ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សវនាការ​របស់​លោក រ៉ុង ឈុន រំលេច​ការ​បំពាន​​លើ​បទ​ចោទ​អំពី​ការ​ញុះញង់​នៅ​កម្ពុជា


រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា លើកដៃ ខណៈដើរអមដោយអ្នកគាំទ្ររបស់លោក បន្ទាប់ពីលោកត្រូវបានដោះលែងចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ (LICADHO/Raksmey Sok Handout via REUTERS)

កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជា​ ៥០ នាក់ បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​កម្ពុជា​ចាស់​វស្សា​មួយ​រូប​នៅក្នុងរាជធានីភ្នំពេញ ដោយ​បាន​ចូល​ទៅ​ចាប់​ខ្លួន​លោក រ៉ុង​ ឈុន​ នៅ​ក្នុង​ផ្ទះ​របស់​លោក។

បទ​ល្មើស​ដែល​ត្រូវបាន​យក​ទៅ​ចោទ​លើ​លោក ​រ៉ុង ឈុន គឺ​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​រំខាន​ដល់​សន្តិសុខ​សង្គម ដោយ​ផ្តើម​ចេញ​ពី​ការ​បង្ហោះសារ​តាម​បណ្តាញ​សង្គម​ដែល​លោក​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ​ថា​បាន​ប្រគល់​ដី​ក្នុង​ការ​ចរចា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ដំណើរ​ការ​ជំនុំជម្រះ​ក្តី និង​ការ​កាត់ទោស​ជា​បន្តបន្ទាប់​លើ​លោក រ៉ុង ឈុន រួមជាមួយ​នឹង​សកម្មជន​វ័យ​ក្មេង​ពីរ​រូបទៀត​ រហូត​ដល់​ពេល​លោក​ត្រូវបាន​ដោះលែង​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០២១ បាន​គូស​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​និង​តុលាការ​កម្ពុជា​បាន​អនុវត្ត​បទ​ព្រហ្មទណ្ឌ​ស្តី​ពី​សកម្មភាពញុះញង់​ ដើម្បី​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រកាន់និន្នាការ​នយោបាយ​មិន​រណប​រដ្ឋាភិបាល ចំពេល​មាន​ការ​បង្ក្រាប​លើ​ក្រុមអ្នក​រិះគន់ និង​គូប្រជែង​នយោបាយ​របស់​គណបក្ស​កាន់អំណាច។​ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ទើប​ចេញ​ថ្មីពី​គណៈមេធាវី​អាមេរិកាំង​ (ABA)

នៅក្នុង​របាយការណ៍​របស់ខ្លួន​ស្តីពី​ការ​កាត់​ក្តី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​គណៈមេធាវី​អាមេរិកាំង​ បាន​កត់​សម្គាល់​ថា ការ​ប្រើប្រាស់​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​កំណត់​សកម្មភាព​ញុះញង់​ ត្រូវ​បាន​រិះគន់​យ៉ា​ងខ្លាំង​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា។

របាយការណ៍​នោះ​បាន​គូស​បញ្ជាក់​ថា៖ «ជន​ណា​ដែល​ត្រូវបាន​ចោទ​ប្រកាន់​នៅ​ក្រោម​បទប្បញ្ញត្តិ​នេះ បាន​បង្ហាញពី​ការ​ជំទាស់​យ៉ាងខ្លាំង​ថា បទចោទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ​សុទ្ធសាធ ជា​មធ្យោបាយ​ក្នុងការ​បំបិទមាត់​សកម្មជន ឬ​អ្នក​រិះគន់រ​ដ្ឋាភិបាល​ទាំង​ឡាយ​នោះ។ ការ​កាត់​ទោស​លោក រ៉ុង ឈុន ក៏​មិន​ទំនងជាផ្លាស់​ប្តូរ​មតិ​ជា​ច្រើន​បែប​នេះ​ដែរ»។

ទោះ​បី​ជា​ការ​ចាប់​ខ្លួន​អ្នក​បញ្ចេញ​មតិ​រិះគន់​ បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​ជាច្រើន។ លោក​បាន​ដឹកនាំ​សហជីព​គ្រូបង្រៀន​ឯករាជ្យ​ដ៏​ធំ​បំ​ផុត​នៅ​កម្ពុជា​ជា​យូរឆ្នាំ​មកហើយ។ លោក​ក៏​បាន​ដឹកនាំ​សហព័ន្ធ​សហជីព​ ដែលត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ចំនួន​កាលពី​ឆ្នាំ ២០១៣ របស់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​កាល​ពី​គ្រា​នោះ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​ដំណើរ​ការ​របស់​វិស័យ កាត់ដេរ​មួយ​រយៈពេល​ខ្លី ហើយ​ដែល​បាន​ជំរុញ​ឱ្យមាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជាបន្តបន្ទាប់​មក​ទៀត​នោះ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។

លោក រ៉ុង ឈុន ក៏​ត្រូវបាន​តែងតាំង​ជា​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ តំណាង​ឲ្យ​សំឡេង​របស់​គណបក្ស​ប្រឆាំង​ ដែល​ជា​ផ្នែក​នៃ​កិច្ច​ចរចា​បែងចែក​អំណាច​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់ពី​ការបោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣។

ក៏ប៉ុន្តែ​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បាត់បង់​ភាព​អត់ធ្មត់​របស់​លោក​ចំពោះ​ក្រុម​មតិ​ប្រឆាំង​ក្នុង​អំឡុង​រយៈពេល​មួយ​ទសវត្សរ៍​កន្ល​ង​មក​នេះ លោក រ៉ុង ឈុន បាន​បន្ត​លើក​ឡើង​ពី​បញ្ហា​ចម្រូងចម្រាស​ជាច្រើន រួមទាំង​បញ្ហារ​សើប​ខ្លាំងអំពី​កិច្ចការ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដែល​ជាចំណុចប្រវត្តិសាស្ត្រ​ដ៏ឈឺចាប់​មួយ​របស់​កម្ពុជា។

ទោះ​ជា​យ៉ាងណា​ក្តី របាយការណ៍​របស់​គណៈមេធាវី​អាមេរិកាំងក៏​បាន​កត់​សម្គាល់​ផងដែរ​ថា លោក រ៉ុង ឈុន ​បាន​ទទួល​ស្គាល់ថា ការ​សរសេរ ​និង​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​របស់លោក គឺ​ផ្អែក​លើ​កិច្ច​សម្ភាសន៍​របស់​លោក​ជាមួយ​ប្រជាពលរដ្ឋ ដែលរស់នៅ​ក្បែរ​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ ហើយ​ដែល​ពួកគេ​បាន​បាត់បង់​ដី​ធ្លី។

ទោះ​យ៉ាងណា​ក៏ដោយ របាយការណ៍​ដដែល​នេះបាន​រៀបរាប់​លម្អិត​អំពី​កិច្ចការដែល​ព្រះរាជអាជ្ញា​មិន​សម្រេច​បាន​ក្នុង​ការ​បង្ហាញ​ថា លោក រ៉ុង ឈុន មាន​ចេតនា​ញុះញង់​អ្នកដទៃ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម ដែល​គួរតែ​ជា​ចំណុច​ចាំបាច់​ក្នុងការ​ឲ្យចៅក្រម​សម្រេច​បាន​នូវ​សាលក្រម​ផ្តន្ទាទោស។

ក្នុង​អំឡុង​ពេល​សវនាការដែល​បាន​ចាប់ផ្តើម​នៅថ្ងៃទី ១៥​ ខែមករា ឆ្នាំ ២០២១ លោក រ៉ុង ឈុន បាន​ប្រាប់​តុលាការ​ថា ការ​បង្ហោះ​សារ​របស់​លោកគឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់សាធារណជន ចំពោះ​ដី​ដែល​បាន​បាត់បង់ទៅ​ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នោះ។

ព្រះរាជអាជ្ញា​បាន​អះអាង​ថា ការ​បង្ហោះ​សារ​របស់​លោក​ គឺ​ចង់​បំភ័ន្ត​សាធារណជន បង្ក​ភាព​ចលាចល និង​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម ហើយថា លោក​ រ៉ុង ឈុន គ្មាន​មូលដ្ឋាន​ក្នុង​ការ​សន្និដ្ឋាន ឬ​ជំនាញ​បច្ចេកទេស ដើម្បី​កំណត់​ទីតាំង​នៃ​ការ​គូស​ព្រំដែន​នោះ​ទេ។

ចៅក្រម​បាន​យល់​ស្រប​តាម​ការ​លើកឡើង​របស់​ព្រះរាជ​អាជ្ញា ដោយ​ច្រាន​ចោល​ការ​អះអាង​របស់​លោក រ៉ុង ឈុន ដែល​ថា​ ការ​បង្ហោះ​សាររបស់​លោក​គឺ​ជា​ការ​អំពាវនាវ​ដោយ​ស្មោះ​ត្រង់​ ដោយ​ផ្អែក​លើ​ការ​សង្កេត និង​បទសម្ភាសន៍​របស់​លោក​ផ្ទាល់។ ចៅក្រម​ក៏​បាន​ច្រានចោល​ការអះអាង​របស់​លោក រ៉ុង ឈុន ដែល​ថា​ យុវជន​ពីរ​រូប​រួមមាន​ កញ្ញា ស កណ្ណិកា និង​លោក តុន និមល ដែល​ជា​សកម្មជន​ត្រូវបាន​ចោទ​ប្រកាន់​ជាមួយ​លោក​ដែរ​នោះ​ មិន​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​របស់​លោក។ ចៅក្រម​បាន​សម្រេច​កាត់​ទោស​ឲ្យ​ពួកគេ​ម្នាក់ៗ​ជាប់​ពន្ធនាគារ​រយៈពេល​ ២០ ​ខែ។

របាយការណ៍​របស់​គណៈមេធាវី​អាមេរិកាំង​បាន​លើក​ឡើង​ថា៖ «ក្នុង​សំណុំរឿង​កាត់ក្តីលោក​ រ៉ុង ឈុន ចៅក្រម​បាន​រក​ឃើញ​ថា ជនជាប់​ចោទ​ទាំង​បី​នាក់​បាន​ដឹង​ថា សាធារណជន​នឹង​ឃើញ​ការ​សរសេរ​នោះ ហេតុ​ដូច្នេះ​ ពួកគេ​មាន​ចេតនា​បង្ក​ឱ្យ​សាធារណជន​ចលាចលនិង​ខឹង​សម្បារ​ជាមួយ​នឹង​គណៈកម្មាធិការ​ចម្រុះ​ស្តី​ពី​កិច្ចការ​ព្រំដែន​ផង​ និង​រដ្ឋាភិបាល​ទូទៅ​ផង»។

របាយការណ៍​ដដែល​នោះ​ក៏​បាន​រៀបរាប់​បន្ត​ទៀត​ថា៖ «ចំណុច​នេះ​ហើយ​ដែល​តុលាការ​បាន​រក​ឃើញថា​ជា​ការ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ ភាព​ច្របូក​ច្របល់​ ភាព​វឹកវរ​ និង​ការ​រំខាន​ដល់​សន្តិសុខ​សង្គម។​ ជាថ្មី​ម្តងទៀត គួរ​កត់​សម្គាល់​ថា ​គ្មាន​ការតវ៉ា​ណាមួយត្រូវបាន​ផ្ទុះឡើងទេ បន្ទាប់ពី​លោក រ៉ុង ឈុន បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ស្តីអំពី​បញ្ហា​ព្រំដែន​នោះ​ទេ ហើយ​ការ​តវ៉ា​អំពី​បញ្ហា​នេះ​ក៏​មិន​ទំនង​នឹង​កើត​ឡើង​នា​ពេល​អនាគត​ផងដែរ។ ផ្ទុយទៅវិញ ការ​តវ៉ាបែរ​បាន​កើត​ឡើង​ នៅ​ពេល​មាន​ការចាប់​ខ្លួន​លោក រ៉ុង ឈុន ក្នុង​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​របស់​លោក​ទៅវិញ​ទេ»។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ទៀត​ថា រដ្ឋាភិបាល​ក៏​បាន​បញ្ជូន​ក្រុម​មន្ត្រី​ទៅភូមិ​ដដែល​នោះដែល​លោក រ៉ុង ឈុន បាន​ជួប​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​អះអាង​ថា ពួកគេ​បាន​បាត់បង់​ដីធ្លី។ ហើយ​មន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ​បាន​កំណត់​ថា មិនមាន​ភស្តុតាង​នៃ​ការ​បាត់បង់​ដីព្រំដែន​នោះទេ ហើយ​ការ​រកឃើញបែប​នេះ​ត្រូវបាន​យក​ទៅ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។

«ក្នុង​ន័យ​នេះ ការ​ចាប់​ខ្លួន និង​ការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន គឺ​ជា​រឿង​ហួស​ហេតុ​លើស​ពី​ភាព​ចាំបាច់ ក្នុង​ការ​ជម្រះ​ភាព​យល់​ច្រឡំ​ណាមួយរបស់ប្រជាពលរដ្ឋ ដែល​ជា​វិធានការ​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត ​ក្រោយ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន ដែល​គួរតែ​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ»។

គណៈមេធាវី​អាមេរិកាំង​លើក​ឡើង​អំពី​ករណី​របស់​លោក រ៉ុង ឈុន ថា​ជា​ឧទាហរណ៍​ជា​បន្តបន្ទាប់​នៃ​យុទ្ធសាស្ត្រ​របស់​តុលាការ​កម្ពុជា​ក្នុងការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​លើ​មាត្រា ៤៩៥ ដែល​ជា​បទប្បញ្ញត្តិ​ស្តី​ពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ នៅ​ពេល​អនុវត្ត​លើ​ក្រុម​អ្នក​រិះគន់ សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង។

គណៈ​មេធាវី​អាមេរិកាំង​ក៏​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ រួមទាំង​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ឱ្យ «លើក​ទឹកចិត្ត​កម្ពុជា​ឱ្យ​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដូច​ជា​លោក រ៉ុង ឈុន»។

ហើយ​គណៈមេធាវី​អាមេរិកាំង​ក៏​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ផ្លូវច្បាប់ រួមទាំង​ការ​ធ្វើ​វិសោធនកម្ម​លើ​ក្រមព្រហ្មទណ្ឌ ដើម្បី​តម្រូវ​ឱ្យ​ចៅក្រម​ពិភាក្សា​ឱ្យ​បាន​ច្បាស់លាស់​នូវ​អំណះ​អំណាង ដែល​បង្ហាញពី​ចេតនា​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​សំដៅ​ឱ្យ​ច្បាស់លាស់​ចំពោះ​គោលការណ៍​កាត់ទោស​ដែល​មាន​ចែង​ក្នុង​ក្រមនេះ នៅ​ពេល​ធ្វើ​ការ​សម្រេច​កាត់​ទោស។

រូបឯកសារ៖ មន្ត្រីប៉ូលិសកម្ពុជាឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅមុនសវនាការរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
រូបឯកសារ៖ មន្ត្រីប៉ូលិសកម្ពុជាឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅមុនសវនាការរបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ក​ម្ពុជា មាន​ប្រសាសន៍​ថា របាយការណ៍​របស់​គណៈ​មេធាវីអាមេរិកាំង គឺ​ផ្អែកលើ​ព័ត៌មាន​មិនល្អ​ពី​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​បាន​ច្រានចោល​ការ​សន្និដ្ឋាន​របស់​របាយការណ៍​នេះ។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «អ្នកណា​ក៏ដឹង​ដែរ គាត់​ជា​សកម្មជន​នយោបាយ​របស់​បក្ស​ប្រឆាំង​ដែរ ក៏​ប៉ុន្តែ​ប្រើប្រាស់​រូបភាព​អង្គការ​សង្គមស៊ីវិល សមាគម​ហ្នឹង​ គឺ​ដើម្បី​បិទបាំង​នូវ​សកម្មភាព​នយោបាយ​របស់​គាត់ អាហ្នឹង​គឺ​បង្ហាញ ពី​ចេតនា​ទុច្ចរិត​របស់​គាត់​ក្នុងការ​ធ្វើម៉េច​ឱ្យមាន​ការ​ភាន់​ច្រឡំ ធ្វើម៉េច​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត បំផ្លាញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង បំផ្លាញ​នូវ​ទំនាក់​ទំនង​ការទូត ទំនាក់​ទំនង​អន្តរជាតិ​រវាង​ប្រទេស​និង​ប្រទេស ជាពិសេស​គឺ​បញ្ឆេះ​នូវ​កំហឹង​ពូជ​សាសន៍ ដែល​យើង​ឃើញ​ថា​មេដឹកនាំ​របស់​គាត់​ ហើយនិង​បក្សពួក​របស់​គាត់​តែងតែ​ធ្វើ ហើយ​ត្រូវបាន​អន្តរជាតិ​ថ្កោលទោស​ជា​ហូរហែ​នា​ពេល​កន្លង​មក»។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «ហើយ​នៅក្នុង​សវនាការ ដំណើរការ​នីតិវិធី​តុលាការ គាត់​អត់​មាន​មូលដ្ឋាន​អី​ក្នុង​ការដោះ​បន្ទុក​ទាល់តែ​សោះ ទៅនឹង​ភស្តុតាង​សក្ខីកម្ម​មូលដ្ឋាន​ដែល​សមត្ថកិច្ច​មាន​ក្នុង​ការចោទ​ប្រកាន់ ក្រៅតែ​ពីរការ​បញ្ជាក់​ថា អាហ្នឹង​ជា​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ក្រៅ​ពីហ្នឹងគឺ​មិនមាន​អី​ទាំងអស់​ក្នុង​ការដោះ​បន្ទុក»។

លោក ជិន ម៉ាលីន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ទាក់ទង​ជាមួយ​មន្ត្រី​ការទូត​រួចហើយ​អំពី​ករណី​នេះ ដើម្បី «ឆ្លើយតប​បំភ្លឺ» ព័ត៌មាន​ដែល​មក​ពី​អ្នក​រិះគន់។

លោក​បាន​លើក​ឡើង​ថា៖ «ហើយ​គាត់​គោរព​ទៅនឹង​ការ​បកស្រាយ ទៅនឹង​យន្តការ​ច្បាប់​របស់​កម្ពុជា ហើយ​ជាពិសេស​គឺ​អធិបតេយ្យភាព​របស់​កម្ពុជា ដែល​គាត់​មិនបាន​ធ្វើការ​ជ្រៀតជ្រែក ហើយ​ក៏​មិន​បាន​ធ្វើការ​បង្គាប់​បញ្ជា​មក​កម្ពុជា ក្នុងនាម​ជា​រដ្ឋអធិបតេយ្យ​នោះ​ដែរ»។

ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់លោក ជិន ម៉ាលីន ទីប្រឹក្សា​ដែល​ធ្វើការ​នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​នៅ​គណៈមេធាវី​អាមេរិកាំង​ និយាយ​ថា៖ «របាយការណ៍​នេះ​គឺ​ផ្អែក​លើ​ភស្តុតាង​ដែល​អាច​ទុកចិត្ត​បាន​ពី​ប្រភព​ដែល​គួរ​ឱ្យទុកចិ​ត្តជាច្រើន។ ការ​សន្និដ្ឋាន​ទាំងអស់​ គឺ​ជា​លទ្ធផល​នៃ​ការ​វិភាគ​ឯករាជ្យ​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​មាន»។

គណៈមេធាវី​អាមេរិកាំង ជាក្រុម​ចុងក្រោយ​បង្អស់​ដែល​លើក​សំណួរ​អំពី​ករណី​សំណុំរឿង​របស់​លោក រ៉ុង ឈុន និង​ការ​ប្រើប្រាស់​បទ​ចោទ​ស្តីពី​ការ​ញុះញង់ ដើម្បី​គាបសង្កត់​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា។

ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ រួម​ជាមួយ​នឹង​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន បាន​លើកឡើង​នៅឆ្នាំ​ ២០២០ ​ថា មេដឹកនាំ​សហជីព​រូប​នេះ​គ្រាន់តែ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ហើយ​ការ​ចាប់ខ្លួន​លោក គឺ​ជា​ការ​បំពាន។

មន្ត្រី​រដ្ឋាភិបាល​បាន​ច្រានចោល​ក្តី​បារម្ភ​ទាំង​នោះ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគំរាម​អ្នក​ដែល​តវ៉ា​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​រឹត​បន្តឹង​បន្ថែម​លើ​ការ​រិះគន់​ពាក់ព័ន្ធនឹង​ព្រំ​ដែនផង​ដែរ។

ក្នុង​សុន្ទរកថាមួយ​កាលពី​ខែសីហា ឆ្នាំ​ ២០២២ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «រឿង​ព្រំ​ដែន​មិនមែន​រឿង​លេងសើច​ទេ កុំ​ញុះញង់​ឱ្យ​មាន​ចម្បាំង​រាំង​ជល់ ជាមួយ​ប្រទេស​ជិតខាង តាមរយៈ​នៃសារ​របស់​អ្នក​ឯង​ចង្អុល កន្លែង​នេះ ឬ​កន្លែង​នោះ»។

លោក​បាន​បន្ថែម​ថា​៖ «​ចាំមើល​មាន​អ្នក​និយាយ [រឿងព្រំដែន] ប៉ុន្មាន​នាក់​ចេញ​មក​ទៀត? សុំ​ផ្ញើ​សារ មាន​ចេញ​ប៉ុន្មាន​ចាប់​ប៉ុណ្ណឹង»។

កាលពី​ឆ្នាំ ២០១៥ លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ក៏ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​ការ​តស៊ូ​មតិ​ជុំវិញ​បញ្ហា​ព្រំដែន ដែល​បាន​ក្លាយជា​បញ្ហា​ក្តៅគគុក បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ថា មាន​ការ​លុកលុយ​ព្រំដែន​ពី​ភាគី​វៀតណាម​ក្នុង​អំឡុង​ពេល​នោះ។

ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់​មន្ត្រី​បក្ស​កាន់​អំណាច​ បញ្ហា​ជាច្រើន​បាន​ក្លាយ​ជា​រឿង​ដែល​មិន​អាច​យក​មក​ពិភាក្សា​បាន​ជា​ដាច់ខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រាប់​ចាប់ពី​សកម្មភាព​បំផ្លាញ​បរិស្ថាន ការ​រិះគន់​លើ​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺ​កូវីដ១៩ រហូត​ដល់​ការ​បង្ហោះ​ពាក្យប្រ​មាថ​មើល​ងាយ​នាយក​រដ្ឋមន្ត្រី ឬ​ព្រះមហាក្សត្រ​ជាដើម។

បច្ចុប្បន្ន​នេះ​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​រាយ​បញ្ជី «អ្នកទោស​មនសិកា» ចំនួន ៤៩ នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ករណី​របស់​ពួកគេ​មាន​លក្ខណៈ​នយោបាយ​ហួសហេតុ ហើយ​ជារឿយៗ​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ពី​បទ​ញុះញង់។

កាលពី​ឆ្នាំ​ ២០២២ នេះ ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខក្នុង​ការ​កាត់​ក្តី​ពី​បទ​ញុះញង់​ទ្រង់ទ្រាយ​ធំ​ ដែលភា​គច្រើន​ទាក់ទង​នឹង​សកម្មភាព​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​របស់​ពួកគេ​ពី​ក្រៅ​ប្រទេស។

លោក រ៉ុង ឈុន បាន​ប្រាប់ VOA កាលពី​ខែ​ធ្នូ​ថា លោក​នឹង​មិន​បញ្ឈប់ការ​រិះគន់​រដ្ឋាភិបាល​នា​ពេល​អនាគត​នោះទេ បើ​លោក​មិន​យល់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប្រយោជន៍​របស់​កម្ពុជា​នោះ។

«ជំហរ​របស់​ខ្ញុំ​ ខ្ញុំ​នៅតែ​ប្រកាន់ ការ​និយាយ​ការពិត បើ​រដ្ឋាភិបាល​ធ្វើ​អ្វី​ផ្ទុយ​ពី​ការ​ពិត និង​រំលោភ​បំពាន មិនមាន​ភាព​ចំណេញ​ដល់​កម្ពុជា ខ្ញុំ​នៅ​តែបន្ត​និយាយ​ការពិត។ ខ្ញុំ​មិនអាច​ដកថយ មិន​និយាយ​ទេ»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ «មិនត្រឹម​តែ​និយាយ​ទេ យើង​នឹង​ធ្វើការ​ទាមទារ​បន្ថែមទៀត។ យើង​នឹង​ដឹកនាំ​កម្មករ​ ​គ្រូ​បង្រៀន ធ្វើការ​ទាមទារ​បន្តបន្ទាប់ទៀត ទោះបី​ខ្ញុំប្រឈម​ត្រូវបានចាប់​ខ្លួន​ក្តី និង​បន្តនឹងការ​ចាប់​ខ្លួនក្តី»។

លោក​ រ៉ុង ឈុន បាន​លើក​ឡើង​ថា របាយការណ៍​របស់​គណៈមេធាវី​អាមេរិកាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៃ​សំណុំ​រឿង​របស់​លោក​ ហើយ​លោក​សង្ឃឹម​ថា វា​នឹង​ជួយ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ទៅ​ជា​តុលាការ​ដែលធ្វើ​ឡើង​ដោយ​វិជ្ជាជីវៈ ជាជាង​ធ្វើជា​ឧបករណ៍ និង​កូន​អុក​របស់​អ្នកមាន​ទ្រព្យ​និង​មាន​អំណាច៕

XS
SM
MD
LG