង​តំណាង​សហជីព​របស់​ពួកគេ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕

XS
SM
MD
LG