ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​សម្តែង​ការ​រំខាន​ចិត្ត​ចំពោះ​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ


ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)
ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​រំខាន​ចិត្ត​នៅ​ថ្ងៃ​ចន្ទនេះ ​ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដក​ហូត​អាជ្ញា​បណ្ណ​ផ្សព្វផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​(VOD) ​និង​ទទូច​ឲ្យ​កែប្រែ​ការ​សម្រេច​ចិត្ត​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ផ្ញើ​ទៅ​បណ្តាញ​សារ​ព័ត៌មាន​នានា​ ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​បាន​ថ្លែង​ថា៖​ «យើង​មាន​ការ​រំខាន​ចិត្តជា​ខ្លាំង​ដោយ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​ក្នុង​ការ​ដក​អាជ្ញាបណ្ណ​សារ​ព័ត៌មានសំឡេង​ប្រជាធិបតេយ្យ ​(VOD)»។ ​

ស្ថានទូត​បាន​បន្ថែម​ថា៖​ «សារ​ព័ត៌មាន​ដែល​មាន​ភាព​សេរី​ និង​ឯករាជ្យ​ដើរ​តួនាទី​យ៉ាង​សំខាន់​ចាំបាច់​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ​ ដោយ​ផ្តល់​ឱ្យ​សាធារណ​ជន​ និង​អ្នក​សម្រេច​ នូវ​ការណ៍ពិត​ ហើយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួលខុស​ត្រូវ»។


ក្រសួង​ព័ត៌មាន ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​លុប​ចោលអាជ្ញា​បណ្ណ​របស់​វិទ្យុ​VOD​ តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​លោក​ ហ៊ុន ម៉ាណែត​ដែល​ជា​កូន​ប្រុស​របស់​លោក​អំពីជំនួយ​ដល់​ជន​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយដី​នៅ​ប្រទេស​តួកគី។ ​លោក​ ហ៊ុន សែន​ បាន​ទាមទារឱ្យ​ស្ថាប័ន​មួយ​នេះ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការផ្សាយ​ដោយ​ខុសឆ្គង​ថា​ លោក​ ហ៊ុន ម៉ាណែត​ បាន​ចុះហត្ថលេខា​ជំនួស​ឪពុក​លើ​ជំនួយ​នោះ។


ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AFP ​បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​តូច​បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃចន្ទ​នេះ​ ដើម្បី​ថ្កោល​ទោស​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​មួយ​នេះ​របស់​ប្រទេស​កម្ពុជា។​ រីឯ​ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​រិះគន់​ការ​បិទ​នេះ ​ដែល​ធ្វើឡើង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ប៉ុណ្ណោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​នៅ​ថ្ងៃចន្ទ​នេះ ​ក៏​បាន​ថ្កោលទោសការ​បិទ​នេះ​ដោយ​ហៅ​ថា ​វា​ជា​«បទ​បញ្ជា​ដ៏​គួរ​ឱ្យ​ខឹង​សម្បារ​ និង​គួរ​ឱ្យ​អស់​សំណើច»​ដើម្បី​បិទ​ VOD ​ដែល​ «ស្ទើរតែមិន​បិទ​បាំង​ចេតនា​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាប​សង្កត់​លើ​សេរីភាព​សារ​ព័ត៌មាន»។


លោក​ Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ ​«ការ​តាម​ព្យាបាទ​វិទ្យុ​ VOD ​គឺជា​សញ្ញាដ៏ច្បាស់​មួយ​បង្ហាញ​ថា​ ការ​បោះឆ្នោត​ដែល​បាន​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី ​២៣​ ​ខែកក្កដា​នឹង​មិន​សេរី​ ឬ​យុត្តិធម៌​ទេ»៕

XS
SM
MD
LG